ក្រុមមេដឹកនាំប្រទេសអាស៊ាននិងរុស្ស៊ីគ្រោងនឹងបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួននៅថ្ងៃនេះ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀតរវាងដៃគូទាំងពីរ។ ប្រទេសអាស៊ាននិងរុស្ស៊ីចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យនានាដើម្បីពង្រីកទំនាក់ទំនងរបស់ខ្លួនឲ្យដល់ កម្រិតដៃគូយុទ្ធសាស្ត្រ។
កិច្ចប្រជុំកំពូលលើកដំបូងនៅក្រុងសូជី (Sochi) លើទឹកដីរុស្ស៊ី រវាងមេដឹកនាំរុស្ស៊ី និងក្រុមមេដឹកនាំអាស៊ាន១០ប្រទេស រួមទាំងកម្ពុជាផងនោះ នឹងនាំមកនូវកិច្ចព្រមព្រៀងជាច្រើនដែលនឹងបង្កើនទំនាក់ទំនងរបស់ប្រទេសរុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មួយកម្រិតខ្ពស់ថែមទៀតឆ្ពោះទៅកាន់ដៃគូយុទ្ធសាស្ត្រក្នុងតំបន់ដូចជាអាស៊ានមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ចិន ហើយនឹងប្រទេសដទៃទៀតដែរ។
កិច្ចប្រជុំអាស៊ានរយៈពេល២ថ្ងៃដែលបញ្ចប់នៅថ្ងៃសុក្រទី២០ ខែឧសភានឹងមានការអនុម័តសេចក្តីថ្លែងការណ៍ក្រុងសូជី និង ផែនការសកម្មភាព៥ឆ្នាំបន្ត គឺចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។ កិច្ចប្រជុំនេះត្រូវគេចាត់ទុកថា ជាកិច្ចប្រជុំពិសេស ដោយសារឆ្នាំនេះជាការរំឭកខួបឆ្នាំទី២០ ដែលរុស្ស៊ីបានចាប់ផ្តើមក្លាយជាដៃគូសន្ទនាជាមួយនឹងអាស៊ាន ហើយបានទទួលផលប្រយោជន៍ពីកិច្ចសហការទៅវិញទៅមកនោះ។
នៅក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ក្រុងសូជីដែល VOA ទទួលបានមុនការអនុម័តនោះ បានបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការជាច្រើនអំពីរឿងសន្តិសុខក្នុងតំបន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បញ្ហាសង្គម បរិស្ថាន ភេរវកម្ម និងបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាសេរីភាពនាវាចរណ៍ ដែលជារឿងមានការព្រួយបារម្ភពីការប៉ះទង្គិចគ្នាខ្លាំង ទន្ទឹមគ្នានឹងក្តីបារម្ភរឿងផ្សេងៗទៀត ហើយដែលអាស៊ាននិង រុស្ស៊ីសរសេរថាព្រមព្រៀងគ្នាដើម្បីដោះស្រាយរួមគ្នានិងធ្វើកិច្ចសហការគ្នា។
នៅក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ក្រុងសូជី ភាគីទាំងពីរបានបញ្ជាក់ថា៖
«សូមបញ្ជាក់ថា ការតាំងចិត្តរបស់យើង គឺដើម្បីកសាងទំនាក់ទំនងឈរលើផលប្រយោជន៍ទៅវិញទៅមកឲ្យកាន់តែស៊ីជម្រៅនិងរឹងមាំឡើងរវាងអាស៊ាននិងសហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាពនិងភាពរីកចម្រើនក្នុងតំបន់»។
ឯកសារនោះក៏បានបញ្ជាក់ពីការប្រឹងប្រែងដើម្បីធ្វើឲ្យតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយផ្តល់សច្ចាប័ននិងគោរពពិធីសារនៃសន្ធិសញ្ញាគ្មានអាវុធនុយក្លេអ៊ែរ។
ក្រៅពីនេះទៀត ក៏បានព្រមព្រៀងគ្នាថានឹងធ្វើការប្រយុទ្ធនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ផ្តល់ព័ត៌មានស្តីពីការគំរាមផ្នែកសន្តិសុខទៅវិញទៅមកតាមក្របខណ្ឌអង្គការសហប្រជាជាតិ។
បើតាមឯកសារព្រាងជាផែនការលម្អិតនៃផែនការសកម្មភាពចំនួន២ទំព័រដែល VOA ទទួលបានផងនោះ អាស៊ាននិងរុស្ស៊ីក៏បានបញ្ជាក់ថានឹង៖
«ផ្លាស់ប្តូរព័ត៌មានស្តីពីក្រុមភេរវករ និងព័ត៌មានស្តីពីការវាយប្រហារដែលអាចនឹងកើតមានឡើង និងការគំរាមនានា រួមទាំងសកម្មភាពពាក់ព័ន្ធនឹងអាវុធគីមី ជីវសាស្ត្រ និងវិទ្យុសកម្មឬអាវុធនុយក្លេអ៊ែរ និងសកម្មភាពភេរវកម្មដ៏គឃ្លើនប្រឆាំងនឹងប្រទេសនានានិងពលរដ្ឋ ហើយនឹងការចែករំលែកការយល់ដឹងនិងបទពិសោធន៍តាមវិធីសាស្ត្រត្រឹមត្រូវ»។
ចំពោះបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ រុស្ស៊ីបានស្នើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងអាស៊ាននិងអាស៊ីអឺរ៉ុបដែលជាទីផ្សារតែមួយបង្កើតបានផលិតផលសរុបក្នុងស្រុកប្រហែល៤លានលានដុល្លារ។ តែប្រទេសអាស៊ានកំពុងពិចារណាសំណើនេះ។ នៅក្នុងសេចក្តីព្រាងនៃផែនការសកម្មភាពរវាងអាស៊ាននិងរុស្ស៊ីដដែល បានបញ្ជាក់ថានឹង៖
«បង្កើនដៃគូឯកជននិងរដ្ឋក្នុងការពង្រឹងការវិនិយោគឯកជនចល័តដើម្បីទទួលបានផលប្រយោជន៍ ទៅវិញទៅមក ក៏ដូចជាការបង្កើតទំនាក់ទំនងវិស័យឯកជន ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច មធ្យម និងធុនធំ ហើយលើកទឹកចិត្តឲ្យមានទំនាក់ទំនង រវាងពាណិជ្ជកម្មទៅពាណិជ្ជកម្ម ដោយមានរួមបញ្ចូលទាំងក្រុមប្រឹក្សាធុរកិច្ច អាស៊ាននិងរុស្ស៊ី ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ក៏ដូចជាសភាពាណិជ្ជកម្ម ឧស្សាហកម្ម ដើម្បីពង្រឹងបណ្តាញធុរកិច្ចនិងឱកាស»។
លោក Achmad Rizal Purnama លេខាទូតទី១នៃស្ថានទូតឥណ្ឌូនេស៊ីក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់ VOA ភាសាខ្មែរថា កិច្ចប្រជុំកំពូលនឹងផ្តល់សារៈសំខាន់ ហើយគេឃើញថាបណ្តាប្រទេសធំៗ ក្នុងតំបន់ដូចជារុស្ស៊ីចង់បង្កើនទំនាក់ទំនងជិតដិតជាមួយអាស៊ាន ហើយផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច សន្តិសុខនិងស្ថិរភាពតំបន់។
«វាជារឿងសំខាន់ក្នុងការធ្វើឲ្យតំបន់របស់យើងក្លាយជាទឹកដីនៃកិច្ចសហប្រតិបត្តិការ និងការសហការរវាងប្រទេសធំៗ ដែលអាស៊ានបានចាត់ទុករឿងនេះជារឿងសំខាន់របស់ខ្លួនក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសនានា គឺជាប្រទេសធំៗក្នុងតំបន់»។
សាស្ត្រាចារ្យច្បាប់អាមេរិកាំងលោក Peter Maguire ដែលឃ្លាំមើលនយោបាយក្នុងតំបន់បានមើលឃើញពីឥទ្ធិពលរបស់រុស្ស៊ីដែលចាប់ដៃជាមួយចិនក្នុងពេលដែលសហរដ្ឋអាមេរិកជួបបញ្ហានយោបាយការបរទេសនិងភាពវឹកវរនៃនយោបាយផ្ទៃក្នុងខ្លះ។
«សម្ព័ន្ធមិត្តរុស្ស៊ីអាស៊ានកើតឡើងក្រោយសហរដ្ឋអាមេរិកទម្លាក់ចោលការទទួលខុសត្រូវនយោបាយពិភពលោក។ បន្ថែមលើនេះ ការបរាជ័យរបស់សហរដ្ឋអាមេរិកដ៏ធំគឺចាប់តាំងពីការវាយប្រហារភេរកម្មថ្ងៃទី១១ ខែកញ្ញា។ នោះគឺបញ្ជាក់ពីការបរាជ័យជាមហាអំណាចពិភពលោក។ លោកពូទីន(ប្រធានាធិបតីរុស្ស៊ី)បានបង្កើនឥទ្ធិពលឡើង ហើយសង្ឃឹមថា នឹងក្លាយជាមេដឹកនាំ ពិភពលោកបន្ទាប់ទៅ។ នេះជារឿងសាមញ្ញ។ ដោយមានចិនជាអ្នកគាំទ្រ ហើយដោយមានការផ្លាស់ប្តូរដំណើរការនយោបាយសរអាផងនោះ វាល្មមអាចឲ្យលោកពូទីនទទួលបានអ្វីដែលលោកចង់បាន»។
នៅក្នុងផែនការសកម្មភាពរបស់រុស្ស៊ីនិងអាស៊ានដែលមិនសូវផ្តោតការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនោះ គឺមានរៀបរាប់លម្អិតនូវគម្រោងសកម្មភាពនានា ដែលរុស្ស៊ីនិងអាស៊ានព្រមព្រៀងគ្នានឹងធ្វើសហការដ៏ខ្លាំងក្លាជាមួយគ្នានោះ គឺរាប់ទាំងបញ្ហាសន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន សុខាភិបាល ទេសចរណ៍ ហិរញ្ញវត្ថុ ទិដ្ឋាការ ភេរវកម្ម និងបញ្ហាលម្អិតជាច្រើនទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាដែលចូលរួមប្រជុំកំពូលក្នុងក្រុងសូជីផងនោះបានជួបចរចាជាមួយនឹងលោកប្រធានាធិបតី វ្លាឌីម៊ៀ ពូទីន នៃប្រទេសរុស្ស៊ីផងដែរក្នុងដំណើរទស្សនកិច្ចរបស់លោក មុននឹងចូលរួមកិច្ចប្រជុំកំពូល។ លោកនាយករដ្ឋមន្ត្រីបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកដោយចាត់ទុកថា ទស្សនកិច្ចក្នុងប្រទេសរុស្ស៊ីនេះ មានលទ្ធផលល្អប្រសើរ ហើយបានបញ្ជាក់បន្ថែមថា ការចរចាទាំងជាមួយនាយករដ្ឋមន្ត្រី និងជាមួយប្រធានាធិបតីរុស្ស៊ី បានធ្វើឡើងក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់តាមខ្លឹមសារដើមថា៖
«យើងរីករាយធ្វើការជាមួយដៃគូដែលជាមហាអំណាចនៃពិភពលោក ពហុប៉ូល ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជាយើងរយៈពេល៦០ឆ្នាំកន្លងមក ហើយដែលតែងបានផ្តល់ជំនួយដល់យើងសម្រាប់ការពារ និងកសាងប្រទេស»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមពីមនោសញ្ចេតនាដែលពោរពេញដោយការរាប់អាន ចំពោះការណ៍ដែលលោកពូទីនចាត់ទុកកម្ពុជា ថាជាមិត្តចាស់និងដៃគូប្រពៃ ជាមិត្តដ៏ជិតស្និទ្ធ និងជាទីទុកចិត្ត៕