ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ HIV អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន


លោក Timothy Ray Brown ថតរូបនៅទីក្រុង Seattle សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។ លោក Brown គឺជា​មនុស្ស​ដំបូង​គេបង្អស់​ដែល​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយពី​មេរោគ HIV។

បុរស​ម្នាក់​នៅ​ទីក្រុងឡុងដ៏​បាន​ជា​សះស្បើយ​ពី​មេរោគ HIV បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​តាមរយៈ​ការ​ផ្សាំ​កោសិកា​បាន​មក​ពី​អ្នក​ផ្តល់​ឲ្យ​ដែល​មាន​ប្រភេទ​ហ្សែន​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ដ៏​កម្រ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​នោះ​មាន​ភាពស៊ាំ​នឹង​មេរោគ​អេដស៍។

បុរស​ផ្ទុក​មេរោគ​ HIV ​ម្នាក់​នៅ​ចក្រភព​អង់គ្លេស​បាន​ក្លាយ​ជា​មនុស្ស​ទីពីរ​នៅក្នុង​ពិភពលោក​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺអេដស៍។

នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង Seattle សហរដ្ឋអាមេរិក​ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដែល​ដឹកនាំ​កិច្ចប្រឹងប្រែង​សកលលោក​ដើម្បី​បញ្ចប់​ជំងឺអេដស៍​បាន​ប្រកាស​ថា​ ទីភ្នាក់ងារ​សារទរ​យ៉ាង​ខ្លាំង​ចំពោះ​ការរកឃើញ​វិធីព្យាបាល​ជំងឺអេដស៍​លើ​បុរស​ម្នាក់​នេះ​ ប៉ុន្តែគេ​នៅ​ត្រូវ​ការ​ពេលវេលា​យូរទៀត។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ខិតខំ​ស្វែងរក​វិធីព្យាបាល​ជំងឺអេដស៍​រយៈពេល៤០ឆ្នាំ​មក​ហើយ។ នាយក​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​នៃ​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​ UNAIDS បាន​ចាត់​ទុក​ព័ត៌មាន​អំពី​បុរស​ម្នាក់​នៅ​ទីក្រុងឡុងដ៏​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺអេដស៍​ថា ​ជា​ការរក​ឃើញ​យ៉ាង​សំខាន់​មួយ។

លោក Stephane Dujarric អ្នក​នាំពាក្យ​អគ្គលេខាអិការ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា៖ «ការរក​ឃើញ​នេះ​ផ្តល់​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម​សម្រាប់​អនាគត​ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​យើង​ដឹង​ផង​ដែរ​ថា យើង​នៅ​ឆ្ងាយ​កម្រិត​ណា​ពី​ការឆ្ពោះ​ទៅ​រក​ការបញ្ចប់​ជំងឺអេដស៍​តាមរយៈ​វិទ្យាសាស្ត្រ​ ព្រមទាំង​សារៈសំខាន់​នៃ​ការបន្ត​ផ្តោត​លើ​ការទប់ស្កាត់​ការរីករាលដាល​មេរោគ HIV​ និង​ការព្យាបាល»។

បុរស​ម្នាក់​នៅ​ទីក្រុងឡុងដ៏​បាន​ជា​សះស្បើយ​ពី​មេរោគ HIV បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​តាមរយៈ​ការ​ផ្សាំ​កោសិកា​បាន​មក​ពី​អ្នក​ផ្តល់​ឲ្យ​ដែល​មាន​ប្រភេទ​ហ្សែន​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ដ៏​កម្រ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​នោះ​មាន​ភាពស៊ាំ​នឹង​មេរោគ​អេដស៍។ ហើយ​មេរោគ​មហារីក​របស់​អ្នកជំងឺ​នោះ​ក៏​បាន​ជា​សះស្បើយ​ផង​ដែរ។

សាស្ត្រាចារ្យ Ravindra Gupta នៅ​ឯ​សាកលវិទ្យាល័យ London បាន​ថ្លែង​ថា អ្នកជំងឺ​អេដស៍​ម្នាក់​នោះ​ឥឡូវនេះ​បាន​ឈប់​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺអេដស៍​ហើយ។

លោកសាស្ត្រាចារ្យ Ravindra Gupta បាន​ថ្លែង​ថា៖ «យើង​បាន​រង់ចាំ​រយៈពេល​១៦ខែ​ មុន​នឹង​ឲ្យ​អ្នកជំងឺ​នោះ​ឈប់​ប្រើ​ថ្នាំ​នៅ​អំឡុងពេល​ក្រោយ​ការ​ផ្សាំ​កោសិកា​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ មេរោគមហារីក​បាន​ជា​សះស្បើយ ហើយ​អ្នកជំងឺ​មាន​សុខភាព​ល្អ ​ហើយ​វិធីព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នកជំងឺ​អេដស៍​គ្មាន​ផ្ទុកមេរោគ HIV ​តទៅ»។

លោកសាស្ត្រាចារ្យ​នៅ​មិន​គិត​ថា​ការព្យាបាល​នេះ​ធ្វើ​ឲ្យ​អ្នកជំងឺ​ជា​សះស្បើយ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​នេះ​គឺ​ជា​អ្នកជំងឺអេដស៍​ទីពីរ​ហើយ​ ដែល​បាន​ទទួល​ការព្យាបាល​ដោយ​ការ​ផ្សាំ​កោសិកា​នេះ​ និង​បង្ហាញ​លទ្ធផល​ថា​គ្មាន​សញ្ញា​ផ្ទុកមេរោគ HIV ​ត​ទៅ​ទៀត។ អ្នកជំងឺ​ទីមួយ​គឺ​ជា​ជនជាតិ​អាមេរិកាំង​ម្នាក់​បាន​ទទួល​ការព្យាបាល​នៅ​ទីក្រុងប៊ែកឡាំង​ប្រទេស​អាឡឺម៉ង់​កាល​ពី១២ឆ្នាំមុន។

វេជ្ជបណ្ឌិត Rowena Johnston នាយក​ការ​ស្រាវជ្រាវ​នៅ​ឯ​មូលនិធិ amfAR ដែល​ជា​មូលនិធិ​សម្រាប់​ការស្រាវជ្រាវ​ជំងឺអេដស៍​បាន​ថ្លែង​ថា​ជោគជ័យ​ទីពីរ​នេះ​គឺ​ជា​ជោគជ័យ​ដ៏​សំខាន់​មួយ។ វេជ្ជបណ្ឌិត​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ​យើង​មាន​ហេតុផល​ដែល​ត្រូវ​ជឿ​ថា​ អ្នកជំងឺ​នៅ​ទីក្រុងប៊ែរឡាំង​មិនមែន​ជាអ្នក​ជំងឺ​ដែល​ជា​សះស្បើយ​ពី​មេរោគ​តែ​ម្នាក់​នោះ​ទេ។ លទ្ធផល​នេះ​គឺជា​ការ​បង្ហាញ​ថា​យើង​ជិត​ឈាន​ដល់​ការ​លុបបំបាត់​មេរោគ HIV ​បាន​ទាំងស្រុង​ពី​អ្នក​ជំងឺអេដស៍​ហើយ»។

លោកសាស្ត្រាចារ្យ Gupta បាន​ថ្លែង​ថា​ ដូចទៅ​នឹង​អ្នកជំងឺ​នៅ​ទីក្រុង​ប៊ែរឡាំង​ដែរ​ អ្នកជំងឺ​ជនជាតិ​អង់គ្លេស​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​អ្នកជំងឺ​នៅ​ទីក្រុងឡុងដ៍ ក៏​បាន​ទទួល​កោសិកា​ផ្សាំ​ពី​អ្នកផ្តល់​ឲ្យ​ដែល​មាន​ហ្សែន​មហារីក​ដ៏​កម្រ​ឈ្មោះ​ថា CCR5 ផងដែរ។

លោកសាស្ត្រាចារ្យ Gupta បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​ដាក់​កោសិកា​ទាំង​នេះ​ចូល​ក្នុង​ខ្លួន​អ្នកណា​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគ HIV​ នោះ​អ្នក​ប្រហែល​ជា​អាច​ការពារ​កោសិកា​ថ្មី​ទាំង​នោះ​ពី​ការ​ឆ្លង​បាន»។

មាន​អ្នកផ្ទុក​មេរោគ HIV​ ប្រមាណ៣៧លាននាក់​នៅ​ទូទាំង​សកលលោក។ ប៉ុន្តែ​ការ​ព្យាបាល​ដោយ​ការ​ផ្សាំ​កោសិកា​មិនមែន​ជា​ការព្យាបាល​ដែល​អាច​អនុវត្ត​បាន​ងាយៗទេ។ ជា​ដំបូង​គេ​ត្រូវ​រក​អ្នក​ដែល​មាន​កោសិកា​ត្រូវ​គ្នា​ ហើយ​បន្ថែម​លើ​នេះ អ្នក​ផ្តល់​ឲ្យ​នោះ​ត្រូវ​មាន​ហ្សែន​មហារីក​ដែល​កម្រ។ ហើយ​បន្ទាប់​មក​ទៀត​អ្នកជំងឺ​ត្រូវ​ឆ្លងកាត់​ដំណាក់​កាល​ព្យាបាល ​ដែល​មាន​ការ​ឈឺចាប់​និង​ប្រថុយប្រថាន​ខ្លាំង។

វេជ្ជបណ្ឌិត Sarah Fidler គឺ​សាស្ត្រាចារ្យ​ផ្នែក​ឱសថសាស្ត្រ​មេរោគ HIV ​នៅ​ឯ​មហា​វិទ្យាល័យ Imperial College London។ លោកស្រី​បា​ន​ថ្លែង​ថា​ការប្តូរ​ខួរ​ឆ្អឹងខ្នង​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​អ្នកជំងឺ​ដែល​មាន​សុខភាព​ល្អ​ និង​ត្រូវ​លេបថ្នាំ​ព្យាបាល​មេរោគ​អេដស៍​រៀងរាល់​ថ្ងៃ។

លោកស្រី​សាស្ត្រាចារ្យ​បាន​ថ្លែង​ថា៖ «ដំណើរ​ការ​ដូរ​ខួរឆ្អឹងខ្នង​មាន​លក្ខណៈ​ស្មុគស្មាញ។ វា​តម្រូវ​ឲ្យ​គេ​យក​កោសិកា​ថ្មី​ទាំង​អស់​ដាក់​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ដែល​កំពុង​ទទួល​ការព្យាបាល​ ហើយ​ដំណើរការ​នេះ​តម្រូវ​ឲ្យ​ដាក់​បង្កប់​កោសិកា​ទាំងនោះ​ទៅក្នុង​ខ្លួន​អ្នកជំងឺ។ អ្នកជំងឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ និង​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត»។

អ្នកជំងឺ​ទាំងពីរនាក់​ត្រូវ​បាន​ព្យាបាល​ជំងឺ​មហារីក​ និង​គ្មាន​ជម្រើស​អ្វី​ទេ​ ប៉ុន្តែ​ត្រូវ​សាក​ល្បង​ព្យាបាល​តាម​វិធីសាស្ត្រ​ថ្មី​ដែល​មាន​ហានិភ័យ​នេះ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​បន្ត​ស្រាវជ្រាវ​រក​វិធីព្យាបាល​ផ្សេងៗ​ទៀត​ដើម្បី​ព្យាបាល​មេរោគ HIV​ ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​ដឹងថា​ មេរោគ​អេដស៍​អាច​ព្យាបាល​បាន៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG