ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រងគ្រោះ​​ឆ្លង​កូវីដ​១៩​ចូល​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ក្នុង​ចំណោម​ជនជាតិ​ចិន ដោយ​មិន​ទាន់​​ដឹង​ប្រភព


ប៉ូលិស​ឈរ​យាម​ល្បាត ក្រោយ​ពួកគេ​បិទ​ស្ពាន​មួយ​នៅ​កោះពេជ្រ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ បន្ទាប់​ពី​រកឃើញ​ថា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន ៣២ ករណី​ ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
ប៉ូលិស​ឈរ​យាម​ល្បាត ក្រោយ​ពួកគេ​បិទ​ស្ពាន​មួយ​នៅ​កោះពេជ្រ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ បន្ទាប់​ពី​រកឃើញ​ថា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន ៣២ ករណី​ ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍​លើក​ទី​៣​បន្ត​កើន​ឡើង ដោយមនុស្ស​សរុប៧៦​នាក់​ហើយ ​ត្រូវ​បាន​ក្រសួង​សុខាភិបាលរាយ​ការណ៍ថា​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​ភាគ​ច្រើន​ជាជនជាតិ​ចិន។ ការ​ប្រកាស​ឆ្លង​សហ​គមន៍​ទ្រង់​ទ្រាយធំ ធ្វើ​ឡើង​កាលពី​ថ្ងៃ​សោរ៍ ទី​២០ ខែ​កុម្ភៈ ដោយ​មិនទាន់​ដឹង​ប្រភព​ច្បាស់លាស់​នៃ​ការ​ឆ្លង​នៅ​ឡើយ​ទេ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពីចុង​សប្តាហ៍​មុន ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​អាជ្ញាធរ​រក​ឃើញ​ករណី​ដំបូង ក្រោយ​ស្រ្តី​ជនជាតិ​ចិន​ម្នាក់​មក​ធ្វើ​តេស្ត ដើម្បីទទួល​វិញ្ញាបនបត្រ​កូវីដ១៩ ក្នុង​គោល​បំណង​ត្រឡប់​ទៅប្រទេស​ចិន ប៉ុន្តែលទ្ធផល​តេស្ត​នេះ​វិជ្ជមាន​ជំងឺ​កូវីដ១៩។ ស្រ្តី​ជន​ជាតិ​ចិន​ម្នាក់​នោះ អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយ​នៅ​រាជធានីភ្នំពេញ ដែល​បាន​ទៅធ្វើ​តេស្ត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។

ក្រោយ​រក​ឃើញ​ករណី​នេះ ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​បាន​ស្រាវជ្រាវអ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្រ្តី​នោះ​ និង​រក​ឃើញ​មនុស្ស​២៤​នាក់​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្លឹប​កម្សាន្ត​មួយ​នៅ​ភ្នំពេញ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ​ឆ្លងជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល។

ក្រសួង​បញ្ជាក់ទៀត​ថា​មានអ្នក​ជំងឺជនជាតិ​ចិន ​៣​នាក់​ផ្សេង​ទៀត ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន បានទៅ​ធ្វើ​តេស្ត​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ហើយ​លទ្ធផល​បង្ហាញ​ថា​វិជ្ជមាន​ជំងឺ​កូវីដដែរ។ ចំណែកស្រ្តី​ជនជាតិ​ឈីលី​ម្នាក់​ដែលមាន​បំណង​ទៅ​ប្រទេស​ឡាវ ធ្វើ​តេស្ត​បញ្ជាក់​សុខភាព ហើយ​លទ្ធផល​ក៏​វិជ្ជមាន​ដូច​គ្នា។​

ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​រាយ​ការណ៍​ថា​មនុស្ស៣១​នាក់​ទៀត​ ឆ្លង​ជំងឺ​កូវីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់​ឈ្មោះ​ថា«២០ កុម្ភៈ»។ អ្នក​ឆ្លង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​មាន​ជន​ជាតិ​ចិន​១៩​នាក់ កូរ៉េ​មួយនាក់ និង​ខ្មែរ​១១​នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា៖ «តាម​ការ​រុក​រក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ស្ថានភាព​នៃ​ការ​ចម្លង​ក្នុង​សហ​គមន៍​នា​ពេល​នេះ មាន​លក្ខណៈ​ធំ​ជាង និង​សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍​២៨ ​វិច្ឆិកា ហើយ​វិធាន​ការ​និង​អន្តរាគមន៍​នានា​បាន​ដាក់​ជា​បណ្តើរៗ គឺ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​នៃ​ការ​រក​ឃើញ​វត្តមាន​វីរុស​កូវីដ​១៩​តាម​ទីតាំង​នីមួយៗ ដើម្បី​ទប់​ស្កាត់ការ​ចម្លង​បន្ត​នូវ​វីរុស​កូវីដ​១៩ នៅ​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ»។

ទីតាំង​ជិត​៣០កន្លែង រួម​មាន​សាលា​រៀន កន្លែង​ស្នាក់​នៅ និង​កន្លែង​កម្សាន្ត ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន។ ក្រសួង​ទេសចរណ៍​ក៏​បាន​ប្រកាស​ឲ្យ​បន្ត​ផ្អាក​អាជីវកម្ម​ខារ៉ាអូខេ(KTV) ក្លឹប​កម្សាន្ត និង​បៀរហ្គាឌិន​ជា​ដើម។

ក្រុមការងារ​សុខាភិបាល​ ចុះ​យក​សំណាក​របស់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
ក្រុមការងារ​សុខាភិបាល​ ចុះ​យក​សំណាក​របស់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​បុគ្គល​ដែល​ធ្លាប់​ចេញ​ចូល​ទីតាំង​ទាំង​នោះ ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ ត្រូវ​មាន​«ភាព​ស្មោះ​ត្រង់» «មិន​លាក់​លៀម» និង​«ស្ម័គ្រ​ចិត្ត»​ធ្វើ​តេស្ត​រក​វីរុស​ជំងឺ​កូវីដ​១៩។

ក្រសួងបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បើ​មិន​ចាំបាច់ ​ត្រូវ​នៅ​ផ្ទះ និង​មិន​ត្រូវរើស​អើង​ជាតិ​សាសន៍​ឡើយ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ បាន​ចាត់​ទុក​ការ​ឆ្លង​សហគមន៍​លើក​ទី៣​នេះ«មិន​ធម្មតា» ហើយ​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​ត្រៀមពេទ្យ​ទាហាន ​ដើម្បី​ដោះ​ស្រាយ​ការ​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ព្រោះ​សភាព​ការណ៍​ វា​មិន​ធម្មតា​ពេក​ទេ យើង​ត្រូវ​ប្រុង​ប្រៀប ដើរ​មុន​មួយ​ជំហាន គ្រប់​គ្រង​សភាពការណ៍​ហ្នឹង»។

ចំណែក​កាល​ពី​ថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​មាន​ករណី​ស្រ្តី​៤​នាក់​បាន​លួច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ដែល​មាន​ការ​ជួយ​ពី​សន្តិសុខ​ម្នាក់។ លោក​នាយករដ្ឋមន្រ្តី​មិន​បាន​បញ្ជាក់​ថា​តើ​ស្រ្តី​ទាំង​នោះ​ជា​ជន​ជាតិ​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែថា​២​នាក់​មាន​ជំងឺ​កូវីដ​១៩។

លោក​ថ្លែង​ថា៖ «ហើយ​សូម​កុំ​បណ្តោយ​ឲ្យ​ដូច​ការ​កើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃមុន ដែល​មាន​ស្រ្តី​៤​នាក់​បាន​លួច​ចេញ​ពី​សណ្ឋាគារ​ហើយ​បាន​មក​កម្សាន្ត​នៅ​ខាង​ក្រៅ រួច​ហើយ​ទើប​ចូល​ត្រឡប់​ទៅ​វិញ។ ក្នុង​ចំណោម​ស្រ្តី​៤​នាក់ ដែល​បាន​ចេញ​ពី​សណ្ឋាគារ ហើយ​ចូល​ត្រឡប់​ទៅ​វិញ បាន​រក​ឃើញ​មាន​វិជ្ជមាន​២​នាក់​ហើយ។ ខ្ញុំ​ជឿ​ជាក់​ថា​២​នាក់​ទៀត ក៏​នឹង​កើត​ដូច​គ្នា​ដែរ»។

សារព័ត៌មាន​ស៊ីស៊ីថាមស៍(The Cambodia China Times)ដែល​ស្និទ្ធ​នឹង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​យោង​តាម​ស្ថាន​ទូត​ចិន​ថា​មាន​ជន​ជាតិ​ចិន​មួយ​ចំនួន​បាន​រត់​គេច​ពី​សណ្ឋាគារ​ចត្តាឡីស័ក ហើយ​មាន​ពលរដ្ឋ​ចិន​មួយ​ចំនួន​ក៏​បាន​លាក់​ខ្លួន​និង​គេច​ខ្លួន​ បន្ទាប់​ពី​ដឹង​ថា​ពួកគេ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​១៩។

VOA​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មាន​ប្រសាសន៍​ថា​ការ​ឆ្លង​ចុង​ក្រោយ​នេះ ជា​ក្តី​ព្រួយ​បារម្ភ​ធំ​មួយ ដោយសារ​ចំនួនអ្នក​ឆ្លង​កាន់​តែ​ច្រើន ហើយ​មិន​ដឹង​ប្រភព​ច្បាស់​លាស់។ លោក​បន្ត​ថា​លោក​បារម្ភ​ខ្លាច«កម្ពុជា​ក្លាយ​ជា​ប្រទេស​រង​គ្រោះ​ចុង​ក្រោយ​គេ» ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ។

លោក​បន្ថែម​ថា​កម្ពុជា​មាន«​ការ​ធ្វេសប្រហែស»​ក្នុង​ការ​គ្រប់​គ្រង​ជន​បរទេស ទាក់​ទង​នឹងការ​ធ្វើ​ចត្តាឡី​ស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​បង្ការ​ជំងឺកូវីដ​១៩។

លោក​ប្រាប់​VOA​ថា៖ «កាល​ណា​យើង​ធ្វើ​ចត្តាឡីស័ក​អត់​បាន​ត្រឹម​ត្រូវ អត់​បាន​ច្បាស់​លាស់ អាហ្នឹង​គឺ​ជា​ការ​បង្ក​ហានិភ័យ​មួយ​ខ្ពស់​ហើយ។ កាល​ណា​គាត់​ចេញ​ទៅ គាត់​ទៅ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ»។

លោក​ យង់ គិមអេង បន្ត​ថា​កម្ពុជា​ក៏​មាន​ការ​ធ្វេស​ប្រហែស​ដែរ ដោយ​មាន​ភាពធូរលុង​ក្នុង​ប្រទេស គឺ​ពលរដ្ឋ​មិន​ពាក់​ម៉ាស រក្សា​គម្លាត និង​រៀបចំ​ពិធី​ផ្សេងៗ​តាម​អំពើ​ចិត្ត។

លោក​បញ្ជាក់​ថា៖ «ការ​ធ្វេស​ប្រហែស​របស់​យើង​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ សុខភាព​ហ្នឹង គឺ​ដែល​ធ្វើ​ឲ្យ​យើង​ជួប​ហានិភ័យ​ហ្នឹង​ខ្ពស់។ ហើយ​ម្យ៉ាង​វិញ​ទៀត​ នៅ​តាម​កន្លែង​មួយៗ គឺ​ប្រហែល​ជាអត់​បាន​គោរព​បទដ្ឋាន​សុខាភិបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ហ្នឹង​ក៏​ជា​បញ្ហា​ដែរ​បាទ»។

ការ​រាលដាល​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ពេល​នេះ ស្របពេល​កម្ពុជា​កំពុង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​(Sinopharm) ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​ប្រទេស​ចិន ដែល​ចាប់​ផ្តើម​តាំង​ពីថ្ងៃ​ទី​១០ ខែ​កុម្ភៈ ហើយ​ក្រសួងសុខាភិបាល​បាន​ពង្រីក​ការ​ចាក់​នេះ​ទៅ​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្តា​ខេត្ត ដូច​ជា​ខេត្ត​បាត់​ដំបង បន្ទាយ​មានជ័យ ឧត្តរ​មានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិ៍​សាត់ និង​ខេត្ត​កែប។

គួរ​បញ្ជាក់​ថា​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ក្នុង​ប្រទេស​កម្ពុជា​ មាន​ចំនួន​៥៦៨​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ ហើយ​កម្ពុជា​មិន​មាន​ករណី​ស្លាប់​នោះ​ទេ៕

XS
SM
MD
LG