ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិថ្មី៖ យុវជន​កម្ពុជា​តិចតួច​ចាប់​អារម្មណ៍​រឿង​នយោបាយ


យុវជន​ពិភាក្សា​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
យុវជន​ពិភាក្សា​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

ខណៈ​យុវជន​កម្ពុជា​ចំនួន​១៧%​បាន​លើក​ឡើង​ថា​ ពួក​គេ​ចាប់​អារម្មណ៍​ និង​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​រឿង​នយោ​បាយ​ យុវជន​ជាង​៨០%​ ទៀត​អះ​អាង​ថា ​ពួក​គេ​ចាប់​អារម្មណ៍​តិច ​ឬ​ក៏​មិន​អារម្មណ៍​សោះ​នៅ​ក្នុង​រឿង​នយោបាយ។​ នេះ​ជា​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​ក្នុង​ចំណោម​យុវជន​១.៦០០​នាក់​ អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ ទៅ​៣​០​ឆ្នាំ។ ​ការ​ស្ទង់​មតិ​នោះ​ធ្វើ​ឡើង​ក្នុង​ភូមិ​ចំនួន​២០០​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ខែ​វិច្ឆិកា ​ដល់​ខែ​ធ្នូ ​ឆ្នាំ​២០២១។​

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​បង្ហាញ​ថា​ យុវជន​ដែល​ចាប់​អារម្មណ៍​រឿង​នយោបាយ​ភាគ​ច្រើន​ជា​បុរស ​អ្នក​ដែល​ទទួល​បាន​ការ​សិក្សា​ខ្ពស់ ​រស់​នៅ​ក្នុង​ទីក្រុង​ និង​មាន​ជីវភាព​គ្រួសារ​ធូរធារ។​

មាន​មូល​ហេតុ​មួយ​ចំនួ​ន​ដែល​នាំ​ឱ្យ​យុវ​ជន​កម្ពុជា​ចាប់​អារម្មណ៍​តិចតួច​អំពី​រឿង​នយោបាយ ​ដូច​ដែល​ការ​ស្ទង់​មតិ​បានបង្ហាញ​នោះ​គឺ​យុវជន​១៨%​ គិត​ថា​ នយោបាយ​ជា​រឿង​គ្រោះ​ថ្នាក់ ​៣១%​គិត​ថា​ នយោ​បាយ​មិន​មែន​ជា​កិច្ចការ​ងារ​ដែល​ពួក​គេ​ត្រូវ​ខ្វល់ ​៣៤%​ បាន​លើក​ឡើង​ថា ​ដោយ​សារ​តែ​ពួក​គេ​នៅ​ក្មេង​ពេក ​ខណៈ​៦៦%​ មាន​ចំណេះ​ដឹង​ទាប​អំពី​នយោ​បាយ។​

ក្រៅ​ពី​នេះ​ របាយ​ការណ៍​ដដែល​បង្ហាញ​ថា​ យុវជន​មាន​ចំ​ណេះ​ដឹង​ទាប​ពាក់​ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​រដ្ឋាភិបាល ​ជា​ពិសេស​អំពី​គោល​នយោបាយ​យុវជន។​ បើ​តាម​ការ​ស្ទង់​មតិ​ ​៩០% ​នៃ​យុវជន​មិន​ធ្លាប់​បាន​ឮ​អំពី​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាលទី​៤ ​និង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា ​ខណៈ​៨៥%​ និយាយ​ថា​ ពួកគេ​មិន​ដឹង​អំពី​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​ឡើយ។​

អ្នកចូលរួម​កំពុង​មើល​ផ្ទាំង​នៃ​ការស្ទង់មតិ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
អ្នកចូលរួម​កំពុង​មើល​ផ្ទាំង​នៃ​ការស្ទង់មតិ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ អ៊ឹម នរិន្ទ ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែល​យុវជនមិន​ចាប់​អារម្មណ៍​រឿង​នយោបាយ​ ក៏ដូច​ជាកិច្ច​សាធារណៈ​ផ្សេងៗ​ទៀត។​

លោក​ថា៖​ «អ្វី​ដែល​យើ​ងមើល​ឃើញ​នៅ​ក្នុង​នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ​សម្រាប់​សង្គម​យើង​ទាំង​មូល​ បន្ទាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ក្នុង​ការ​កសាង​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ច​ការ​សង្គម​ កិច្ច​ការ​នយោបាយ​ ហាក់​ដូច​ជា​លទ្ធផល​របស់​យើង​នៅ​អត់​ទាន់​បាន​ល្អ​ប្រសើរ​ទេ។ ​អ៊ីចឹង​វា​ជា​ការ​ព្រួយ​បារម្ភ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​របស់​យើង ​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើងត​ទៅ​មុខ​ទៀត»។​

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​បរិយាកាស​ដែល​អំណោយ​ផល​ដល់​យុវជន។ ​លោក​បន្ត​ថា​ កាល​ណា​រដ្ឋា​ភិបាល​នៅ​បន្ត​រឹត​ត្បិត​ នោះ​នឹង​នាំ​ឱ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ បារម្ភ​ពី​សុខ​សុវត្ថិ​ភាព​ ដែល​ជា​កត្តានាំ​ឱ្យ​ពួកគេ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ការ​អភិវឌ្ឍ​សង្គម។​

លោក ​អ៊ឹម នរិន្ទ​ អះអាង​ថា​ ការ​ចូលរួម​របស់​យុវជន​ ជា​ការ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ ​តាម​រយៈ​ការ​បញ្ចេញ​មតិ ​និង​ការ​ធ្វើ​សកម្ម​ភាព​របស់​ពួក​គេ ​ហើយ​ថា​ សង្គម​ដែល​មាន​ការ​អភិវឌ្ឍ ​គេ​បើក​ផ្លូវ​ឱ្យ​មាន​ការ​ចូលរួម​បញ្ចេញ​មតិ​ដើម្បី​ឱ្យ​រដ្ឋា​ភិបាល​បាន​ដឹង ​ក៏ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​គឺ​ត្រូវ​ស្តាប់​ទៅ​មតិ​ផ្សេងៗ ​មិន​មែន​ថា​ តែ​មតិ​ផ្ទុយ​ទេ ​ប៉ុន្តែ​មតិ​ផ្សេងៗ​ហ្នឹង​ត្រូវ​យក​មក​គិត​ ហើយ​ត្រូវ​ឆ្លើយ​តប​ថា​ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​ពិចារណា​ទៅ​លើ​បញ្ហា​អាទិភាព​របស់​គាត់។ ​អភិវឌ្ឍ​ស​ម្រា​ប់​ទាំង​អស់​គ្នា​ ភាព​សុខ​សាន្ត​គឺ​សម្រាប់​ទាំង​អស់​គ្នា»។​

លោក ​ហេង គឹមហុង ​ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវ​ជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN)​ ប្រាប់​វីអូអេ​ថា​ លោក​សោក​ស្តាយ​ដែល​យុវជន​មិន​ចាប់​អារម្មណ៍​រឿង​នយោបាយ ​ខណៈ​កម្ពុជា​មាន​ប្រជាជន​ជា​យុវជន​ពីរ​ភាគបី​នៃ​ប្រជាជន​សរុប​ជាង​១៦​លាន​នាក់។​

លោក​បន្ត​ថា ​កត្តាដែល​នាំ​ឱ្យ​យុវជន​កម្ពុជា​មិន​ចាប់​អារម្មណ៍​នឹង​រឿង​នយោបាយ​ មាន​ដូច​ជា​កត្តា​យុវជន​ខ្លួន​ឯង ​និង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។​

លោក​ថ្លែង​ថា៖ ​«បរិយាកាស​នយោបាយ​នៅ​កម្ពុជា​បង្ក​ការ​គំរាម​កំហែង​ បង្ក​ការ​រំខាន ឬ​ក៏​បង្ក​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចូលរួម​ដល់​ពួក​គេ។ ​ដោយ​សារ​តែ​កន្លង​មក​យើង​ឃើញ​មាន​ការ​បង្ក្រាប​ក្រុម​គណបក្ស​ប្រឆាំង ​ ការ​ចាប់​ខ្លួន​សកម្ម​ជន ​ការ​ឃាត់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ ធនធាន​ធម្មជាតិ​ សកម្ម​ជន​សង្គម​ជា​ច្រើន​ផ្សេង​ទៀត ​ដែល​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​សម្រាប់​យុវជន​ក្នុង​នាម​ជា​សមាជិក​នៃ​សង្គម ​ដែល​នឹង​ចូលរួម​ចំណែក​នៅ​ក្នុង​កិច្ច​ការ​អភិវឌ្ឍ​សង្គម​ជាតិ​របស់​ខ្លួន​នា​ពេល​ខាង​មុខ»។​

លោក ​ហេង​ គឹមហុង ​អះអាង​ថា​ កាល​ណា​យុវជន​ចាប់​អារម្មណ៍​តិច​តួច​លើ​រឿង​នយោ​បាយ​ វា​ធ្វើ​ឱ្យ​អ្នក​នយោ​បាយ​កាន់​តែ​មាន​ឥទ្ធិពល​ ខណៈ​យុវជន​ខ្លួន​ឯង​មិន​បាន​បំពេ​ញ​តួនាទី​ជា​ពល​រដ្ឋ​សកម្ម។​

លោក​បញ្ជាក់​ថា៖ ​«អ្វី​ដែល​ខ្ញុំ​មាន​ការ​ព្រួ​យ​បារម្ភ​ខ្ពស់​ទៅ​ពេល​ខាង​មុខ​ទៀត​ គឺ​ធ្វើ​ឱ្យ​យុវជន​របស់​យើ​ង​ទទួល​រង​ឥទ្ធិ​ពល​អវិជ្ជមាន​ខ្លាំង​ ហើយ​ភាព​ជា​ពល​រដ្ឋ​សកម្ម​ធ្លាក់​ចុះ ​ នោះ​អ្វី​ដែល​យើង​បារម្ភ​គឺ​ការ​ធ្វើ​គោល​នយោបាយ​ផ្សេងៗ​ដទៃ​ទៀត​ហ្នឹង ​គឺ​នឹង​បាត់​សំឡេង​យុវជន ​ហើយ​បាត់​សំឡេង​ប្រជា​ពល​រដ្ឋ។ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​គឺ​នឹង​ធ្វើ​ឱ្យ​ខក​ខាន​នៅ​ក្នុង​ការ​បាត់ ​គេ​ហៅ​ថា​ បាត់​មួយ​ផ្នែក ​មួយ​ភាគ​ធំ​សំឡេងតំណាង​ឱ្យ​មួយ​ភាគ​ធំ​នៃ​ប្រទេស​ហ្នឹង ​គឺ​បាត់​ដែល​ធ្វើ​ឱ្យ​មិន​មាន​សំឡេង​យុវ​ជន ​ហើយ​ការ​ដាក់​គោល​នយោ​បាយ​មក​មិន​ត្រូវ»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន ​ប្រាប់​វីអូអេ​ថា​ យុវជន​សព្វ​ថ្ងៃ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​រឿង​ឌីជីថល ​និង​បដិវត្តន៍​ឧស្សាហ​កម្ម ​ ប៉ុន្តែ​លោក​ថា​ យុវជន​ក៏​មាន​ច្រើន​ដែរ​ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោត។ ​លោក​បន្ថែម​ថា ​ឯ​កសារ​ពាក់ព័ន្ធ​ជាមួយ​គោល​នយោ​បាយ​របស់​រដ្ឋាភិបាល​គឺ​មាន​គ្រប់​ទី​កន្លែង ​និង​ដាក់​ជា​សាធារណៈ​សម្រាប់​អាន។​

លោក​បន្ថែម​ថា ​អ្នក​ដែល​ចង់​ឱ្យ​យុវជន​ចូលរួម​ ក៏​ដូច​ជា​ចាប់​អារម្មណ៍​រឿង​នយោបាយ​ គឺចង់​ទាញ​ប្រយោជន៍​នយោបាយ​ពី​ការ​ចូល​រួម​រប​ស់​ពួក​គេ។​

លោក​ថ្លែង​ថា៖ ​«រី​ឯ​អ្នក​ចង់​ឱ្យ​យុវជន​ចាប់​អារម្មណ៍​រឿង​នយោបាយ​ អ្នក​នោះគឺ​បាន​ផល​ប្រយោជន៍​ពី​យុវជន​ច្រើន។ ​យក​កម្លាំង​យុវជន​ជា​កម្លាំង​ចូល​នយោ​បាយ​របស់​ផ្ទាល់​ខ្លួន។ ​អាហ្នឹង​ហើយ​បាន​លើក​ឡើង​មក​និយាយ។ ​ហើយ​យើង​មើល​យុវជន​នៅ​បរទេស ​ប្រទេស​ដែល​ជឿន​លឿន​ យុវជន​គេ​មិន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នយោបាយ​ទេ។ ​គេ​ចាប់​អារម្មណ៍​តែ​រឿង​បញ្ហា​បច្ចេក​វិទ្យា»។​

របាយ​ការណ៍​នៃ​ការ​ស្ទង់​មតិ​របស់​អង្គការ​តម្លាភាព​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​រដ្ឋាភិបាល​ដែរ​ថា​ គួរ​តែ​លម្អ​ប្រព័ន្ធ​ច្បាប់​ ក្រប​ខណ្ឌ​ច្បាប់​ គោល​នយោ​បាយ​ និង​បរិយាកាស​នយោបាយ​សម្រាប់​យុវជន​ ដើម្បី​ឱ្យពួកគេ​ចូលរួម​នៅ​ក្នុង​ជីវិត​សង្គម​ និង​ជីវិតនយោបាយ​របស់​ប្រទេស​ជាតិ។ ​របាយ​ការណ៍​ក៏​ដាក់​អនុសាសន៍​ឱ្យរដ្ឋាភិបាល​បើក​ចំហ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ​ការ​បង្កើត​សមាគម ​និង​ការ​ជួបជុំ ​ព្រម​ទាំង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ៕

XS
SM
MD
LG