សកម្មជនដីធ្លីក្នុងខេត្តព្រះវិហារ លោក ស៊ុម ម៉ឺន ដែលបានបាត់ខ្លួនអស់រយៈពេលជាងពីរខែបានមកបង្ហាញខ្លួន និងជួបជុំប្រពន្ធរបស់លោកវិញកាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីលោកត្រូវបានអ្នកធ្លាប់រស់នៅជិតខាងលោក ប្រទះឃើញស្នាក់នៅក្នុងខេត្តព្រះសីហនុ ជាទីដែលលោកបានប្រកបរបរជាកម្មករសំណង់ និងដើររើសរបស់ប្រើប្រាស់គេបោះបង់ចោល ដើម្បីចិញ្ចឹមជីវិត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុក ដែលបានតាមដានករណីបាត់ខ្លួនសកម្មជនដីធ្លីរូបនេះ។
លោក ស៊ុម ម៉ឺន ដែលពេលនេះកំពុងមានបញ្ហាសុខភាព បានត្រូវអ្នកស្រី ភឹម ម៉ៅ ភរិយារបស់លោកនិងចៅហ្វាយស្រុកមួយរូបនៃខេត្តព្រះវិហារនាំទៅកាន់ភូមិដ្ឋានរបស់គាត់វិញ ក្នុងស្រុកជាំក្សាន្ត ដែលនៅកៀកនឹងព្រំដែនខ្មែរ-ថៃ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រាប់ VOA នៅថ្ងៃចន្ទនេះថា លោក ស៊ុម ម៉ឺន បានមកបង្ហាញខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា និងបានជួបជាមួយក្រុមមន្ត្រីរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុក និងការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះ យល់ថា នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលលោក ស៊ុម ម៉ឺន បានបង្ហាញខ្លួនក្រោយការលាក់ខ្លួនក្នុងស្ថានភាពភ័យខ្លាចជាងពីរខែមកនេះ។
«រឿងនេះវាជារឿងមួយដែលភ្ញាក់ផ្អើលមែនទែន មិនថាតែសង្គមស៊ីវិល ឬអាជ្ញាធរទេ ពីព្រោះបញ្ហានេះ វារយៈពេលជាងពីរខែហើយ ដែលយើងមិនបានទទួលដំណឹងពីគាត់អីទាល់តែសោះ ហើយដល់ពេលនៅជួប ហើយនិងឃើញគាត់អ៊ីចឹង យើងមានការភ្ញាក់ផ្អើល ខ្លាំងដែលយើងនឹកស្មានមិនដល់»។
លោក អំ សំអាត ថ្លែងបន្តថា ការស្វែងរកដំណោះស្រាយដោយសន្តិវិធី នឹងជាជម្រើសសមស្របមួយសម្រាប់បញ្ចប់វិវាទដីធ្លីទៅថ្ងៃខាងមុខ ជាជាងការចាប់ចង ឬការប្រើហិង្សា។
«ទាក់ទងនឹងបញ្ហាទំនាស់ដីធ្លីទៅពេលក្រោយទៀត យើងគួរតែជ្រើសរើស យកការដោះស្រាយដោយសន្តិវិធី ជាជាងការប្រើប្រាស់កម្លាំងក្នុងការបង្ខំដូចនៅក្រចេះ ដូចនៅ កំពង់សោមអី យើងឃើញមានបញ្ហា ហើយនៅ នៅព្រះវិហារហ្នឹង ក៏ជារឿងបញ្ហាដែរ អាហ្នឹងជាមេរៀនដែលអាជ្ញាធរទាំងអស់ ឬក៏ប្រជាពលរដ្ឋដីធ្លីហ្នឹង ត្រូវរៀនសូត្រហើយរួមគ្នាធ្វើការដោះស្រាយ ដោយសន្តិវិធី ជៀសវាងការប្រើប្រាស់នូវអំពើហិង្សា ឬ ការចាប់ចង ឬក៏ចាប់បង្ខំនោះបាទ»។
យោងតាមរបាយការណ៍របស់អង្គការលីកាដូ ចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុម ម៉ឺន និងលោក ម៉ឺន មាន វ័យ២៦ឆ្នាំ ដែលជាកូនប្រុសរបស់លោក ត្រូវបានចាប់ខ្លួន ពេលកំពុងបើកគោយន្តដឹកសម្ភារៈលក់ដូរ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៩ ដោយយោធាមកពីទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍លេខ ២៦១ ស្ថិតនៅក្រោមទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៃកងយោធពលខេមរភូមិន្ទ (យោធាទាំងនោះជាកងសន្តិសុខរបស់ក្រុមហ៊ុន ដែលទទួលបានដីសម្បទាននៅឃុំយាង ស្រុកជាំក្សាន្ត)។
របាយការណ៍របស់អង្គការលីកាដូដដែលបានបញ្ជាក់ទៀតថា សាក្សីមួយចំនួនបានរាយការណ៍ថា លោក ស៊ុម ម៉ឺន និងកូនប្រុសលោក ត្រូវបានវាយដំក្រោយពេលអ្នកទាំងពីរត្រូវបានចាប់ខ្លួន។ បន្ទាប់មកអ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់ការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ជាទីកន្លែងដែលអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់រយៈពេលមួយយប់។
របាយការណ៍បានរៀបរាប់ទៀតថា នាព្រឹកថ្ងៃទី២១ ខែមករា លោក ស៊ុម ម៉ឺន បានបាត់ខ្លួនពីការិយាល័យដែនជម្រកសត្វព្រៃ ហើយការបាត់ខ្លួនរបស់លោកបានកើតឡើងអស់រយៈពេលពីរខែមកហើយ។ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ បានអះអាងថា បុរសដែលមានអាយុ ៥៤ ឆ្នាំ នោះបានលោតចេញពីរបងនិងរត់គេចខ្លួន។ ប៉ុន្តែភ្លាមៗនោះ មិនមានដីកាចាប់ខ្លួន ចោទប្រកាន់ទាក់ទងនឹងការរត់គេចនោះទេ។
លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការលីកាដូបានបញ្ជាក់ឲ្យដឹងទៀតថា អាជ្ញាធរខេត្តព្រះវិហារ បានសន្យាមិនចាត់ការនាំខ្លួនលោក ស៊ុម ម៉ឺន ទៅប្រឈមមុខជាមួយនឹងតុលាការនោះទេ បន្ទាប់ពីលោក ស៊ុម ម៉ឺន បានចេញមកបង្ហាញខ្លួន។
VOA មិនទាន់អាចសុំការអធិប្បាយផ្ទាល់ពីលោក ស៊ុម ម៉ឺន និងអ្នកស្រី ភឹម ម៉ៅ ភរិយារបស់លោក ស៊ុម ម៉ឺន បាននៅឡើយទេនៅថ្ងៃចន្ទនេះ។
លោក យង់ គឹមហឿង នាយករដ្ឋបាលសាលាខេត្តព្រះវិហារ មានប្រសាសន៍ថា អាជ្ញាធរខេត្តព្រះវិហារ ពិតជាបានរកឃើញលោក ស៊ុម ម៉ឺន តែលោកបានបដិសេធមិនផ្តល់ការអធិប្បាយបន្ថែម ជុំវិញការរកឃើញលោក ស៊ុម ម៉ឺន នេះ។
«ចង់និយាយអ៊ីចេះ ខ្ញុំម៉េច ម៉េចបងសួរទៅជំនាញគេទៅ ឬក៏អាជ្ញាធរស្រុកទៅ ព្រោះខ្ញុំមិនមែនជាអ្នកត្រូវឲ្យបងសម្ភាសទេ ព្រោះគ្រាន់ថា ខ្ញុំអាចផ្តល់បាន ថា យើងរកគាត់ឃើញហើយ ហើយបណ្តាញសារព័ត៌មានគេផ្សព្វផ្សាយពេញ នេះបងអាចមើលតាមហ្នឹងទៅដឹងហើយបង»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានទេ។ លោក ជា គឹមសេង គឺជាអ្នកមកទទួលលោក ស៊ុម ម៉ឺន ពីទីក្រុងភ្នំពេញ ហើយនាំត្រឡប់ទៅកាន់ខេត្តព្រះវិហារវិញ។ នេះបើយោងតាមការបញ្ជាក់របស់លោក អំ សំអាត។
យ៉ាងណាក្តី ក្រោយការចេញមកបង្ហាញខ្លួនរបស់លោក ស៊ុម ម៉ឺន នោះ រដ្ឋបាលខេត្តព្រះវិហារបានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី៣១ ខែមីនា ដោយបានបញ្ជាក់ថា ដោយការប្រើប្រាស់នូវវិធានការសរុប និងកម្លាំងសរុប តាមរយៈកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរខេត្ត ស្រុក ជាមួយគ្រួសាររបស់ស៊ុម ម៉ឺន កិច្ចសហការរវាងកម្លាំងសមត្ថកិច្ចជំនាញ និងកម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះវិហារ-ឧត្តរមានជ័យ និងជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិទើបយើងអាចរកឃើញ ស៊ុម ម៉ឺន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ នៅរាជធានីភ្នំពេញ។
«ជាមួយគ្នានេះ យើងខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ចំពោះការបាត់ខ្លួននេះ គឺអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញពិតជាបានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ និងគ្រប់រូបភាពតាមស្វែងរក ស៊ុម ម៉ឺន មិនដូចទៅនឹងអ្វីដែលបណ្តាញសារព័ត៌មានមួយចំនួនលើកឡើងនោះឡើយ»។
ក្នុងសំណុំរឿងលោក ស៊ុម ម៉ឺន នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបើកកិច្ចស៊ើបអង្កេត ទៅលើការបាត់ខ្លួនសកម្មជនដីធ្លីមួយរូបឈ្មោះ ស៊ុម ម៉ឺន នេះផងដែរ។
លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី ត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសមួយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបង្ហាញខ្លួនលោក ស៊ុម ម៉ឺន នៅតុលាការ ហើយចោទប្រកាន់លោកតាមច្បាប់ឲ្យត្រឹមត្រូវ ឬក៏បញ្ជូនលោកទៅក្រុមគ្រួសាររបស់លោកវិញ»។
អ្នកស្រី ភឹម ម៉ៅ វ័យ ៥១ឆ្នាំ ភរិយាលោក ស៊ុម ម៉ឺន ធ្លាប់បានបញ្ជាក់ឲ្យ VOAដឹងកន្លងមកថា អាជ្ញាធរខេត្តព្រះវិហារ បានប្រាប់អ្នកស្រីថា នឹងមានការដោះលែងកូនប្រុសអ្នកស្រីឈ្មោះ ម៉ឺន មាន នេះមកវិញផងដែរ តែអ្នកស្រីត្រូវឈប់តវ៉ារឿងបាត់ប្តីអ្នកស្រី។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ សាលាឧទ្ធរណ៍ បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោក ម៉ឺន មាន កូនប្រុសរបស់សកម្មជនដីធ្លីលោក ស៊ុម ម៉ឺន ដែលទើបតែបានជួបជុំគ្រួសារវិញនេះ។ តុលាការជាន់ខ្ពស់កម្ពុជាមួយនេះមិនបានបញ្ជាក់ហេតុផលណា ក្រៅពីអះអាងថា ការសម្រេចឃុំខ្លួនដោយសាលាដំបូងខេត្តព្រះវិហារទៅតាមសំណើរបស់ព្រះរាជអាជ្ញានៃតុលាការនេះ គឺនៅទុកជាបានការដដែល។
លោក ម៉ឺន មាន និងមនុស្ស ១៣ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់តាមមាត្រា ៦២ និងមាត្រា ៥៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ (ទាក់ទងនឹងការកាប់គាស់រុករានដីព្រៃ) ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារ ១០ ឆ្នាំ និងពិន័យជាប្រាក់ ១៥០ លានរៀល។
លោក អំ សំអាត បានបន្ថែមថា អ្នកទាំង១៤នេះ គួរតែត្រូវបានតុលាការសម្រេចឲ្យបានស្ថិតនៅក្រៅឃុំ ដើម្បីអនុញ្ញាតឲ្យពួកគេមានលទ្ធភាពជួយដោះទុក្ខលំបាកក្នុងគ្រួសារ និងចរចាជាមួយភាគីពាក់ព័ន្ធដើម្បីបញ្ចប់វិវាទដីធ្លី ជាមួយក្រុមហ៊ុនមេត្រីភាពកសិឧស្សាហកម្ម ដែលមានទំនាក់ទំនងជាមួយនឹងឧកញ៉ា អាន ម៉ារឌី ដែលបានកើតឡើងតាំងពីឆ្នាំ២០១៨មកនោះ៕