អធិការនគរបាលស្រុកអូររាំងឪក្នុងខេត្តត្បូងឃ្មុំ ត្រូវបានបញ្ឈប់ពីការងារជាបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ក្រោយពីមានការចោទប្រកាន់ពីមន្រ្តីថ្នាក់ក្រោមរបស់លោក ជុំវិញករណីសង្ស័យថាមានជាប់ពាក់ព័ន្ធរឿងអំពើពុករលួយ និងការជេរប្រមាថ។
នៅក្នុងវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ គេឃើញមន្រ្តីនគរបាលលោក រុង ម៉ារ៉ាឌី បានចោទប្រកាន់ និងវាយប្រហារខ្លាំងៗលើអធិការនគរបាលស្រុកអូររាំងឪ លោក លឿង រដ្ឋា នៅអធិការការដ្ឋាននគរបាលស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងការជេរប្រមាថ និងរឿងបង់ប្រាក់ចំនួន៧០ម៉ឺនរៀល។
មន្រ្តីនគរបាលស្រុកអូររាំងឪរូបនេះបាននិយាយថាលោកបានស្នើសុំលោក លឿង រដ្ឋា អធិការស្រុកអូររាំងឪ ដើម្បីចេញរត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលរសៀល លោកចូលបម្រើការងារដូចធម្មតា។ ជាមួយការលើកលែងនេះ លោកព្រមទាំងបង់ប្រាក់ចំនួន៧០ម៉ឺនរៀលចូលអង្គភាពជារៀងរាល់ខែ ដែលលោកលើកឡើងថាលោក លឿង រដ្ឋា និងមន្រ្តីមួយរូបទៀតបានយកទុកប្រើផ្ទាល់ខ្លួន។ ជាមួយការផ្តល់ប្រាក់នេះ លោកទទួលបានការអនុញ្ញាតពីលោក លឿង រដ្ឋា។
ប៉ុន្តែបញ្ហាបានកើតឡើង នៅគ្រាដែលមានវិបត្តិជំងឺកូវីដ១៩ គឺ លោក រុង ម៉ារ៉ាឌី បានឆ្លងជំងឺកូវីដ១៩ និងក្រោយជាសះស្បើយ លោកបានបង្ហោះសារនៅលើហ្វេសប៊ុក ដោយអំពាវនាវឲ្យប្រជាពលរដ្ឋបន្តជិះតាក់ស៊ីរបស់លោក។ រឿងរ៉ាវនេះ នាំឲ្យលោក លឿង រដ្ឋា បានចេញរបាយការណ៍ទៅថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តថា រូបលោកអសកម្មនឹងការងារ។
លោក លឿង រដ្ឋា អធិការស្រុកអូរាំងឪ ដែលត្រូវបានបញ្ឈរជើងជាបណ្តោះអាសន្ន បានបដិសេធថាលោកមិនបានទទួលប្រាក់៧០ម៉ឺនរៀល ដូចការលើកឡើងរបស់លោក រុង ម៉ារ៉ាឌី ដែលជាមន្រ្តីនគរបាលមួយរូបនៅស្រុកអូររាំងឪនោះទេ។
លោកបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «អញ្ចឹងលុយហ្នឹងគាត់ឲ្យ មិនដឹងថាគាត់ឲ្យពីណាគេ ខ្ញុំមិនដឹងទេ។ ដឹងតាំងពីឆ្នាំណាក៏ដោយ ក៏ខ្ញុំមិនបានទទួលលុយដែរ។ បើគាត់យកឲ្យផ្ទាល់ដៃខ្ញុំ ហើយមានរូបភាពនៅចំណុចណា ចំណុចណាអាហ្នឹងបានគាត់ប្តឹងខ្ញុំបាន»។
លោក លឿង រដ្ឋា បន្តថា អង្គភាពរបស់លោកបានធ្វើកិច្ចសន្យាចំនួន៣ដងរួចមកហើយជាមួយលោក រុង ម៉ារ៉ាឌី មិនឲ្យរត់តាក់ស៊ីតទៅទៀត ក្រោយពីលោកបានកើតជំងឺកូវីដ១៩ និងបានជាសះស្បើយ ហើយបានបង្ហោះសារលើបណ្តាញសង្គមអំពាវនាវឲ្យមានការជិះតាក់ស៊ីរបស់លោក។
អធិការស្រុកអូររាំងឪរូបនោះបន្តថាលោក រុង ម៉ារ៉ាឌី មិនបានគោរពកិច្ចសន្យានោះទេ ហើយនៅបន្តរត់តាក់ស៊ី។ ដូច្នេះលោកបានធ្វើរបាយការណ៍តាមនីតិវិធីជុំវិញករណីនេះទៅកាន់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ចំណាត់ការ ដោយយោងទៅលើការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ ទៅលើមន្រ្តីក្នុងអង្គភាព។
បើតាមលោក លឿង រដ្ឋា លោកបានចូលបកស្រាយជូនមន្រ្តីថ្នាក់លើពាក់ព័ន្ធនឹងករណីខាងលើនេះ តាមនីតិវិធីរួចហើយ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ថាលទ្ធផលក្រោយពីការបំភ្លឺនេះ នឹងទៅជាយ៉ាងណានោះទេ។
លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលបានចេញលិខិតផ្ទេរភារកិច្ចបណ្តោះអាសន្ន ដោយបញ្ឈរជើងលោក លឿង រដ្ឋា បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយ ដោយស្នើឲ្យអ្នកសារព័ត៌មានទៅជួបលោកដោយផ្ទាល់នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
អ្នកស្រី ធីម ណារីន អ្នកសម្របសម្រួលកម្មវិធីអង្គការអាដហុកប្រចាំខេត្តកំពង់ចាម និងត្បូងឃ្មុំ បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាចំណាត់ការនៃការដកបញ្ឈរជើងមន្រ្តីនគរបាលពីសំណាក់មន្រ្តីថ្នាក់លើពាក់ព័ន្ធនឹងរឿងពុករលួយ ជារឿងត្រឹមត្រូវ បើសិនជារឿងពិត ហើយអនុលោមទៅតាមនីតិវិធី។ អ្នកស្រីក៏បានស្នើឲ្យមានការស៊ើបអង្កេតពេញលេញតាមនីតិវិធីត្រឹមត្រូវលើករណីខាងលើនេះក្នុងចំណោមបុគ្គលពាក់ព័ន្ធទាំងអស់។
អ្នកស្រីបានថ្លែងថា៖ «ដើម្បីឲ្យការដកឬក៏ការព្យួរនេះត្រឹមត្រូវ ថ្នាក់ដឹកនាំខាងលើគួរតែធ្វើតាមនីតិវិធីឲ្យបានត្រឹមត្រូវ។ ទីមួយដូចជាការត្រូវទទួលបានព័ត៌មាន យើងបង្កើតគណៈកម្មការនៅក្នុងការប្រមូលព័ត៌មានទាក់នឹងអ្នកពាក់ព័ន្ធនឹងសាមីខ្លួន។ ហើយប្រសិនជាយើងរកថាគាត់បានប្រព្រឹត្តមែន ឬមិនមែន ថ្នាក់ដឹកនាំគួរចាត់ចំណាត់ការទៅតាមការស៊ើបអង្កេត ទើបត្រឹមត្រូវ។ បើសិនជាអត់បានស៊ើបអង្កេត ឬធ្វើតាមនីតិវិធី វាប៉ះពាល់ដល់អារម្មណ៍ ដល់កិត្តិយសអ្នកអនុវត្តថ្នាក់ក្រោមផងដែរ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានជំរុញឲ្យស៊ើបអង្កេតពីសំណាក់ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្វែងរកព័ស្តុតាងជាក់លាក់បន្ថែមនៅក្នុងករណីជម្លោះខាងលើនេះ។
លោកថ្លែងថា៖ «អញ្ចឹងទោះបីជាមិនទាន់មានព័ស្តុតាងដាក់បន្ទុកជាក់លាក់ គឺខាងស្ថាប័នសាមី ហើយបើសិនជាអាច គឺអង្គភាពប្រឆាំងអំពើពុករលួយហ្នឹង គួរត្រួតពិនិត្យករណីហ្នឹង។ មានន័យថា គាត់មិនទាន់ក្លាយជាជនល្មើសនៅឡើយទេ ព្រោះមិនទាន់មានការត្រួតពិនិត្យកាត់ក្តី ប៉ុន្តែគាត់ជាជនសង្ស័យ។ អញ្ចឹងទាមទារឲ្យមានការស៊ើបអង្កេត ទាមទារឲ្យមានការរកព័ស្តុតាងដាក់បន្ទុកគាត់។ ហើយលោកដែលជាមន្រ្តីដែលត្រូវបានគេចោទប្រកាន់សង្ស័យហ្នឹង គាត់មានសិទ្ធិក្នុងការការពារខ្លួន»។
បើតាមលោក ប៉ិច ពិសី ការសិក្សាពីអង្គការតម្លាភាពនៅទីក្រុងប៊ែរឡាំងនិងការសិក្សាផ្សេងៗពីស្ថាប័នអន្តរជាតិមកលើសុចរិតភាពអភិបាលកិច្ចបានរកឃើញថាអំពើពុករលួយបានកើតឡើងច្រើននៅក្នុងវិស័យសាធារណៈនៅកម្ពុជា ហើយស្ថាប័នដែលមានភាពលេចធ្លោជាងគេ រួមមានស្ថាប័នតុលាការ និងស្ថាប័ននគរបាល។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អធិការនគរបាលស្រុកបរសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ លោក អ៊ុំ ចំរើន ត្រូវបានស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ឈរជើងដែរ ក្រោយពីមានពាក្យបណ្តឹងពីក្រុមមន្រ្តីថ្នាក់ក្រោម ពាក់ព័ន្ធនឹងរឿងកង្វះខាតក្រមសីលធម៌ និងអំពើពុករលួយ៕