សញ្ញាមិនច្បាស់លាស់ពីស្ថានភាពសេដ្ឋកិច្ច នៅមុនពេលការចាកចេញរបស់លោកនៅខែកញ្ញាខាងមុខនេះបានធ្វើឲ្យបា្រក់រូពីបានធា្លក់ចុះទាបជាងគេក្នុងរយៈពេល១ខែចាប់តាំងពីថ្ងៃចន្ទមក។
ការចាកចេញរបស់លោក Rajan មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ
ការប្រកាសលាចេញពីតំណែងរបស់លោក Rajan បន្ទាប់ពីមានការប៉ាន់ស្មានអស់រាប់ សបា្តហ៍ថា តើរដ្ឋាភិបាលនឹងបន្តឲ្យលោកកាន់តំណែង ជាប្រធានធនាគារបម្រុង ឥណ្ឌា (RBI)ដែរឬទេ។ នៅក្នុងលិខិតរបស់លោក Rajanទៅកាន់បុគ្គលិក លោកបាននិយាយថា លោកធ្លាប់បានគិតថានឹងនៅបន្ត ដើម្បីមើលពីដំណើរការកំណែទម្រង់ ដែលលោកបានចាប់ផ្តើម ប៉ុន្តែ«ដោយបានគិតយ៉ាងល្អិតល្អន់ឡើងវិញ និងបន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលមក» លោកបានសម្រេចចិត្តថា «នឹងត្រឡប់ទៅបង្រៀននៅមហាវិទ្យាល័យវិញ ដែលធ្វើឲ្យលោកអាចនិយាយនិងគិតពីអ្វី ដែលមិនពាក់ព័ន្ធនឹងរឿងនយោបាយ»។
ជាទេសាភិបាលមួយរូប ដែលត្រូវបានគេទទួលស្គាល់ ក្នុងចំណោមទេសាភិបាលដែលត្រូវបានពិភពលោកទទួលស្គាល់ និងជាអតីតសេដ្ឋវិទូរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកបានជួយធ្វើឲ្យរូបិយបណ្ណឥណ្ឌាមានស្ថិរភាព នៅពេលដែលប្រាក់រូពីបានធ្លាក់ចុះ និងមានការកើនឡើងអតិផរណាផងនោះ។ ដោយមានសន្ទុះនៃភាពរីកចម្រើនបានត្រឡប់មកវិញ ធ្វើឲ្យប្រទេសឥណ្ឌាកើនឡើងនូវភាពជឿជាក់ក្នុងចំណោមអ្នកវិយោគទុនអន្តរជាតិទាំងឡាយ ដែលធ្លាប់បានបែរខ្នងដាក់ប្រទេស ដែលមានសេដ្ឋកិច្ចកំពុងងើបឡើងមួយនេះ។
សេដ្ឋកិច្ចឥណ្ឌាកំពុងកើនឡើង
ខណៈពេលដែលប្រទេសមួយចំនួន ដូចជាប្រទេសប្រេស៊ីល និងប្រទេសរុស្ស៊ី បន្តប្រឈមនឹងស្ថានភាពលំបាក ឥណ្ឌាឥឡូវបានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេបង្អស់នៅក្នុងពិភពលោក។
លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ អារុណ ឆៃលី (Arun Jaitley) ស្វែងរកវិធីដើម្បីធ្វើឲ្យក្រុមអ្នកវិនិយោគទុនស្ងប់ចិត្ត ដោយលោកបានផ្សព្វផ្សាយតាមទូរទស្សន៍ថា «សេដ្ឋកិច្ចរបស់ប្រទេសត្រូវបានដឹកនាំដោយមានមូលដ្ឋានគ្រឹះរឹងមាំ» លោកបានកោតសសើរពីការរួមចំណែករបស់លោក Rajan។ លោកក៏បានបង្ហាញពីទំនុកចិត្តទៅលើអ្នកដែលមកជំនួសតំណែងរបស់លោក Rajan ថាជាមនុស្សមានសមត្ថភាព។
និមិត្តរូបនៃស្ថិរភាព
លោក ចាហាន់គា អាហ្សីស (Jahangir Aziz) ប្រធានទទួលបន្ទុកផ្នែកប្រទេសដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច នៃធនាគារ PJ Morgan បានបញ្ជាក់ថា៖ លោក Rajan គឺជានិមិត្តរូបនៃស្ថិរភាព សម្រាប់ក្រុមអ្នកវិនិយោគទុននានា។ «ពួកគេបានបោះទុនវិនិយោគ ដោយសំអាងទៅលើការពិត ដែលប្រទេសឥណ្ឌាបានរៀបចំដាក់បញ្ចូលគ្នា នូវភាពរឹងមាំនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដ៏សមរម្យមួយ។ ភាគច្រើននៃពួកគេបានផ្តល់តម្លៃដល់ធនាគារបម្រុងឥណ្ឌា ដែលមានលោក Raghuram Rajan ជាទេសាភិបាល»។
លោក Aziz ថ្លែងថាក្រុមអ្នកវិនិយោគទុននឹងរង់ចាំមើលថាតើអ្នកណា ដែលរដ្ឋាភិបាលតែងតាំងជំនួសលោក Rajan ហើយពួកគេចង់ឃើញការងារបន្តនៅក្នុងនយោបាយប្រទេសឥណ្ឌា។ លោកបន្តទៀតថា៖ «ការងារសំខាន់នាពេលឥឡូវនេះ គឺត្រូវធ្វើឲ្យទីផ្សារមានភាពស្ងប់ស្ងាត់ពីភាពភ័យខ្លាចទាំងនេះ»។
មានការនិយាយពីគ្រប់មជ្ឈដ្ឋានថា ការលាលែងពីតំណែងរបស់លោក Rajan ដោយសារតែមានសញ្ញាទាំងឡាយ បង្ហាញពីការបំបាក់ទឹកចិត្តពីខាងរដ្ឋាភិបាល មកលើរូបលោក។
ការរិះគន់ទៅលើលោក Rajan
ក៏មានការរិះគន់មកលើលោក Rajanដែរ ការណ៍ដែលលោកបានបដិសេធក្នុងការទម្លាក់តម្លៃអត្រាការបា្រក់ និងការសម្អាតបំណុលអាក្រក់ទាំងឡាយ ដែលលោកបានខិតខំអនុវត្តនៅធនាគារគ្រប់គ្រងដោយរដ្ឋ បានធ្វើឲ្យមានការរាំងស្ទះដល់ការវិនិយោគពីវិស័យឯកជន។
ការស្រែកតវ៉ាភាគច្រើនគឺចេញមកពីសមាជិកម្នាក់របស់គណបក្សកាន់អំណាច Bharatiya Janata គឺលោក ស៊ូប្រាម៉ានៀន ស្វាមី (Subramanian Swamy) អ្នកដែលបានលើកឡើងទាំងចងចិញ្ចើមថា លោក Rajan គឺជាអ្នក«ដែលមានស្មារតីមិនពេញលេញជាជនជាតិឥណ្ឌា» និងបានរិះគន់ថា លោក Rajan មិនបានជួយបន្ធូរបន្ថយបន្ទុកបំណុលធ្ងន់ធ្ងររបស់ក្រុមហ៊ុនឥណ្ឌាជាច្រើន។
ទោះបីជាសេដ្ឋកិច្ចឥណ្ឌាកំពុងកើនឡើងជាង៧ភាគរយ និងបានវ៉ាដាច់ប្រទេសចិន ហើយក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេយ៉ាងណាក៏ដោយ ក៏លោក Rajan បានព្រមានម្តងហើយម្តងទៀតថា ការងើបឡើងវិញសេដ្ឋកិច្ចឥណ្ឌាគឺនៅតែស្ថិតនៅលើមូលដ្ឋានគ្រឹះដ៏ផុយស្រួយមួយ។
សេដ្ឋវិទូលោក រ៉ាជីវ កុមារ (Rajiv Kumar) មកពីមជ្ឈមណ្ឌលញូវដេលីសម្រាប់សា្រវជ្រាវគោលនយោបាយថ្លែងថា ភាពភ័យខ្លាចពីផលប៉ះពាល់ នៃការចាកចេញរបស់លោក Rajanអាចជាការពន្លើសមួយ ហើយលោកបានបង្ហាញថា ទីផ្សារភាគហ៊ុនមិនបានធ្លាក់ចុះដូចជាការភ័យខ្លាចនោះទេ បើធៀបទៅនឹងតម្លៃកាលពីថ្ងៃច័ន្ទកន្លងមក ដោយលោកបាននិយាយថា៖ «វាគឺជាបញ្ហារបស់ស្ថាប័ន ហើយធនាគារបម្រុងឥណ្ឌាល្បីឈ្មោះថាជាស្ថាប័នមួយ ដែលមានសមត្ថភាព និងភ្ជាប់មកជាមួយនូវភាពខ្លាំងរបស់ខ្លួន»។
ជាមួយគ្នានោះ រដ្ឋាភិបាលបានដាក់ឲ្យមានការធ្វើកំណែទម្រង់សេដ្ឋកិច្ចបន្ថែម ទៅលើតម្លៃទីផ្សារកាលពីថ្ងៃច័ន្ទកន្លងមក ដោយបានប្រកាសពីការផ្លាស់ប្តូរយ៉ាងទូលំទូលាយលើច្បាប់ស្តីពីការវិយោគដោយផ្ទាល់ពីបរទេស ដោយបើកចំហរពីវិស័យការពាររបស់ខ្លួន និងវិស័យអាកាសចរណ៍ ដើម្បីបំពេញបន្ថែមភាគហ៊ុនពីក្រៅប្រទេស និងបន្ធូរបន្ថយច្បាប់លើផ្នែកឱសថសាស្រ្ត និងការលក់រាយ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា