បើទោះស្ត្រីបានចូលរួមក្នុងកិច្ចការនយោបាយ ការបោះឆ្នោតយ៉ាងសកម្មទាំងសំឡេង និងសកម្មភាពពីមួយអាណត្តិទៅមួយអាណត្តិ ភាគរយសរុបនៃស្ត្រីនៅក្នុងតួនាទីសំខាន់ៗក្នុងជួរគណបក្សនយោបាយនីមួយៗ នៅតែមានតិចតួច។ នេះបើយោងតាមរបាយការណ៍ ដែលមានចំណងជើងថា «ការផ្តល់អំណាចនយោបាយដល់ស្ត្រី និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២» របស់អង្គការខុមហ្វ្រែល និងអង្គការដៃគូផ្សេងៗទៀត។
របាយការណ៍ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២២ បានបង្ហាញថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ការចូលរួមរបស់ស្ត្រីនៅតែមានបញ្ហាប្រឈម ពាក់ព័ន្ធនឹងការទទួលបានឱកាសសម្រាប់ឈរឈ្មោះជាបេក្ខជន ការចូលរួមបោះឆ្នោត និងឱកាសឈានទៅមុខក្នុងជីវិតនយោបាយរបស់ស្ត្រីជាប់ឆ្នោត ជាពិសេសបញ្ហាគម្លាតមានខ្លាំងសម្រាប់បេក្ខជនស្ត្រីនិងបុរស ដែលស្រ្តីមានឱកាសតិចតួចនៅក្នុងការឈរឈ្មោះនៅលេខរៀងទី១។
របាយការណ៍ដដែលបញ្ជាក់ថា៖ «បញ្ហាទាំងនេះកើតឡើង ដោយសារប្រទេសកម្ពុជាពុំទាន់មានគោលនយោបាយសមភាពយេនឌ័រជាក់លាក់ ជាលាយលក្ខណ៍អក្សរនៅក្នុងគណបក្សនយោបាយ ដែលជាវិធានការពិសេស និងខ្វះនូវមាត្រាមួយចំនួនដែលឆ្លើយតបនឹងតម្រូវការយេនឌ័រនៃច្បាប់បោះឆ្នោតដើម្បីគាំទ្រ និងផ្តល់ឱកាសឱ្យស្ត្រី-បុរសដែលមានចម្រុះចូលរួមស្មើគ្នាលើតួនាទីសម្រេចចិត្តក្នុងវិស័យនយោបាយ»។
របាយការណ៍ឱ្យដឹងទៀតថា សកម្មជនគណបក្សនយោបាយស្ត្រី និងអ្នកនយោបាយស្ត្រី នៅតែប្រឈមនឹង «ការរើសអើង និងហិង្សាគ្រប់ទម្រង់» ដែលនេះជារនាំងរារាំងពួកគេនៅក្នុងការចូលរួមសកម្មភាពនយោបាយ។
អ្នកស្រី សេង រាសី នាយិកានៃអង្គការសីលការ បានលើកឡើងថា មូលហេតុដែលនាំឱ្យស្ត្រីចូលរួមនៅក្នុងនយោបាយមានកម្រិត ដោយសារតែមិនមានច្បាប់ដែលជំរុញនិងលើកទឹកចិត្តពួកគេ។
អ្នកស្រីថ្លែងថា៖ «បញ្ហាប្រឈមទី១គឺ មាត្រានៅក្នុងច្បាប់ និងគោលនយោបាយមួយចំនួនជាពិសេសច្បាប់ដែលទាក់ទងនឹងការបោះឆ្នោតហ្នឹង នៅមិនទាន់ជំរុញនូវការចូលរួមរបស់ស្ត្រីនៅឡើយ ដោយសារនៅក្នុងមាត្រាមួយចំនួននៃច្បាប់បោះឆ្នោតនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគឺបានដាក់ថា បេក្ខភាពស្រ្តីហ្នឹងត្រូវបានដាក់លើលេខរៀងសមស្រប ហើយពាក្យថាសមស្របនេះយើងអត់ដឹងថាអ្នកណាកំណត់ទេ»។
ដោយឡែក គណបក្សនយោបាយមួយចំនួនបានអះអាងថា ពួកគេមានយន្តការខ្លះដែលជំរុញឱ្យមានបេក្ខជនស្ត្រីក្នុងបញ្ជីឈ្មោះបេក្ខជនរបស់បក្ស ខណៈគណបក្សមួយចំនួនទៀតខ្វះយន្តការ ក៏ប៉ុន្តែបានអនុវត្តសកម្មភាពលើកទឹកចិត្តឱ្យសកម្មជននិងសមាជិកបក្សដែលជាស្ត្រីចូលរួមឱ្យសកម្មក្នុងសកម្មភាពរបស់បក្ស។
អ្នកស្រី ប្រុក វ៉ាន្នី ប្រធានគណ:កម្មការដោះស្រាយវិវាទ និងវិន័យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា នៅក្នុងគណបក្សនយោបាយរបស់អ្នកស្រីមានការបែងចែករចនាសម្ពន្ធ។ អ្នកស្រីបន្ថែមថា ប្រសិនបើប្រធានជាស្ត្រី ដូច្នេះបុរសត្រូវជាអនុប្រធាន។
អ្នកស្រីថ្លែងថា៖ «នៅជួរគណប្រតិបតិ្តយើងមានបើបុរសជាប្រធានអនុប្រធានជាស្រ្តី បើខ្ញុំជាប្រធានជាស្រ្តី អ៊ីចឹងបុរសជាប្រធានជាចាំបាច់ ហើយយើងសរសេរទៅតាមគោលការណ៍នៅក្នុងច្បាប់របស់យើង។ គ.ប.ម (គណបក្សប្រជាធិបេតយ្យមូលដា្ឋន) កាលបោះឆ្នោតឃុំយកតែ ៣២ ឃុំទេ ហើយឥឡូវនេះកំពុងធ្វើផែនការសម្រាប់ការឈរបេក្ខជនតំណាងរាស្រ្តនេះ យើងកំពុងតែដាក់ផែនការថា តើខាងខេត្តណាដែលយើងត្រូវឈរ ហើយខេត្តណាដែលយើងមិនឈរ ហើយបើខេត្តណាដែលយើងឈរខ្វះបេក្ខជនជាស្រ្តីក៏មានអ្នកស្ម័គ្រចិត្តពីខេត្តដទៃទៀត មកឈរជាបេក្ខជនតំណាងរាស្រ្តដែរ។»
កញ្ញា ប៉ាន់ ពេជ្រចិន្តា ប្រធានចលនាស្រ្តីនៃគណបក្សខ្មែររួបរួមជាតិ បានថ្លែងថា ថ្នាក់ដឹកនាំនៃគណបក្សខ្មែររួបរូមជាតិមានស្ត្រីសមាជិក និងសមាជិកាពីថ្នាក់កំពូលដល់ថ្នាក់ក្រោមតាមនាយកដ្ឋានផ្សេងៗ ព្រមទាំងមានរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការតស៊ូមតិដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគេមានចំណេះដឹងពីនយោបាយជាដើម។ កញ្ញាបន្ថែមថា ថ្នាក់ដឹកនាំនៃបក្សបានធ្លាប់ជជែកជាច្រើនក្នុងគោលការណ៍ដែលដាក់ឆ្លាស់បេក្ខភាពឱ្យបានយ៉ាងហោច ៣០ ភាគរយ។
កញ្ញាបញ្ជាក់ថា៖ «ដោយសារបន្តិចទៀតនេះ យើងមានឈានទៅដល់ការរៀបចំបេក្ខភាព អ៊ីចឹងទាក់ទងទៅនឹងបេក្ខភាពដែលជាស្រ្តីសម្រាប់គណបក្សខ្មែររួបរួមជាតិ ថ្នាក់ដឹកនាំបានជជែកមួយចំនួនច្រើនដងរួចមកហើយ ប៉ុន្តែយើងមិនទាន់បានដល់ចុងក្រោយទេ ប៉ុន្តែឆ្លងតាមរយៈជជែកពិភាក្សាពីថ្នាក់ដឹកនាំកន្លងមកនេះគឺយើងនឹងធ្វើទៅតាម គោលការណ៍ឆ្លាស់បេក្ខភាព ហើយយើងនឹងធ្វើឱ្យបាន៣០ភាគរយសម្រាប់ស្រី្តចូលរួម។»
ក្រៅពីខ្វះយន្តការជំរុញឱ្យបេក្ខជនជាស្ត្រីមានលទ្ធភាពឈរឈ្មោះក្នុងលំដាប់លេខរៀងទី ១ អ្នកស្រាវជ្រាវក៏យល់ថា ផ្នត់គំនិតសង្គមដែលគិតអវិជ្ជមានមកលើស្ត្រីក៏នៅតែជាឧបសគ្គដល់ស្ត្រីដើម្បីទទួលបានតួនាទីជាអ្នកដឹកនាំក្នុងជួរនយោបាយផងដែរ។នេះបើយោងតាមលោក សុខ លាំង អ្នកស្រាវជ្រាវ និងបណ្តុះបណ្តាលផ្នែកយេនឌ័រនិងសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា៖«កត្តារារាំងមួយទៀតនោះគឺនៅពេលដែយើងអត់ទាន់ផ្តល់ឱកាសហ្នឹងឱ្យបានគ្រប់គ្រាន់ទៅដល់ស្ត្រី។ បើខ្ញុំគិតថាពីសមត្ថភាព និងការអប់រំអីហ្នឹង យើងឃើញថាស្ត្រីបានទទួលការអប់រំកាន់តែច្រើនទៅៗនៅក្នុងវិស័យពេលបច្ចុប្បន្ននេះ»។
លោកបន្ថែមថា ការទទួលបានការគាំទ្រ ដូចជាការបណ្តុះបណ្តាលជំនាញ ជាថវិកា ជាយន្តការ ដូចដែលរបាយការណ៍ខាងលើបានលើកឡើង ក៏ដើរតួនាទីសំខាន់សម្រាប់ស្ត្រីក្នុងការទទួលបានជោគជ័យផងដែរ។
លោកថ្លែងថា៖ «ដូច្នេះត្រូវការគាំទ្រគាត់ឱ្យទទួលបានបទពិសោធន៍ នៅក្នុងភាពជាអ្នកដឹកនាំ ហើយនឹងមានប្រព័ន្ធគាំទ្រមួយដើម្បីធ្វើឱ្យគាត់កាន់តែរីកចម្រើនទៅៗ»។
ពាក់ព័ន្ធនឹងវិថីឆ្ពោះទៅខាងមុខ របាយការណ៍របស់អង្គការខុមហ្វ្រែមនិងដៃគូ បានផ្តល់អនុសាសន៍មួយចំនួនដល់ភាគីពាក់ព័ន្ធទាំងអស់។ រដ្ឋសភានិងព្រឹទ្ធសភា ត្រូវធានាបង្កើតច្បាប់បោះឆ្នោតឆ្លើយតបនឹងយេនឌ័រ ទាំងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាវិធានការពិសេសដើម្បីលើកកម្ពស់សមភាពយេនឌ័រ។
សម្រាប់គណបក្សនយោបាយ របាយការណ៍បានផ្តល់អនុសាសន៍ឱ្យបង្កើតគោលនយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីដោយស្មើភាព ជាពិសេសគណបក្សនយោបាយត្រូវតែប្រើប្រាស់ប្រព័ន្ធឆ្លាស់គ្នាតាមលំដាប់លេខរៀងពីលើដល់ក្រោម រវាងបេក្ខជនស្ត្រី និងបេក្ខជនបុរស។
របាយការណ៍ក៏បានជំរុញឱ្យស្ថាប័នរៀបចំការបោះឆ្នោតមានគំនិតផ្តួចផ្តើមនៅក្នុងការស្នើឱ្យមានការវិសោធនកម្មច្បាប់បោះឆ្នោត និងស្វែករកមធ្យោបាយដើម្បីឱ្យមានស្ត្រីឈរឈ្មោះច្រើនផងដែរ។
លោក កែ រឹទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់និងបច្ចេកទេសនៃ គ.ជ.ប ប្រាប់វីអូអេក្រោយកិច្ចភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ខាងលើថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានសិទ្ធិនៅក្នុងការកែប្រែច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតអ្វីឡើយ និងថាច្បាប់ក៏មិនបានចែងថាគណបក្សនយោបាយនីមួយត្រូវតែដាក់បេក្ខជនស្ត្រីជាក់លាក់ទើបអាចចូលរួមការបោះឆ្នោតបាននោះដែរ។
លោកថ្លែងថា៖ «គ.ជ.ប ស្វាគមន៍ការអនុវត្តលើកស្ទួយបញ្ហាស្ត្រីនេះ ប៉ុន្តែជាក់ស្តែងគឺការងារដែលបញ្ចូលស្ត្រីទៅក្នុងបញ្ជីបេក្ខជនគណបក្សនយោបាយតាមគោលការណ៍ដែលស្នើសុំឱ្យមានឆ្លាស់លេខរៀងឬក៏គិតជាកូតានេះមានតែគណបក្សនយោបាយទេពេលនេះ ដែលអាចរៀបចំធ្វើទាន់»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះចូលរួមការបោះឆ្នោតរបស់គណបក្សនយោបាយនិងបេក្ខជនរបស់ខ្លួន ចាប់ពីថ្ងៃទី ២៤ ខែមេសា ហើយនិងឈប់ទទួលពាក្យនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣៕