នៅថ្ងៃអង្គារនេះ គណៈកម្មការទន្លេមេគង្គ ឬ Mekong River Commission (MRC) នឹងជួបពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយក្នុងការទប់ស្កាត់បញ្ហាគ្រោះរាំងស្ងួតដែលកើតឡើងក្នុងបណ្តាប្រទេសខាងក្រោមទន្លេមេគង្គ ដែលមានកម្ពុជា ឡាវ ថៃ និងវៀតណាម ជាសមាជិក។
ជំនួបប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើង ស្របពេលដែលកម្ពុជា និងបណ្ដាប្រទេសតាមដងទន្លេមេគង្គក្រោមផ្សេងទៀត អាចទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីខែវិច្ឆិកានេះ រហូតដល់ខែមករា ឆ្នាំ២០២០ ដោយសារតែភ្លៀងធ្លាក់មិនគ្រប់គ្រាន់ក្នុងរដូវវស្សា។
នៅក្នុងជំនួបប្រចាំឆ្នាំលើកទី២៦ នៅរាជធានីភ្នំពេញ ក្រុមប្រឹក្សានៃគណៈកម្មការ MRC និងភាគីពាក់ព័ន្ធផ្សេងៗទៀត នឹងជួបពិភាក្សាគ្នាពាក់ព័ន្ធកិច្ចការជាច្រើន រួមមានគម្រោងកំណត់ទន្និន័យនិងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងយុទ្ធសាស្ត្រដើម្បីទប់ស្កាត់គ្រោះរាំងស្ងួតឆ្នាំ២០២០-២០២៥ ជាដើម។ គ្រោះរាំងស្ងួតនេះ កំពុងតែបង្កជាបញ្ហាប្រឈមដល់ពលរដ្ឋរបស់ប្រទេសទាំងបួន ដែលប្រកបមុខរបបនេសាទតាមដងទន្លេនិងដៃទន្លេមេគង្គ។
កាលពីសប្តាហ៍មុន គណៈកម្មការទន្លេមេគង្គបានចេញសេចក្តីប្រកាសមួយ ដោយព្រមានថា ប្រទេសកម្ពុជានិងថៃ នឹងរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាងប្រទេសឡាវ និងវៀតណាម ដែលបណ្ដាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់នេះ។ មូលហេតុគឺដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងមានបាតុភាពអែលនីណូ ដែលបង្កឱ្យមានកម្ដៅនិងរំហួតខ្ពស់ខុសប្រក្រតីទៀតផង។
អ្នកជំនាញនៃគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នអន្តររដ្ឋាភិបាលមួយនេះ បាននិយាយថាភាពរាំងស្ងួតនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ ផលិតផលកសិកម្មនានា និងកង្វះទឹកប្រើប្រាស់៕