ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ខ្មែរ​១៦នាក់​ដែល​រង​ការ​ជួញ​ដូរ​ទៅ​ធ្វើការ​និង​រៀបការ​នៅ​បរទេស​ត្រូវ​បាន​ជួយ​សង្គ្រោះ


រូបឯកសារ៖ ស្ត្រីរងគ្រោះម្នាក់បានស្រក់ទឹកភ្នែកនៅពេលដែលនាងកំពុងរៀបរាប់អំពីបទពិសោធន៍ដែលត្រូវបានគេជួញដូរនៅប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។
រូបឯកសារ៖ ស្ត្រីរងគ្រោះម្នាក់បានស្រក់ទឹកភ្នែកនៅពេលដែលនាងកំពុងរៀបរាប់អំពីបទពិសោធន៍ដែលត្រូវបានគេជួញដូរនៅប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​រាយការណ៍​មក​ថា​ ស្ត្រី​ខ្មែរ​យ៉ាងហោច​ណាស់​១៦នាក់​ ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​រៀបការ​និង​ធ្វើ​ការ​តាម​ផ្ទះ​ដោយ​ខុស​ច្បាប់​នៅ​បរទេស​ ត្រូវ​បាន​ជួយ​សង្រ្គោះ​និង​បញ្ជូន​មក​កាន់​ស្រុក​កំណើត​វិញ។​ ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រភព​នៃ​ការ​ជួញ​ដូរ​មនុស្ស​ទៅ​កាន់​ប្រទេស​ផ្សេងៗ ​ដែល​នេះ​ជា​ការ​បារម្ភ​ដ៏​ធ្ងន់ធ្ងរ​ពី​អ្នក​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​ការ​ជួយ​ដូរ​មនុស្ស​នៅ​មនុស្ស​នៅ​កម្ពុជា​ ជា​ពិសេស​ការ​ជួញដូរ​ទៅ​កាន់​ប្រទេស​ចិន។

យ៉ាងហោច​ណាស់​ ស្ត្រីខ្មែរ​១៦នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​មួយ​ចំនួន​រួមទាំង​ប្រទេស​ចិន​និង​ថៃ​ ក្រោយ​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​ឱ្យ​រៀបការ​និង​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។​ ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ស្ត្រីខ្មែរ​ទាំង​១៦រូប​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​កំណើត​វិញ​កាលពី​សប្តាហ៍​កន្លង​ទៅ។​

​យ៉ាងណា​ក៏​ដោយ​ សង្គម​ស៊ីវិល​ធ្វើការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​បាន​អំពាវនាវ​ឱ្យ​មាន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ ជា​ពិសេស​ចំពោះ​មេខ្យល់​ដែល​នាំស្ត្រី​ខ្មែរ​ទៅ​កាន់​ប្រទេស​ចិន​ ដែល​កំពុង​មាន​ការ​កើន​ឡើង។

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​ខ្មែរ​ចំនួន​១៦នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ស្ថាន​តំណាង​កម្ពុជា​ក្នុង​ប្រទេស​ផ្សេងៗ​ ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។

ក្នុង​នោះ​មាន​ស្ត្រីខ្មែរ​៧នាក់​ដែល​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ដោយ​ខុស​ច្បាប់​ ៤នាក់​ផ្សេង​ទៀត​ត្រូវ​បាន​មេ​ខ្យល់​បម្រុង​នាំ​ទៅ​ប្រទេស​ចិន​ឆ្លង​កាត់​ប្រទេស​វៀតណាម​ កុមារី​ខ្មែរ​៣នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ថៃ​ ម្នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ក្នុង​ប្រទេស​អេស្ស៊ីប​ និង​មួយ​រូប​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញា​ធរចិន​ឃាត់​ខ្លួន​ពី​បទ​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​នោះ។

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ស្ថាន​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេសចិន​ បាន​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ចិន​ ធ្វើ​អន្តរាគមន៍​ជួយ​សង្រ្គោះ​និង​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ស្រ្តី​ខ្មែរ​ចំនួន​៧នាក់​ មក​ពីខេត្ត​កំពង់​ចាម​ កំពង់​ឆ្នាំង ​ក្រចេះ ​តាកែវ​ បាត់ដំបង​និង​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​មេ​ខ្យល់បោក​បញ្ឆោតនាំ​ទៅ​រៀប​ការ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេសចិន។​ ស្ថាន​ទូត​បានផ្តល់​កន្លែង​ស្នាក់​នៅ​និង​អាហារ​បរិភោគ​ព្រមទាំង​រៀបចំ​ឯកសារ​ធ្វើដំណើរ​ដល់​ស្រ្តីរងគ្រោះ​ទាំង​៧នាក់ ​ហើយ​ពួក​គេបាន​មក​ដល់​កម្ពុជា​វិញ​ ​នៅ​ថ្ងៃទី០៤​ និង​ទី០៥​ ខែ​ កក្កដា​ ឆ្នាំ​២០១៨»។

​VOA​ ​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​និង​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ដើម្បី​សុំក្តី​អធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

​VOA​ ​ក៏​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ ជូ ប៊ុនអេង ​រដ្ឋ​លេខធិការ​នៃ​ក្រសួង​មហាផ្ទៃ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍នៃ​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆំាង​នឹង​ការ​ជួញ​ដូរ​មនុស្ស​បាន​ដែរ​ ដោយសារ​អ្នកស្រី​ជាប់​ប្រជុំ។

ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​ក្រុម​ប្រទេស​ដែល​ការ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​មិន​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​២០១៦។

​ក្នុង​របាយ​ការណ៍​ស្តីពីការ​ជួញ​ដូរ​ឆ្នាំ​២០១៨ ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​ចំណាត់​ថ្នាក់ទី២​ ឬ​ (Tier 2)​ ដែល​ការ​អនុវត្ត​ច្បាប់​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆំាង​ការជួញ​ដូរ​មនុស្ស​នៅ​មាន​កម្រិត ​ជា​ពិសេស​ការ​កាត់​ទោស​ជន​ល្មើស​ និង​ការ​ផ្តល់​សេវា​ដល់​ជនរង​គ្រោះ​ពី​ការ​ជួញដូរ​មិន​ទាន់​ពេញ​លេញ។

របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ​២០១៧​មាន​ជនរងគ្រោះ​កម្ពុជា​ចំនួន​៩៨៦​នាក់ ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​ជួយ​ធ្វើ​មាតុភូមិ​និវត្តន៍​ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ថៃ វៀតណាម​និង​ចិន។​ ចំនួន​នេះ​ច្រើន​ជាង​ឆ្នាំ​២០១៦​ដែល​មាន​តែ​ ៨១៥នាក់​ប៉ុណ្ណោះ។​ រីឯ​ក្រសួង​សង្គម​កិច្ច​បាន​ជួយ​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​កម្ពុជា​ចំនួន​២៤៣នាក់​ដែរ​ក្នុង​ឆ្នាំ​ ២០១៧​ដដែល។

​អ្នកស្រី​ ឆន សុគន្ធា​ ប្រធាន​ផ្នែក​ស្ត្រី កុមារ​ និង​ប្រឆំាង​ការ​ជួញ​ដូរ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​(ADHOC) បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ជួយ​ជនរង​គ្រោះ​ពី​ការ​ជួញ​ដូរ​មិនត្រូវបញ្ចប់​ត្រឹម​ការ​បញ្ជូន​ពួក​គាត់​មក​កាន់​ស្រុក​កំណើត​វិញ​នោះ​ទេ ​ជា​ពិសេស​ជន​រងគ្រោះ​ពី​ការ​ជួញដូរ​ឬ​បោក​បញ្ឆោត​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ដែល​ភាគ​ច្រើន​បាន​រង​គំនាប​ផ្លូវចិត្ត​និង​ទារុណកម្ម​ផង​ដែរ។​ ជា​បទ​ពិសោធន៍​ជន​រង​គ្រោះ​ដែល​អង្គការ​អាដហុក​បាន​សង្គ្រោះ​ ត្រូវ​បាន​បញ្ជូន​ឱ្យ​សិក្សា​ជំនាញ​ផ្សេងៗ​និង​ទទួល​ការ​លើក​ទឹកចិត្ត​មុន​ពួកគាត់​អាច​ចូល​ទៅ​រស់​នៅ​ក្នុង​សង្គម​វិញ។​

​«យើង​មិន​មែន​គ្រាន់តែ​ថា​ ជួយ​គាត់​មក​ហើយ​ បោះបង់​គាត់​ចោល​ទេ!​ យើង​ត្រូវ​តែ​ធ្វើម៉េច ដើម្បី​កាត់​បន្ថយ​ ដើម្បី​ជៀសវាង​កុំ​ឱ្យ​គាត់​មាន​គំនិត​ចង់​ធ្វើ​ចំណាក​ស្រុក​ឬ​ចង់​ទៅ​ក្រៅ​សារ​ជាថ្មី​ទៀត។​ ប៉ុន្តែ​ពាក់ព័ន្ធ​ហ្នឹង​រឿង​ករណី​ចិន​ ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក​ហ្នឹង​ដោយ​សារគាត់​បទ​ពិសោធន៍​ឈឺចាប់ គឺ​អ្នក​ដែល​ទៅ​រៀបការ​ជា​មួយ​ជន​ជាតិ​ចិន​ ​ហើយ​ត្រឡប់​មក​វិញ​ហ្នឹង​គឺ​ ភាគច្រើន​គាត់​មាន​បញ្ហា​ឈឺចាប់​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវចិត្ត»។

​អ្នកស្រី​ ឆន សុគន្ធា​ បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​ជួញដូរ​មនុស្សទៅ​កាន់​ប្រទេស​ចិន​គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​ហើយ​មាន​ភាព​ «រញ៉េរញ៉ៃ​និង​សាំញ៉ាំ​ច្រើន»​ ជា​ពិសេស​មេ​ខ្យល់​មិន​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ។​ ជាង​នេះ​ទៀត​ មេខ្លោង​នៃ​ការ​ជួញ​ដូរ​មនុស្ស​បាន​បញ្ចុះបញ្ចូល​ជន​រងគ្រោះ​ ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ តាម​រូបភាព​ផ្សេងៗ​ និង​នាំ​ជន​រងគ្រោះ​ឆ្លង​កាត់​ទៅ​ប្រទេស​វៀតណាម​ឬ​ឡាវ​ ខណៈ​ស្ថានទូត​ចិន​នៅ​កម្ពុជា​ធ្វើ​ការ​រឹត​បន្តឹង​ទិដ្ឋាការ​ដល់​ពួកគាត់។

​«ខ្ញុំ​ឃើញថា ​ការ​អន្តរាគមន៍​ រឿង​ករណី​ចិន​ហ្នឹង​គឺ​វា​មាន​រឿង​រញ៉េរញ៉ៃ​ ហើយ​និង​រឿង​សាំញ៉ាំ​ច្រើន។​ ខ្ញុំ​មើល​ឃើញ​បញ្ហា​ដោយ​វា​នៅ​តែ​កើត​មាន​ច្រើន​ ហើយ​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ។ ​គឺ​ទី១​ដោយ​សារ​បញ្ហា​មេ​ខ្យល់​ ហើយ​ទី២​គឺថា​ការ​ផ្តន្ទាទោស​អ្នក​ដែល​ប្រព្រឹត្ត​ឬ​អ្នក​ដែល​នាំ​កូន​ក្រមុំ​ឬ​ស្ត្រី​ខ្មែរ​យើង​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​ហ្នឹង»។

​យ៉ាង​ណា​ក៏​ដោយ​ អ្នកស្រី​ ឆន សុគន្ធា​ នៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​(ADHOC)​ ​បញ្ជាក់​ថា​ ដើម្បី​ប្រឆំាង​នឹង​ការជួញដូរ​ឱ្យមាន​ប្រសិទ្ធភាព​ ​រដ្ឋា​ភិបាល​កម្ពុជា​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដោយ​បំបាត់​នូវ​វប្បធម៌​និទណ្ឌភាព ​ការ​កាត់​ទោស​មេខ្យល់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ឱ្យ​បាន​គ្រប់ៗ​គ្នា​ រួមទាំង​ការ​ជួយ​ស្ថារ​នីតិ​សម្បទា​ឱ្យ​ជនរង​គ្រោះ​ពី​ការ​ជួញដូរ​ផង​ដែរ៕

XS
SM
MD
LG