យុវជន កែវ សុវណ្ណឫទ្ធិ បានចេញមុខតវ៉ានៅខាងមុខក្រសួងអប់រំ យុវជន និងកីឡា ជាបន្តបន្ទាប់ រហូតដល់មានការចាប់អូសទាញពីកម្លាំងអាជ្ញាធរ និងប្រើហិង្សាលើរូបលោកទៀតផង។ វីដេអូនៃការចាប់អូសទាញយុវជនអាយុ ២០ ឆ្នាំរូបនោះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែ។
លោក កែវ សុវណ្ណឫទ្ធិ គឺជាអតីតគរុនិស្សិតកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ដែលត្រូវបានក្រសួងសម្រេចលុបឈ្មោះលោកចេញ កាលពីចុងឆ្នាំ ២០២១ ក្រោយលោកសិក្សាបានរយៈពេលមួយខែ។ ការណ៍នេះនាំឱ្យលោកចេញមុខតវ៉ាជាបន្តបន្ទាប់ ដើម្បីស្វែងរកយុត្តិធម៌ ពីព្រោះការដាក់ញត្តិសុំដំណោះស្រាយដោយស្ងាត់ៗ ដោយមិនមានការតវ៉ានៅខាងមុខក្រសួងអប់រំដោយផ្ទាល់ មិនអាចរកដំណោះស្រាយបាន។
លោកប្រាប់វីអូអេនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗថា៖ «បានជាខ្ញុំប្រឡងគ្រូកីឡាហ្នឹង ព្រោះដោយសារខ្ញុំស្រឡាញ់ខាងគ្រូកីឡា ព្រោះខ្ញុំចង់បណ្តុះបណ្តាលទៅលើធនធានយុវជនឱ្យគាត់យល់ដឹងអំពីកីឡាឱ្យកាន់ច្បាស់»។
បច្ចុប្បន្នជានិស្សិតឆ្នាំទី ៣ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច លោក កែវ សុវណ្ណឫទ្ធិ ដែលមានស្រុកកំណើតនៅភូមិដារជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានក្តីស្រមៃចង់ក្លាយជាគូ្រកីឡាម្នាក់ ដោយសារវាជាចំណង់ចំណូលចិត្តរបស់លោក។ លោកជាកូនទី ២ ក្នុងចំណោមបងប្អូន ៤ នាក់ (ប្រុស ៣ ស្រី ១) ដែលមានឪពុកជាគ្រូគណិតវិទ្យាកម្រិតឧត្តមនៅវិទ្យាល័យមួយ ក្នុងខេត្តត្បូងឃ្មុំ ហើយម្តាយជាស្រ្តីមេផ្ទះ។
ក្រោយប្រឡងជាប់បាក់ឌុបកាលពីឆ្នាំ ២០២០ លោកបានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញ ដើម្បីចាប់យកជំនាញសិក្សាផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច។ ក្រោយមក ដោយសារតែស្រឡាញ់ចូលចិត្តអាជីពជាគ្រូកីឡា តាំងពីនៅវ័យកុមារ លោកក៏បានដាក់ពាក្យប្រឡងចូលក្នុងក្របខណ្ឌជាគ្រូកីឡា។
បើតាមលោក កែវ សុវណ្ណឫទ្ធិ លោកត្រូវបានក្រសួងបដិសេធមិនឱ្យចូលធ្វើជាគ្រូកីឡា ដោយសារតែខុសស្តង់ដារកម្ពស់។ ប៉ុន្តែអ្វីដែលលោកខកចិត្តនោះ គឺក្រសួងបានហៅរូបលោកឱ្យចុះឈ្មោះចូលរៀន បើទោះដឹងថាលោកខុសកម្ពស់។ ប៉ុន្តែក្រោយចូលរៀនបានមួយខែ បែរជាក្រសួងលុបឈ្មោះលោក និងយុវជនចំនួន ១១ នាក់ដទៃទៀត ចេញពីក្របខណ្ឌគ្រូកីឡា។ ការលុបឈ្មោះនេះ លោកចាត់ទុកថាជាការបោកប្រាស់កេងយកកម្លាំងរបស់យុវជន។
លោកថ្លែងថា៖ «បាទ! សម្រាប់ការលុបឈ្មោះខ្ញុំនេះផងដែរ គឺខ្ញុំចាត់ទុកថាជាការបោកប្រាស់ទឹកចិត្តយុវជនយកមកប្រើប្រាស់ ពេលដែលប្រើប្រាស់រួចរាល់ហើយ គឺគេដេញចេញវិញ»។
បន្ទាប់ពីក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌ យុវជន កែវ សុវណ្ណឫទ្ធិ បានព្យាយាមដាក់ញត្តិទៅគ្រប់ភាគីពាក់ព័ន្ធ តែហាក់បីមិនទទួលបានដំណោះស្រាយ ទើបធ្វើឱ្យលោកសម្រេចចេញមុខតវ៉ានៅខាងមុខក្រសួងអប់រំជារៀងរាល់ថ្ងៃចន្ទ។
លោកលើកឡើងថា៖ «សម្រាប់ការតវ៉ាជារៀងរាល់ថ្ងៃចន្ទនេះ គឺដំណោះស្រាយខ្ញុំមានលក្ខខណ្ឌពីរ។ បើសិនជាក្រសួងអប់រំ យុវជន និងកីឡា គាត់ឱ្យយុវជនទាំង ១២ នាក់ចូលរៀនវិញ វាមានភាពតម្លាភាពហើយ។ អ៊ីចឹងគឺ ខ្ញុំអត់មានទាមទារអីទៀតទេ។ ប៉ុន្តែបើសិនជាក្រសួងអប់រំ យុវជន និងកីឡា មិនឱ្យខ្ញុំចូលរៀនទាំង ១២ នាក់ទេ គឺក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែបកស្រាយយុវជន ៣ នាក់ ដែលគាត់លើសអាយុ»។
ក្រសួងអប់រំក៏ធ្លាប់បានសេចក្តីបំភ្លឺមួយពាក់ព័ន្ធនឹងការលុបឈ្មោះនេះដែរ ដោយបកស្រាយថាកម្ពស់របស់លោក កែវ សុវណ្ណឫទ្ធិ គឺ ១,៦២ម៉ែត្រ ខុសនឹងកម្ពស់ ១,៦៥ម៉ែត្រ ដែលជាកម្ពស់កំណត់ឱ្យបេក្ខជនអាចដាក់ពាក្យស្នើសុំចូលរៀនយកឯកទេសអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន។
គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ យុវជនកែវ សុវណ្ណឫទ្ធិ បានឈរលើកបដាតវ៉ានៅមុខក្រសួងអប់រំចំនួន ១០ ដងហើយ។ លោកបញ្ជាក់ថា ការតវ៉ានេះមិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ។
កែវ សុវណ្ណឫទ្ធិ ប្រាប់វីអូអេថា៖ «ខ្ញុំធ្វើនេះ គឺខ្ញុំមិនមាននិន្នាការនយោបាយណាមួយទេ។ ខ្ញុំធ្វើនេះ ដើម្បីផលប្រយោជន៍របស់ខ្ញុំ និងសង្គមជាតិ ព្រោះបញ្ហានេះនឹងអាចកើតឡើងជាបន្តបន្ទាប់ទៀត បើសិនជាខ្ញុំមិនធ្វើរឿងនេះ»។
នៅពេលតវ៉ានៅខាងមុខក្រសួងអប់រំ លោកតែងតែត្រូវបានកម្លាំងសន្តិសុខមករារាំង ហើយជួនកាលក៏ត្រូវទទួលរងការប្រើអំពើហិង្សា និងការជេរប្រមាថ។
លោកថ្លែងថា៖ «គាត់[សន្តិសុខសណ្តាប់ធ្នាប់]អូសខ្ញុំទៅកៀនក្រសួងអប់រំ យុវជន និងកីឡា ហើយគាត់អំពើហិង្សាមកលើខ្ញុំ។ គាត់ជេរប្រមាថខ្ញុំ គាត់វាយខ្ញុំ ចាប់ខ្ញុំ ទាំងមិនមានដីកាណាមួយដែលលើកបង្ហាញខ្ញុំទេ»។
កាលពីថ្ងៃទី ៩ ខែតុលា យុវជនរូបនោះត្រូវបានអាជ្ញាធរខណ្ឌដូនពេញពាក់ឯកសណ្ឋានស៊ីវិលប្រើអំពើហិង្សាលើរូបលោក ដោយបានវាយមួយដៃចំសៀតផ្កាធ្វើឱ្យលោកពិបាកក្នុងការស្តាប់។
លោកប្រាប់វីអូអេថា លោកបានយកញត្តិទៅដាក់សាលាខណ្ឌដូនពេញ ដើម្បីប្តឹងទៅអាជ្ញាធរជុំវិញការប្រើអំពើហិង្សានេះ ប៉ុន្តែត្រូវបានសាលាខណ្ឌមិនទទួលយកញត្តិ ហើយបានដកហូតទូរសព្ទរបស់លោកថែមទៀតផង។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលខណ្ឌដូនពេញ លោក ជា ខេមា បាននៅឡើយទេ។
ក្រោយលោកចេញមុខតវ៉ា ដើម្បីស្វែងរកដំណោះស្រាយ លោក កែវ សុវណ្ណឫទ្ធិ បញ្ជាក់ថាក៏មានការព្រមានដាក់សម្ពាធលើឪពុករបស់លោកដែលជាគ្រូបង្រៀនគណិតវិទ្យាមួយរូបនៅក្នុងខេត្តត្បូងឃ្មុំ។
លោកថ្លែងថា៖ «ជាក់ស្តែងគឺគាត់គំរាមកំហែងខ្ញុំ ដូចខាងក្រសួងអប់រំ យុវជន និងកីឡា នោះគឺគាត់គំរាមកំហែងថា ប្អូនឯងជាកូនគ្រូបង្រៀនដែរ ប្អូនឯងធ្វើបញ្ហានេះ តវ៉ាដាក់ឪម៉ែគ្រូបង្រៀន ប្រយ័ត្នបញ្ហាឪពុកខ្លួនឯង។ ហើយខ្ញុំក៏មិននិយាយអីច្រើនទេ ខ្ញុំថា បើសិនជាធ្វើបញ្ហាអី ធ្វើឱ្យមានភាពត្រឹមត្រូវធ្វើចុះ»។
បន្ថែមពីនេះ ចាប់តាំងពីលោកចេញមុខតវ៉ាស្វែងរកយុត្តិធម៌ពីក្រសួងអប់រំ លោកត្រូវបានកន្លែងធ្វើការមួយដែលលោករកកម្រៃដើម្បីផ្គត់ផ្គង់ជីវភាព បញ្ឈប់លោកពីការងារ ដោយលើកហេតុផលថា លោកធ្វើសកម្មភាពពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកប្រាប់វីអូអេថា៖ «គេថា ខ្ញុំធ្វើកិច្ចការសង្គមតវ៉ារឿងសង្គមធ្វើឱ្យប៉ះពាល់ទៅដល់បក្សនយោបាយ។ បើយើងវែកញែកទៅលើបក្សនយោបាយ គឺបើសិនជាមានការជះឥទ្ធិពល ប៉ះពាល់ដល់បក្សនយោបាយប្រាកដ ជាបក្សនយោបាយគាត់លូកដៃមកដោះស្រាយ មិនឱ្យសង្គមគាត់ធ្លាក់ទេ...គាត់មិនឱ្យប្រទេសខ្លួនឯងគេមើលងាយវាយតម្លៃថា អ៎!ប្រទេសខ្លួនឯងមានបញ្ហាអសន្តិសុខ រំលោភសិទ្ធិមនុស្សច្រើនទេ»។
ទោះប្រឈមនឹងបញ្ហាទាំងនេះក្តី យុវជនកែវ សុវណ្ណឫទ្ធិ លើកឡើងថា លោកនឹងមិនបោះបង់ការតវ៉ាមួយនេះឡើយ។
លោកថ្លែងថា៖ «ការតវ៉ា គឺខ្ញុំតវ៉ារហូតទល់តែក្រសួងមានដំណោះស្រាយ។ ទោះខ្ញុំមានបញ្ហា ការគំរាមកំហែងពីសំណាក់[កម្លាំងសន្តិសុខ]សណ្តាប់ធ្នាប់ ដែលជាមន្ត្រីបណ្តែតក៏ដោយ ក៏ខ្ញុំនៅតែធ្វើការតវ៉ាដែរ។ ទោះខ្ញុំតវ៉ាហើយមានគេមកវាយខ្ញុំស្លាប់ ខ្ញុំនឹងជំរុញឱ្យយុវជនផ្សេងទៀត បងប្អូនខ្ញុំដែលគាត់អាចនៅធ្វើការតវ៉ាបន្តទៀត»៕