ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់លិចទឹករួចទៅហើយនៅភាគកណ្តាល និងភាគខាងជើងនៃប្រទេសជប៉ុន បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ដែលកំពុងបង្ខំមនុស្សរាប់ពាន់នាក់ឲ្យជម្លៀសចេញ ហើយបង្កឲ្យមានការចាប់ផ្តើមជួយសង្រ្គោះអ្នកដែលមិនអាចចាកចេញទាន់ពេលវេលា។
តំបន់ដែលរងផលប៉ះពាល់ដ៏អាក្រក់បំផុត គឺទីក្រុង Joso ដែលស្ថិតនៅប្រហែល៥០គីឡូម៉ែត្រភាគឦសាន្តទីក្រុងតូក្យូ ដែលនៅទីនោះច្រាំងទន្លេ Kinugawa មិនអាចទប់ទឹកឡើងយ៉ាងខ្លាំងមិនឲ្យហូរចូលក្នុងសហគមន៍នៅជុំវិញនោះបាន។
ទឹកជំនន់បាននាំយកផ្ទះទៅជាមួយ ហើយនៅអាគារដែលស្ថិតនៅទីនោះ មនុស្សបានឡើងទៅលើយ៉ និងដំបូលផ្ទះដើម្បីស្វែងរកការជួយ។ ម៉ាស៊ីនថតទូរទស្សន៍បានថតទិដ្ឋភាពនៃការជួយសង្រ្គោះជាច្រើន នៅពេលដែលឧទ្ធម្ភាគចក្រយោធាបានហោះដឹកមនុស្សជាច្រើនទៅកាន់កន្លែងមានសុវត្ថិភាព។
បុរសម្នាក់បានឈរនៅលើដុំឈើ ហើយអោបបង្គោលខ្សែភ្លើង នៅពេលដែលទឹកហូរជុំវិញគាត់។ បន្ទាប់មកគាត់បានត្រូវជួយសង្រ្គោះ។
លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA បានរាយការណ៍ពីទីក្រុងតូក្យូមកថា «នៅពេលនេះ យើងមិនទាន់ដឹងច្បាស់ពីចំនួនមនុស្សស្លាប់ និងបាត់ខ្លួននៅឡើយទេ។ មនុស្សពីរនាក់បានត្រូវរាយការណ៍ថា បានបាត់ខ្លួន ក៏ប៉ុន្តែប្រសិនបើ យើងបានឃើញទិដ្ឋភាពដ៏វិនាសនេះ ខ្ញុំគិតថា មនុស្សជាច្រើននឹងនិយាយថាវា នឹងក្លាយជាអព្ភូតហេតុមួយ ប្រសិនបើការរាប់ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនមិនកើនឡើងទេនោះ។
ប្រទេសជប៉ុនបានឃើញភ្លៀងយ៉ាងខ្លាំងនៅសប្តាហ៍នេះមកពីអ្វីដែលជាព្យុះសង្ឃរា Etau ដោយមានទឹកភ្លៀងធ្លាក់នៅក្នុងតំបន់ខ្លះលើសពី ៥០សង់ទីម៉ែត្រទៀត។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានចុះផ្សាយការព្រមាននៅលើគេហទំព័រខ្លួន ដែលជំរុញឲ្យពលរដ្ឋប្រុងប្រៀបពីទឹកជំនន់ និងការបាក់ដីកាន់តែខ្លាំងឡើងថែមទៀត៕