ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ភូមិ​នៅ​ស្រុក​សេសាន​បន្ត​តវ៉ា​ប្រឆាំង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ


ជនជាតិដើមភាគតិចព្នង ក្នុងសហគមន៍នៅតំបន់សេសាន ក្នុងខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គីសនីសេសានក្រោម២ ដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ជនជាតិដើមភាគតិចព្នង ក្នុងសហគមន៍នៅតំបន់សេសាន ក្នុងខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គីសនីសេសានក្រោម២ ដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រុម​អ្នក​ភូមិ​នៅ​ស្រុក​សេសាន​បន្ត​តវ៉ា​ប្រឆាំង​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​និង​បញ្ឈប់​សកម្មភាព​គំរាម​កំហែង​ផ្សេងៗ​មក​លើ​ពលរដ្ឋ​ដែល​ជម្នះ​រស់នៅ​ក្នុង​ភូមិដ្ឋានចាស់​​ ​មិន​ផ្លាស់​ទៅ​ទីតាំង​ថ្មីតាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​ស្រុក។

​តំណាង​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ពូនង​បាន​បន្ត​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ស្នើ​របស់​អាជ្ញាធរ​ ដែល​ឲ្យ​ពលរដ្ឋប្តូរ​លំនៅ​ដ្ឋាន​ពី​ភូមិ​ចាស់ទៅ​កាន់​ភូមិថ្មី​ និង​ទាមទារ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​សហ​គមន៍​ជន​ជាតិ​ដើម​ភាគតិច ​និង​សិទ្ធិ​ចេញ​ចូល​ក្នុង​ភូមិ​ ដោយ​គ្មាន​ការ​រឹតបន្តឹង​ខាង​សន្តិសុខ។​ ​នេះ​បើ​យោង​តាម​ញត្តិ​ដែល​ត្រូវ​បាន​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ពូនង​ដាក់​ជូន​ទៅ​ក្រសួង​មហាផ្ទៃ​ និង​ខុទ្ទកា​ល័យ​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​

គ្រា​ដែល​ការ​តវ៉ា​នេះ​បាន​បន្ត​ ​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​បាន​ចេញ​ដីកា​កោះហៅ​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ពូនង​ចំនួន​បីរូប​ ​ដែល​រួម​មាន​លោក​ដាំ សំណាង​ ​កញ្ញា​ ​ជឿន ស្រីមុំ​ និង​អ្នកស្រី​ ​កិង បាន។​ តុលាការ​ខេត្ត​ស្ទឹងត្រែង​បាន​ចោទ​ប្រកាន់​អ្នកទាំង​បី​ពីបទ​ «ញុះញង់ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។​

កញ្ញា​ ​ជឿន ស្រីមុំ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ នៅ​ក្រៅ​ក្រសួង​មហា​ផ្ទៃ​ថា​ អ្នក​ភូមិនៅ​ក្នុង​ភូមិក្បាល​រមាស​ និង​ស្រែគ​ បាន​ប្រកាន់​ជំហរ​មិន​ចាក​ចេញ​ពី​ភូមិដ្ឋាន​ចាស់​ ហើយ​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​រាល់​សកម្មភាព​គំរាម​កំហែង​នា​នា​ ដែល​បាន​កើត​ឡើង​តាំងពី​ថ្ងៃ​ទី​ ១៥​ ខែ​កក្កដា​មក។​ ​កញ្ញា​ថ្លែង​ថា​ រដ្ឋាភិបាល​គួរ​ពិចារណា​លើ​សំណើ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ ដែល​សុំ​ឲ្យ​បាន​រស់​នៅ​ក្នុង​ភូមិ​ដ្ឋាន​ចាស់​ ជំនួស​ការ​អភិវឌ្ឍ​ទំនប់។​

«ខ្ញុំ​គិត​ថា​ បើ​សិន​ជា​ពួក​គាត់​គាំទ្រ​នូវអ្វី​ដែល​ពួក​ខ្ញុំ​ដាក់​ គាត់​នឹង​ដោះស្រាយ។​ ​ប៉ុន្តែ​បើ​គាត់​គាំទ្រ​ឲ្យ​មាន​ការ​បិទ​ទំនប់​សេសាន​ក្រោម​២​ហ្នឹង​ទាំងស្រុង​ហ្នឹង​ ខ្ញុំ​គិត​ថា​ ពួក​គាត់​នឹង​គាំទ្រ​នូវ​អ្វី​ ដែល​កំពុង​តែ​គាំទ្រ​នូវ​ការ​សម្លាប់​ប្រជាជន​ទាំង​អស់​ហ្នឹង»។​

កញ្ញា ជឿន ស្រីមុំ តំណាងជនជាតិដើមភាគតិចព្នងនៅតំបន់សេសាន ក្នុងខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គីសនីសេសានក្រោម២ ដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
កញ្ញា ជឿន ស្រីមុំ តំណាងជនជាតិដើមភាគតិចព្នងនៅតំបន់សេសាន ក្នុងខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គីសនីសេសានក្រោម២ ដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ពាក់​ព័ន្ធ​នឹង​ដីកា​កោះ​របស់​តុលាការ​ កញ្ញា​ ជឿន ស្រី​មុំ​ បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា​ លោក​ព្រះ​រាជ​អាជ្ញា​ គឹម ហុងសាន​ បាន​ចោទ​តំណាង​បី​នាក់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​កក្កដា ​គឺ​នៅ​ចំ​ពេល​ដែល​អ្នកភូមិ​ធ្វើ​ពិធី​សែនព្រេន​តាម​ទំនៀម​ទម្លាប់​របស់​ពលរដ្ឋ​ជន​ជាតិដើម​ភាគតិច។​ កញ្ញា​លើក​ឡើង​ថា​ វា​ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​អ្នក​ភូមិ​គ្រាន់តែ​ការពារ​លំនៅដ្ឋាន​ខ្លួន​ តែបែរ​ជា​រង​ការ​ចោទ​ប្រកាន់​បែប​នេះ។ ​កញ្ញា​អះអាង​ថា​ បើ​តុលាការ​ឯករាជ្យ​ ចំណាត់​ការ​ខាង​ច្បាប់​នេះ​ មិន​អាច​ធ្វើ​ឲ្យ​តំណាង​ពលរដ្ឋ​មាន​ទោស​នោះ​ឡើយ។​

«ខ្ញុំ​អត់​ភ័យ​ទេ​ ព្រោះអី​ខ្ញុំ​តាំងចិត្ត​រួច​ហើយ។ ​បើសិន​ជា​តុលាការ​ឯករាជ្យ​មែន​ ខ្ញុំ​ជឿជាក់​ថា​ ខ្ញុំ​ធ្វើ​អត់​ខុស​ទេ។​ ក្នុងនាម​ខ្លួន​ឯង​ការ​ពារ​ផ្ទះខ្លួន​ឯង​ ការ​ពារ​ដីធ្លី​ ការ​ពារ​អ្វីដែល​ជា​របស់​ខ្លួនឯង​ គ្មាន​ច្បាប់​ណា​ដែល​ចែង​ថា​ យើង​ខុស​ទេ»។​

កញ្ញា​ ជឿន ស្រីមុំ​ ​និង​តំណាង​ពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​លោក​ព្រះរាជ​អាជ្ញា​ គឹម ហុងសាន​នៃ​សាលា​ដំបូងខេត្ត​ស្ទឹងត្រែង​ ​បញ្ជា​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​ ១២​ ខែ​កញ្ញា​ខាង​មុខ​នេះ។​

VOA ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ព្រះ​រាជ​អាជ្ញា​ គឹម ហុងសាន​ នៃ​សាលា​ដំបូងខេត្ត​ស្ទឹង​ត្រែង​បាន​ទេ ​នៅ​ថ្ងៃ​អង្គារ​នេះ។

បដា សរសេរជាភាសាអង់គ្លេស ដែលមានន័យថា «សហគមន៍ជនជាតិដើមភាគតិច មិនត្រូវការទំនប់វារីអគ្គីសនីនោះទេ» លើកបង្ហាញនៅពេលសហគមន៍ជនជាតិដើមភាគតិចមកពីខេត្តស្ទឹងត្រែងដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
បដា សរសេរជាភាសាអង់គ្លេស ដែលមានន័យថា «សហគមន៍ជនជាតិដើមភាគតិច មិនត្រូវការទំនប់វារីអគ្គីសនីនោះទេ» លើកបង្ហាញនៅពេលសហគមន៍ជនជាតិដើមភាគតិចមកពីខេត្តស្ទឹងត្រែងដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រុម​ប្រជា​ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិច​ ដែល​រស់​នៅ​ក្នុង​ទីតាំង​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ ដែល​ស្ថិត​ នៅ​ស្រុក​សេសាន​ ​ខេត្ត​ស្ទឹងត្រែង​ ​បាន​ផ្តើម​ការ​តវ៉ា​របស់​ខ្លួន​ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​ ​តាំង​ពី​មុន​ពេលសាងសង់​ទំនប់​នេះ​រហូត​មកដល់​បច្ចុប្បន្ន។​ ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​កន្លង​ទៅ​ ​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​បាន​ផ្តើម​ការ​សាកល្បង​បិទទ្វារ​ទឹក​ទំនប់​ចំនួន​ ១០ ​បណ្តាល​ឲ្យ​លិច​ផ្នែក​ខ្លះ​នៅ​ក្នុង​ភូមិ​ស្រែគ។​ ទោះ​មាន​ការ​ជន់​លិច​ ក្រុម​តំណាង​ប្រជា​ពល​រដ្ឋ​និយាយ​ថា​ អ្នក​ភូមិ​ដាច់​ខាត​មិន​ចាក​ចេញ​ពីភូមិដ្ឋាន​ដើម​របស់​ខ្លួនឡើយ​ ​បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​ណា​ពី​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដោយ។​

​ទិន្នន័យ​ផ្តល់​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​អង្គការ​ ​NGO Forum ​ឲ្យ​ដឹង​ថា​ មាន​សហគមន៍​ចំនួន​ពីរ​គឺ​ សហគមន៍​ភូមិ​ស្រែ​គ​ និង​សហគមន៍​ភូមិ​ក្បាល​រមាស​ ​មិន​ព្រម​ចាក​ចេញ​ទី​ភូមិ​ដ្ឋាន​ដើម​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​ថ្មី​ទេ។​ ប្រជា​ពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២​ក្នុង​ភូមិ​ចំនួន​ពីរ​នោះ​គឺ​ មាន​ចំនួន​៧០០​នាក់​ ​ដែល​ស្មើ​នឹង​១៨០​គ្រួសារ​ រស់​នៅ​ក្នុង​ផ្ទះ​ចំនួន ​១៤០​ខ្នង។​

ទំនប់​សេសានក្រោម២ ​ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ​៨០០​លាន​ដុល្លារ​អាមេរិក​ ហើយដែល​ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤ ​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​ ៤០០​មេហ្គាវ៉ាត់។

បដា «វារីអគ្គីសនីបំផ្លាញអត្តសញ្ញាណជនជាតិដើមភាគតិច» លើកបង្ហាញ នៅពេលជនជាតិដើមភាគតិចព្នង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គីសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
បដា «វារីអគ្គីសនីបំផ្លាញអត្តសញ្ញាណជនជាតិដើមភាគតិច» លើកបង្ហាញ នៅពេលជនជាតិដើមភាគតិចព្នង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គីសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​នាយ​ឧត្តម​សេនីយ៍ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ តែ​លោក​ជាប់​រវល់​ក្នុង​អង្គប្រជុំ។​

អ្នកស្រី​ សន សុខន​ ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពូនង បានប្រាប់​ VOA ​នៅ​មុខ​ក្រសួង​មហាផ្ទៃ​ថា​ អ្នក​ភូមិ​មិន​អាច​ចាកចេញ​ពី​ទឹក​ដី​ដូនតា​របស់​ពួកគេ​បាន​ឡើយ​ ដោយ​ហេតុបារម្ភ​ពីការ​បាត់​បង់​អត្ត​សញ្ញាណ​ជនជាតិ​ដើម​ភាគតិច។​

«ជនជាតិ​ដើម​ព្នង​ មិន​ដែល​ថា​ ទៅនៅ​ភូមិថ្មី​បាន​ទេ​ ព្រោះ​អី​មាន​ផ្នូរ​ដូនតា​ អបិយជំនឿ។​ មិន​ដែល​ថា​ ដូច​ថា​ អបិយជំនឿ​ហ្នឹង​យក​ពី​នេះ​ទៅនោះ​ អត់​បាន​ទេ។​ ផ្នូរ​ដូនតា​ក៏​អីចឹង​ដែរ។​ ដាច់​ខាត​មិន​អាច​ទៅ​ទេ​ ព្រោះ​អី​កើត​មក​ ឪពុក​ម្តាយ​បង្កើត​មក​ កើត​មក​ បើក​ភ្នែក​ឃើញ​មាន​ទន្លេ ​មាន​ព្រៃ​ឈើ ច៎ា»។​

ចំណែក​អ្នកស្រី​ សារុន​ សុខម​ តំណាង​ពលរដ្ឋ​នៅក្នុង​ភូមិ​ស្រែ​គ​ចាស់​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ ​ប្រាប់អំពី​បំណង​របស់​អ្នកភូមិ​ ដែល​ក្រាញ​ននាល​មិន​ចាកចេញ​ពីភូមិ​ដើម៖​

«សំណូមពរ​ទី​មួយ​ ខ្ញុំ​សំណូមពរ​ឲ្យ​គាត់​ចុះ​បញ្ជី​ដី​សមូហភាព​ដែល​ពួក​ខ្ញុំ​ ដែល​មិន​ចាកចេញ​ពី​ភូមិ​កំណើត​ហ្នឹង។ ​សំណូមពរ​ទីពីរ​ឲ្យ​គាត់​កាត់​បន្ថយ​គម្រោង​វារី​អគ្គិសនី​សេសាន​ក្រោម​ ២ ​ ​មិន​បាន​ច្រើន​ក៏​ឲ្យ​បាន​ត្រឹម ​៤០០​មេហ្គាវ៉ាត់​ ឲ្យបាន​ត្រឹម​ ២៥០​មេហ្គាវ៉ាត់​ ដើម្បី​ឲ្យ​ខ្ញុំ​រស់នៅ​បាន​ ភូមិ​កំណើត​របស់​ខ្ញុំ។ ​សំណូមពរ​ទីបី​ ​សូម​ឲ្យ​គាត់​កុំ​គំរាម​កំហែង​ ​មក​បង្ខិត​បង្ខំ​ឲ្យ​ខ្ញុំ​ចេញ​ពីភូមិ​លំនៅដ្ឋាន​ពួក​ខ្ញុំ​ហ្នឹង​ចា៎។ ហើយមិន​ឲ្យ​ប៉ូលិស​ ​មាន​ប៉េអឹម​ មាន​សមត្ថកិច្ច​ ឯណា​ទៅ​ គំរាម​កំហែង​តាម​ដង​ផ្លូវ​ ឬ​មួយ​តាម​ប្រជាពលរដ្ឋ​ចេញ​ចូល។​ ខ្ញុំ​សូម​សំណូម​ពរ​តែ​ប៉ុណ្ណឹង​ទេ​ច៎ា។​ ​សូម​ឲ្យ​គាត់​គោរព​សិទ្ធិ ​ផ្តល់​សេរីភាព​ឲ្យ​ពួកខ្ញុំ​ផង​ច៎ា។​ ​ផ្តល់​តម្លៃ​ឲ្យពួក​ខ្ញុំ​ផង​ច៎ា»។​

លោកស្រី សារុន សុខុម ជាជនជាតិដើមភាគតិចព្នងនៅតំបន់សេសាន ក្នុងខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គីសនីសេសានក្រោម២ ដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោកស្រី សារុន សុខុម ជាជនជាតិដើមភាគតិចព្នងនៅតំបន់សេសាន ក្នុងខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គីសនីសេសានក្រោម២ ដាក់ញត្តិបង្ហាញគោលជំហរមិនទទួលសំណង និងមិនចាកចេញពីសហគមន៍ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

VOA ​មិន​អាច​ទាក់​ទង​លោក​ ឌួង ពៅ​ អភិបាល​រង​ខេត្ត​ស្ទឹង​ត្រែង​ ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​ យ៉ាងណាក្តី​ លោក​ធ្លាប់​បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​របស់​ប្រជា​ពល​រដ្ឋ​ ដែល​ថា​ អាជ្ញាធរ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ទៅ​ក្នុង​ភូមិ។​

លោក​ ឌួង​ ពៅ​ ក៏​ធ្លាប់​បាន​ឲ្យ​ដឹងថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ ២​ ​នៅ​ថ្ងៃ​ទី២៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ខាងមុខ ដោយ​គ្មាន​ការ​ប្រែប្រួល​នោះ​ឡើយ។​

ក្នុង​ញត្តិ​របស់​អ្នក​ភូមិ​ដែល​បាន​ដាក់​ជូន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អ្នកភូមិ​បាន​ទាម​ទារ​ឲ្យ​បើក​ដំណើរ​ការសេវា​សាធារណៈ​ឡើង​វិញ​ សម្រាប់ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ក្បាល​រមាស​ និង​ឃុំ​ស្រែ​គ​ រួមមាន​សាលារៀន​ មន្ទីរពេទ្យ​ ផ្លូវ​ថ្នល់​ ស្ពាន​ និង​វត្ត​អារាម។​

ក្រុម​អ្នកភូមិ​បាន​ប្រកាស​គោល​ជំហរ​មិន​ចាកចេញ​ពី​ភូមិ​ចាស់​ ដែល​ពួក​គាត់​កំពុង​តែ​រស់នៅ​ ជា​ដាច់​ខាត​ ហើយ​ពួក​គាត់​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ក្នុង​ករណី​ ដែល​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់​ និង​ក្នុង​ករណី​ទឹក​លិច​ភូមិដ្ឋាន​របស់​ពួកគាត់៕

XS
SM
MD
LG