ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា ការ​រឹតត្បិត​ព័ត៌មាន​តាម​អ៊ីនធឺណិត​នៅ​​ចិន​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ២០០៣


រូប​ឯកសារ៖ អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ឆែក​អ៊ីនធឺណិត​នៅ​ក្នុង​ក្រុង​សៀងហៃ កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៣។
រូប​ឯកសារ៖ អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ឆែក​អ៊ីនធឺណិត​នៅ​ក្នុង​ក្រុង​សៀងហៃ កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៣។

នៅ​ពេល​ប្រទេស​ចិន​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​មួយ​កាលពី​ចុង​ខែ​កក្កដា ដើម្បី​បង្ក្រាប​គណនី​របស់​អ្នក​ផ្តល់​ព័ត៌មាន​ឯករាជ្យ​នៅ​លើ​បណ្តាញ​សង្គម ចំណាត់ការ​នោះ​គឺ​ជា​ការ​បោះ​ជំហាន​ចុងក្រោយ​បង្អស់​នៃ​កិច្ចប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដើម្បី​ឃ្លាំមើល​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត។

រដ្ឋបាល​គ្រប់គ្រង​បណ្តាញ​អ៊ីនធឺណិត​ចិន ឬ Cyberspace Administration of China (CAC) បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នៅ​ទូទាំង​ប្រទេស​នេះ​ ធ្វើ​ឡើង​ដើម្បី​ព្យាយាម​ «ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​សារព័ត៌មាន [ផ្សាយ] ដោយ​ខ្លួន​ឯង​ប្រកប​ដោយ​សណ្តាប់​ធ្នាប់ និង​មាន​លក្ខណៈ​ល្អ​ប្រសើរ»។​

យុទ្ធនាការ​នេះ​កំពុង​យក​គេហទំព័រ​ពាណិជ្ជកម្ម និង​គណនី​បណ្តាញ​សង្គម​ដែល​ «សរសេរ​អត្ថបទ​ព័ត៌មាន​ខុស​ច្បាប់ និង​បង្ហោះ​អត្ថបទ​សារព័ត៌មាន​បន្ត​ចេញ​ពី​ប្រភព​មិន​គួរ​ឱ្យ​ទុក​ចិត្ត» ធ្វើ​ជា​គោលដៅ​សម្រាប់​ការ​បង្ក្រាប​របស់​ខ្លួន នេះ​បើ​យោង​តាម​រដ្ឋបាល​គ្រប់គ្រង​បណ្តាញ​អ៊ីនធឺណិត​ចិន

ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​អាជ្ញាធរ​បាន​លុប​ចោល​គណនី WeChat ជាច្រើន និង​អត្ថបទ​ឯករាជ្យ​នៅ​លើ​អ៊ីនធឺណិត​ផ្សេងៗ​ទៀត ដែល​ជជែក​អំពី​ខ្លឹមសារ​ព័ត៌មាន​ ស្ថានភាពបច្ចុប្បន្ន​ក្នុង​ប្រទេស​ និង​បញ្ហា​សង្គម។​

រូប​សញ្ញា​នៃ​កម្មវិធី​ WeChat ស្ថិត​នៅ​លើ​ទូរស័ព្ទ​ទំនើប smartphone មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង។
រូប​សញ្ញា​នៃ​កម្មវិធី​ WeChat ស្ថិត​នៅ​លើ​ទូរស័ព្ទ​ទំនើប smartphone មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង។

អ្នក​វិភាគ​បាន​លើកឡើង​ថា ការ​បង្ក្រាប​ចុង​ក្រោយ​បង្អស់​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​នេះ ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​គ្រប់គ្រង​ទាំង​ស្រុង​លើ​ការ​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត ​ដែល​ជា​ការ​គ្រប់គ្រងដ៏​ខ្លាំង​បំផុត​មួយ​លើ​បណ្តាញ​អ៊ីនធឺណិត​នៅ​ក្នុង​ពិភពលោក។

សកម្មជន​ និង​អ្នក​កាសែត​ចិន​ ឲ្យ​ដឹង​ថា ឬស​គល់​នៃ​ការ​រឹតត្បិត​បច្ចុប្បន្ន​នេះ​អាច​មាន​ប្រភព​តាំង​ពី​ឆ្នាំ​២០០៣​មក។

ចំណុច​ដែល​ធ្វើ​ឱ្យ​មាន​ការ​បិទ​ព័ត៌មាន

លោក Cheng Yizhong ដែល​ជា​ស្ថាបនិក និង​អតីត​និពន្ធ​នាយក​នៃ​កាសែត Southern Metropolis Daily បាន​ឲ្យ​ដឹងថា ឆ្នាំ២០០៣ ​គឺ​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ចិន ដោយសារ​តែ​វា​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធអ៊ីនធឺណិតក្នុង​ប្រទេស​ចិន ដែល​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​ពលរដ្ឋ​ចិន​អាច​មើល និង​អាន​បាន​តាម​អ៊ីនធឺណិត។

លោក Cheng ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​អស់​រយៈពេល​ ៤ខែ​ កាលពី​ឆ្នាំ ២០០៣ ដោយសារ​តែ​ការ​រាយការណ៍​យ៉ាង​ច្រើន​របស់​លោក​អំពី​ការ​ស្លាប់​របស់​លោក Sun Zhigang ដែល​ជា​ពលករ​ទេសន្តរប្រវេសន៍​វ័យ​ក្មេង​ម្នាក់ ​មក​ពី​ខេត្ត Hubei។ ពលករ​ម្នាក់​នេះ​ត្រូវបាន​គេ​វាយដំ​រហូត​ដល់​ស្លាប់​ ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​ក្នុង​ខេត្ត Guangdong បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ ដោយសារ​តែ​មិន​មាន​ប័ណ្ណ​ស្នាក់នៅ​ ដែល​មាន​សុពលភាព។ នៅ​ពេល​លោក Cheng ត្រូវ​បាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង ពិភព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ចិន​ មាន​ការ​ផ្លាស់ប្តូរ។

លោក Cheng បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «មុន​ពេល​ខ្ញុំ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​កាលពី​ខែ​មេសា [ក្នុង​ឆ្នាំ២០០៣] ខ្ញុំ​អាច​ចូល​មើល​គេហទំព័រ​បរទេស​ទាំង​អស់​បាន។ ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​បង្ហោះ​អត្ថបទ​នៅ​លើ​អ៊ីនធឺណិត​ និង​បាន​ប្រមូល​ការ​គាំទ្រ​ឱ្យ​លោក Sun Zhigang។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ចេញ​ពី​មន្ទីរឃុំឃាំង​នៅ​ក្នុង​ខែសីហា អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​បិទ»។

លោក​បាន​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖ «តើ​នេះ​មាន​ន័យ​ថា​ម៉េច? វា​មាន​ន័យ​ថា ក្នុង​រយៈពេល​កន្លះ​ឆ្នាំ ប្រទេស​ចិន​បាន​បង្កើត​របាំង​ជញ្ជាំង​មួយ​ (firewall) ដើម្បី​បិទបាំង​ព័ត៌មាន​ពី​បរទេស​ទាំង​អស់។ នេះ​ជា​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ»។

លោក​បាន​បន្ថែម​ថា ហេតុការណ៍​ជុំវិញ​ករណី​ស្លាប់​របស់​លោក Sun Zhigang ធ្វើ​ឱ្យ​គណបក្ស​កុម្មុយនិស្ត​ចិន​ទទួល​ស្គាល់​ពី​ឥទ្ធិពល​របស់​បណ្តាញ​អ៊ីនធឺណិត និង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​យល់​ថា «ត្រូវ​តែ​គ្រប់គ្រង​បណ្តាញ​អ៊ីនធឺណិត»។

នៅ​ត្រឹម​ឆ្នាំ ២០០៤ លោក Hu Jintao ដែល​ជា​ប្រធានាធិបតី​ចិន​នៅ​ពេល​នោះ​ បាន​និយាយ​ដោយ​ចំហ​ថា ប្រទេស​ចិន​គួរ​រៀនសូត្រពី​ប្រទេស​គុយបា និង​កូរ៉េ​ខាង​ជើង ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​អំពី​របៀប​ផ្លាស់ប្តូរ​គំនិត​នយោបាយ​របស់​សាធារណជន។

លោក​ប្រធានាធិបតី Hu Jintao បក់​ដៃ​នៅ​ពេល​អញ្ជើញ​ទៅ​ដល់​វិមាន Elysee ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០។
លោក​ប្រធានាធិបតី Hu Jintao បក់​ដៃ​នៅ​ពេល​អញ្ជើញ​ទៅ​ដល់​វិមាន Elysee ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០។

នៅ​ក្នុង​សេចក្តី​បង្គាប់​មួយ​ទៅ​កាន់​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ លោក​ប្រធានាធិបតី Hu បាន​សង្កត់​ធ្ងន់​ថា៖ «ទោះ​ជា​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ជើង​កំពុង​ជួប​នឹង​ភាព​លំបាក​ជា​បណ្តោះអាសន្ន​ក្តី បើ​និយាយ​ពី​នយោបាយ​វិញ ប្រទេស​កូរ៉េ​ខាង​ជើង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​រហូត»។

លោក Teng Biao ដែល​ជា​សកម្មជន និង​មេធាវី​សិទ្ធិ​មនុស្ស​ចិន​ដ៏​ល្បី​មួយ​រូប​ បាន​ប្រាប់ VOA ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​រឹតបន្តឹង​ថ្មីៗ​នេះ​នោះ​ទេ។

លោក Teng Biao បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «គោលបំណង​សំខាន់​នៃ​ការ​គ្រប់គ្រង​បណ្តាញ​អ៊ីនធឺណិត​របស់​ចិន ​គឺ​ការ​គ្រប់គ្រង​ការ​បញ្ចេញ​មតិ និង​ព័ត៌មាន។ ប្រសិន​បើ​សារព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ខ្លួន​ឯង (សារព័ត៌មាន​ឯករាជ្យ) ​និយាយ​អំពី​រឿងរ៉ាវ​ផ្សេង​ ក្រៅ​ពី​អ្វី​ដែល​សារព័ត៌មាន​ផ្លូវ​ការ​ចេញ​ផ្សាយ នោះ​វា​នឹង​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន»។

លោក Teng បាន​បន្ថែម​ទៀត​ថា៖ «ឆ្នាំ២០០៣​ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ឆ្នាំ​នៃ​ចលនា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន ហើយ​បណ្តាញ​អ៊ីនធឺណិត​ បាន​រួមចំណែក​ដ៏​ធំ​មួយ​ក្នុងចលនា​នោះ»។

ការ​រាំងខ្ទប់​កាន់​តែ​ខ្លាំង

អ្នក​វិភាគ​បាន​និយាយ​ថា ការ​គ្រប់គ្រង​លើ​ការ​បញ្ចេញ​មតិ​បាន​កើន​ឡើង​ ចាប់​តាំង​ពី​ពេល​លោក​ប្រធានាធិបតី Xi Jinping ឡើង​កាន់​តំណែង។

លោក Cheng Yizhong ដែល​ជា​អ្នក​កាសែត​ជើង​ចាស់​មួយ​រូប​ និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ការ​គ្រប់គ្រង​លើ​បណ្តាញ​ផ្សព្វផ្សាយ​តែងតែ​កើត​មាន​នៅ​ទីនេះ ប៉ុន្តែ​នៅ​ពេល​នេះ វា​កាន់​តែ​តឹងរ៉ឹង កាន់​តែ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​កាន់​តែ​ទូលំទូលាយ»។​

លោក​បាន​បន្ថែម​ថា លោក​មាន​ទុទិដ្ឋិនិយម​ចំពោះ​អនាគត​សម្រាប់​អ្នក​ធ្វើ​អត្ថាធិប្បាយ អ្នក​និពន្ធ និង​បញ្ញាវន្ត​ឯករាជ្យ​ដែល​បោះពុម្ព​ផ្សាយ​ដោយ​ខ្លួន​ឯង​ នៅ​ក្នុង​ប្រទេស​ចិន។ អ្នក​កាសែត​រូប​នេះ​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ពួកគេ​មិន​មាន​អនាគត​នោះ​ទេ»។

លោក Liu Lipeng ដែល​ជា​អតីត​អ្នក​រាំង​ខ្ទប់​ព័ត៌មាន​អ៊ីនធឺណិត​ ដែល​បាន​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​រាំងខ្ទប់​ព័ត៌មាន​របស់​រដ្ឋាភិបាលចិន ​អស់​រយៈពេល​ជាង​ ១០ឆ្នាំ​ បាន​និយាយ​ថា៖

«ឥឡូវ​នេះ គ្រប់​ស្ថាប័ន​ទាំង​អស់​មាន​សិទ្ធិ​ធ្វើ​ការ​រាំងខ្ទប់​ព័ត៌មាន ហើយ​ស្ទើរ​តែ​គ្រប់​ពេល​ទាំង​អស់ ការ​បង្ហោះ​អ្វី​មួយ​នៅ​លើ​អ៊ីនធឺណិត នឹង​ត្រូវ​ឆ្លង​កាត់​ការ​ឃ្លាំមើល។ ការ​បង្ហោះ​សំខាន់ៗ​ត្រូវ​ឆ្លង​កាត់​ការ​រាំងខ្ទប់​លើក​ទី២។ ការ​ផ្អាកលើ​ដំណើរ​ការ​គ្រប់គ្រង​តាម​បណ្តាញ​អ៊ីនធឺណិត​នេះ មិន​អាច​ទៅ​រួច​នោះ​ទេ សូម្បី​តែ​បន្តិច​ក៏​ដោយ»៕

XS
SM
MD
LG