រដ្ឋាភិបាលកម្ពុជាបានសម្រេចវិធានការថ្មីមួយ ដោយនឹងបណ្តេញជនបរទេសណាដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ«មិនសហការ» ចេញពីប្រទេសកម្ពុជា ហើយមិនអនុញ្ញាតឲ្យចូលមកវិញឡើយ។
ចំណែកទីតាំងអាជីវកម្មណាក៏ដោយ នឹងត្រូវបិទ បើមិនព្រមសហការជាមួយអាជ្ញាធរក្នុងប្រតិបត្តិការប្រឆាំងជំងឺកូវីដ១៩។ នេះបើយោងតាមលិខិតស្នើសុំមួយច្បាប់របស់គណៈកម្មការអន្តរក្រសួងប្រឆាំងកូវីដ១៩ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដែលត្រូវបានយល់ព្រមដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅក្នុងលិខិតសំណើនោះ គណៈកម្មការបានលើកបញ្ហាប្រឈមមួយចំនួន ដូចជាការមិនព្រមសហការផ្តល់ការសម្ភាស ផ្តាច់ទំនាក់ទំនង រត់គេចវេះមិនព្រមធ្វើចត្តាឡីស័ក និងករណីទីតាំងអាជីវកម្មមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩។ គណៈកម្មការបានបញ្ជាក់ថាការណ៍នេះធ្វើឲ្យមាន«ភាពយឺតយ៉ាវនិងខ្វះចន្លោះ» សម្រាប់ការងារទប់ស្កាត់ជំងឺកូវីដ១៩។
បើតាមសំណើនោះ ចំពោះជនបរទេសដែលប្រព្រឹត្តសកម្មភាពខាងលើ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។ ចំពោះជនជាតិខ្មែរ ត្រូវចាត់តាមវិធានការតាមផ្លូវច្បាប់។ ចំណែកទីតាំងអាជីវកម្មនឹងត្រូវដកហូតអាជ្ញាបណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
គណៈកម្មការប្រឆាំងកូវីដ១៩បញ្ជាក់ថាវិធានការនេះ ធ្វើឡើងដើម្បី«ពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ក្នុងសហគមន៍»។
វិធានការថ្មីនេះធ្វើឡើង ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងសហគមន៍ទ្រង់ទ្រាយធំ ដែលមនុស្សជិត១០០នាក់ហើយ ភាគច្រើនជាជនជាតិចិននៅរាជធានីភ្នំពេញ បានឆ្លងជំងឺនេះ។
កាលពីថ្ងៃសៅរ៍នៅពេលរដ្ឋាភិបាលប្រកាសអំពីការឆ្លងសហគមន៍ទ្រង់ទ្រាយធំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាមានករណីស្រ្តី៤នាក់ បានលួចចេញពីកន្លែងធ្វើចត្តាឡីស័ក ដោយមានការជួយពីសន្តិសុខម្នាក់។ លោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់ថាតើស្រ្តីទាំងនោះជាជនជាតិអ្វីនោះទេ ដោយគ្រាន់តែថា២នាក់មានជំងឺកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃអង្គារ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថាក្រសួងនឹងអនុវត្តវិធានការនេះឲ្យបានម៉ឺងម៉ាត់ចំពោះជនបរទេសដែលរត់គេចពីការធ្វើចត្តាឡីស័ក ប៉ុន្តែលោកស្រីមិនទាន់អាចបញ្ជាក់ថាតើស្រ្តី៤នាក់ដែលរត់គេចចេញពីកន្លែងចត្តាឡីស័កក្នុងពេលរាតត្បាតសហគមន៍ទ្រង់ទ្រាយធំនេះ នឹងត្រូវបណ្តេញចេញពីកម្ពុជា ឬយ៉ាងណានោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «យើងកំពុងតែធ្វើកិច្ចការនេះ ចាំបានលទ្ធផល ចាំខ្ញុំជម្រាប។ ប៉ុន្តែយើងមិនអនុគ្រោះចំពោះបុគ្គលណាដែលប្រឆាំងទៅនឹងវិធានការសុខាភិបាល»។
លោកស្រីបន្ថែមថា៖ «ក្រសួងសុខាភិបាល ជាមួយនឹងអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចរបស់យើង នឹងធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចាត់ចែងនៅក្នុងការអនុវត្តនីតិវិធីច្បាប់នេះ គឺឲ្យបានហ្មត់ចត់ជាទីបំផុត»។
ជនបរទេសដែលចូលមកកម្ពុជាតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមសណ្ឋាគារ ឬកន្លែងដែលរដ្ឋាភិបាលបានរៀបចំឲ្យ។ ពួកគេត្រូវយកសំណាកយ៉ាងតិច២ដងក្នុងពេលធ្វើចត្តាឡីស័ក។ ការធ្វើចត្តាឡីស័កសម្រាប់ជនបរទេសតម្រូវឲ្យចំណាយលើការស្នាក់នៅ ម្ហូបអាហារ ការយកសំណាកដើម្បីធ្វើតេស្ត និងការចំណាយផ្សេងៗទៀត។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការប្រុងប្រយ័ត្ននិងដាក់ចេញវិធានការផ្លូវច្បាប់នានា ក្នុងពេលកម្ពុជាប្រឈមការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនេះ។ លោកអំពាវនាវឲ្យជនបរទេសនិងប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល។
លោក អំ សំអាត ក៏ជំរុញឲ្យចាត់វិធានការតឹងរ៉ឹងចំពោះអ្នករំលោភវិធានការទាំងនេះ។
លោកប្រាប់VOAថា៖ «អាហ្នឹងត្រូវតែមានវិធានការ ដើម្បីធ្វើការចាត់វិធានការ ដើម្បីកុំឲ្យមានគំរូនេះតទៅទៀត»។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានអនុម័តអនុក្រឹត្យមួយ ដោយដាក់ពិន័យជាប្រាក់លើអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីបង្ការជំងឺកូវីដ១៩ ដែលជាធម្មតាមានរយៈពេល១៤ថ្ងៃ។ អនុក្រឹត្យចែងថាត្រូវពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀលចំពោះបុគ្គលដែលគេចវេះមិនចង់ធ្វើចត្តាឡីស័ក ឬបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក។ ចំណែកបុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគ ក៏ត្រូវពិន័យពី១លានរៀលទៅ៥លានរៀលដែរ។
ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអង្គារ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដើម្បីធានាថាមិនមានការឆ្លងរាលដាលទ្រង់ទ្រាយធំ។
លោកស្រីក៏ជំរុញឲ្យពង្រឹងបន្ថែមទៀតទៅលើប្រព័ន្ធតាមដាននិងស្វែងរកចំពោះករណីថ្មី ពីព្រោះថាបើកម្ពុជាអាចរកឃើញករណីថ្មីបានទាន់ពេលវេលា និងអាចឆ្លើយតបបានលឿន និងមានប្រសិទ្ធភាព នោះនឹងមិនមានការរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នោះទេ៕