មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី បានបន្តវាយប្រហារក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការផ្ទេរអំណាច និងការយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិឯកជន ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។
លោក សម រង្ស៊ី បានលើកឡើងយ៉ាងដូច្នេះ ខណៈមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិរូបនេះ កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក និងបានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងយុវជនខ្មែរមួយចំនួន ដែលជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
នៅក្នុងការបង្ហោះសារអត្ថាធិប្បាយតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកលោក សម រង្ស៊ី បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកដីកម្ពុជាតែមួយគត់។ នេះមានន័យថា ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីមិនអាចតាំងខ្លួនថា ជាម្ចាស់ប្រទេសកម្ពុជានោះឡើយ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី បានលើកឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងសម្តីដើមថា៖ «រំដោះប្រទេសកម្ពុជាពីត្រកូល ហ៊ុន សែន ដែលបានចាប់យកប្រទេសយើង ធ្វើជាកម្មសិទ្ធិឯកជនរបស់ពួកគេ»។
លោក សម រង្ស៊ី បានថ្លែងបន្ថែមថា៖ «បញ្ឈប់ការមើលងាយពីសំណាក់ត្រកូលហ៊ុន សែន មកលើប្រជារាស្ត្រខ្មែរទាំងមូល ដោយពួកគេចាត់ទុកថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ១៦ លាននាក់ និងក្នុងចំណោមគ្រួសារខ្មែរ ៤-៥ លាន គ្រួសារ មានតែគ្រួសារ ហ៊ុន សែន មួយគត់ ដែលអស្ចារ្យលើសគេឯងទាំងអស់។ ពួកគេចាត់ទុកយ៉ាងងងើលថា គ្មានពលរដ្ឋខ្មែរណាម្នាក់ មកពីគ្រួសារខ្មែរណាមួយ ក្រៅពីគ្រួសារ ហ៊ុន សែន ទេ ដែលអាចមកធ្វើជាថ្នាក់ដឹកនាំកំពូលសម្រាប់ប្រទេសយើង»។
លោក សម រង្ស៊ី បានស្នើឱ្យមានការប្រកួតប្រជែង ដោយស្មើភាពគ្នា ក្នុងជួរយុវជនខ្មែរគ្រប់មជ្ឈដ្ឋាន មកពីគ្រួសារសាមញ្ញ រាប់លានគ្រួសារ ដោយមិនគិតពីនិន្នាការនយោបាយ ឬខ្សែស្រឡាយ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជំនាន់ក្រោយ និងមិនអនុញ្ញាតដាច់ខាត ឱ្យឪពុកដែលកំពុងតែកាន់អំណាចក្នុងដៃ លើកបន្តុបកូនខ្លួនឯង តាមតែចិត្តនោះ។
ទោះយ៉ាងណាក្តី កាលពីចុងខែសីហា ឆ្នាំ ២០២២ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមនិស្សិតក្នុងពិធីប្រគល់សញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញថា កូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំយោធាមួយរូបនោះ មិនអាចឡើងកាន់អំណាចដោយគ្មានការគាំទ្រពីគណបក្សប្រជាជនកម្ពុជា និងការបោះឆ្នោតបាននោះទេ។
លោកបានថ្លែងក្នុងគ្រានោះថា៖ «ឥឡូវវានៅវិលវល់ អារឿងផ្ទេរអំណាចតពូជតពង្សទេ ខ្ញុំបាននិយាយហើយតើខ្ញុំអត់មានត្រូវការអប់រំកូនខ្ញុំឱ្យធ្វើមេចោរទេ។ ហើយសូមសួរទាំងអស់គ្នា អ្នកណាមិនចង់ឱ្យកូនខ្លួនឯងធ្វើធំ។ មើល! ឆ្លើយមក! ប៉ុន្តែការធ្វើធំនេះ មិនមែនចេះតែចាប់ដាក់ទេ សុំជម្រាប បើសិនជាកូនខ្ញុំមិនគ្រប់លក្ខខណ្ឌ ខ្ញុំមិនអាចឱ្យប្រទេសនេះ ឬគណបក្សនេះ ជាពិសេសប្រទេសនេះបំផ្លាញដោយដៃកូនរបស់ខ្ញុំទេ! អត់ទេ!»៕