ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២៣​នាក់​ទៀត​ឆ្លង​​កូវីដ​១៩ ដែល​មន្រ្តី​​សុខាភិបាល​ថា«ឆ្លង​ក្នុង​ទ្រង់​ទ្រាយ​ដ៏​លំបាក»


មនុស្សតម្រង់ជួរដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
មនុស្សតម្រង់ជួរដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​អង្គារ​នេះ​ថា ​មនុស្ស​ ២៣ ​នាក់​ទៀត​បាន​ឆ្លង​វីរុស​ជំងឺ​កូវីដ​១៩ នៅ​ក្នុងព្រឹត្តិការណ៍ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ នៅ​រាជធានី​ភ្នំពេញ។ ការណ៍​នេះ​នាំ​ឲ្យមាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត។

ការ​ឆ្លង​ក្នុង​សហគមន៍​ដែល​មិន​ទាន់​ដឹង​ប្រភព​ច្បាស់​លាស់​នេះ ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ ក្រោយ​ពី​មាន​ករណី​ជន​ជាតិ​ចិន​ទៅ​ធ្វើ​តេស្ត​ ដើម្បី​បាន​វិញ្ញា​បន​បត្រ​បញ្ជាក់​សុខភាព ប៉ុន្តែ​ស្រាប់​តែ​ពួក​គេ​មួយ​ចំនួន​មាន​ជំងឺ​កូវីដ​១៩។ ក្រសួង​សុខាភិបាល​បាន​តាម​ដាន​ករណី​នេះ ហើយ​រក​ឃើញ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩​នេះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ មានអ្នក​ឆ្លង​ថ្មីចំនួន​ ២៣​ នាក់​ទៀត ដែលភាគ​ច្រើន​ជា​ជនជាតិ​ចិន។ ការណ៍​នេះ​នាំ​ឲ្យ​ករណី​ឆ្លង​សរុបក្នុង​ព្រឹត្តិការណ៍ «២០ កុម្ភៈ» ​នេះ មាន​ចំនួន ​៩៩ ​នាក់ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ទៀត​ថា ​មាន​ករណីឆ្លង​វីរុស​បម្លែង​ថ្មី​ចំនួន​ ៣ ​នាក់​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ ២​ នាក់ជា​អ្នក​ធ្វើ​ការ​នៅ​ក្លឹប​ N8​ ដែល​ក្រសួង​បាន​បិទ ក្រោយ​រក​ឃើញ​មាន​ករណី​ឆ្លង​ច្រើន​លើ​មនុស្ស​ដែល​ធ្វើ​ការ​និង​ចេញ​ចូល​ក្លឹប​នោះ។ មន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា ​វីរុស​បម្លែង​ថ្មី​នេះ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍ ​«២០ កុម្ភៈ»។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​ថ្លែង​ថា​ «ស្ថាន​ភាព​មិន​ល្អ​សម្រាប់​យើង» ហើយ​ «ការ​ឆ្លង​ក្នុង​ទ្រង់​ទ្រាយ​ដ៏​លំបាក»។

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​សាលារៀន​ទាំង​រដ្ឋ​និង​ឯកជននៅ​ភ្នំពេញ​និង​ខេត្ត​កណ្តាល​យ៉ាង​តិច​ ២ ​សប្តាហ៍ ដើម្បី​បញ្ចៀស​ការ​ឆ្លង​កូវីដ​១៩។ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ក៏​សម្រេច​បិទ​រោង​ភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​នៅ​ភ្នំពេញ និង​ខេត្ត​កណ្តាល ​២ ​សប្តាហ៍​ដូច​គ្នា៕

XS
SM
MD
LG