រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានលេងសៀក ដាក់រហ័ស ដករហ័ស ដោយបានចេញសេចក្តីថ្លែងការណ៍រួមដ៏ម៉ឺងម៉ាត់មួយ ស្តីពីបញ្ហា សមុទ្រចិនខាងត្បូង ប៉ុន្តែក្រោយមកបានព្យាយាម ធ្វើឲ្យសេចក្តីថ្លែងការណ៍នេះ បាត់ទៅវិញយ៉ាងលឿន។
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅធនាគារពិភពលោក លោក Curtis Chin បានពិពណ៌នា ទង្វើបែបនេះថា «ជារឿងមិនគួរឲ្យជឿ និងមិនមែនជារបៀបដ៏ល្អនោះទេ»។
លោកChin បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា ការដកចេញវិញនូវសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាននេះ «ឆ្លុះបញ្ចាំងពីហានិភ័យដ៏ធំនៅក្នុងបញ្ហាដែនសមុទ្រចិនខាងត្បូងផង និងកិច្ចការយ៉ាងច្រើនថែមទៀត ដែលអាស៊ានត្រូវតែធ្វើរួមគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗបំផុតមួយចំនួនដែលកំពុងប្រឈមនឹងតំបន់នេះផង»។
នាយកវិទ្យាស្ថានសម្រាប់ការសិក្សាបញ្ហាសន្តិសុខនិងអន្តរជាតិនៅឯសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ លោក Thitinan Pongsudhirak បានមានប្រសាសន៍អំពីការដកចេញយ៉ាងប្រញាប់ប្រញាល់នូវសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាននេះថា «វាជារឿងគួរឲ្យអស់សំណើចណាស់ ហើយជារឿងដ៏ចម្លែកបំផុតមួយ»។ លោកថ្លែងថា លោកមិនចាំថា ហេតុការណ៍នេះ អាចកើតឡើងទាល់តែសោះ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានជួបប្រជុំគ្នានៅក្រុង Yuxi នៃខេត្តYunnan របស់ចិន កាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារសប្ដាហ៍នេះ បានសម្តែង«ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការកើនឡើងនូវភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។
សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាននេះ បានអំពាវនាវឲ្យមានការគោរពច្បាប់អន្តរជាតិ នៅគ្រាដែលប្រទេសចិន ប្រកែកមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការក្រុងឡាអេមួយ ដែលនឹងចេញក្នុងពេលខាងមុខ។
គេរំពឹងថា សេចក្តីសម្រេចនោះ នឹងឲ្យរដ្ឋាភិបាលទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន ឈ្នះរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានទាមទារតំបន់ភាគច្រើននៃដែនសមុទ្រចិនខាងត្បូងនោះ។
ប្រភពការទូតមួយចំនួន បានឲ្យដឹងនៅថ្ងៃពុធនេះថា មន្ត្រីចិន បានលួចដាក់សម្ពាធទៅលើអាស៊ានឲ្យដកចេញសេចក្តីថ្លែងការណ៍រួមនេះយ៉ាងលឿន ក្រោយពីក្រសួងការបរទេសម៉ាឡេស៊ី បានចេញឯកសារថតចំឡងមួយច្បាប់នៃសេចក្តីថ្លែងការណ៍រួមនេះ ដល់ប្រព័ន្ធផ្សព្វផ្សាយ។
អ្នកការទូតជាន់ខ្ពស់ម្នាក់ ដែលស្ថិតនៅក្នុងទីក្រុងមួយនៃប្រទេសជាសមាជិកអាស៊ាន បានថ្លែងប្រាប់ VOA ថា «ហេតុការណ៍នេះ ហាកដូចជាឧទាហរណ៍មួយទៀត ដែលចិន បានប្រើប្រាស់កម្លាំងការទូតរបស់ខ្លួនត្រង់ៗ ដើម្បីឃ្លុំមាត់អាស៊ាន កុំឲ្យនិយាយពីបញ្ហាសមុទ្រចិនខាងត្បូង»។
លោក Thitinan នៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ មានប្រសាសន៍ប្រាប់VOA ថា ប្រទេសឡាវ ដែលឆ្នាំនេះ គឺជាប្រធានឆ្លាស់វេនអាស៊ាន បាន«ធានានៅចំពោះមុខភាគីពាក់ព័ន្ធជាច្រើនថា អាស៊ាន នឹងមិនធ្វើដូចកាលឆ្នាំ២០១២នោះទេ»។
បួនឆ្នាំមុន ប្រទេសកម្ពុជា ដែលគេមើលឃើញថា មានទំនាក់ទំនងជិតស្និទ្ធនឹងប្រទេសចិននោះ បានធ្វើជាប្រធានអាស៊ាន។ នៅពេលនោះ កិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំនៃតំបន់នេះ បានបិទបញ្ចប់ទៅ ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានអាយុកាល៤៥ឆ្នាំរបស់អាស៊ាន។
តែយ៉ាងជាយ៉ាងនេះក្តី លោក Thitinan ថ្លែងថា ជម្លោះសមុទ្រចិនខាងត្បូង «នៅក្នុងរយៈពេលបួនឆ្នាំ ចុងក្រោយនេះ បានរីកកាន់តែធំឡើង ដល់កម្រិតមួយ ដែលត្រូវតែលើកឡើង នៅក្នុងគ្រប់សេចក្តីថ្លែងការណ៍រួមណាមួយរបស់អាស៊ាន»។
លោកថ្លែងបន្តថា «ក្រុមប្រទេសអាស៊ាននេះ កំពុងតែផ្លាស់ប្តូរ ហើយក៏កាន់តែប្រេះឆាកាន់តែខ្លាំងឡើងដែរ»៕