ចង្កោមនៃការផ្ទុះឆ្លងកូវីដ១៩ ក្នុងសហគមន៍ថ្មីនៅកម្ពុជា បានរាលដាលបន្ថែមទៀតនៅថ្ងៃពុធនេះ ហើយខ្សែបណ្ដាញអ្នកជាប់ពាក់ព័ន្ធមានតាមបណ្ដាខេត្ត ក្នុងនោះមាននៅខេត្តព្រះសីហនុផងដែរ។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃពុធថា ខ្លួនបានរកឃើញការឆ្លងថ្មីនៃជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «២០កុម្ភៈ» ចំនួន ៤០ ករណីផ្សេងទៀត បង្កើនចំនួនសរុបនៃចង្កោមការឆ្លងនេះដល់ ១៣៩ ករណី ដែលនេះនាំឲ្យព្រួយបារម្ភបន្ថែមទៀត។ គិតមកត្រឹមថ្ងៃពុធនេះ យ៉ាងតិចអ្នកឆ្លង ១១៨ នាក់ ជាពលរដ្ឋចិនដីគោក។
ក្នុងចំណោម ៤០ ករណីវិជ្ជមានថ្មីដែលអាជ្ញាធរបានរកឃើញ មាន ៣៦ នាក់នៅភ្នំពេញ ២ នាក់នៅខេត្តកណ្ដាល និង ២ នាក់នៅខេត្តព្រះសីហនុ។ ក្នុងចំណោមនោះដែរ ៣៧ នាក់ ជាពលរដ្ឋចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល និងអ្នកនាំពាក្យរបស់ក្រសួងនេះ។
នៅខេត្តព្រះសីហនុ ពលរដ្ឋចិន ២ នាក់ ដែលមានលទ្ធផលតេស្ដវិជ្ជមានកូវីដ១៩ ពេលសុំធ្វើវិញ្ញាបនបត្រធ្វើដំណើរទៅប្រទេសចិនវិញ ត្រូវបានក្រសួងសុខាភិបាលរាប់បញ្ចូលក្នុងបញ្ជីអ្នកឆ្លងជាអ្នកដំណើរដាច់ដោយឡែក។
យ៉ាងណាក្ដី ក្រោយមក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីស្ត្រីទាំង ២ នាក់នោះ «គឺជាការចម្លងតគ្នាក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
ក្រោយមានករណីវិជ្ជមានរបស់អ្នកទាំង ២ អាជ្ញាធរខេត្តព្រះសីហនុ បានឈានទៅបិទកន្លែងមួយចំនួន ក្នុងនោះមានសណ្ឋាគារហ័ងហ្គ័នជាលី ទីតាំង ៣ កន្លែងរបស់សណ្ឋាគារ ជិនប៉ី អគារស្នាក់នៅមួយកន្លែងរបស់បុគ្គលិក ជិនប៉ី និងបិទសារមន្ទីរ រោងភាពយន្ត និងរោងល្ខោនផ្សេងៗក្នុងខេត្តមួយនេះ។
ក្នុងលិខិត ២ ដាច់ដោយឡែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាមិនឱ្យភ្ញៀវដែលកំពុងស្នាក់នៅសណ្ឋាគារទាំងនោះចាកចេញពីទីតាំងនោះទេ ហើយក៏មិនអនុញ្ញាតឱ្យទទួលភ្ញៀវថ្មីដែរ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ VOA កាលពីរសៀលថ្ងៃពុធថាក្រុមការងារសុខាភិបាលកំពុងតាមដានរកអ្នកពាក់ព័ន្ធ និងប្រមូលសំណាកអ្នកប៉ះពាល់ផ្ទាល់ ដែលស្ថិតក្នុងសណ្ឋាគារទាំងនោះ។
លោកមានប្រសាសន៍ថា៖ «វានៅក្នុងស្ថានភាពមួយអាចគ្រប់គ្រងបាន ដោយសារតែព័ត៌មាន [អំពីបណ្ដាញឆ្លង] យើងគ្រប់គ្រងបានទាំងអស់ ហើយយើងចាត់វិធានការភ្លាមៗ អ៊ីចឹងហើយទីតាំងទាំងអស់ដែលមានការពាក់ព័ន្ធ ក៏យើងគ្រប់គ្រងបាននៅតាមទីតាំង ទាំងចំនួនអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល យើងកំពុងប្រមូលឱ្យអស់ ទុកដាក់គាត់ធ្វើចត្តាឡីស័កមួយដុំ អត់ឱ្យមានការរាយប៉ាយទេ»។
ពលរដ្ឋចិនម្នាក់និងពលរដ្ឋវៀតណាមម្នាក់ នៅស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថាមានវិជ្ជមានកូវីដ១៩ នោះ ក៏ត្រូវបានដៅជាគោលសម្រាប់ស្វែងរកអ្នកពាក់ព័ន្ធបន្តផងដែរ។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ប្រាប់វីអូអេនៅរសៀលថ្ងៃពុធថា ក្រុមគ្រូពេទ្យជំនាញកំពុងតាមដានរកអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់និងប្រយោលនឹងបុគ្គលទាំង ២ នាក់នេះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និយាយកាលពីល្ងាចថ្ងៃចន្ទថា ចំនួនអ្នកពាក់ព័ន្ធសរុបទូទាំងខេត្តកណ្ដាល មានយ៉ាងតិច ៧០០ នាក់ ក្នុងចង្កោមការឆ្លងក្នុងសហគមន៍លើកទី ៣ នេះ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ AKP។
កាសែតកម្ពុជាថ្មីដែលស្និទ្ធនឹងរដ្ឋាភិបាល ក៏បានរាយការណ៍អំពីការតាមរកអ្នកពាក់ព័ន្ធនៅស្រុកកំចាយមារ ខេត្តព្រៃវែងផងដែរ ទីដែលអ្នកចូលរួមពិធីមង្គលការម្នាក់ក្នុងចំណោមភ្ញៀវជាង ៨០០ នាក់ ក្រោយមកត្រូវបានរកឃើញថា មានតេស្ដវិជ្ជមានកូវីដ១៩។
បើតាមកាសែតកម្ពុជាថ្មី មនុស្សយ៉ាងតិច ៤១ នាក់ នៅស្រុកកំចាយមារ ត្រូវបានក្រុមគ្រូពេទ្យកំណត់ថាជាអ្នកប៉ះពាល់ផ្ទាល់នឹងអ្នកឆ្លងខាងលើ ហើយត្រូវបាននាំយកមកធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែក និងប្រមូលសំណាកមកធ្វើតេស្តថាតើមានផ្ទុកវីរុសជំងឺកូវីដ១៩ ឬយ៉ាងណា។
យ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ ក្រសួងសុខាភិបាលមិនទាន់ប្រកាសអំពីករណីវិជ្ជមានណាមួយនៅខេត្តព្រៃវែងនៅឡើយទេ។
ការឆ្លងសហគមន៍ដែលមិនទាន់ដឹងប្រភពច្បាស់លាស់នេះ ត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលផ្ទុះក្រោយពីមានករណីជនជាតិចិនទៅធ្វើតេស្ត ដើម្បីបានវិញ្ញាបនបត្របញ្ជាក់សុខភាព ប៉ុន្តែស្រាប់តែពួកគេមួយចំនួនមានជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលបានតាមដានករណីនេះ ហើយរកឃើញអ្នកពាក់ព័ន្ធផ្សេងទៀតដែលមានផ្ទុកវីរុសនេះ។
កាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានព្រមានអំពី «ហានិភ័យ» ដែលថាទំហំនៃចង្កោមការឆ្លងរាតត្បាតវីរុសកូវីដ១៩ ក្នុងសហគមន៍លើកទី ៣ លើកទី ២ និងទី ១ ក្នុងរយៈពេល ៤ ខែចុងក្រោយនៅប្រទេសកម្ពុជានេះ អាចរាលដាលទៅដល់ «ទ្រង់ទ្រាយធំជាងនេះ»៕