ភាពសោកសង្រេងនៃករណីភ្លើងឆេះផ្ទះបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់ បានប្រែក្លាយជាការថ្កោលទោសមួយទៅលើបុរសដែលជាស្វាមីនិងឪពុក។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន គឺនៅម៉ោងជាង ៨ យប់ថ្ងៃទី ៩ ខែឧសភា មានករណីភ្លើងឆេះផ្ទះ ដែលនៅឆ្ងាយពីគេឯង ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នគរបាលខេត្តកំពង់ឆ្នាំងបានជួយពន្លត់ភ្លើងឆេះផ្ទះនេះ ដោយប្រើទឹកអស់ ៣ រថយន្ត។ ដំបូងឡើយនគរបាលខេត្តបានចាត់ទុកជាករណីឆ្លងចរន្តអគ្គិសនី ក្រោយពីសាកសួរបុរសដែលជាស្វាមី និងជាឪពុករបស់ជនរងគ្រោះ។
អគ្គីភ័យនេះបានឆាបឆេះផ្ទះមួយខ្នង ទំហំ ៧ ម៉ែត្រ គុណ ១២ ម៉ែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសី បណ្តាលឲ្យម្តាយនិងកូនប្រុស ៤ នាក់ អាយុចន្លោះពី ៣ ឆ្នាំ ទៅ ៩ ឆ្នាំស្លាប់។
ដោយសង្ស័យថាហេតុអ្វីបានជាស្វាមីមិនអាចជួយកូនខ្លួនឯងបាន សូម្បីតែម្នាក់ ខណៈផ្ទះឆេះនោះមិនស្ថិតក្នុងសភាពចង្អៀតណែនសាំញ៉ាំនោះទេ ប៉ូលិសខេត្តកំពង់ឆ្នាំងដោយមានជំនួយពីអ្នកជំនាញជាជនបរទេសរបស់អង្គភាពការពារកុមារ (CPU) នៃអង្គការ Cambodian Children's Fund ឬCCF បានធ្វើកោសល្យវិច័យសាកសពភរិយា ដែលស្គាល់ថាឈ្មោះ ជា អាយុ ៣៨ ឆ្នាំ និងកូនប្រុសតូចជាងគេអាយុ ៣ ឆ្នាំ ដែលស្គាល់ថាឈ្មោះ ចំរើន។ លទ្ធផលបង្ហាញថា ពួកគេបានស្លាប់ មុនភ្លើងឆេះផ្ទះ។
លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មានការសង្ស័យថាហេតុអ្វីបុរសនោះនៅរស់ ហើយមិនអាចជួយកូនណាមួយបានចេញពីអគ្គីភ័យ ដូច្នេះហើយទើបអ្នកជំនាញបានវះសាកសពមើល។
លោកប្រាប់ VOA ថា៖ «យើងសហការជាមួយនឹងអង្គការ CPU ធ្វើកោសល្យវិច័យយក [សព] មកវះ។ វះហើយ ឃើញថាសព ២ [នាក់] វាស្លាប់មុនកើតហេតុ។ អ៊ីចឹងខាងបច្ចេកទេសគេកំណត់ថា វាជារឿងឃាតកម្ម»។
លោកបន្ថែមថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាស្វាមីឈ្មោះ នន់ សារ៉េត អាយុ ៣៨ ឆ្នាំ ជាអ្នកដឹកឆ្នាំងចង្រ្កានដីឥដ្ឋនិងខោអាវជជុះលក់ ហើយចុងក្រោយបុរសនោះបានសារភាពថា ពិតជាបានសម្លាប់ភរិយានិងកូន ដោយប្រើកន្ត្រៃដែលប្រើប្រាស់សម្រាប់រៀបចំបាយសី។ លោកបានសារភាពថា ដុតផ្ទះចោល ដោយទាញពូកដុតរាំងខ្ទប់ មិនឲ្យកូនចេញក្រៅផ្ទះ។ នេះបើតាមសមត្ថកិច្ច។
លោក ខូវ លី បញ្ជាក់ថា៖ «អត់ព្រមសារភាពទេ។ ក្រោយមកពេលនោះយប់មួយ បន្ទាប់មកទៀត គាត់សុំកុំឲ្យសួរគាត់។ គាត់សុំធូបមួយបាច់ អុជហើយស្អែក គាត់នឹងឆ្លើយ។ ដល់ពេលស្អែកឡើង គាត់សារភាព។ អ៊ីចឹងវាជារឿងឃាតកម្ម។ គាត់ខឹងប្រពន្ធគាត់ ជេរគាត់។ ពេក ជេរអត់ឈប់»។
លោកបន្ថែមថា៖ «សួរគាត់ទៅ គាត់ថាជេរ គាត់ទ្រាំមិនបាន ។ ជេរយូរហើយ។ ចេះតែជេរអ៊ីចឹងណា៎។ អ៊ីចឹងគ្នា វាទ្រាំអត់បាន។ មិនដឹងម៉េចគ្នា វាស្លន់ស្លោពេកទៅ ក៏អាកូនហ្នឹង បែបវារត់មកឱប មិនដឹងវាធាក់យ៉ាងម៉េច មិនដឹងទេ។ វាថាពេលហ្នឹង វាបាត់ស្មារតី។ វានិយាយអ៊ីចឹង។ មិនដឹងសម្លាប់ដោយវិធីណាទេ ។ វាស្លុតវា»។
លោក ចាន់ អាន មេឃុំខុនរ៉ង ប្រាប់ VOA ថា បុរសនោះទើបតែបានទិញដីដែលមានក្បាលប្រមាណ ៧ ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រ ហើយសង់ផ្ទះ ដោយមានគ្រោងឆ្អឹងដែក។ លោកបញ្ជាក់ថាពួកគេក៏ជាប់បំណុលធនាគារផងដែរ ដោយសារយកលុយមកទិញដីនិងសង់ផ្ទះនេះ។
ហើយមុខរបរដឹកឆ្នាំងចង្រ្កានលក់តាមរទេះក៏រងគ្រោះ ដោយសារជំងឺកូវីដ១៩ ដោយសារមិនអាចធ្វើដំណើរទៅតាមខេត្តផ្សេងៗ ដើម្បីលក់។ ចុងក្រោយនេះបុរសនោះបានប្រកបរបរលក់អាវជជុះតាមម៉ូតូ ហើយនៅផ្ទះដែលឆេះនោះ លោកបានរៀបចំអាវជជុះពេញផ្ទះ ដែលធ្វើឲ្យការឆាប់ឆេះនោះលឿន។ នេះបើតាមមេឃុំខុនរ៉ង។
លោកមានប្រសាសន៍ថា៖ «ពិបាកណាស់ ដោយសារទីមួយ គាត់ខំប្រឹងទិញដីគេនៅ។ ហើយទីពីរគាត់ខំប្រឹងធ្វើផ្ទះ។ ដល់ទើបធ្វើរួច ហើយអាកូវីដចូលដល់។ ហ្នឹងបានន័យថា មុខរបរវាធ្លាក់ស្រុតទៅវិញ»។
ទោះជាយ៉ាងណា មេឃុំរូបនោះឲ្យដឹងថា បុរសនោះហាក់ជាមនុស្សល្អ មិនមានអ្វីគួរឲ្យកត់សម្គាល់នៃជម្លោះគ្រួសារនោះទេ ប៉ុន្តែក្រោយហេតុការណ៍ឃាតកម្មនេះ អ្នកជិតខាងបាននិយាយថា គ្រួសារមួយនេះមានជម្លោះខ្លះដែរ។
មេឃុំឲ្យដឹងថា ភរិយាដែលស្លាប់នោះក៏ធ្លាប់ធ្វើការជាអ្នកលាងចានឲ្យហាងបាយនៅក្នុងស្រុកផងដែរ។
លោក នូ ហេង មេភូមិដើមជ្រែដែលជាកន្លែងជនរងគ្រោះរស់នៅ មានប្រសាសន៍ថា ក្រុមគ្រួសារនេះបានខ្ចីលុយធនាគារមួយ ហើយលោកបានទទួលដំណឹងថា ធនាគារនឹងលុបចោលបំណុលនោះ។ ប៉ុន្តែលោកថា ការដោះស្រាយនឹងធ្វើឡើងនៅក្រោយចប់បុណ្យ ៧ ថ្ងៃ។
រឿងសោកសង្រេងនេះបានឮដល់អាជ្ញាធរពាក់ព័ន្ធរហូតដល់មានការផ្តល់អំណោយពីស្ថាប័នមនុស្សធម៌កាកបាទក្រហម ក៏ដូចជាអំណោយរបស់ព្រះមហាក្សត្រផ្តល់ដល់បុរសជាស្វាមី ដែលត្រូវបានឃាត់ខ្លួនផងដែរ។ អំណោយរបស់ព្រះមហាក្សត្រត្រូវបានយកទៅឲ្យជនរងគ្រោះ ដោយរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងលោក គង់ សំអុល ដែលជាតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង។
ឪពុករបស់ជនបង្កនោះ គឺលោក នន់ វណ្ណី អាយុ ៦៣ ឆ្នាំ មានប្រសាសន៍ថា លោកមានការហួសចិត្តដែលកើតរឿងនេះចំពោះកូន ព្រោះលោកយល់ថា កូនដូចជាមិនដែលមានជម្លោះធំដុំគួរឲ្យកត់សម្គាល់ក្នុងគ្រួសារនោះទេ ហើយកូនប្រុសរបស់លោកក៏មិនមែនជាអ្នកផឹកស៊ីរករឿងអ្វីដែរ។
លោក នន់ វណ្ណី ដែលមានកូន ៤ នាក់ប្រុស ២ នាក់និងស្រី ២ នាក់ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា៖« មិនដឹងថា កូនមានគំនិតម៉េចៗ ខ្ញុំក៏អត់បានដឹងដែរហ្នឹង! ឃើញតែវាស្រឡាញ់គ្នា ។ អរៗដល់ហើយស្រឡាញ់គ្នា»។
បើតាមឪពុកជនសង្ស័យ លោក សារ៉េត ជាកូនទី ២ ក្នុងគ្រួសារ ហើយទើបរៀបការលើកដំបូងប្រមាណ ៤ឆ្នាំមុន និងមានកូនប្រុសម្នាក់អាយុ ៣ ឆ្នាំ។ លោកឲ្យដឹងទៀតថា កូនប្រសាររបស់លោកមានស្វាមី ៣ ដងរួចទៅហើយ ហើយមានកូនម្នាក់ជាមួយស្វាមីដំបូង។ ជាមួយស្វាមីទីពីរមានកូនប្រុសភ្លោះពីរនាក់ និងស្វាមីទីបី ដែលជាកូនប្រុសរបស់លោកមានកូនប្រុសម្នាក់ទៀតអាយុ ៣ ឆ្នាំ។
លោក នន់ វណ្ណី ដែលជាអ្នកលក់ត្រីនៅផ្សារព្រៃខ្មែរក្នុងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា លោកមិនដឹងតវ៉ាអំពីអ្វីទេ ដោយសារកូនប្រុសបានសារភាពរួចទៅហើយថាខ្លួនបានសម្លាប់ភរិយា កូននិងដុតផ្ទះ។ ប៉ុន្តែអ្វីដែលលោកនិងភរិយារបស់លោកនិងកូនប្រុសស្រី ៣ នាក់ទៀត កំពុងតែសោកសង្រេងចំពោះកូននិងចៅដែលបានស្លាប់។
លោករៀបរាប់ថា៖ «បើកូនវាឆ្លើយថាអ៊ីចឹងៗ ពូទៅនិយាយម៉េច ។ ពូទៅលូកដៃម៉េចកើត។ ម្តាយឪពុកគ្រាន់តែមានការអាណិតខ្លោចផ្សាកូនតែប៉ុណ្ណឹង។ ឡើងទន់ដៃទន់ជើងអស់ ។ បាយ មិនបាយ ទឹកមិនទឹកដើរចង់ដួល ហើយម៉ែឪ។ គិតសព្វបែបយ៉ាងទាំងអស់ អាណិតកូន»៕