នៅកម្ពុជា ដែលជាប្រទេសក្រីក្របំផុតមួយនៅអាស៊ី ការរីកចម្រើនយ៉ាងឆាប់រហ័សខាងបណ្ដាញអ៊ីនធឺណិត និងលទ្ធភាពដែលពលរដ្ឋអាចប្រើប្រាស់ទូរស័ព្ទទំនើបៗបានកើន ឡើងកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានពង្រឹងសិទ្ធិអំណាចពលរដ្ឋបានកាន់តែច្រើនជាងមុន។
ពលរដ្ឋជាច្រើនលាននាក់ ក្នុងចំណោមពលរដ្ឋខ្មែរប្រមាណ១៥លាននាក់ បាននាំគ្នាប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទដៃ កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីចូលទៅប្រើប្រាស់បណ្ដាញសង្គមនានាដូចជា Facebook និង Twitterជាដើម។
បណ្ដាញអ៊ីនធឺណិតនេះបានផ្ដល់ដល់អ្នកប្រើប្រាស់នូវមធ្យោបាយទំនាក់ទំនង និងជាប្រភពព័ត៌មានឯករាជ្យមួយនៅក្នុងសង្គមដែលក្រីក្រ និងរងការគាបសង្កត់ជាយូរយាណាស់មកហើយនោះ។
សកម្មជនខ្មែរមួយចំនួន ដែលចូលចិត្តបច្ចេកវិទ្យា ដូចជាលោក ង៉ែត ម៉ូសេ ជាដើម បានប្រមើលពីនិន្នាការវិវឌ្ឍបែបនេះ ហើយក៏បានចាប់ផ្ដើមប្រើប្រាស់អំណាចនៃបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរសង្គម តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។
បច្ចុប្បន្នជាប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យានៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ លោក ម៉ូសេ បានធ្វើយុទ្ធនាការតាមបណ្ដាញអ៊ីនធឺណិត តាមរយៈវេទិកាផ្សេងៗ ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចអភិវឌ្ឍសង្គម និងនយោបាយ។
លោកបានបណ្ដុះបណ្ដាលអង្គការយុវជន និងសមាជិកមួយចំនួនក្នុងការធ្វើយុទ្ធនាការតាមបណ្ដាញអ៊ីនធឺណិត និងរៀបចំវេទិកាសម្ដែងមតិ និងចែករំលែកបទពិសោធន៍អំពីបច្ចេកវិទ្យាតាមអ៊ីនធឺណិតមួយចំនួនទៀត ដូចជា Open Cyber Talk ជាដើម។
ប៉ុន្តែ ក្នុងអំឡុងពេលប្រមាណ១ឆ្នាំចុងក្រោយនេះ សុទិដ្ឋិនិយមរបស់ក្រុមសកម្មជនអំពីផលវិជ្ជមាននៃការមានអ៊ីនធឺណិតប្រើប្រាស់កាន់តែច្រើនឡើងនេះ បានប្រែក្លាយទៅការភ័យខ្លាចកាន់តែខ្លាំងឡើងទៅវិញ នៅពេលដែលរដ្ឋាភិបាលកម្ពុជាបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយសេរីភាពនៃការបញ្ចេញមតិតាមបណ្ដាញអ៊ីនធឺណិត និងកាត់បន្ថយការប្រឆាំងផ្នែកនយោបាយ។
លោក ង៉ែត ម៉ូសេ បានថ្លែងថា ទាំងរូបលោក ទាំងអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតជាច្រើនទៀត ហាក់មានការប្រយ័ត្នប្រយែងជាងមុន ក្នុងការធ្វើអត្ថាធិប្បាយ ឬបង្ហោះសារទាក់ទងនឹងនយោបាយ ដោយសារតែមានការកើនឡើងនូវសកម្មភាពឃ្លាំមើលខ្លឹមសារតាមបណ្ដាញអ៊ីនធឺណិត និងការព្រមាន ឬការចាប់ខ្លួនអ្នកប្រើប្រាស់អ៊ីនធឺណិតជាបន្តបន្ទាប់។
«សេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសកម្ពុជា បើយើងមើលនៅលើ Surface [ផ្ទៃខាងលើ ] គឺថា បើកទូលំទូលាយច្រើន។ ប៉ុន្តែនៅពេលដែលយើងមើលទៅលើការអនុវត្តខាងក្នុងវិញ ថាតើប្រជាពលរដ្ឋភ័យខ្លាចក្នុងការនិយាយស្ដី ប្រជាពលរដ្ឋភ័យខ្លាចក្នុងការបញ្ចេញមតិខ្លួនឯងអត់នោះ ជាទូទៅរបាយការណ៍ យើងមើលឃើញហើយថា ប្រជាពលរដ្ឋនៅតែមានការភ័យខ្លាចដដែលទេ»។
ទន្ទឹមពេលជាមួយគ្នានេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានបង្កើនសកម្មភាពរបស់ខ្លួនលើបណ្ដាញអ៊ីនធឺណិតយ៉ាងសកម្ម នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ ដើម្បីនិយាយទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមថ្មីៗរាប់លាននាក់។
នៅដើមឆ្នាំ២០១៦ ច្បាប់ទូរគមនាគមន៍ថ្មីបានបង្កើនសិទ្ធិអំណាចរបស់រដ្ឋាភិបាលលើឧស្សាហកម្មទូរគមនាគមន៍ ដោយផ្ដល់អំណាចដល់រដ្ឋក្នុងការ«ឈ្លបយកការណ៍ ឬឃ្លាំមើលសកម្មភាពនានា» ដែលការណ៍នេះបង្ក«ការគំរាមកំហែងដល់ឯកជនភាពរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់ៗ»។ នេះបើយោងតាមអង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ច្បាប់ទូរគមនាគមន៍ថ្មីនេះរួមបញ្ចូលទាំងទោសទណ្ឌចំពោះបទល្មើសជាច្រើន។ ក្នុងនោះ ទោសជាប់ពន្ធនាគារពី៧ដល់១៥ឆ្នាំ ចំពោះការគំរាមកំហែងដល់«សន្តិសុខជាតិ»។ បទចោទកាន់ប្រកាន់នេះត្រូវបានក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកមើលឃើញថា មានលក្ខណៈស្រពិចស្រពិល និងផ្ដល់លទ្ធភាពឲ្យមានការរំលោភបំពានផ្នែកនយោបាយ។
ចំណែកច្បាប់មួយទៀតស្ដីពីឧក្រិដ្ឋកម្មលើបណ្ដាញអ៊ីនធឺណិត ដែលមិនទាន់ត្រូវបានអនុម័តនៅឡើយនោះ ក៏បង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកំហិតផ្លូវច្បាប់ទៅលើអ្វីដែលអ្នកប្រើប្រាស់អ៊ីនធឺណិតអាចបង្ហោះនៅលើបណ្ដាញនេះ។
នៅឆ្នាំ២០១៦ តុលាការបានប្រើប្រាស់ច្បាប់ចំណាស់មួយ ដើម្បីដាក់ទោសអ្នកប្រឆាំងរដ្ឋាភិបាលតាមបណ្ដាញអ៊ីនធឺណិត ដោយបានកាត់ទោសនិស្សិតម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទញុះញង់ ដោយសារតែគាត់បង្ហោះសារមួយនៅបណ្ដាញសង្គម Facebook ដែលមានលក្ខណៈរិះគន់គណបក្សកាន់អំណាច។
ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងបានក្លាយជាគោលដៅនៃការវាយប្រហារកាន់តែខ្លាំងឡើងប្រឆាំងនឹងសេចក្ដីថ្លែងការណ៍តាមបណ្ដាញអ៊ីនធឺណិតរបស់ខ្លួន។ ក្នុងនោះ សមាជិកព្រឹទ្ធសភាគឺលោក ហុង សុខហួរ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទចោទដែលថា លោកបានបង្ហោះឯកសារផែនទីក្លែងក្លាយនៅលើបណ្ដាញសង្គម Facebook ទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម។ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងរូបនេះត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយពីមានព្រះរាជក្រឹត្យបង្គាប់ឲ្យដោះលែងលោក តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីខែវិច្ឆិកាកន្លងទៅនេះ អ្នកលក់ផ្លែឈើម្នាក់ត្រូវបានចាប់ខ្លួននៅប៉ែកខាងលិចប្រទេសកម្ពុជា ហើយស្រ្តីវ័យ២០ឆ្នាំរូបនេះក៏ត្រូវបានរាយការណ៍ថា ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងជេរប្រមាថលោក ហ៊ុន សែន និងមហាក្សត្រិយានី នរោត្តម មុនីនាថ សីហនុ នៅលើបណ្ដាញសង្គម Facebook។
អ្នកនាង សន រ៉ាមាណា អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់វីអូអេតាមសារអេឡិចត្រូនិកថា៖
«ស្ថានការណ៍នៃសេរីភាពលើបណ្ដាញអ៊ីនធឺណិតនៅកម្ពុជាមានសភាពគួរឲ្យបារម្ភកាន់តែខ្លាំងឡើង»។
អ្នកនាង រ៉ាមាណា បន្ថែមទៀតថា សមត្ថភាពខាងបច្ចេកវិទ្យារបស់រដ្ឋាភិបាលក្នុងការប្រមូលទិន្នន័យតាមបណ្ដាញសង្គម និងទូរគមនាគមន៍នានាពីអ្នកប្រើប្រាស់ម្នាក់ៗ ក៏កាន់តែមានការរីកចម្រើនខ្លាំងដែរ។
«ក្នុងបរិយាកាសនយោបាយបច្ចុប្បន្ន អ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវតែដឹងពីហានិភ័យទាក់ទងនឹងអ្វីដែលពួកគេបង្ហោះ ឬចែកបន្តនៅលើ Facebook និងលើបណ្ដាញអ៊ីនធឺណិតផ្សេងៗទៀត»។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏បានបន្ទរការព្រួយបារម្ភទាំងនេះដែរ។
«យើងក៏មានការព្រួយបារម្ភដែរទាក់ទងទៅនឹងការជ្រៀតជ្រែកចូល ឬក៏យើងប្រើភាសាបច្ចេកទេស យើងហៅថា ការ Hack ចូលទៅក្នុងគណនេយ្យទាំងអស់ហ្នឹងដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម អ្នកធ្វើការសង្គម ឬមួយក៏សកម្មជនសិទ្ធិមនុស្សគឺថា គាត់មិនមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ហ្នឹងទេ នៅក្នុងការឆ្លើយឆ្លង ឬមួយក៏ផ្សព្វផ្សាយព័ត៌មានរបស់ពួកគាត់»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងប្រាប់វីអូអេថា ការរិះគន់បែបនេះគឺគ្រាន់តែជាការបំប៉ោងស្ថានការណ៍ខុសពីការណ៍ពិតតែប៉ុណ្ណោះ ហើយថា ការកាត់ទោសជនណាម្នាក់ដោយសារតែខ្លឹមសារនៅលើបណ្ដាញអ៊ីនធឺណិតនោះ គឺពាក់ព័ន្ធតែអ្នកទាំងឡាយណា ដែលធ្វើការបរិហារកេរ្តិ៍អ្នកដទៃដោយអយុត្តិធម៌ ឬបង្កគ្រោះថ្នាក់ពិតប្រាកដតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា៖
«យើងយល់ឃើញថា ការទិតៀនជាព័ត៌មានដែលលើកឡើងតាមរយៈពហុមតិ ក៏ប៉ុន្តែអ្នកបរិហារ អ្នករៀបចំយុទ្ធនាការឃោសនា វិទ្ធង្សនា យើងអត់ត្រូវការ ហើយយើងអត់ចង់ឲ្យអ្នកនិយាយហ្នឹង និយាយស្រេចតែនឹកឃើញ និយាយក្នុងលក្ខណៈវិទ្ធង្សនា ឬយុទ្ធនាការប្រឆាំងបំបាក់កិត្តិយសអ្នកដទៃ ហើយអ្នកហ្នឹងក៏ត្រូវតែទទួលខុសត្រូវ។ សួរថា តើមានវិធានការទេ? គឺច្បាប់យើងមាន!»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគឺលោក សុខ ឥសាន ក៏បានបន្ថែមដែរថា៖
«ខ្ញុំយល់ថា មនុស្សល្អអត់ចេះភ័យខ្លាចទេ បើទោះជាគេតាមដានយ៉ាងម៉ិចក៏ដោយ ក៏មិនជារឿងភ័យខ្លាចអីដែរ បើខ្លួនឯងអត់មានអី ធ្វើឲ្យគេចាប់ពិរុទ្ធភាពបាននោះ។ តែអ្នកភ័យខ្លាចនោះច្រើនតែជាអ្នកមានខ្លួន។ អ្នកមានខ្លួនហ្នឹងគឺអ្នកប្រព្រឹត្តល្មើសហើយចង់លាក់បាំង»។
តែទោះជាយ៉ាងនេះក្តី ការគាបសង្កត់ដែលកាន់តែខ្លាំងឡើងនៅលើបណ្ដាញអ៊ីនធឺណិតនេះ កើតឡើងចំពេលដែលមានការបង្ក្រាបជាទូទៅលើគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅមុនការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨។
កាលពីខែកញ្ញាកន្លងទៅនេះ ប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ត្រូវបានចាប់ខ្លួន ហើយត្រូវចោទប្រកាន់ពីបទក្បត់ជាតិ។ លោក ហ៊ុន សែន បានប្រកាសថា គណបក្សប្រឆាំងនេះនឹងត្រូវរំលាយ ហើយសមាជិកគណបក្សនេះជាច្រើនរូប រួមទាំងអនុប្រធានគណបក្សដែលទទួលបានការគោរពច្រើនគឺលោកស្រី មូរ សុខហួរ ផងនោះ បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយសារខ្លាចការចាប់ខ្លួន។
ទន្ទឹមពេលជាមួយគ្នានេះដែរ កាសែតឯករាជ្យជាភាសាអង់គ្លេស និងខ្មែរ គឺ The Cambodia Daily ដែលបានដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២៤ឆ្នាំកន្លងមកហើយនោះ បានបិទទ្វារលែងដំណើរការ ក្រោយពីស្ថាប័នសារព័ត៌មានមួយនេះត្រូវបានអាជ្ញាធរតម្រូវឲ្យបង់ពន្ធគិតជាទឹកប្រាក់ជាង៦លានដុល្លារអាមេរិក។
ការិយាល័យភាសាខ្មែររបស់វិទ្យុអាស៊ីអាស៊ីប្រចាំនៅរាជធានីភ្នំពេញក៏បានបិទ ហើយស្ថានីយវិទ្យុ FM ក្នុងស្រុកក៏ត្រូវបានបង្គាប់ឲ្យឈប់ចាក់ផ្សាយ ឬផ្សាយបន្តកម្មវិធីព័ត៌មានជាភាសាខ្មែររបស់វិទ្យុអាស៊ីសេរី និងវីអូអេផងដែរ។
បន្ថែមពីនេះទៀត វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ក៏ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយពីអង្គការនេះបានប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អង្គការជាតិមួយចំនួន ដែលទទួលមូលនិធិពីបរទេស ក៏ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យផ្អាកដំណើរការដែរ ដោយសំអាងហេតុផលថា អង្គការទាំងនោះមិនបានបំពេញតាមលក្ខខណ្ឌចាំបាច់មួយចំនួនដែលច្បាប់តម្រូវ។
ការបង្ក្រាបដ៏អាក្រក់បំផុតក្នុងអំឡុងពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ បានញ៉ាំងឲ្យមានការថ្កោលទោសជាអន្តរជាតិ និងមានការព្រមានអំពីចំណាត់ការផ្សេងៗ ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម ប៉ុន្តែកម្ពុជា ដែលពឹងផ្អែកលើការគាំទ្រនិងជំនួយរបស់ចិននោះ ហាក់មិនចាប់អារម្មណ៍នឹងការព្រមានទាំងនេះទេ។
ទោះជាមានការបង្ក្រាបយ៉ាងទូលំទូលាយបែបនេះក្ដី ក៏ពលរដ្ឋខ្មែររាប់លាននាក់ នាពេលបច្ចុប្បន្ននេះ បាននាំគ្នាប្រើប្រាស់បណ្ដាញសង្គម Facebook ហើយភ្ជាប់ទំនាក់ទំនងរបស់ពួកគេតាមរយៈកម្មវិធីទូរគមនាគមន៍ផ្សេងៗ ដែលជួលកាល កម្មវិធីនោះមានការដាក់លេខសម្ងាត់ ដើម្បីកុំឲ្យមានការលួចចូលមើលព័ត៌មាន ឬលួចស្ដាប់ការសន្ទនារបស់ពួកគេថែមទៀតផង។
អ្នកជំនាញ និយាយថា រដ្ឋាភិបាលណាក៏ដោយ ដែលមានលក្ខណៈរឹតត្បិត គឺត្រូវប្រឈមការលំបាកក្នុងការត្រួតពិនិត្យការចែកចាយព័ត៌មានឯករាជ្យ ដែលអាចធ្វើឲ្យសាធារណជនដឹងពីបញ្ហារសើបខាងនយោបាយនានា។
នៅឆ្នាំ២០១៥ បណ្ដាញអ៊ីនធឺណិត ឬ Facebook បានក្លាយជាប្រភពព័ត៌មានដ៏សំខាន់ទី១សម្រាប់ពលរដ្ឋខ្មែរ ហើយអ្នកប្រាស់ប្រាស់បណ្ដាញនេះដើម្បីទទួលព័ត៌មាន មានចំនួន៣០ភាគរយ គឺបានវ៉ាប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ និងវិទ្យុភាគច្រើនដែលគ្រប់គ្រងដោយរដ្ឋ ឬស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល ដែលមានអ្នកប្រើប្រាស់២៩ភាគរយ សម្រាប់ទូរទស្សន៍ និង១៥ភាគរយសម្រាប់វិទ្យុ។ នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយរបស់អង្គការមូលនិធិអាស៊ី Asia Foundation។
លោក Mike Godwin អ្នកជំនាញការខាងសេរីភាពលើបណ្ដាញអ៊ីនធឺណិត និងជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន R Street ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានថ្លែងប្រាប់វីអូអេថា លទ្ធភាពដែលពលរដ្ឋកាន់តែច្រើនឡើងអាចទទួលបានព័ត៌មានតាមបណ្ដាញអ៊ីនធឺណិត ឬបណ្ដាញសង្គមនេះ ជារឿយៗ ធ្វើឲ្យពួកគេភ្ញាក់ខ្លួន ហើយទំនងជារិះគន់រដ្ឋាភិបាលកាន់តែច្រើនឡើង។
«តាមពិតទៅ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងខ្លឹមសារតាមបណ្ដាញអ៊ីនធឺណិត ប្រហែលជាមិនមានប្រសិទ្ធភាព ដូចពួកគេគិតនោះទេ ពីព្រោះការធ្វើបែបនេះអាចជះឥទ្ធិពល ធ្វើឲ្យពលរដ្ឋភ្ញាក់រឭក ហើយមិនសប្បាយចិត្តទៅវិញ»។
នៅពេលដែលអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពគឺលោកបណ្ឌិត កែម ឡី ត្រូវបានគេធ្វើឃាតកាលពីឆ្នាំមុន ក្បួនដង្ហែសពរបស់លោកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោកនៅខេត្តតាកែវនោះ បានទាក់ទាញមនុស្សម្នារាប់សែននាក់ ដែលភាគច្រើន ត្រូវបានគេរាយការណ៍ថា បានដឹងដំណឹងអំពីការហែសពរបស់លោក តាមរយៈការចែកចាយសារបន្តគ្នាតាមបណ្ដាញសង្គម។
ផ្អែកតាមអង្គការ Freedom House សមត្ថភាពនិងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការត្រួតត្រាខ្លឹមសារលើបណ្ដាញអ៊ីនធឺណិតនេះ គឺនៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសជិតខាងរបស់កម្ពុជា។ អង្គការនេះបានចាត់ថ្នាក់កម្ពុជា ថាជាប្រទេសដែលមានសេរីភាពខ្លះៗនៅតាមបណ្ដាញអ៊ីនធឺណិត កាលពីឆ្នាំ២០១៦។
ប៉ុន្តែអ្នកនាង Earp Maleline អ្នកវិភាគ និងស្រាវជ្រាវរបស់អង្គការ Freedom House ដែលទទួលបន្ទុកត្រួតពិនិត្យរបាយការណ៍សេរីភាពតាមបណ្ដាញអ៊ីនធឺណិតនៅតំបន់អាស៊ី រួមទាំងកម្ពុជាផងនោះ បានថ្លែងប្រាប់វីអូអេថា សេរីភាពលើបណ្ដាញអ៊ីនធឺណិតនៅកម្ពុជា នឹងបន្តធ្លាក់ចុះថែមទៀត នៅឆ្នាំនេះ ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាលលើសំឡេងរិះគន់តាមបណ្ដាញអ៊ីនធឺណិតនេះ។
«ជាការណ៍ពិតណាស់ សហគមន៍អន្តរជាតិគួរតែបន្តបញ្ចេញសំឡេងគាំទ្រពលរដ្ឋដែលបាន និងកំពុងប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនេះ ដើម្បីឲ្យពួកគេអាចសម្ដែងមតិរបស់ពួកគេ»។
ខណៈដែលមានការត្រួតត្រារបស់រដ្ឋាភិបាលកាន់តែតឹងរ៉ឹងឡើងទៅលើសំឡេងប្រឆាំងតាមបណ្ដាញអ៊ីនធឺណិតនោះ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកបានព្យាយាមពង្រីកការប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន ដើម្បីនិយាយទៅកាន់សាធារណជនឲ្យបានកាន់តែច្រើនឡើង មុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាឈ្នះគណបក្សសង្គ្រោះជាតិ តែបន្តិចប៉ុណ្ណោះ បើផ្អែកលើលទ្ធផលដែលមានការជំទាស់ពីគណបក្សប្រឆាំង។
បុរសខ្លាំងគឺលោក ហ៊ុន សែន ក៏បានជំរុញឲ្យមន្ត្រីក្រោមឱវាទរបស់លោក ប្រើប្រាស់បណ្ដាញសង្គម ហើយរូបលោកផ្ទាល់ក៏មានទំព័រ Facebook របស់លោកដែរ ដែលមានអ្នកតាមដានជិត៩លាននាក់។
រូបថត និងវីអូអេនានារបស់នាយករដ្ឋមន្ត្រីវ័យ៦៥ឆ្នាំរូបនេះ ក៏បានបង្ហាញអំពីសកម្មភាពផ្សេងៗរបស់លោក ដូចជា លោកបើកបររថយន្តដោយខ្លួនឯង និងចូលរួមក្នុងពិធីផ្សេងៗ ហើយនឹងរូបលោកហាត់ប្រាណជាញឹកញាប់ជាដើម។
អ្នកស្រាវជ្រាវខ្លះនិយាយថា រដ្ឋាភិបាលកម្ពុជាបានបង្កើតកម្មវិធីទូទាំងប្រទេសមួយ ដោយមានក្រុមទទួលបន្ទុកកិច្ចការអ៊ីនធឺណិតនៅថ្នាក់មូលដ្ឋាន ដោយចែកចាយសារគាំទ្រគណបក្សប្រជាជនកម្ពុជា វាយបកគណបក្សប្រឆាំង និងវាយប្រហារទៅលើការរិះគន់នានាប្រឆាំងនឹងរដ្ឋាភិបាល តាមបណ្ដាញសង្គម។
លោក ង៉ែត ម៉ូសេ សកម្មជនអង្គការដែលចូលចិត្តប្រើប្រាស់បច្ចេកវិទ្យានោះ និយាយថា ការក្រសោបយកបណ្ដាញសង្គមថ្មីៗដោយគណបក្សប្រជាជនកម្ពុជា បានត្រឹមតែធ្វើឲ្យសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាកាន់តែធ្លាក់ដុនដាបថែមទៀត ដូចដែលលោកបានមើលឃើញ តាមរយៈវិធីគ្រប់គ្រង ដែលគេប្រើប្រាស់នៅលើទំព័រ Facebook គាំទ្រគណបក្សប្រជាជនកម្ពុជានោះ។
លោក ម៉ូសេ បន្ថែមទៀតថា សេរីភាពតាមបណ្ដាញអ៊ីនធឺណិតនៅកម្ពុជា មើលពីខាងផ្ទៃខាងលើទៅ ហាក់មានលក្ខណៈល្អប្រសើរជាងនៅតាមបណ្ដាប្រទេសអាស៊ានផ្សេងទៀត ប៉ុន្តែសម្រាប់ការអនុវត្តជាក់ស្ដែងវិញ វាមិនមែនដូច្នោះឡើយ៕