របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សមាគមខេមបូចាបង្ហាញថាស្ថានភាពសេរីភាពអ៊ីនធឺណិត និងសិទ្ធិឌីជីថល កំពុងតែស្ថិតនៅក្នុងក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែមានការគំរាមកំហែងដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះត្រូវបានចងក្រងឡើង តាមរយៈការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធ ក្នុងនោះមានអ្នកកាសែត សកម្មជន និងអ្នកការពារសិទ្ធិមនុស្ស សរុបប្រមាណ២០០នាក់។ របាយការណ៍ឱ្យដឹងថាអ៊ីនធឺណិតបានក្លាយជាផ្នែកសំខាន់មួយនៃជីវិតដែលជួយសម្រួលដល់ការធ្វើដំណើរ ការផ្សព្វផ្សាយព័ត៌មាន និងទស្សនៈចម្រុះផ្សេងគ្នា ប៉ុន្តែ«ក្តីបារម្ភជុំវិញកំណើននៃការប្រើប្រាស់អ៊ីនធឺណិត និងការឃ្លាំមើលពីសំណាក់រដ្ឋាភិបាល ក៏កំពុងមានការការកើនឡើងដែរ»។
របាយការណ៍ក្រោមចំណងជើងថា៖ «ផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត» បន្ថែមថាអ្នកដែលចូលរួមការស្ទង់មតិយល់ឃើញថាខ្វះសេរីភាពអ៊ីនធឺណិត ដោយសារមានការឃ្លាំមើលពីរដ្ឋាភិបាលនិងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតមកលើអ្នកសារព័ត៌មាន និងសកម្មជន ខណៈព្រួយបារម្ភខ្លាចរដ្ឋាភិបាលប្រើប្រាស់ច្បាប់ជាឧបករណ៍ដើម្បីរឹតត្បិតសកម្មភាពលើបណ្តាញអ៊ីនធឺណិត ដោយបង្ហាញកង្វល់ជុំវិញផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានមកលើសេរីភាពនៃការបញ្ចេញមតិ។
របាយការណ៍បញ្ជាក់ថា៖ «ការបារម្ភពីការគំរាមកំហែងមកលើសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ដែលកើតចេញពីសកម្មភាពលើប្រព័ន្ធអនឡាញ គឺជាកង្វល់ដ៏ធំមួយ ដែលជះឥទ្ធិពលលើកម្រិតផាសុកភាព និងអាចនាំទៅដល់ការរឹតត្បិតខ្លួនឯង ជាពិសេសការផ្សព្វផ្សាយព័ត៌មានរសើបៗ ពាក់ព័ន្ធនឹងនយោបាយ»។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ នាថ្ងៃទី២៣ ខែវិច្ឆិកា លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ថ្លែងថាកង្វល់ជាច្រើនត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នេះពាក់ព័ន្ធនឹងសេរីភាពនៃការប្រើប្រាស់អ៊ីនធឺណិត។
លោកបញ្ជាក់ថា៖ «ហើយបើយើងពិនិត្យមើលចំណុចមួយទៀតរឿងអ្នកដែលមានការព្រួយបារម្ភអំពីរឿងសុវត្ថិភាព ពេលដែលគាត់ប្រើប្រាស់អ៊ីនធឺណិតហ្នឹងគឺមានស្ទើរតែ៥០ភាគរយ គាត់នៅមានការព្រួយបារម្ភអំពីសុវត្ថិភាព»។
បើតាមលោក ណុប វី អនុក្រឹត្យដែលរដ្ឋាភិបាលបានអនុម័តស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ គឺអ្នកចូលរួមនៅក្នុងការស្ទង់មតិនោះ ភាគច្រើនមិនយល់ស្របនឹងការបង្កើតច្រកទ្វារនោះទេ ដោយសារបារម្ភអំពីការគ្រប់គ្រងរបស់រដ្ឋ ដោយសារមានច្រកតែមួយ ដែលរដ្ឋាភិបាលតម្រូវ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សូ វិសុទ្ធី អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាននៅឡើយទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថាប្រជាពលរដ្ឋខ្មែរមានសេរីភាពពេញលេញនៅក្នុងការប្រើប្រាស់អ៊ីនធឺណិត។ លោកបន្តថារដ្ឋាភិបាលបិទខ្ទប់សារព័ត៌មានមួយចំនួន ដោយសារតែសារព័ត៌មានទាំងនោះបានបំពានច្បាប់។
លោក ប៉ែន បូណា ថ្លែងថា៖ «នៅពេលដែលមនុស្សមួយចំនួននោះគាត់មិនគោរពច្បាប់ កាលណាមិនគោរពច្បាប់គេ(អាជ្ញាធរ)មានវិធានការហើយ។ នេះគឺជារឿងសាមញ្ញណាស់មិនមានអ្វីប្លែក ហើយចាត់ទុកថាជាការបិទសិទ្ធិសេរីភាពអីទេ ពីព្រោះកាលណាយើងលែងគោរពច្បាប់ហើយ ច្បាប់នឹងមានវិធានការហើយ»។
នៅមុនការបោះឆ្នោតជាតិកាលពីខែកក្កដា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជារាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ក្នុងនោះមានសារព័ត៌មានអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាបណ្តុំព័ត៌មានរបស់សារព័ត៌មានវីអូឌី ដែលត្រូវបានរដ្ឋាភិបាលបិទដំណើរការកាលពីខែកុម្ភៈ។
របាយការណ៍ដែលសិក្សាដោយសមាគមខេមបូចាក៏បានដាក់ជាអនុសាសន៍មួយចំនួនដល់រដ្ឋាភិបាល ក្នុងនោះស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន ខណៈជំរុញឱ្យមានយន្តការជាក់លាក់ ដើម្បីស៊ើបអង្កេត និងការពារទិន្នន័យឯកជនភាពដែលទទួលបានដោយវិស័យឯកជន។ របាយការណ៍ខេមបូចាក៏ស្នើឱ្យបង្កើតអាជ្ញាធរដែលគ្រប់គ្រងការផ្សព្វផ្សាយឯករាជ្យមួយ ព្រមទាំងអប់រំសាធារណៈឱ្យយល់ដឹងពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
លោក ណុប វី នាយកប្រតិបត្តិសមាគមខេមបូចា លើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៣ ខែវិច្ឆិកាថា៖ «ខ្ញុំគិតថារបាយការណ៍នេះមានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការស្វែងយល់ពីតម្រូវការ កង្វល់ជុំវិញសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិត ដែលគួរតែត្រូវបានដោះស្រាយតាមរយៈអនុសាសន៍ដែលបានផ្តល់ជូននេះ»៕