ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រវត្តិវិទូ David Chandler និយាយ​អំពី​សុទិដ្ឋិនិយម និង​ទុទិដ្ឋិនិយម​​របស់​កម្ពុជា


រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)
រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)

លោក David Chandler ​អាយុ​៨៣ឆ្នាំ បាន​ផ្តល់​បទសម្ភាសន៍ឲ្យ​ VOA នៅ​ទីក្រុង Bethesda រដ្ឋ Maryland កាលពី​ខែ​មេសា ដើម្បី​ក្រឡេក​មើល​ទៅ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ការ​វិវត្ត​ទៅ​ថ្ងៃ​អនាគត​របស់​កម្ពុជា។

[កំណត់​និពន្ធ៖ លោក David P. Chandler បាន​មកដល់​ប្រទេស​កម្ពុជា​លើក​ដំបូង​កាលពី​ឆ្នាំ១៩៦០ ដើម្បី​បម្រើ​ការងារ​ឲ្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ លោក​បាន​ចំណាយ​ពេល​ជាង៥០​ឆ្នាំ ​ដើម្បី​សិក្សា​អំពី​ប្រទេស​កម្ពុជា ហើយ​បាន​ក្លាយ​ជា​ប្រវត្តិសាស្ត្រវិទូ​ដ៏​សំខាន់​ម្នាក់​អំពី​ប្រទេស​កម្ពុជា ​និង​ប្រជាជន​កម្ពុជា​ផងដែរ។ លោក Chandler បាន​រៀបរាប់​ពី​ភាព​វិកវរ​ចលាចល ​និង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា​ច្រើន​ជាង​បញ្ញវន្ត​ណាៗ​ទាំងអស់ នៅ​ក្នុង​សៀវភៅ​«ប្រវត្តិសាស្ត្រ​កម្ពុជា»​របស់​លោក ។ លោក​ក៏​បាន​សរសេរ​អំពី​មន្ទីរ​ធ្វើ​ទារុណកម្ម​ដ៏​សំខាន់​មួយ​របស់​ខ្មែរ​ក្រហម​នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​«សម្លេងពី​ស-២១»។ លោក David Chandler ​អាយុ​៨៣ឆ្នាំ បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​នាង ទែន សុខស្រីនិត នៃ VOA នៅ​ទីក្រុង Bethesda រដ្ឋ Maryland កាលពី​ខែ​មេសា ដើម្បី​ក្រឡេក​មើល​ទៅ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ការ​វិវត្ត​ទៅ​ថ្ងៃ​អនាគត​របស់​កម្ពុជា។ កិច្ច​ពិភាក្សា​នេះ​រួមមាន​សារៈសំខាន់​នៃ​សាលាក្តី​ខ្មែរ​ក្រហម មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​ការ​ស្នង​តំណែង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ បទ​សម្ភាសន៍​នេះ​ត្រូវបាន​កែ​សម្រួល​ដើម្បី​ឲ្យ​មាន​ប្រវែង​សមរម្យ ​និង​អត្ថន័យ​ច្បាស់លាស់។]

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ហេតុអ្វី​បានជា​សាលាក្តី​ខ្មែរ​ក្រហម​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា?

មាន​មូលហេតុ​៣ ដែល​សាលាក្តី​ខ្មែរ​ក្រហម​មាន​សារៈសំខាន់។ ទី​មួយ ​គឺ​មក​ពី​មាន​ឯកសារ​នៅ​សេសសល់​យ៉ាង​ច្រើន​លើសលុប​អំពី​របប​ខ្មែរក្រហម ដែល​បញ្ញវន្ត​ទូទៅ​មិន​អាច​ទទួល​យក​មក​ប្រើប្រាស់​បាន។ សាលាក្តី​ខ្មែរ​ក្រហម​មាន​ឯកសារ​មួយ​ចំនួន​ដែល​យើង​មិន​អាច​រក​បាន ដូចជា​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជា​ដើម។ របប​នេះ​ក៏​បាន​បន្សល់​ទុក​វត្ថុតាង​ផ្ទាល់ ដែល​បាន​បង្កើត​ជា​ភស្តុតាង​ដ៏​ធំ​អំពី​របប​ខ្មែរ​ក្រហម។

មូលហេតុ​ទី២ ​ខ្ញុំ​គិត​ថា​ មេដឹកនាំ​ខ្មែរក្រហម​ដែល​នៅ​មាន​ជីវិត​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្លាប់​ទៅ​ដោយ​សន្តិភាព​ និង​ដោយ​គ្មាន​ការ​កាត់ក្តី​តាម​យុត្តិធម៌​នោះ​ទេ។ ហើយ​ពួក​គេ​ត្រូវ​តែ​ប្រឈម​នឹង​ការ​កាត់ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ ពួកគេ​មិន​អាច​ចៀស​ផុត​ពី​ការ​ចោទ​ប្រកាន់​ ដែល​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​នោះ​បាន​ទេ។

មូលហេតុ​ទី៣ ​ខ្ញុំ​គិតថា​ ក្នុង​អំឡុង​ពេល​សាលា​ក្តី​ទើប​ចាប់​ផ្តើម​ដំណើរការ ​មាន​ចំណាប់​អារម្មណ៍​ច្រើន​ណាស់​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា។ ប៉ុន្តែ នៅពេល​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា​លើក​ចុងក្រោយ​កាលពី​ឆ្នាំ​២០១២ ប្រហែល​ជា​ចំណាប់​អារម្មណ៍​នេះ​ថមថយ​បន្តិច​ហើយ។ កាលនោះ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​តែងតែ​បង្ហាញ​មុខ​រាល់ថ្ងៃ​នៅ​សាលាក្តី។ មនុស្ស​រាប់រយ​នាក់​បាន​ចូលរួម​ ដើម្បី​បង្កើន​ចំណេះដឹង​អំពី​របប​ខ្មែរ​ក្រហម។ ពួកគេ​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន តែ​ពួកគេ​មិនបាន​ដឹងថា​ មាន​អ្វី​កើតឡើង​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​នោះទេ។

រូបឯកសារ៖ លោក នេត្រ ភក្ត្រា (កណ្តាល) មន្ត្រី​សាលាក្តី​ខ្មែរក្រហមពន្យល់សិស្សានុសិស្សដោយ​មាន​ការ​ប​ង្ហាញ​រូបភាព​អតីត​មេដឹកនាំ​ខ្មែរក្រហម ​នៅ​ក្នុង​វេទិកា​សាធារណៈមួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ សិស្ស​រាប់​រយ​នាក់​ចូល​រួម​វេទិកា​សាធារណៈដែល​រៀច​ចំ​ដោយ​សាលាក្តី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ (AP/Heng Sinith)
រូបឯកសារ៖ លោក នេត្រ ភក្ត្រា (កណ្តាល) មន្ត្រី​សាលាក្តី​ខ្មែរក្រហមពន្យល់សិស្សានុសិស្សដោយ​មាន​ការ​ប​ង្ហាញ​រូបភាព​អតីត​មេដឹកនាំ​ខ្មែរក្រហម ​នៅ​ក្នុង​វេទិកា​សាធារណៈមួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ សិស្ស​រាប់​រយ​នាក់​ចូល​រួម​វេទិកា​សាធារណៈដែល​រៀច​ចំ​ដោយ​សាលាក្តី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ (AP/Heng Sinith)

រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​សាលាក្តី​ទៀត​ទេ ហើយ​តាម​ពិតទៅ ​ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​លើ​សាលាក្តី​នេះ​តាំង​ពី​ដំបូង​ម្ល៉េះ។ លោក ហ៊ុន សែន មិន​ដែល​ចង់​ឲ្យ​មាន​សាលាក្តី​ទេ។ លោក​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​ធានា​ថា មេធាវី​របស់ ឌុច គឺជា​មេធាវី​ផ្ទាល់ខ្លួន​របស់​លោក។ នេះ​គឺជា​វិធីសាស្ត្រ​ដែល​លោក ហ៊ុន សែន ក្តោបក្តាប់​លទ្ធផល​របស់​តុលាការ ​តាម​ដែល​លោក​អាច​ធ្វើ​ទៅ​បាន។

ខ្ញុំ​គិតថា ​ដំណើរការ​កាត់​ក្តី​អាច​ពង្រឹង​វិសាលភាព​របស់​ខ្លួន​ឲ្យ​ល្អ​ជាងនេះ​ ប្រសិនបើ​កាល​ពី​ឆ្នាំ​មុន ​តុលាការ​បាន​ស្វែងរក​ក្រុម​បុគ្គល​មួយ​ក្រុម​ទៀត បន្ទាប់​ពី​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម។ ប៉ុន្តែ​ត្រង់​នេះ​ហើយ​ដែល​លោក ហ៊ុន សែន ចេញ​បញ្ជា​ថា «គ្មាន​ការ​កាត់ក្តី​ទៀតទេ» ដោយសារ​តែ​ អ្នក​ដែល​អាច​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស​ជា​បន្ត​បន្ទាប់​នោះ អាច​មាន​ទំនាក់ទំនង​ជាមួយ​លោក ជា ស៊ីម ជា​ដើម។ ហើយ​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បុគ្គល​ទាំងនោះ​ឡើយ។ បើ​សិន​ជា​រឿង​នេះ​កើត​ឡើង​មែន នោះ​វា​ប្រាកដ​មាន​ការ​ចាប់​អារម្មណ៍​ជា​មិន​ខាន។ ប៉ុន្តែ​រឿង​នេះ​មិនបាន​កើតឡើង​ទេ។ ដូច្នេះ​ខ្ញុំ​គិតថា​ លទ្ធផល​ដែល​យើង​ទទួល​បាន​ពី​តុលាការ​ខ្មែរ​ក្រហម គឺ​មិន​ណាស់ណា​ទេ។

បន្ទាប់ពី​របប​ខ្មែរ​ក្រហម​ត្រូវបាន​ផ្តួល​រំលំ តើ​លោក​មាន​សុទិដ្ឋិនិយម​ប៉ុណ្ណា​ដែរ​ពី​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា? ហើយ​តើ​កម្ពុជា​អាច​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ដោយ​របៀប​ណា?

តាម​ពិត​ទៅ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ នៅពេល​ដែល​របប​ខ្មែរ​ក្រហម​ទទួល​បរាជ័យ។ សម្រាប់​ប្រទេស​កម្ពុជា ការ​ត្រួតត្រា​ដោយ​ពួក​បរទេស​មិនមែន​ជា​រឿង​ល្អ​នោះទេ។​ខ្ញុំ​ចង់​និយាយ​ពី​ការណ៍​ដែល​កងទ័ព​វៀតណាម​បាន​ចូល​ត្រួតត្រា​កម្ពុជា ក្រោយ​ពេល​ខ្មែរ​ក្រហម​ធ្លាក់​ពី​របប​គ្រប់គ្រង​ប្រទេស។ ប៉ុន្តែ​ខ្ញុំ​គិតថា​ ជនជាតិ​វៀតណាម​បាន​ជួយ​ធ្វើ​ឲ្យ​របប​ខ្មែរ​ក្រហម​ដួល​រលំ។ តែ​ផ្ទុយ​ទៅវិញ​ វៀតណាម​មិន​បាន​ទទួល​ការ​កោត​សរសើរ​អ្វី​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ ពួក​កងទ័ព​វៀតណាម​បាន​វាយ​ពួក​ខ្មែរ​ក្រហម ​និង​បាន​ទប់ស្កាត់​មិន​ឲ្យ​ខ្មែរ​ក្រហម​វិល​ចូល​កាន់កាប់​អំណាច​វិញ។ ពួកគេ​មាន​វាយ​ពួក​ខ្មែរ​ក្រហម​រហូត​ដល់​ទល់ដែន​ថៃ។ ជនជាតិ​វៀតណាម​ជា​ច្រើន​ពាន់​នាក់​បាន​បាត់បង់​ជីវិត។ ខ្ញុំ​ចង់​បញ្ជាក់​ថា ​ខ្ញុំ​មិន​កាន់ជើង​វៀតណាម​នោះ​ទេ ប៉ុន្តែ​រឿង​ទាំង​នេះ​ពិតជា​អស្ចារ្យ​ណាស់។ ប្រជាជន​ខ្មែរ​មិន​បាន​បាត់បង់​មនុស្ស​ដើម្បី​ជួយ​ប្រទេស​ណាមួយ​នោះ​ទេ។ ការ​លះបង់​បែប​នេះ​មិនមែន​ជា​ទម្លាប់​របស់​ខ្មែរ​នោះ​ទេ។

ជាក់ស្តែង ​ក្នុង​អំឡុង​ពេល​១០ឆ្នាំ​ដែល​ពួក​វៀតណាម​បាន​កាន់កាប់​កម្ពុជា បញ្ហា​សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ ហើយ​តួនាទី​របស់​គណបក្ស​ប្រឆាំង​ក្នុង​នយោបាយ​គឺ​មិនមាន​សោះ​ឡើយ ហើយ​ពេល​នោះ ​កម្ពុជា​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ណា​មួយ​ក្នុង​ពិភពលោក​នោះ​ទេ ដែល​ការណ៍​នេះ​បាន​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា។ មាន​រឿង​គ្រប់​យ៉ាង​ដែល​អ្នក​អាច​រិះគន់​បាន ក៏​ប៉ុន្តែ​រឿង​សំខាន់​ដែល​ពួក​វៀតណាម​បាន​ធ្វើ​នោះ គឺ​ការ​ទម្លាក់​ខ្មែរ​ក្រហម​ពី​អំណាច និង​បង្ក្រាប​យោធា​របស់​ពួក​ខ្មែរ​ក្រហម។

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជា​ច្រើន​រូប រួម​ទាំង​ព្រះបាទ នរោត្តម សីហនុ ដែលចូលរួម​ក្នុង​សន្និសីទ​ទីក្រុង​បារីសស្តី​ពី​ប្រទេស​កម្ពុជា ថតរូប​រួម​គ្នា​មុន​កិច្ច​ប្រជុំ កាលពី​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជា​ច្រើន​រូប រួម​ទាំង​ព្រះបាទ នរោត្តម សីហនុ ដែលចូលរួម​ក្នុង​សន្និសីទ​ទីក្រុង​បារីសស្តី​ពី​ប្រទេស​កម្ពុជា ថតរូប​រួម​គ្នា​មុន​កិច្ច​ប្រជុំ កាលពី​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ១៩៩១។

ត​មក​ទៀត យើង​ឃើញ​មាន​អង្គការ​សហប្រជាជាតិ ហើយនិង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ប្រតិបត្តិការ​របស់​អង្គការ​សហប្រជាជាតិ​មាន​ចំណុច​ខ្សោយ​មួយ​ចំនួន ប៉ុន្តែ​ជោគជ័យ​ដ៏​ធំ​បំផុត​របស់​អង្គការ​សហប្រជាជាតិ គឺ​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​៣សែន​នាក់​ដែល​រស់នៅ​ក្នុង​ជំរុំ​តាម​ព្រំដែន​ខ្មែរថៃ ចូល​មក​រស់នៅ​ក្នុង​មាតុប្រទេស​វិញ។ ការ​ចាប់ផ្តើម​ដំណើរការ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​គឺជា​កិច្ចការ​ដែល​ព្រះបាទ​ នរោត្តម សីហនុ បាន​សម្រេច​ធ្វើ តែ​ការងារ​ខាង​សិទ្ធិមនុស្ស​មិនមាន​នោះ​ទេ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ ត្រង់​នេះ ខ្ញុំ​ចង់​និយាយ​អំពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ដែល​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​ឡើយ​នៅក្នុង​ប្រទេស​ទាំង​ពីរ​នោះ។

ការ​បើក​ទូលាយ​ឲ្យ​កម្ពុជា​មាន​ការ​វិនិយោគទុន​បរទេស​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុងពេល​មាន​អង្គការ​សហប្រជាជាតិ។ ក៏​ប៉ុន្តែ កិច្ចការ​របស់​អង្គការ​សហប្រជាជាតិ​ក៏មាន​ខ្វះ​ប្រសិទ្ធិភាព។ អ.ស.ប ​តែងតែ​ត្រូវបាន​គេ​រិះគន់​ជានិច្ច។ ពេល​នោះ​ខ្ញុំ​បាន​នៅ​ប្រទេស​កម្ពុជា​មួយ​ភ្លែត​ដែរ កាលពី​ដើម​ឆ្នាំ​១៩៩០ ឆ្នាំ១៩៩១ និងឆ្នាំ​១៩៩២។ មាន​បុគ្គល​ជា​ច្រើន​ធ្វើការ​តិច តែ​បាន​លុយ​ច្រើន​លើសលុប។ បន្ថែម​លើ​នេះ ពួកគេ​មិនបាន​ធ្វើឲ្យ​មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ ក្នុង​អំឡុង​ពេល​នោះ លោក ហ៊ុន សែន នៅតែ​ស្ថិត​នៅ​ក្រោយ​ឆាក​នយោបាយ ហើយ​គ្រប់គ្រង​ប្រទេស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។

«‍ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​ទេ បើ​និយាយ​ពី​ភាព​ជា​អ្នកដឹកនាំ​ខាង​នយោបាយ​របស់​កម្ពុជា ហើយ​ខ្ញុំក៏​មិនមាន​សុទិដ្ឋិនិយម​ដែរ​ទៅ​លើ​នយោបាយ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា»

ឆ្នាំ១៩៩៧ ពោរពេញ​ដោយ​អស្ថិរភាព។ តែ​លោក ហ៊ុន សែន បាន​ក្តោបក្តាប់​លើ​អ្វីៗ​ដែល​កើតឡើង ហើយ​រឿង​ទាំងនោះ​ក៏បាន​ស្ងប់​ទៅ​វិញ។ បន្ទាប់​មក​ទៀត ការ​វិនិយោគ​ក៏បាន​ចាប់​ផ្តើម​នៅ​កម្ពុជា។ រោងចក្រ​បាន​រីក​ដុះដាល​ឡើង ហើយ​វិស័យ​អប់រំ​បាន​ចាប់ផ្តើម​ដំណើរការ​ល្អ​ជាង​មុន។ អ្នក​ដែល​ទៅ​រស់នៅ​ស្រុកគេ​បាន​ត្រឡប់​មកវិញ​ជា​បណ្តើរៗ។ បន្ទាប់​មក​ក៏​មាន​ការ​បោះឆ្នោត​ ដែល​មិន​សូវអាច​យក​ជា​ការ​បាន រហូត​ដល់​ការ​បោះឆ្នោត​ឆ្នាំ២០១៣។ ខ្ញុំ​គិតថា​លោក សម រង្ស៊ី មិនមែន​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដែលគួរ​ឲ្យជឿ​ទុកចិត្ត​បាន​ទេ ហើយបើ​យើង​និយាយ​ពី​នយោបាយ​វិញ លោក​ខ្វះ​បទពិសោធន៍​ច្រើន​ណាស់ ហើយ​លោក​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​ជន​បរទេស។ លោក​តែងតែ​មក​ស.រ.អា ហើយ​ត្រូវបាន​គេ​ចាត់ទុក​ដូច​ស្តេច​ ដែល​ត្រូវបាន​និរទេស​ចេញពី​ស្រុក​ដោយពួក​គណបក្ស​សាធារណរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​នេះ។

យ៉ាងណាមិញ លោក សម រង្ស៊ី​ គឺជា​មនុស្ស​ឆ្លាត​ម្នាក់។ គាត់​មាន​ភាព​ក្លាហាន​ខាង​កម្លាំងបាយ​ ឧទាហរណ៍​លោក​បាន​ប្រឈម​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​១៩៩៧​ជាដើម តែ​គាត់​មិនអាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ដោយ​មាន​ប្រសិទ្ធិភាព​បាន​ទេ។ លោក ហ៊ុន សែន មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍​នយោបាយ ហើយ​លោក ហ៊ុន សែន អាច​ចាប់ខ្លូន​លោក សម រង្ស៊ី ហើយ​ដោះលែង​ទៅ​វិញ ចាប់​ហើយ​លែង​ទៅវិញ​ទៀត​រហូត។ និយាយ​ឲ្យចំ​ទៅ គឺ​ប្រៀប​ដូច​ជា​ការ​លេង​ល្បែង​ជាមួយ​លោក សម រង្ស៊ី អីចឹង។ មនុស្ស​របស់​លោក សម រង្ស៊ី មិនមាន​កាំភ្លើង​ក្នុង​ដៃ​ទេ។ ខ្ញុំ​នឹង​មិន​និយាយ​ក្នុង​កម្មវិធី​របស់​អ្នក ឬ​កម្មវិធី​ផ្សេង​ថា លោក ហ៊ុន សែន គួរតែ​ត្រូវ​ទម្លាក់​ពី​តំណែង​ដោយ​ប្រើ​កម្លាំងបាយ​នោះទេ ប៉ុន្កែ​តាម​ពិត​ទៅ​ លោក ហ៊ុន សែន ​ក៏​មិនអាច​នឹង​ត្រូវ​គេ​ទម្លាក់​ដោយ​វិធី​ណា​ផ្សេង​បាន​ឡើយ។

លោក ហ៊ុន សែន ក៏​បារម្ភ​ថា លោក​អាច​នឹង​ត្រូវ​ទម្លាក់​ពី​តំណែង​តាមរយៈ​ការ​បោះឆ្នោត។ ប៉ុន្តែ​គាត់​ក៏​មិន​បណ្តោយ​ឲ្យ​រឿង​នេះ​កើតឡើង​ដែរ។ វា​ហៀបនឹង​កើត​ឡើង​ម្តង​ទៅ​ហើយ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ​ឯង។ ការ​សន្និដ្ឋាន​របស់​ខ្ញុំ​នៅ​ពេល​នោះ គឺថា​ពួកគេ​ប្រកាស​លទ្ធផល​លឿន​ពេក ដែល​លទ្ធផល​ពិត​ប្រាកដ​វា​បែរ​ជា​ផ្ទុយ​គ្នា។ ពួកគេ​អាច​រង់ចាំ​ពីរបី​ថ្ងៃ​ទៀត​បាន តែ​ពួកគេ​មិនព្រម។ គេ​ប្រកាស​ថា ​គណបក្ស​ប្រឆាំង​ទទួល​បាន​កៅអី​ច្រើន​ណាស់។ ហេតុដូច្នោះ​ហើយ ទើប​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​និយាយ​ថា៖​«ពួកយើង​ឈ្នះឆ្នោត​ហើយ!»។ ពួកគេ​គ្មាន​ភស្តុតាង​ថា ពួកគេ​បាន​ឈ្នះ​ឆ្នោត​ទេ។ រដ្ឋាភិបាល​គ្រាន់​តែ​និយាយ​ថា៖ «អ្នកឯង​ឈ្នះ​តែ​ប៉ុណ្ណេះ​ទេ»។

ខ្ញុំ​គិត​ថា ​ពួកគេ​ប្រហែល​ជា​ឈ្នះ​បាន​ប្រាំ ឬ​ប្រាំមួយ​កៅអី​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ​យើង​មិន​ដឹង​ថា​ ខាងណា​ឈ្នះ​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ អាច​ថា រដ្ឋាភិបាល​មិន​ចង់ឲ្យ​សម្លេង​ឆ្នោត​គណបក្ស​ប្រឆាំង​កៀកនឹង​សម្លេង​ភាគច្រើន ដែល​ជាហេតុ​អាចឲ្យ​គណបក្ស​ប្រឆាំង​បង្កបញ្ហា​ក្នុង​សភាជាតិ​នោះ​ទេ។ តែ​លោក ហ៊ុន សែន បាន​ព្យាយាម​ធានា​ថា​ សភា​ជាតិ​មិនមាន​អំណាច​ឡើយ។

ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​ទេ បើ​និយាយ​ពី​ភាព​ជា​អ្នកដឹកនាំ​ខាង​នយោបាយ​របស់​កម្ពុជា ហើយ​ខ្ញុំក៏​មិនមាន​សុទិដ្ឋិនិយម​ដែរ​ទៅ​លើ​នយោបាយ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ខ្ញុំមិន​គិតថា​ វា​នឹង​កើត​ឡើង​នោះ​ទេ។ ខ្ញុំ​មិនមាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ផ្លាស់ប្តូរ​របស់​លោក ហ៊ុន សែន ក្នុងការ​គ្រប់គ្រង​ ឬ​ផ្លាស់ប្តូរ​តួនាទី ដែល​លោក​បាន​ចាត់ទុក​ខ្លួន​ឯង​ថា​ជា «ស្តេច​អស់​មួយ​ជីវិត» ដូចដែល​លោក​គិត​នោះទេ។ គាត់​នឹង​មិន​ផ្លាស់ប្តូរ​ទេ។

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

ប៉ុន្តែ យើង​ក៏ត្រូវ​មាន​សុទិដិ្ឋនិយម​អំពី​ការ​អភិវឌ្ឍ​ ដែល​កំពុង​កើតឡើង​ពាសពេញ​ប្រទេស​ដែរ ឧទាហរណ៍​ដូច​ជា​សាកលវិទ្យាល័យ​ដែល​បានបើក​បង្រៀន​ជំនាញ​សំខាន់ៗ។ និស្សិត​ខ្មែរ​មិនអាច​ទិញ​សញ្ញាប័ត្រ​បាន​ទៀត​ទេ។ សាលារៀន​ឥឡូវ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន ហើយ​នេះ​ខ្ញុំ​សំដៅ​ទៅលើ​សាលា​ឯកជន​មួយ​ចំនួន។ ឥឡូវ​ប្រជាជន​មាន​ការ​អប់រំ​ល្អ​ជាង​មុន​ហើយ។ ពួកគេ​ទៅ​បរទេស​ដើម្បី​ទទួល​បាន​ការ​អប់រំ ហើយ​ក៏​នាំ​គ្នា​វិល​ត្រឡប់​មកប្រទេស​វិញ។ កម្ពុជា​ក៏មាន​ក្រុម​មនុស្ស​ដែល​មាន​សមត្ថភាព​ជាច្រើន។ ប្រាក់ខែ​រដ្ឋ​ដែល​ធ្លាប់​មិន​អាច​រស់នៅ​បាន​ក៏​ប្រសើរ​ជាង​មុន​បន្តិច​ដែរ តែ​វា​នៅ​តែ​មិន​គ្រប់គ្រាន់​ដើម្បី​រស់​ឲ្យ​ស្រួល​នៅ​ឡើយ​ទេ។ ប្រាក់​ខែ​រដ្ឋ​កាលពី​មុន​គឺ​ត្រឹមតែ​៦០ដុល្លា​ ក្នុង​មួយខែ​ ដែល​មនុស្ស​មិន​អាច​សង្ឃឹម​រស់​ដោយ​ពឹង​លើ​ប្រាក់​ខែ​ប៉ុណ្ណេះ​ទេ។ តើ​ប្រាក់​ខែ​ប៉ុណ្ណឹង​មិន​ឲ្យ​មនុស្ស​ទៅ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ដូចម្តេច​ទៅ? នៅ​ភ្នំពេញ ប្រាក់​៦០ដុល្លា​មិនគ្រាន់​ដើម្បី​រស់មួយអាទិត្យ​ផង ​បើ​អ្នក​មាន​គ្រួសារ។ ដូច្នេះ​ នេះ​ជា​ចំណុច​ដែល​បាន​ផ្លាស់ប្តូរ តែ​ផ្លាស់ប្តូរ​បាន​តិចតួច​ត្រង់​ប្រាក់​ខែ​នេះ។

ដោយឡែក ការ​អភិវឌ្ឍ​មួយ​ចំនួន​មាន​ផល​វិជ្ជមាន។ តែខ្ញុំ​មិន​ចូលចិត្ត​ការ​អភិវឌ្ឍ​ខាង​វារីអគ្គិសនី​របស់​ចិន​នៅលើ​ទន្លេ​មេគ្គង​ទេ។ នេះ​ជា​ការ​អភិវឌ្ឍ​មិនល្អ​មួយ​សម្រាប់​អនាគត​របស់​កម្ពុជា។ ខ្ញុំ​មិន​ចូលចិត្ត​ការ​ដែល​ចិន​តាំង​ខ្លួន​ជា​អ្នក​មើល​ការ​ខុសត្រូវ​ឲ្យ​រដ្ឋាភិបាល​នោះ​ទេ។ ខ្ញុំ​គិត​ថា​ ធ្វើ​បែបនេះ​គឺ​មិនមាន​ផល​ល្អ​ទេ។ ខ្ញុំ​គិតថា​លោក ហ៊ុន សែន និង​ប្រជាជន​ខ្មែរ​ មិន​បាន​គិត​ឲ្យ​ច្បាស់លាស់​ថា ការ​ធ្វើនេះ​មាន​ន័យ​ដូចម្តេច​នោះ​ទេ។ នៅពេល​ដែល​ចិន​ចង់​ប្រើ​កម្លាំង​តែបន្តិច កម្ពុជា​ក៏​គ្មាន​អ្វី​មក​អាច​ទប់ទល់​បាន​ដែរ។ ខ្ញុំ​មិន​ចង់​ឲ្យ​កម្ពុជា​ក្លាយជា​រដ្ឋ​ក្រោម​អំណាច​របស់​ចិន​នោះ​ទេ តែ​វា​អាច​ក្លាយ​ជា​ការពិត​បាន។ នេះ​គឺជា​ហេតុផល​មួយ​នៃ​ទុទិដ្ឋិនិយម​នៅ​កម្ពុជា។

‍«‍កូនប្រុស​របស់​លោក ហ៊ុន សែន ត្រូវ​តែ​ធានា​ថា នៅពេល​ដែល​ឪពុក​របស់​គេ​បាត់បង់​ជីវិត​ទៅ គេ​អាច​ឡើង​ស្នង​តំណែង​បាន ដោយ​មិន​មាន​ការ​ប្រឆាំង​ពី​ក្រុម​មនុស្ស​ទាំង​នេះ​ទេ ហើយ​ដើម្បី​ធ្វើ​ដូចនេះ​បាន កូន​របស់​លោក​ ហ៊ុន សែន ត្រូវ​ធានា​ថា ផលប្រយោជន៍​របស់​បុគ្គល​មាន​អំណាច​ទាំង​អស់​នោះ​នឹង​មិន​រង​ផលប៉ះ​ពាល់​អ្វី​ឡើយ»

តែ ខ្ញុំ​គិត​ថា​ មាន​មនុស្ស​ជាច្រើន​ដែល​មាន​អាយុ​ប្រហែល​នឹង​អ្នក​ដែល​មាន​សុទិដ្ឋិនិយម។ អ្នក​ដែល​មាន​អាយុ​ប្រហែល​អ្នក ​មាន​ការ​ចេះដឹង​ច្រើន​ និង​មាន​ការ​ភ្ញាក់​រំលឹក តែ​តាម​ខ្ញុំគិត ​យុវជន​កម្ពុជា​ក៏​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ទៅ​ថ្ងៃ​ខាង​មុខ​ដែរ។ យុវជន​ក្មេងៗ​ប្រហែល​ជា​មិន​មាន​សុទិដិ្ឋនិយម​ខាង​នយោបាយ​ទេ ហើយ​ពួកគេ​ព្យាយាម​ធ្វើការ​ផ្សេង​ពី​នយោបាយ។ ហើយ​ពួកគេ​ក៏​មិនមែន​ជា​ឆ្អឹង​ទទឹង​ក​របស់​លោក ហ៊ុន សែន ដែរ ពីព្រោះ​ថា​ពួកគេ​មិន​សូវ​សកម្ម​ក្នុងការ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ទេ។ ដូច្នេះ​ ពួកគេ​មិន​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក ឬ​ត្រូវបាន​គេ​បាញ់​នោះ​ទេ។

តើ​លោក​គិត​ថា​មាន​អ្វី​កើត​ឡើង នៅ​ពេល​ដែល​មេដឹកនាំ​ផ្តាច់​ការ​បាត់បង់​ជីវិត? តើ​លោក​គិត​ថា អនាគត​របស់​ប្រទេស​កម្ពុជា​នឹង​ដើរ​ទៅ​មុខ​យ៉ាង​ដូច​ម្តេច?

ការ​ស្លាប់​របស់​មេដឹកនាំ​ផ្តាច់ការ​ណា​មួយ នឹង​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ មាន​មតិ​មួយ​ចំនួន​និយាយ​ថា លោក ហ៊ុន សែន កំពុង​តែ​ជ្រើស​តាំង​កូន​របស់​លោក ឲ្យ​ស្នង​តំណែង។ និយាយ​ទៅ គំរូ​បែប​នេះ​កើត​មាន​នៅ​ប្រទេស​សិង្ហបុរី​ដែរ។ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា ការ​ឲ្យ​កូន​របស់​គាត់​ឡើង​ស្នង​តំណែង​នេះ​នឹង​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន​យ៉ាង​ដូចម្តេច​នោះ​ទេ? ខ្ញុំ​យល់​ថា បើ​ជា​ការ​ពិត​មែន​នោះ កូន​ប្រុស​របស់​លោក ហ៊ុន សែន ត្រូវ​ចាប់ផ្តើម​រៀបចំ​គម្រោង និង​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ជាមួយនឹង​បក្ខពួក និង​មិត្ត​ជិត​ស្និត​ដែល​បាន​គាំទ្រ​លោក ហ៊ុន សែន។ អ្នក​ទាំងនោះ​រួមមាន ពួក​ឧកញ៉ា អ្នក​ធ្វើ​ជំនួញ​ធំៗ និង​ពួក​អ្នក​មាន​អំណាច​ផ្សេងៗ។ កូនប្រុស​របស់​លោក ហ៊ុន សែន ត្រូវ​តែ​ធានា​ថា នៅពេល​ដែល​ឪពុក​របស់​គេ​បាត់បង់​ជីវិត​ទៅ គេ​អាច​ឡើង​ស្នង​តំណែង​បាន ដោយ​មិន​មាន​ការ​ប្រឆាំង​ពី​ក្រុម​មនុស្ស​ទាំង​នេះ​ទេ ហើយ​ដើម្បី​ធ្វើ​ដូចនេះ​បាន កូន​របស់​លោក​ ហ៊ុន សែន ត្រូវ​ធានា​ថា ផលប្រយោជន៍​របស់​បុគ្គល​មាន​អំណាច​ទាំង​អស់​នោះ​នឹង​មិន​រង​ផលប៉ះ​ពាល់​អ្វី​ឡើយ។

មនុស្ស​មួយ​ចំនួន​ក៏​នាំ​គ្នា​និយាយ​ថា​ មាន​ការ​ប្រឆាំង​គ្នា​នៅ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​រឿង​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​គិត​ថា មានការ​ប្រឆាំង​គ្នា​ក្នុង​បក្ស​ប្រជាជន​ដែរ។ ខ្ញុំ​មិន​គិត​ថា មនុស្ស​ដែល​មាន​គំនិត​ចង់​បំបែក​បំបាក់​បក្ស​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​បក្ស​នេះ​ទេ។ ខ្ញុំ​គិត​ថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​ទទួល​បាន ជាពិសេស​គឺជា​ខាង​ប្រាក់​ចំណូល និង​ជីវភាព​រស់នៅ​របស់​ពួកគេ។

បើ​សិន​ជា​លោក ហ៊ុន សែន បាត់បង់​ជីវិត នោះ​គឺជា​ចំណុច​ចាប់ផ្តើម។ កាលណា​កូន​ប្រុស​លោក ហ៊ុន សែន បាន​ធ្វើការ​ព្រមព្រៀង​រួចរាល់​ជាមួយ​នឹង​បុគ្គល​ដែល​មាន​អំណាច​ហើយ​នោះ សំណួរ​គឺ​នៅ​ត្រង់ថា តើ​កូន​ប្រុស​របស់​លោក ហ៊ុន សែន ចាប់​អារម្មណ៍​ក្នុងការ​ធ្វើ​កំណែទម្រង់​ក្នុង​ប្រទេស​ដល់​កម្រិត​ណា។ ការ​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ដែល​ខ្ញុំ​គិត​ថា​សំខាន់​នោះ រួម​មាន ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សារពើ​ពន្ធ​មួយ​ដ៏​មាន​ប្រសិទ្ធភាព ដែល​បញ្ហា​នេះ​មិន​ពាក់ព័ន្ធ​ស៊ី​ជម្រៅ​ក្នុង​បញ្ហា​នយោបាយ​ណាស់ណា​ទេ។ ហើយ​មួយ​ទៀត គួរ​តែ​មាន​ការ​កែ​ទម្រង់​ខាង​យោធា។ កម្ពុជា​មិន​ត្រូវការ​កម្លាំង​យោធា​ដ៏​ធំ​សម្បើម​ដូច​នេះ​ទេ ពីព្រោះ​កម្ពុជា​មិន​មាន​ជម្លោះ​អ្វី​ជាមួយ​នឹង​ប្រទេស​ណា​ទេ។ តាម​ពិត​ទៅ មាន​បញ្ហា​ច្រើន​ណាស់ ដែល​កូន​របស់​លោក ហ៊ុន សែន អាច​ធ្វើ​កំណែ​ទម្រង់​បាន។

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បញ្ជាក់ពី​ភាព​ជោគជ័យ​នៃទស្សន​កិច្ច​របស់​លោក​នៅ​ឯសហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​ បើ​ទោះជាមាន​បាតុកម្ម​ប្រឆាំងរូបលោក និង​មាន​ព័ត៌មាន​អំពី​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​យ៉ាង​ណា​ក្តី កាលពី​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បញ្ជាក់ពី​ភាព​ជោគជ័យ​នៃទស្សន​កិច្ច​របស់​លោក​នៅ​ឯសហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​ បើ​ទោះជាមាន​បាតុកម្ម​ប្រឆាំងរូបលោក និង​មាន​ព័ត៌មាន​អំពី​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​យ៉ាង​ណា​ក្តី កាលពី​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦។

ប៉ុន្តែ កិច្ចការ​មួយ​ដែល​កូន​ប្រុស​របស់​លោក ហ៊ុន សែន​ ត្រូវ​តែ​ធ្វើ ហើយ​ប្រហែល​ជា​កំពុង​តែ​ធ្វើ​នោះ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​បុគ្គល​មាន​អាច​អំណាច​ក្នុង​បក្ស យល់​ថា កូន​ប្រុស​របស់​លោក ហ៊ុន សែន នឹង​បង្ក​បញ្ហា​ធំ​ដល់​បុគ្គល​ទាំង​នេះ​ទេ នៅ​ពេល​ដែល​គេ​ឡើង​ស្នង​តំណែង​នោះ។ ពួក​បុគ្គល​មាន​អំណាច និង​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​នៅ​កម្ពុជា គឺ​ប្រៀប​ដូច​នឹង​អ្នក​មាន​នៅ​សហរដ្ឋ​អាមេរិក ដែល​គាំទ្រ​គណបក្ស​សាធារណៈរដ្ឋ​ដែរ។ ហើយ​ពួក​គេ​ទាំង​នេះ​កំពុង​តែ​ស្មុគស្មាញ ដោយ​សារ​តែ​លោក Donald Trump នា​ពេល​នេះ ពីព្រោះ​ថា ពួកគេ​ខ្លាច​ថា ពួកគេ​មិន​អាច​យក​ប្រាក់​ដែល​ពួក​គេ​បាន​បណ្តាក់​ទុន​នោះ​មក​វិញ។ ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​អាច​និយាយ​ដូច្នេះ​បាន​ទេ ក៏​ប៉ុន្តែ បញ្ហា​នេះ​កំពុង​តែ​ក្លាយ​ជា​ការពិត។

និយាយ​ទៅ ខ្ញុំ​មិន​សង្ឃឹម​ច្រើន​ទេ​ខាង​នយោបាយ​នៅ​កម្ពុជា។ បើ​សិន​ជា​ការ​សង្ឃឹម​នោះ​ផ្តោត​ទៅ​លើ​ការ​ផ្លាស់ប្តូរ​ខាង​នយោបាយ ដែល​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ដែល​និយម​លទ្ធិប្រជាធិបតេយ្យ និង​ដែល​សភាជាតិ​មាន​អំណាច​ឯករាជ្យ​នោះ តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នោះ ខ្ញុំ​មិន​យល់​ថា រឿង​ទាំង​នេះ​នឹង​កើត​ឡើង​នោះ​ទេ គ្រា​ដែល​លោក ហ៊ុន សែន នៅ​រស់រាន​មាន​ជីវិត។ ខ្ញុំ​មិន​យល់​ថា ប្រព័ន្ធ​គាំទ្រ​អ្នក​ឡើង​ស្នង​អំណាច​ដោយ​ឯករាជ្យ នឹង​កើត​មាន​នោះ​ទេ ពីព្រោះ​ថា បុគ្គល​មាន​អំណាច​មួយ​ចំនួន​អាច​នឹង​សម្លាប់​អ្នក​ស្នង​តំណែង​ដោយ​ឯករាជ្យ​នេះ។ ពួកគេ​អាច​ធ្វើ​ដូច្នេះ​បាន ដោយ​បើក​ឡាន​បុក​សម្លាប់​ក៏​ថា​បាន។ ប៉ុន្តែ ខ្ញុំ​យល់​ច្បាស់​ថា ការ​ស្នង​តំណែង​ពី​លោក ហ៊ុន សែន ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ពី​បុគ្គល​ដែល​មាន​អំណាច​ទាំង​អស់​នោះ។ ហើយ​ខ្ញុំ​ក៏​គិត​ថា ចិន​ក៏​រីករាយ​នឹង​ការ​ព្រមព្រៀង​គ្នា​បែប​នេះ​ដែរ។

ដោយ​សារ​តែ​លោក​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​បរទេស​ តើ​កម្ពុជា​មាន​សារៈសំខាន់​នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​ទេ​សព្វ​ថ្ងៃ​នេះ?

ទេ កម្ពុជា​មិន​មាន​សារៈសំខាន់​អ្វី​នោះ​ទេ។ កម្ពុជា​តែង​តែ​យល់​ថា ខ្លួន​មាន​សារៈសំខាន់​ជាង​ភាព​ជាក់ស្តែង​របស់​ខ្លួន។ ពួកគេ​មាន​សិទ្ធិ​យល់​ឃើញ​ធ្វើ​បែប​ហ្នឹង ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​មើល​ថា​ ប្រទេស​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ហើយ​កម្ពុជា​ដើរ​ដល់​ណា​ហើយ ហើយ​ធនធាន​ធម្មជាតិ​អ្វី​ដែល​ពួកគេ​មាន និង​អ្វី​ផ្សេងៗ​ទៀត។ ពួកគេ​មិន​មែន​ជា​ប្រទេស​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ​បាន​ជាប់​គាំង​នៅ​ក្នុង​សង្រ្គាម​វៀតណាម និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​ ដែល​ពួកគេ​បាន​អន្តរាគមន៍​ច្រើន​ហួសហេតុ។ ដោយសារ​របប​ខ្មែរ​ក្រហម​ សម្ព័ន្ធ​មិត្ត​របស់​ពួកគេ និង​សម័យ​ លន់ នល់ ហើយ​និង​សម័យ​បារាំង​មុន​ សហគមន៍​អន្តរជាតិ​បាន​ចូល​មក​ប្រទេស​កម្ពុជា មិន​មែន​ដើម្បី​ជួយ​សង្រ្គោះ​អ្វី​នោះ​ទេ។ ពួកគេ​នឹង​មិន​ធ្វើ​រឿង​នេះ​នោះ​ទៀត​ទេ។

តើ​លោក​គិត​ថា យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​អាច​រៀន​អ្វី​ខ្លះ​ពី​ប្រវត្តិសាស្រ្ត​មួយ​នេះ?

ពលរដ្ឋ​កម្ពុជា​មិន​គិត​ថា​ ប្រវត្តិសាស្រ្ត​មាន​សារៈសំខាន់​នោះ​ទេ។ ពួកគេ​គិត​ថា រឿង​ផ្សេង​មាន​សារៈសំខាន់​ជាង​ប្រវត្តិសាស្រ្ត ដែល​តាម​ពិត​ប្រវត្តិសាស្រ្ត​មាន​សារៈសំខាន់​ដែរ។ ប៉ុន្តែ​ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​ល្អ​ទេ​ ដែល​អ្នក​មិន​ដឹង​ពី​កន្លែង​ដែល​អ្នក​រស់នៅ ដោយសារ​អ្នក​អាច​និយាយ​ពន្លើស​ពី​គោលដៅ​ដែល​អ្នក​នឹង​ទៅ ហើយ​វា​ក៏​មិនមែន​ជា​រឿង​ល្អ​ដែល​អ្នក​គិត​ថា អ្នក​បាន​រួម​ចំណែក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ពិភពលោក​ ច្រើន​ជាង​អ្វី​អ្នក​បាន​ធ្វើ​នោះ។ ឬ​អ្នក​អាច​គិត​ថា ខ្មែរ​ក្រហម​មិនមែន​ជា​រឿង​របស់​ខ្មែរ​ ដែល​តាម​ពិត​វា​ជា​រឿង​របស់​ខ្មែរ? វា​ជា​រឿង​ដ៏​ឈឺចាប់​មួយ ប៉ុន្តែ​វា​ជា​ការ​ពិត។ ខ្មែរក្រហម​មិន​មែន​កើត​ឡើង​ដោយ​ជន​បរទេស​នោះ​ទេ។ មាន​អ្នក​ខ្លះ​សួរ​ខ្ញុំ​ថា តើ​ ប៉ុល ពត​ ជា​ជនជាតិ​វៀតណាម​ ឬ​មិន​មែន។ ប៉ុល ពត ជា​ខ្មែរ​សុទ្ធ ហើយ​ពួកគេ​ត្រូវ​តែ​ដឹង​ពី​រឿង​នេះ។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រោយសម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៤។ លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​៥៤​រូប​ទៀតបាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​អង្គារ គឺ​នៅ​ក្រោយ​ការ​បញ្ចប់​វិបត្តិ​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្រោយសម័យ​ប្រជុំ​រដ្ឋសភា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៤។ លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​៥៤​រូប​ទៀតបាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​អង្គារ គឺ​នៅ​ក្រោយ​ការ​បញ្ចប់​វិបត្តិ​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ។

អ្នក​ត្រូវ​តែ​គិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អិន​ ដើម្បី​មើល​ឃើញ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ​នៅ​ពេល​រឿង​ខុសឆ្គង​បាន​កើតឡើង និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ នៅ​ពេល​រឿង​ត្រឹមត្រូវ​បាន​កើត​ឡើង ហើយ​ជាពិសេស​ត្រូវ​ដឹង​ពី​ធនធាន​ដែល​អ្នក​មាន។ ខ្ញុំ​គិត​ថា យុវជន​កម្ពុជា​ជំនាន់​ក្រោយ​គឺ​ជា​ធនធាន​ដ៏​សំខាន់​របស់​ប្រទេស​នេះ។ ដូច្នេះ​ខ្ញុំ​ចាំ​មើល​ថា​ តើ​ពួកគេ​សហការ​គ្នា​យ៉ាង​ដូចម្តេច។ នេះ​មិន​មែន​ជា​ពាក្យ​ធំ​ដុំ​នោះ​ទេ។ នៅ​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ពេល​ពួកគេ​ប្រើប្រាស់​ពាក្យ​ខ្មែរ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ ពួកគេ​មិន​អាច​ដាក់​ពាក្យ​ខ្មែរ​សម្រាប់​ពាក្យ«‍ការ​សហការ​រួម​គ្នា»​បាន​ទេ។ ពួកគេ​គ្រាន់​តែ​និយាយ​ថា​យល់ស្រប ឬ​មិន​យល់​ស្របគ្នា ហើយ​បើ​មិន​អីចឹង​ទេ ​ពួកគេ​ឈ្លោះ​គ្នា​គ្រប់​ពេល ឬ​ក៏​ប្រើ​ហិង្សា​ទៀត។ នេះ​ជា​វិធី​មួយ​ទៀត​ដែល​ពួកគេ​អាច​សម្រេច​កិច្ចការ​មួយ​ចំនួន ហើយ​ដើរ​ទៅ​មុខ​បាន។ គ្រាន់​តែ​ប្រើ​ហិង្សា​ទៅ ធ្វើ​ឲ្យ​មនុស្ស​ខ្លាច ហើយ​នេះ​ហើយ​ជា​អ្វី​ដែល​ លោក ហ៊ុន សែន បាន​ធ្វើ​រាល់​ដង។ ប៉ុន្តែ​ខ្ញុំ​គិត​ថា លោក ហ៊ុន សែន ជា​មនុស្ស​គួរឲ្យ​ខ្លាច។

ហេតុអ្វី​បាន​ជា​លោក​គិតថា លោក​ ហ៊ុន សែន ជា​មនុស្ស​គួរ​ឲ្យ​ខ្លាច?

លោក ហ៊ុន សែន អាច​ធ្វើ​អ្វីៗ​ដែល​គាត់​ចង់​ធ្វើ។ សូម​ក្រឡេក​ទៅ​មើល​រឿង​មួយ​ចំនួន​ដែល​គាត់​បាន​ធ្វើ​ទៅ​មើល។ មាន​គេ​សួរ​គាត់​កាលពី​ឆ្នាំ​១៩៩៧ ថា «តើ​លោក ហ៊ុន សែន ​ទទួល​ខុសត្រូវ​សម្រាប់​រដ្ឋប្រហារ​ដែរ​ឬ​ទេ?» លោក ហ៊ុន សែន បាន​និយាយ​ថា «ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​ទទួល​ខុសត្រូវ​វិញ ពួកគេ​ទាំង​អស់​គ្នា​នេះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ នេះ​ជា​អ្វី​ដែល​គាត់​បាន​និយាយ។ «ពួកគេ​ទាំង​អស់​នឹង​ត្រូវ​ស្លាប់។ ហ៊្វុនស៊ិនប៉ិច​នឹង​មិន​មាន​ទៀត​ទេ»។

តែ​ខ្ញុំ​គិត​ថា មនុស្ស​ម្នា​នៅ​ទូទាំង​ពិភពលោក​បាន​ដឹង​ពី​បញ្ហា​សំខាន់ៗ​ ដូចជា​បញ្ហា​វិសមភាព​រវាង​អ្នក​មាន និង​អ្នក​ក្រ។ ប្រសិន​បើ​មនុស្ស​ម្នា​ចាប់​ផ្តើម​ដឹង​ថា វា​មិន​មែន​តែ​ជា​បញ្ហា​អាមេរិក ឬ​បញ្ហា​របស់​ចិន​ទេ តែ​វា​ក៏​ជា​បញ្ហា​របស់​កម្ពុជា​ផង​ដែរ។ ប៉ុន្តែ​ វា​ជា​បញ្ហា​របស់​កម្ពុជា​ ហើយ​នេះ​ហើយ​ជា​ចំណុច​របស់​ខ្មែរ​ក្រហម ដោយសារ​តែ​ពួកគេ​អាច​និយាយ​ថា៖ «អ្នក​ណា​ញ៉ាំ​អង្ករ​ដែល​អ្នក​ខំ​ដាំ? តើ​លុយ​ទាំង​អស់​បាន​មក​ពី​ណា? អ្នក​ណា​បើក​ឡាន​ទាំង​អស់​ហ្នឹង? តើ​ពួកគេ​អាច​ទិញ​ឡាន​ទាំង​នោះ​ដោយ​វិធី​ណា?» «ខ្ញុំ​អត់​ដឹង​ផង»។ «អ្នក​ជា​អ្នក​ក្រ ហើយ​ពួកគេ​ជា​អ្នក​មាន។ តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ត្រង់​រឿង​ហ្នឹង? យើង​គួរតែ​នាំ​គ្នា​ធ្វើ​អ្វី​ម្យ៉ាង​ហើយ»។

«‍កុំ​ពាក់ព័ន្ធ​ជាមួយ​នឹង​នយោបាយ​ដែល​ប្រឈម​មុខ​ដាក់​គ្នា ដោយ​សារ​តែ​វា​ជា​ប្រភេទ​នយោបាយ​ដែល​លោក ហ៊ុន សែន​ យល់​យ៉ាង​ច្បាស់។ គាត់​មាន​អំណាច។ អ្នក​ទាំង​អស់​គ្នា​មិន​មានអំណាច​អ្វី​ទេ»

នេះ​ហើយ​ជា​មូលដ្ឋាន​នៃ​ការ​ធ្វើ​បដិវត្តន៍។ ខ្ញុំ​មិន​និយាយ​ថា វា​ជា​ស្ថានភាព​ដូច​គ្នា​ទេ​សម្រាប់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ ​វា​នាំ​ឲ្យ​មនុស្ស​ម្នា​ចាប់ផ្តើម​គិត​ថា វា​មិន​មែន​តែ​ជា​បញ្ហា​តូច​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ពេញ​ចិត្ត និង​ខឹង​សម្បារ​អំពី​វិសមភាព។ ដូច្នេះ ពួកគេ​បាន​បណ្តេញ​អ្នក​នៅ​ទីក្រុង ហើយ​និង​អ្នក​មាន​ជាដើម។ វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។ ខ្ញុំ​មិន​ឲ្យ​យោបល់​ឲ្យ​ធ្វើ​អញ្ចឹង​នោះ​ទេ។ ប៉ុន្តែ​ វា​ជា​រឿង​តែ​មួយ​ ដូច​គ្នា​នឹង​បដិវត្តន៍​នៅ​រុស្ស៊ី ឬ​បដិវត្តន៍​នៅ​ចិន។ «វា​ជា​រឿង​អយុត្តិធម៌ ហើយ​អ្នក​ជា​ជន​រងគ្រោះ»។ លោក Trump កំពុង​ធ្វើ​អញ្ចឹង​ឥឡូវ​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែរ។ វា​មិន​មែន​ជា​រឿង​ដូចគ្នា​ទេ។ ប៉ុន្តែ​អ្នក​ជា​ជន​រង​គ្រោះ​នៃ​រឿង​អាក្រក់​ដែល​កំពុង​តែ​កើត​ឡើង​នេះ។

ប៉ុន្តេ​ ខ្ញុំ​ចង់​ឲ្យមនុស្ស​ដឹង​ថា ស្ថានភាព​បែប​ហ្នឹង​អាច​បង្ក​ឲ្យ​មាន​ហិង្សា​បាន។ ការ​ផ្ទុះ​កំហឹង​អាច​នឹង​ចាប់ផ្តើម​នៅ​ទី​បំផុត ប្រសិន​បើ​អ្នក​ធ្វើ​រឿង​បែប​នេះ​កាន់​តែ​ច្រើន​ឡើងៗ។ ប្រសិន​បើ​កម្មករ​ចាប់​ផ្តើម​ខឹង​សម្បារ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​ផ្លាស់​ប្តូរ​ទេ។ ប៉ុន្តែ​ កម្មករ​ជាច្រើន​នាក់​អាច​ស្លាប់ ប្រសិន​បើ​ពួកគេ​នាំ​គ្នា​រៀបចំ​បាតុកម្ម​កាន់​តែ​ច្រើន​ទៅៗ។

តើ​លោក​គិតថា​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​គួរតែ​ប្រយ័ត្ន​លើ​បញ្ហា​អ្វីខ្លះ?

រឿង​នយោបាយ​ដែល​ប្រឈម​មុខ​ដាក់​គ្នា។ កុំ​ពាក់ព័ន្ធ​ជាមួយ​នឹង​នយោបាយ​ដែល​ប្រឈម​មុខ​ដាក់​គ្នា ដោយ​សារ​តែ​វា​ជា​ប្រភេទ​នយោបាយ​ដែល​លោក ហ៊ុន សែន​ យល់​យ៉ាង​ច្បាស់។ គាត់​មាន​អំណាច។ អ្នក​ទាំង​អស់​គ្នា​មិន​មានអំណាច​អ្វី​ទេ។ លុះត្រា​ណា​តែ​អ្នក​ជា​មនុស្ស​ម្នាក់​ដូច​ជាលោកស្រី មូរ សុខហួរ ទើប​អ្នក​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ លោក​ស្រី​ សុខហួរ មាន​ស្វាមី​ជា​ជនជាតិ​អាមេរិកាំង ហើយ​ខ្ញុំ​គិត​ថា នេះ​ជួយ​គាត់​បាន​ច្រើន។ គាត់​មាន​ភាព​ក្លាហាន គាត់​អង់អាច ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​មាន​ការ​គាំទ្រ​បែប​ហ្នឹង​ទេ។ អ្នក​ដឹង​ទេ ការ​ចាប់​លោក​ស្រី មួរ សុខហួរ ដាក់​ក្នុង​ពន្ធនាគារ ដែល​គាត់​មាន​ស្វាមី​ជា​ជនជាតិ​អាមេរិក​នេះ មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ហើយ​គាត់​ក៏​ក្លាហាន​ទៀត។ ប៉ុន្តែ​ខ្ញុំ​គិត​ថា មនុស្ស​នឹង​មិន​អាច​ក្លាហាន​ដោយ​ឯកឯង​នោះ​ទេ។

លោក David P. Chandler បាន​ចំណាយពេល​អស់​រយៈពេល​ជាង​ពាក់​កណ្តាល​មួយ​សតវត្សរ៍​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ហើយ​លោក​គឺជា​ប្រវត្តិវិទូ​ដ៏​ចំណាស់​ម្នាក់​អំពី​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ។ លោក David P. Chandler ដែល​សព្វថ្ងៃ​នេះ​មាន​អាយុ ៨៣ឆ្នាំ គឺជា​សាស្ត្រាចារ្យ​ខាង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​ម្នាក់​នៅ​សាកលវិទ្យាល័យ Monash University ប្រទេស​អូស្ត្រាលី។ (រូបថត​ផ្តល់​ឲ្យ)
លោក David P. Chandler បាន​ចំណាយពេល​អស់​រយៈពេល​ជាង​ពាក់​កណ្តាល​មួយ​សតវត្សរ៍​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ហើយ​លោក​គឺជា​ប្រវត្តិវិទូ​ដ៏​ចំណាស់​ម្នាក់​អំពី​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ។ លោក David P. Chandler ដែល​សព្វថ្ងៃ​នេះ​មាន​អាយុ ៨៣ឆ្នាំ គឺជា​សាស្ត្រាចារ្យ​ខាង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​ម្នាក់​នៅ​សាកលវិទ្យាល័យ Monash University ប្រទេស​អូស្ត្រាលី។ (រូបថត​ផ្តល់​ឲ្យ)

កម្ពុជា​ពិបាក​ត្រៀម​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ណាស់ ហើយ​វា​ពិបាក​នឹង​ធ្វើ​អញ្ចឹង។ ដូច្នេះ ខ្ញុំ​គិត​ថា នយោបាយ​ដែល​ប្រឈម​មុខ​ដាក់​គ្នា ​គឺជា​រឿង​ដែល​គួរ​តែ​ចៀសវាង​ ប្រហែល​ជា​រហូត​ដល់​ពលេ លោក​ ហ៊ុន សែន​ ស្លាប់ ហើយ​នរណា​ម្នាក់​មក​ជំនួស​គាត់ ទើប​អ្នក​អាច​ចាប់​ផ្តើម​កិច្ចសន្ទនា​បាន។ គាត់​បាន​ចាប់ផ្តើម​កិច្ចសន្ទនា​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​គាត់​មិន​ជឿ​វា​ទេ។ វា​មិន​មែន​ជា​ស្ទីល​របស់​លោក​ ហ៊ុន សែន ក្នុង​ការ​សន្ទនា​នោះ​ទេ។ ឯកវាទ​ទើប​ជា​ស្ទីល​របស់​គាត់។ ហើយ​វា​ក៏​ជា​ស្ទីល​របស់​ព្រះ​បាទ​នរោត្តម សីហនុ​ និង​ជា​ស្ទីល​របស់​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧​ដែរ។ មនុស្ស​ទាំង​នេះ​មិន​ប្រើ​កិច្ចសន្ទនា​នោះទេ៕

XS
SM
MD
LG