ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​ភូមិ​រងគ្រោះ​ក្នុង​តំបន់​ទំនប់​វារី​អគ្គិសនី​ច្រាន​ចោល​ការ​ចោទ​ថា​ ​ពួក​គេ​ចង់​ធ្វើ​អបគមន៍​ដោយ​មិន​ព្រម​ចាក​ចេញ​ពី​លំនៅ​ស្ថាន​របស់​ខ្លួន


រូបឯកសារ៖ កញ្ញា​ ជឿន​ ស្រីមុំ​ (ស្តាំ) តំណាង​ពលរដ្ឋ​នៅ​សហគមន៍​ក្បាល​រមាស​ ថ្លែង​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ផល​ប៉ះពាល់​​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ រៀបចំ​នៅ​រាជធានីភ្នំពេញ​ កាលពីថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA) ​
រូបឯកសារ៖ កញ្ញា​ ជឿន​ ស្រីមុំ​ (ស្តាំ) តំណាង​ពលរដ្ឋ​នៅ​សហគមន៍​ក្បាល​រមាស​ ថ្លែង​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ផល​ប៉ះពាល់​​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ រៀបចំ​នៅ​រាជធានីភ្នំពេញ​ កាលពីថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA) ​

កញ្ញា​ ជឿន ស្រីមុំ​ តំណាងជន​ជា​ដើម​ភាគ​តិច​ព្នង​ក្នុង​ឃុំ​ក្បាលរមាស​ បាន​ប្រាប់​ VOA ថា​ ក្រុម​ប្រជា​ពល​រដ្ឋ​ ​គ្មាន​មហិច្ឆតា​ណា​មួយ​ ទៅ​បំបែកខ្លួននោះឡើយ​ ខណៈ​ដែល​ពួក​គេ​មិន​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ ដូច​រដ្ឋា​ភិបាល។​

តំណាង​ប្រជាពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិចដែល​ក្រាញ​ននៀល​មិន​ចាក​ចេញ​ ​ពី​ភូមិ​កំណើតលិចលង់​ដោយ​ទឹក​ក្នុង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ក្នុង​ខេត្ត​ស្ទឹងត្រែងនោះ​ ​ប្រកាស​ច្រាន​ចោល​ការ​ចោទ​របស់​អាជ្ញាធរ​ខេត្ត​ ដែល​ថា​ ពួក​គេ​មាន​បំណង​បង្កើត «តំបន់​អបគមន៍» ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​តម្លៃ​៨០០​លាន​ដុល្លារ​អាមេរិក​នេះ។​

កញ្ញា​ ជឿន ស្រីមុំ​ តំណាងជន​ជា​ដើម​ភាគ​តិច​ព្នង​ក្នុង​ឃុំ​ក្បាលរមាស​ បាន​ប្រាប់​ VOA ថា​ ក្រុម​ប្រជា​ពល​រដ្ឋ​ ​គ្មាន​មហិច្ឆតា​ណា​មួយ​ ទៅ​បំបែកខ្លួននោះឡើយ​ ខណៈ​ដែល​ពួក​គេ​មិន​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ ដូច​រដ្ឋា​ភិបាល។​

កញ្ញា​និយាយថា៖​

«​ចោទ​បែប​ហ្នឹង​ខ្ញុំមិន​ដឹង​ថា​ គាត់​ហ្នឹង​សំអាង​ទៅលើ​អីខ្លះទេ​ ដោយសារ​ថា​សហគមន៍​គាត់​អត់​មាន​អី​តតាំង​ជាមួយ​ហ្នឹង​ពួកគាត់​ទេ​ ជាអាជ្ញាធរ​ណ៎ា! ព្រោះ​អី​ពេល​ពួកគាត់​មក​ម្តង​ គាត់​ចាប់​ផ្តើម​យក​ប៉ូលិស​ យក​ទាហាន​ កាន់​កាំភ្លើង​មក សួរថា​ គាត់​ប្រជាពលរដ្ឋ​ គាត់​មានអី​ គាត់​មានតែ​អ្វី​ដែល​ជា​ពាក្យ​សំដី​ ទៅសួរ​នាំ​ តែប៉ុណ្ណឹង​ឯង​ទៅ​ជជែកជាមួយ​ អាជ្ញាធរ​ដែលពាក់​ព័ន្ធ»។​

កញ្ញា​ ជឿន​ ស្រីមុំ​ សង្កត់​ធ្ងន់​ថា​ ប្រសិនរាជរដ្ឋាភិបាល​កម្ពុជា​ នៅចាត់​ទុក​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគ​តិច​ជាពលរដ្ឋប្រទេសខ្លួន​ មន្ត្រី​រដ្ឋាភិបាល​មិន​ត្រូវ​ចោទទាំងគ្មានមូលដ្ឋាន​ថា​ ក្រុមប្រជាពលរដ្ឋ​ចង់​បះ​បោរ​បំបែករដ្ឋ​ទេ។​

«ចង់​ប្រាប់​ពួកគាត់​ថា​ អញ្ចេះដែរ​ បើ​ចាត់​ទុកប្រជាពលរដ្ឋ​ នៅក្បាល​រមាស​ជា​ប្រជាពល​រដ្ឋ​ ​ប្រទេស​កម្ពុជា​ដែរ​ទេ​ សូមកុំប្រើ​ពាក្យ​សំដី​បែបហ្នឹង​ ហើយសូមមេត្តា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ គួរតែយល់​ចិត្ត​ អ្នក​ដែល​រងគ្រោះ​។ ខ្ញុំ​ៗ​ ពិត​ជា​ច្បាស់​ហ្នឹង​ថា​ អ្នកដែលមិន​បាន​ប៉ះពាល់​ហ្នឹង​ មិន​ឈឺទេ​ ទាល់​តែ​អ្នក​ប៉ះពាល់​ផ្ទាល់ ​ទើបដឹងថា​ ទុក្ខលំបាក​របស់​សហគមន៍​ហ្នឹង​វាបែបណា»។​

នា​ដើម​សប្តាហ៍​នេះ​ ​រដ្ឋបាលខេត្តស្ទឹង​ត្រែងបានថ្លែង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ក្រុម​ប្រជាពល​រដ្ឋ​ថា​ជា​ ​«​ក្រុមបំបែក​ខ្លួន»​ ​ក្រោយ​ពីក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ និង​លាវ​ ​ដែល​ជា​ជនរង​គ្រោះ​ក្នុង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ ​ប្រ​កែក​មិន​ទទួល​យក​ ​មិន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​បង្កើត​ការិយាល័យ​ធ្វើ​ការ​នៅ​ក្នុង​ទី​អារាម​ក្នុង​ឃុំ​ស្រែគរ​ ​ស្រុក​សេសាន​ ​ខេត្តស្ទឹង​ត្រែង​ដើម្បី​ស្រង់ស្ថិតិ​និង​ជួយ​ផ្លាស់​ប្តូរ​ទីតាំង​រស់​នៅ​របស់​ពួក​គាត់។​

ក្រុម​ប្រជា​ពល​រដ្ឋ​ភាគតិច​រស់​នៅ​ ​ក្នុង​ទីតាំង​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនីសេសាន​ក្រោម​ ២​ ដែល​ស្ថិត​ នៅ​ស្រុក​សេសាន​ ​ខេត្ត​ស្ទឹងត្រែង​ ​បាន​ផ្តើម​ការ​តវ៉ា​របស់​ខ្លួន​ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​ ​តាំង​ពី​មុន​ពេល​នៃ​ការ​សាងសង់​ទំនប់​នេះ​ ​រហូត​មក។​ ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​កន្លង​ទៅ​ ក្រុមហ៊ុនទំនប់​វារី​អគ្គិសនី​ ​បាន​ផ្តើម​ការ​សាកល្បង​បិទទ្វារ​ទឹក​ទំនប់​ចំនួន​ ១២​ ​បណ្តាល​ឲ្យ​លិច​ផ្នែក​ខ្លះ​នៅ​ក្នុង​ភូមិស្រែគរ។​ ទោះ​មាន​ការ​ជន់​លិច​ ក្រុម​តំណាង​ប្រជា​ពល​រដ្ឋ​និយាយ​ថា​ អ្នកភូមិដាច់​ខាត​មិន​ចាកចេញ​ពីភូមិដ្ឋាន​ដើម​របស់​ខ្លួនឡើយ​ ​ហើយ​បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​ណា​ពីអាជ្ញាធរ​មូលដ្ឋាន​ក៏​ដោយ។

លោក​ សុធ ធឿន តំណាង​ជនជាតិ​ដើម​ភាគតិច​លាវ​ ​នៅ​ក្នុង​ឃុំ​ស្រែគរ​ថ្លែងប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ប្រជា​ពល​រដ្ឋ​មិន​បាន​គិត​ដល់​ ការ​បណ្តេញ​ចេញ​ដែល​អាច​នឹង​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​នោះទេ​ តែ​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ប្តេជ្ញា​ថា​ ​នឹង​ធ្វើ​នោះ​ គឺ​ស៊ូស្លាប់​មិន​ចាក​ចេញ​ពី​ទឹកដី​កំណើត​របស់​ខ្លួន​ឡើយ។​

«អារឿង​បណ្តេញចេញ​ អាហ្នឹង​ មិនដឹង​ទេ​ ដោយសារ​តែ​ពលរដ្ឋ​គាត់​នៅ​ភូមិ​ ស៊ូស្លាប់​នៅ​ភូមិចាស់​ ទោះ​ជា​មានរឿង​អីកើតឡើង​ក៏ដោយ​ អញ្ចឹងហ្ហាស់។​ ហើយ​គាត់​សុំ​ ស្នើ​សុំ​មក​នៅ​ភូមិ​ចាស់​ ចាំមើល​តែ​ស្ថានភាព​ជាក់​ស្តែង​អញ្ចឹង​ណ៎ា»។​

ពាក់​ព័ន្ធនឹង​ការ​រារាំង​មិន​ឲ្យ​អាជ្ញាធរ​បង្កើត​ការិយាល័យ​ធ្វើ​ការ​នៅក្នុង​តំបន់ «វត្ត​ពន្លឺ​សាមគ្គី» ​ដែល​មាន​អាយុ​ជាង​៦០​ឆ្នាំ​ លោក​ សុធ ធឿន​ថ្លែងថា៖​

«កន្លែង​នេះ​ មិនមែន​ជាកន្លែង​ ក្រសួង​ធ្វើ​ការ​ ឬ​ក៏​មន្ទីរធ្វើ​ការ​របស់​គាត់​ទេ​។ កន្លែងហ្នឹង​ជា​ ជាផ្ទះ​ប្រជា​ពល​រដ្ឋ​ ​ក៏ដូចជាវត្ត​ ប្រជាពលរដ្ឋ​សម្រាប់​ ទី​សក្ការបូជា​»។

តាម​ទិន្នន័យ​ផ្តល់​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​អង្គការ​ ​NGO Forum ​មាន​សហគមន៍​ចំនួន​ពីរ​គឺ​ សហគមន៍​ភូមិ​ស្រែ​គរ​ និង​សហគមន៍​ភូមិ​ក្បាល​រមាស​ ​មិន​ព្រម​ចាក​ចេញ​ទី​ភូមិ​ដ្ឋាន​ដើម​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​ថ្មី​ទេ។​ ប្រជា​ពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២​ក្នុង​ភូមិ​ចំនួន​ពីរ​នោះ​គឺ​ មាន​ចំនួន​៧០០​នាក់​ ​ដែល​ស្មើ​នឹង​១៨០​គ្រួសារ​រស់​នៅ​ក្នុង​ផ្ទះ​ចំនួន​១៤០​ខ្នង។​

ទំនប់​សេសាន​ក្រោម​២ ត្រូវ​បាន​សាងសង់​កាល​ពីដើម​ឆ្នាំ​២០១៤​នោះ​ ​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​៤០០​មេហ្គាវ៉ាត់។​ ​ទំនប់​សេសាន​ក្រោម​២​ ​ដែល​មាន​តួប៊ីន​សរុប​ចំនួន​១២។​

លោក​ ឌួង ពៅ​ ​អភិបាល​រងខេត្ត​ស្ទឹង​ត្រែង​ ​មាន​ប្រសាសន៍​ប្រាប់​ VOA​ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អាជ្ញាធរ​ គ្មាន​ចេតនា​ចោទ​ពល​រដ្ឋ​ខ្លួន​ថា​ ចង់​បំបែក​រដ្ឋ​នោះ​ទេ​ តែ​អាជ្ញាធរ​មាន​ចម្ងល់​ថា​ ហេតុ​អ្វី​បាន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ មិន​សហការ​ជាមួយ​រដ្ឋ​ តែបែរជាសហការ​ជាមួយ​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូច​ជា​ សំឡេងសហរដ្ឋអាមេរិក​ VOA ​ជាដើម។​

«មន្ត្រី​រដ្ឋាភិបាល​យើង​ អត់​មានចោទ​ថា​គាត់​ ជាមនុស្ស​ដែលមាន​បំណង​បង្កើត​អបគមន៍ អត់​ទេ​។ ប៉ុន្តែ​គាត់​មិន​ឲ្យ​ មិន​ឲ្យ​អាជ្ញាធរ​ មិនឲ្យ​មន្ត្រី​យើង​ចូលរួម​ធ្វើការ​ងារ​ជាមួយ​ អញ្ចឹង​យើង​អត់​យល់​ដែរ។​ ខ្ញុំ​អត់​យល់​ សម្រាប់​ខ្ញុំ​ ខ្ញុំ​អត់​យល់​ ទៅជាការ​ងារ​ជាមួយ​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ និយាយ​អត់​បាន​ បើ​ VOA ​បើ NGO ​មួយចំនួន​ធ្វើ​ការ​ គាត់​សហការ​ជាមួយ។​ អញ្ចឹង​អ្នក​ណា​ទទួលខុសត្រូវ​ នៅពេល​មាន​បញ្ហា​ NGO ​ទាំងអស់​ហ្នឹង​ការពារ​សន្តិសុខ​គាត់​ ឬក៏ផ្តល់​សំណង​ឲ្យ​គាត់​ ឬក៏អ្នក​មួយចំនួន​ដែលមាន​ការ​ពាក់​ព័ន្ធ​ជាមួយហ្នឹង​ព្រឹត្តិការណ៍​ហ្នឹង​ ជាអ្នក​ជួយ​ជ្រោម​ជ្រែង​ឲ្យ​គាត់​មានការ​រស់នៅ​ មានការ​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ឬបង្កើត​រដ្ឋបាល​ដោយ​ឡែក​ ពី​អាជ្ញាធរ​ ពីរដ្ឋាភិបាល​ អានែវា​ វារឿង​វាអញ្ចឹង»។​

លោក​ ឌួង​ ពៅ​ ​បាន​បញ្ជាក់​បន្តទៀត​ថា​ ការស្នើរបស់​អាជ្ញាធរ​ ក្នុងការបង្កើត​ការិយាល័យ​ធ្វើ​ការ​នៅ​វត្ត​ពន្លឺ​សាមគ្គី​នោះ​ គឺដើម្បី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ បាន​គៀកប្រជាពលរដ្ឋ​ និង​ងាយស្រួល​ធ្វើការ​ប្រាស្រ័យ​ទាក់​ទងគ្នា​ គ្រាមានបញ្ហាសន្តិសុខ​ និង​គ្រោះអាសន្នណាមួយកើត​ឡើង​។ លោកក៏បាន​ច្រាន​ចោល​ ការចោទប្រកាន់​របស់​ប្រជា​ពល​រដ្ឋ​ ដែល​ថា​ អាជ្ញាធរ​បាន​បញ្ជូនកម្លាំង​ប្រដាប់​អាវុធ​ទៅ​ក្នុង​ភូមិ​ផង​ដែរ។​

លោក​មានប្រសាសន៍ថា៖​

«អត់មាន​យក​អាវុធទៅ​ អត់​មាន​ប៉ូលិស អត់មាន​ទាហាន​ទៅ​ទេ​ ទៅមន្ត្រី​សុទ្ធ​ ហើយ​ស្រី​ទៀត​ មន្ត្រី​រាជការ​ធម្មតា​។ ទៅ​ជួប​ជាមួយ​ពួកគាត់​ ទំនាក់​ទំនង​ជាមួយ​ពួកគាត់​ ផ្សារភ្ជាប់​កិច្ចការ​របស់​រដ្ឋ​ជាមួយ​ប្រជា​ពល​រដ្ឋ​។ គាត់​ជួបការ​លំបាក​យ៉ាងម៉េច​ គាត់​ខ្វះស្អី​ គាត់​ជួបបញ្ហា​អី​។ គាត់​អាចទទួល​យក​សំណង​ហើយ​ឬទៅ​ ឬក៏គាត់​មាន​យោបល់​យ៉ាងម៉េច​ គាត់​មាន​សំណូមពរ​យ៉ាង​ម៉េច​ យើង​រង់​ចាំ​ទទួល​ពីគាត់»។​

ក្នុងកិច្ច​ខិត​ខំបញ្ចៀស​គ្រោះ​មហន្តរាយ​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​មិន​ព្រម​ចាកចេញ​ពី​លំនៅដ្ឋាន​ចាស់​ លោក​អភិបាល​រងខេត្ត​ស្ទឹងត្រែង​ ឌួង​ ពៅបាន​បញ្ជាក់​ថា​ ម្ចាស់​គម្រោង​ទំនប់​ និង​អាជ្ញាធរ​បាន​ព្រម​ព្រៀង​ បើក​ទ្វារទំនប់​ រយៈពេល​ជិត​កន្លះ​ខែមកហើយ ហើយ​ថា​ ទំនប់​នឹង​បិទទ្វារ​នៅ​ចុង​ខែសីហា​នេះ។​ លោក​អះអាង​ថា​ តាម​ទិដ្ឋភាព​បច្ចេក​ទេស​ ទំនប់​នេះ​ មិន​អាច​ពន្យារពេល​យូរ​ ក្នុង​ការ​បិទទ្វារ​ ផលិត​ថាម​ពល​អគ្គិសនី​នោះទេ។​

លោក​ឌួង​ ពៅ​ ​បន្ត​ថា៖​

«​ទីពីរ ​យើង​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ មាន​ឱកាស​យូរ​បន្តិច​ ដើម្បី​ជម្លៀស​ សម្ភារៈ​ ​សត្វ​ពាហនៈ​ រួម​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​របស់​គាត់​ ដើម្បី​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​គាត់​ នៅពេល​គេបិទទឹក។​ អាហ្នឹង​យើង​មិន​អាច​ពន្យារពេល​យូរ​ទេ​ ព្រោះ​អី​កិច្ចការ​បច្ចេក​ទេស​ ​ហើយ​និង​ពេល​វេលា​ ​មិនអាច​ពន្យារ​បាន​ ពន្យារ​បាន​ទេ​ ដូច្នេះ​ ក្នុង​អំឡុង​ប្រហែល​ជា​ក្នុង​យ៉ាង​យូរ​ដាច់​ខែហ្នឹង​ ត្រូវបិទហើយ​ បិទទំនប់​ ដើម្បី​យើង​ បំ​ពេញ​ទុក​ក្នុង​អាង​សម្រាប់​ ដំណើរការ​តួប៊ីន»។

​ទោះ​បី​ជា​មានប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្រាញ​ននៀលមិនចាកចេញពីលំនៅដ្ឋាន​ចាស់​ ដែល​ស្ថិត​នៅ​ជាន់​គ្នា​ និង​បរិវេណ​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២​ លោក​ ឌួង​ ពៅ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី២៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៧ខាង​ ដោយ​គ្មាន​ការ​ប្រែប្រួលនោះ​ឡើយ​៕

XS
SM
MD
LG