មនុស្សរាប់លាននាក់បានមកទីក្រុងញូយ៉ក ដើម្បីស្វែងរកជីវិតដែលល្អប្រសើរជាងមុន ហើយទីក្រុងនេះបានសន្សំទុកដោយយកចិត្តទុកដាក់នូវព័ត៌មានដែលមានប្រយោជន៍នានាជាច្រើន។ មន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉ក មានអ្វីៗជាច្រើនចាប់តាំងពីវីដេអូ រូបភាព ម៉ាស៊ីនពិនិត្យលិខិតឆ្លងដែន រូបថតអគារនានា រហូតដល់លិខិតឆ្លើយឆ្លងគ្នារបស់អភិបាលក្រុង និងលិខិតមរណភាពរបស់បុគ្គលល្បីឈ្មោះជាដើម។
មនុស្សជាច្រើនចូលចិត្តទីក្រុងញូយ៉ក ដោយសារតែភាពមមាញឹក ភាពរស់រវើកសោភ័ណភាពនិងឱកាសដែលមាននៅក្នុងទីក្រុងនេះ។ ទីក្រុងនេះ បានយកចិត្តទុកដាក់ក្នុងការកត់ត្រាអំពីព្រឹត្តិការណ៍នានា ហើយបានតម្កល់ទុកនៅក្នុងមន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉ក។
នៅក្នុងមន្ទីរនេះ មានទូដែកសុវត្ថិភាពចំណាស់ដ៏ធំមួយ ដែលមានកំណត់ត្រាដំបូងគេនៃការផ្តល់សញ្ជាតិជាលើកទីមួយនៅក្នុងទីក្រុងញូយ៉ក ដល់ជនអន្តោប្រវេសន្តទាំងស្រីទាំងប្រុស គ្រប់ជាតិសាសន៍ និងពណ៌សម្បុរ។
លោក Michael Lorenzini ជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃមន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉ក។ លោកថ្លែងថា៖
«ពលរដ្ឋកាន់សាសនាជ្វីសមួយចំនួន បានដាក់ពាក្យសុំសញ្ជាតិ តែត្រូវបានបដិសេធ។ ពួកគេត្រូវបានប្រាប់ឲ្យដាក់ញ្ញត្តិ បើសិនជា ពួកគេគិតថា ការបដិសេធនោះ ជារឿងអយុត្តិធម៌។ ពួកគេបានដាក់ញ្ញត្តិ ហើយជាក់ស្តែង ពួកគេបានដាក់ញ្ញត្តិនោះរហូតទៅដល់ទីក្រុងAmsterdamវិញ។ នាយកនៃក្រុមហ៊ុន Dutch West India និយាយថា «ទេ បើពួកគេទៅទីនោះ ដើម្បីធ្វើពាណិជ្ជកម្មហើយមានសញ្ជាតិនោះ ពួកគេគួរតែត្រូវបានអនុញ្ញាតឲ្យក្លាយជាពលរដ្ឋមានសញ្ជាតិអាមេរិក»»។
មន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉កនេះ ទើបតែត្រូវបានស្ថាបនាឡើងកាលពី៤ទសវត្សរ៍មុននេះប៉ុណ្ណោះ ក៏ប៉ុន្តែ មន្ទីរនេះ បានបង្ហាញឲ្យឃើញថា វាជាមន្ទីរដែលខុសប្លែកពីគេ គ្មានទីក្រុងណាផ្សេងទៀតនៅសហរដ្ឋអាមេរិកនេះ មានមន្ទីរដូចនេះឡើយ។
នៅក្នុងបន្ទប់ងងឹត គេកំពុងផ្តិតហ្វីលរូបថតជាង៥លានរូប ដែលត្រូវបានថតតាំងពីមុនសម័យមានផែនទីឌីជីថលរបស់ក្រុមហ៊ុនGoogle ទៅទៀត។ ក្រសួងហិរញ្ញវត្ថុ បានថតរូប គ្រប់អាគារទាំងអស់ដែលអាចយកពន្ធបាននៅក្នុងទីក្រុងញូយ៉ក។
រូបទាំងនោះរួមទាំងរូបអាគារអាប៉ាតឺម៉ង់មួយប្លុកៗ រូបអតីតអភិបាលក្រុងដែលបានទទួលមរណៈភាពហើយ គឺលោក Ed Koch កំពុងជិះរទេះភ្លើងក្រោមដី ហើយនឹងរូបនៅក្នុងអាប៉ាតឺម៉ង់របស់តារាភាពយន្ត គឺលោក Andy Warhol ផងដែរ។ ក្រៅពីនេះ ក៏មានទៅដោយបណ្តុំផ្ទាំងរូបធំៗនៃរូបភាពឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងទីក្រុងញូយ៉កនោះផងដែរ។
លោក Matt Minor ជាអ្នកថតរូបបណ្ណាសារក្រុងនៃមន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉កនេះ។ លោកថ្លែងថា៖
«អ្វីដែលប្លែកជាងគេដែលខ្ញុំត្រូវថតនោះ គឺរូបវ៉ាលីសមួយដែលវាជាវត្ថុមួយពាក់ព័ន្ធនឹងរឿងជុំនុំជម្រះក្តីសម្លាប់ក្រុមអ្នកលេងម៉ាហ្វៀនៅក្នុងទសវត្សរ៍១៩២០ ដែលនៅក្នុងវ៉ាលីសនោះ មានកម្រាលពូកប្រឡាក់ដោយឈាម នៅពេលដែលគេយកសាកសពទៅបោះបង់ចោល»។
ក៏ប៉ុន្តែ សម្រាប់លោក Kenneth Cobb ដែលជាមន្រ្តីទទួលបន្ទុកខាងកំណត់ត្រានៃមន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉កនេះ ឯកសារសំណុំរឿងក្តីឧក្រិដ្ឋកម្មរាប់លាន គឺមិនមែនគ្រាន់តែជាក្រដាសសាមញ្ញនោះទេ វាគឺជារឿងរ៉ាវ ប្រវត្តិរបស់គ្រួសារ និងសោកនាដកម្មរបស់មនុស្សពិតៗ ហើយវាក៏ផ្ទុកទៅដោយប្រវត្តិសាស្រ្តផងដែរ។ លោក Kenneth Cobb ថ្លែងថា៖
«លោក Mosses Rossen ត្រូវបានកាត់ទោសដោយសារ លោកបានរៀបការជាមួយមនុស្សស្រីផ្សេងក្នុងគ្រាដែលលោកនៅរៀបការជាមួយប្រពន្ធមុន។ ក្រោយមកយើងដឹងថា មនុស្សគ្រប់គ្នាក្នុងរឿងនោះ ជាជនជាតិរុស្ស៊ី»។
នៅក្នុងមន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉កនេះ មានលិខិតឆ្លើយឆ្លងគ្នារវាងអភិបាលក្រុង លិខិតកំណើត ឯកសារពាណិជ្ជកម្ម ករណីដែលពាក់ព័ន្ធនឹងការស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ ហើយនឹងសូម្បីតែរឿងអាថ៌កំបាំង ដែលមានចំណងជើងថា «Bodies in Transit» ដែលត្រូវបានប្រមូលផ្តុំឡើងតាំងពី ១៦០ ឆ្នាំមុន។ ការចាប់ផ្តើមប្រមូលផ្តុំវត្ថុទាំងនេះ ធ្វើឡើងនៅពេលដែលពួកគេត្រូវស្វែងរកការដឹកជញ្ជូនសាកសពក្នុងអំឡុងពេលសង្គ្រាមលោកលើកទីមួយ ដើម្បីកំចាត់មេរោគមិនឲ្យរីករាលដាលនៅក្នុងទីក្រុង។
មន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉កនេះ មានព័ត៌មាន និងឯកសារដែលអាចប្រាប់អំពីទីក្រុងញូយ៉ក បានច្រើនជាង មនុស្សណាម្នាក់ប្រាប់បានទៅទៀត។
លោក Kenneth Cobb បានថ្លែងបន្តថា៖
«នៅថ្ងៃទី២៤ ខែមេសា នៅឆ្នាំ១៨៦៥។ ឈ្មោះរបស់មនុស្សស្លាប់ គឺលោក Abraham Lincoln។ អាយុ ៥៦ ឆ្នាំ និង២ខែ។ ទីកន្លែងស្លាប់ នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន។ នៅក្នុងក្រឡោននេះ សរសេរថា លោកស្លាប់ដោយសារជម្ងឺ ក៏ប៉ុន្តែ ជាក់ស្តែង ការស្លាប់របស់លោក គឺដោយសារគេបាញ់សម្លាប់។ បញ្ជីឈ្មោះមរណភាពនេះ គឺដូចគ្នាទាំងអស់ មិនថាអ្នកនោះជា ទាហ៊ាន ឬ ក៏ប្រធានាធិបតីនោះទេ នឹងដាក់ឈ្មោះនៅទីនេះ ដូចៗគ្នា»។
មន្ទីរកំណត់ត្រានិងសេវាកម្មព័ត៌មាននៃទីក្រុងញូយ៉កនេះ បើកជូនសាធារណៈជន។ អ្នកណាក៏អាចមកទីនេះមើលបានដែរថាតើមានរបស់ច្រើនប៉ុណ្ណា និងក្នុងគ្រាតែមួយក៏អាចឃើញផងដែរថា ទីក្រុងញូយ៉ក ក៏មិនបានផ្លាស់ប្តូរច្រើនប៉ុន្មានដែរ ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍មកនេះ។
លោក Kenneth Cobb បានថ្លែងទៀតថា៖
«មនុស្ស គឺអ៊ីចឹងហើយ គ្មានអ្វីផ្លាស់ប្តូរទេ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់