ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​មេដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត


រូបឯកសារ៖ បុរសម្នាក់ផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ បុរសម្នាក់ផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​បង្ហាញ​សិទ្ធិ​ជ្រើស​រើស​មេដឹកនាំ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ ឆ្នាំ​ក្រោយ។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។​

លោក ​ហ៊ុន សែន ​បាន​ជំរុញ​ឲ្យ​បណ្តា​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​រុញ​សមាជិក​សមាជិកា​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​រយៈ​ពេល​កំណត់​ដោយ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖​ «ឥឡូវ ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​អំពាវ​នាវ​សាជា​ថ្មី​ម្តង​ទៀត ​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​គ្រប់​និន្នា​ការ​នយោបាយ ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ហើយ​ក្នុង​នោះ​យុវជន​ដែល​ទើប​ដល់អាយុ​បោះ​ឆ្នោត​ក៏​ត្រូវ​ទៅ​ចុះឈ្មោះ​បោះ​ឆ្នោត។ ​បើ​មិន​អ៊ីចឹង​ទេ​ គឺ​ការ​អនុវត្ត​សិទ្ធិ​មិន​អាច​ទៅ​រួច​ទេ»។​

ការ​ពិនិត្យ​ឈ្មោះ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ​ខែ​តុលា ​ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២។ ​ប្រជា​ពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ ​គិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣ ​គឺ​ជា​អ្នក​ដែល​កើត​មុន ​ឬ​ត្រឹម​ថ្ងៃ​ទី​២៤ ​ខែ​កក្កដា ​ឆ្នាំ​២០០៥។​

បើ​តាម​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ ប្រជា​ពលរដ្ឋ​អាយុ​គ្រប់​១៨​ឆ្នាំ​មាន​ប្រមាណ​១៩​ម៉ឺន​នាក់។ ចំណែក​ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បច្ចុប្បន្ន​មាន​ប្រមាណ​៩,២​លាន​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG