ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI និង​ប៉ូលិស​កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​សហការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន


ប្រតិភូប៉ូលិស​កម្ពុជា​ និង​លោក ចន ឌី. វៀលសុន (Jonh D. Wilson) ដែលជាអនុព័ន្ធផ្នែកច្បាប់តំណាង FBI ប្រចាំទីក្រុង​ភ្នំពេញ ក្នុងពេល​បំពេញ​បេសកកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ដើមខែមេសា ឆ្នាំ២០១៩។ (រូបថតផ្តល់ឲ្យដោយប្រតិភូប៉ូលិសកម្ពុជា)
ប្រតិភូប៉ូលិស​កម្ពុជា​ និង​លោក ចន ឌី. វៀលសុន (Jonh D. Wilson) ដែលជាអនុព័ន្ធផ្នែកច្បាប់តំណាង FBI ប្រចាំទីក្រុង​ភ្នំពេញ ក្នុងពេល​បំពេញ​បេសកកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ដើមខែមេសា ឆ្នាំ២០១៩។ (រូបថតផ្តល់ឲ្យដោយប្រតិភូប៉ូលិសកម្ពុជា)

ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្តល់​ព័ត៌មាន​ពី ​FBI ​ក្នុង​ពេល​កន្លងមក​ប៉ូលិស​កម្ពុជា​បាន​ចាប់​ខ្លួន​ជនល្មើស​​ ដែល​រត់​គេច​ចេញពី​​សហរដ្ឋ​អាមេរិក​ទៅ​ពួន​នៅ​កម្ពុជា និង​បាន​សហការ​បង្ក្រាប​ករណី​ឧក្រិដ្ឋ​ជាច្រើន ដូចជា​ទេសចរ​អាមេរិក​ទៅ​ស្វែងរក​សេវា​ផ្លូវភេទ​ជាមួយ​នឹង​អនីតិជន​នៅ​កម្ពុជា​ជាដើម។

ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ (FBI) របស់​សហរដ្ឋ​អាមេរិក​បាន​បោះ​ជំហាន​មួយ​ទៀត​ ក្នុង​ការ​ពង្រឹង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​តាម​រយៈ​ការ​ចុះកិច្ច​ព្រម​ព្រៀង​មួយជាមួយ​នឹង​អាជ្ញាធរ​ប៉ូលិស​កម្ពុជា។​

ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​បាន​ធ្វើ​ឡើង​រវាង​លោក Christopher Wray នាយក​ការិយាល័យ ​FBI ​លោក ​នេត​ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​លោក​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​អន្តោប្រវេសន៍​ ក្រសួង​ មហាផ្ទៃ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្រ្តី​ប៉ូលិស​កម្ពុជា​ និង​ FBI។

លោកស្រី​ Kelsey Pietranton អ្នកនាំពាក្យ​ FBI បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ​អេឡិកត្រូនិក​ កាលពីថ្ងៃអង្គារ​ថា FBI​ ​មាន​មោទនភាព​ដែល​បាន​ធ្វើ​ទំនាក់​ទំនង​ការងារជាមួយ​នឹង​អាជ្ញាធរ​ប៉ូលិស​កម្ពុជា។

លោក​ស្រី​ Pietranton ​បាន​បន្ថែម​ថា៖

«អនុស្សារណៈ​ស្តីពី​ការ​យោគយល់​គ្នា​រវាង​ FBI ​ប៉ូលិស​ជាតិ​កម្ពុជា និង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ចងក្រង​បាន​នូវ​កិច្ចសហប្រតិបត្តិការ​ ដែល​មាន​ស្រាប់​របស់​យើង​លើ​បញ្ហា​ជាច្រើន ​ក្នុង​នោះមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​កុមារ បទ​ល្មើស​បច្ចេកវិទ្យា ឧក្រិដ្ឋ​កម្ម​ហិរញ្ញវត្ថុ និង​ការ​ចាប់​ខ្លួន​ជនរត់គេច​ពី​សំណាញ់​ច្បាប់ ហើយ​អនុស្សារណៈនេះ​ក៏​ពង្រឹង​បន្ថែម​ការ​ប្តេជ្ញា​ចិត្ត​របស់​ FBI ក្នុងការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការការពារ​សិទ្ធិ​មនុស្ស‍»។​

លោក ​គៀត ច័ន្ទថារិទ្ធ អគ្គ​នាយក​អន្តោប្រវេសន៍​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់ VOA ថា៖

«ការ​ចុះ​ហត្ថលេខា​នេះ​បង្ហាញ​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​គឺ​នៅតែ​បន្ត ហើយ​ថែម​ទាំង​មានការ​ស្អិត​រមួត ឬក៏​ខិតជិតគ្នា​កាន់តែ​ខ្លាំង​ថែមទៀត ជាពិសេស​នៅ​ក្នុង​វិស័យអនុវត្ត​ច្បាប់​របស់​ប្រទេស​ទាំងពីរ​ហ្នឹង​ហើយ​ដែល​យើង​និយាយ​ថា​ តាមរយៈ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ហ្នឹង​ វា​នឹងនាំ​ឱ្យ​យើង​សហប្រតិបត្តិការ​ដើម្បី​បង្កា​ទប់ស្កាត់​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់ប្រភេទ​ ដើម្បី​សន្តិសុខ​សុវត្ថិភាព​ប្រទេស​យើង​ទាំងពីរ​ ហើយ​វា​នឹង​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាជន​ ក៏​ដូច​ជា​ប្រទេស​ទាំងពីរ​ដែរ‍»។​

លោក​ឧត្តម​សេនីយ៍ឯក ពៅ សាលីដេត ជំនួយ​ការ​លោក​ នេត សាវឿន​ និង​ជា​អនុប្រធាន​សេនាធិការ​ប៉ូលិស​កម្ពុជា ​ដែល​បាន​ចូល​រួមក្នុង​ពិធី​ចុះ​ហត្ថលេខា​បាន​បញ្ជាក់​ប្រាប់ VOA ថា​ នេះ​គឺ​ជាអនុស្សារណៈ​ទី១ ដែល​សហរដ្ឋ​អាមេរិក​បានចុះ​ជាមួយ​នឹង​ប្រទេស​នានា​ ដោយ​ចាប់​ផ្តើម​ពីប្រទេសកម្ពុជា​មុន​គេ ​ដើម្បីបង្កើត​ក្រុម​ការងារ​សម្រាប់ធ្វើ​ប្រតិបត្តិការ​ ព្រោះក្នុង​ពេល​កន្លងមក​គឺ​មាន​ត្រឹម​តែ​អនុស្សារណៈ​នៃ​ការ​យោគ​យល់ស្តីពី​ការ​ជួយគ្នា​ទៅវិញ​ទៅមក ដែល​មានជា​លក្ខណៈ​មួយ​ទូលំទូលាយ​គឺអត់​មាន​លក្ខណៈ​ពិស្តារ​ជា​ប្រតិបត្តិការ​ទេ‍‍។

លោក​បាន​បន្ថែម​ថា៖

«តាម​ប្រសាសន៍​របស់​ការិយាល័យ​របស់​ឯកឧត្តម​ប្រធាន​ FBI ​គាត់​បាន​បញ្ជាក់​ថា​MOU នេះ​គឺជា​ MOU លើក​ទី១ ដែល ​FBI ចុះ​ជាមួយ​ប្រទេស​បរទេស​ដើម្បី​បង្កើត​ក្រុម​ការងារ​ប្រតិបត្តិការ​ការងារ​តែម្តង។ អីចឹងគឺគេ​យក​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​គំរូ​សម្រាប់​ដល់​ប្រទេស​ដទៃ​ទៀត​ ដើម្បី​អនុវត្ត​នាពេល​ខាងមុខ​ផងដែរ»។

បច្ចុប្បន្ន​ការិយាល័យអនុព័ន្ធផ្នែក​ច្បាប់របស់​ FBI​ ​នៅ​ទីក្រុង​ភ្នំពេញ ធ្វើសកម្មភាព​ខាង​ផ្នែក​សម្រប​សម្រួលការ​ស៊ើបអង្កេត​ជា​អន្ដរជាតិ​ជាមួយ​សហការី​ តាម​ដាន​រក​មើល​មុខ​សញ្ញា​អន្ដរជាតិ​ ដែល​ពាក់​ព័ន្ធ​នឹងការ​ស៊ើបអង្កេត​ក្នុង​សហរដ្ឋ​អាមេរិក។​ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ។

ការិយាល័យ​អនុព័ន្ធ​នេះ​ក៏​ធ្វើ​ការ​ភ្ជាប់​គ្នា​រវាង​លើ​ផ្នែក​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​សំខាន់ៗ​ ដើម្បី​ធានា​សុវត្ថិភាពដល់​សាធារណៈជន​អាមេរិកាំងនៅ​ទីនោះ និង​នៅ​បរទេស​ដោយ​ធ្វើ​សកម្មភាព​រួម​គ្នា​ និង​ការ​ចែករំលែក​ព័ត៌មាន​គ្នា ក៏​ដូច​ជា​សម្រប​សម្រួលវគ្គ​បណ្ដុះ​បណ្ដាល​ របស់ FBI ចំពោះ​នគរបាល​នៅ​តាម​តំបន់ ដែល​មាន​រាប់​តាំងពី​ការ​ប្រឆាំង​ភេរវកម្ម​ និង​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត រហូត​ដល់​បច្ចេកទេស​ធ្វើ​កោសល្យ​វិច័យ ការ​ជួញដូរ​មនុស្ស​និង​សិទ្ធិមនុស្ស​ជាដើម។

ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្តល់​ព័ត៌មាន​ពី ​FBI ​ក្នុង​ពេល​កន្លងមក​ប៉ូលិស​កម្ពុជា​បាន​ចាប់​ខ្លួន​ជនល្មើស ដែល​រត់​គេច​ចេញពីសហរដ្ឋ​អាមេរិក​ទៅ​ពួន​នៅ​កម្ពុជា និង​បាន​សហការ​បង្ក្រាប​ករណី​ឧក្រិដ្ឋ​ជាច្រើន ដូចជា​ទេសចរ​អាមេរិក​ទៅ​ស្វែងរក​សេវា​ផ្លូវភេទ​ជាមួយ​នឹង​អនីតិជន​នៅ​កម្ពុជា​ជាដើម។ នេះ​បើតាម​សេចក្តីរាយការណ៍​នានា​របស់ FBI។

សហរដ្ឋ​អាមេរិក​ក៏​បាន​វាយ​តម្លៃ​ដែរ​ថា​ ប្រទេស​កម្ពុជា​គឺ​ជា​ប្រភព​ ជា​កន្លែង​ឆ្លងកាត់​និង​ជា​ប្រទេស​គោលដៅ​នៃ​ថ្នាំ​ញៀន​ខុសច្បាប់​ផង​ដែរ។ មាន​ជនបរទេស​ជាច្រើន​ក្នុងនោះ​មាន​ពលរដ្ឋ​អាមេរិកាំង​កំពុង​ជាប់​ពន្ធនាគារ​នៅកម្ពុជា​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន។

លោក​គៀត ច័ន្ទថារិទ្ធ​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​កន្លង​មក​លើ​ផ្នែក​អន្តោ​ប្រវេសន៍​បាន​បាន​ល្អ​ផង​ដែរ៖

«ពីមុន​មក​ទល់​ពេល​នេះ​ទាំង​អគ្គស្នងការ​នគរបាល​ជាតិ​ ទាំង​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ គឺ​យើង​បាន​សហការ​គ្នា​ល្អ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​របស់​ប្រទេស​អាមេរិក​ ជាពិសេស​តំណាង​ប្រចាំ​នៅ​ស្ថានទូត។ យើង​បាន​ធ្វើ​កិច្ចការ​ច្រើន​សហការគ្នា​ទៅវិញ​ទៅមក​ ហើយ​ផ្តើមបាន​ពី​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​កន្លងមក​ហ្នឹង​ ហើយ​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា​ ការ​បង្កើត​ឡើង​នូវ​អនុស្សារណៈ​ហ្នឹង ​វា​នឹង​កាន់តែ​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​វា​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ អីចឹង​ហើយ​បាន​ជា​គាត់​ផ្តើមស្នើឱ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើអនុស្សារណៈ​ហ្នឹង‍»។​

​ប្រតិភូ​ប៉ូលិស​កម្ពុជា​ក៏​បាន​ជួបគ្នា​ពិភាក្សា​ការងារជាមួយ​នឹង​នាយកដ្ឋាន​ប្រតិបត្តិការ​អន្តរជាតិ​របស់​ FBI និង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ដើម្បី​ពិភាក្សា​ពី​បទល្មើស​ផ្លូវភេទ​លើ​កុមារ​និង​ក្រុមជន​ពាល ដែល​ជា​ការ​រៀនសូត្រ​និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ពី​ស្ថានភាព​ប្រទេស​រៀងៗ​ខ្លួន។

លោក​ ពៅ សាលីដេត បាន​បន្ថែម​ទៀតថា៖

«ឯកឧត្តម​អគ្គស្នងការ​ក៏គាត់​គិត​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​ល្អ​ដោយ​សារ​ទាំង​ស្ថាប័ន​ FBI គាត់​បាន​បដិសណ្ឋាកិច្ច​យ៉ាងល្អ​ផងដែរ។ យើង​ក៏បាន​ជួប​មិន​ត្រឹម​តែ​នាយក​ FBI ​ ទេ​គឺ​យើង​បាន​ធ្វើ​ការ​ជាមួយខាង​ព្រហ្មទណ្ឌ ខាង​ប្រតិបត្តិការ​អន្តរជាតិ​ផង​ដែរ។ អីចឹង​ជា​សរុបរួម​មក ​គាត់​បាន​ពេញចិត្ត​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​នេះ‍»។

កិច្ច​ព្រមព្រៀងថ្មី​នេះ​ក៏​នឹង​បញ្ចូល​ការ​ហ្វឹកហ្វឺន​ជំនាញ​បន្ថែម និង​ការ​គំាទ្រ​ផ្នែក​បច្ចេកទេសដល់​ភាគីកម្ពុជា​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​គៀត ច័ន្ទថារិទ្ធ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG