ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Freedom House ដាក់​ពិន្ទុ​កម្ពុជា​នៅ​បាត​តារាង​នៃ​សេរីភាព​ជា​មូលដ្ឋាន


ស្លាកសញ្ញា​អង្គការ Freedom House
ស្លាកសញ្ញា​អង្គការ Freedom House

អង្គការ​ Freedom House​ ឲ្យ​ពិន្ទុ​កម្ពុជា​តែ​២៦​ លើ​១០០ ​គឺ​ប្រហាក់​ប្រហែល​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ មាន​ដូចជា​អាហ្វហ្គា​នីស្ថាន​នៅ​តំបន់​អាស៊ីខាង​ត្បូង​​ និង Djibouti នៅ​តំបន់​អាហ្វ្រិក​ខាង​កើត។

សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប​មួយ​ ​ដោយ​នៅឆ្នាំ​២០១៩​នេះ​ ​កម្ពុជា​ទទួល​បាន​ពិន្ទុត្រឹមតែ ២៦ពិន្ទុ ​ ក្នុងការវាយ​តម្លៃ​របស់អង្គការ​ ​Freedom House​ ​ដែល​ជា​អង្គការ​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​សេរីភាព​ប្រជាធិប​តេយ្យ និង​សិទ្ធិ​ជន​ស៊ីវិល​ជា​លក្ខណៈ​សាកល។​

​យោង​តាម​របាយការណ៍​មាន​ចំណងជើងថា​ «សេរីភាព​នៅក្នុង​ពិភពលោក​ឆ្នាំ​២០១៩»​ ចេញ​ផ្សាយ​ដោយ​អង្គការ​ Freedom House​ នៅ​សប្តាហ៍​នេះ​ ប្រទេស​មួយចំនួន​ទៀត​ បាន​ទទួល​ពិន្ទុ​ប្រហាក់​ប្រហែល​នឹង​កម្ពុជា​ ក្នុងនោះ​មានប្រទេស​អាហ្វហ្គានីស្ថាន​ទទួល​បាន២៧ពិន្ទុ​ ប្រទេស Djibouti​ ទទួល​បាន​២៦ពិន្ទុ​ ប្រទេស​ Gabon ទទួលបាន​២៣ពិន្ទុ​ និងប្រទេស​Qatar​ ទទួល​បាន​២៥ពិន្ទុ។​

ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​១០០​ពី​អង្គការ​ Freedom House ត្រូ​វចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​សេរីភាព​ជា​ទីបំផុត ហើយ​សូន្យ​គឺជា​ប្រទេស​គ្មាន​សេរីភាព។​

ក្នុង​ការវាយ​តម្លៃ​នៅ​ឆ្នាំ ២០១៩ នេះ របស់​អង្គការ Freedom Houseដែល​ជា​អង្គការ​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិ​ជន​ស៊ីវិល​ជា​លក្ខណៈ​សាកល បាន​ដាក់​ពិន្ទុ​កម្ពុជា២៦​លើ​១០០ នៃ​សេរីភាព​ជា​មូលដ្ឋាន។
ក្នុង​ការវាយ​តម្លៃ​នៅ​ឆ្នាំ ២០១៩ នេះ របស់​អង្គការ Freedom Houseដែល​ជា​អង្គការ​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិ​ជន​ស៊ីវិល​ជា​លក្ខណៈ​សាកល បាន​ដាក់​ពិន្ទុ​កម្ពុជា២៦​លើ​១០០ នៃ​សេរីភាព​ជា​មូលដ្ឋាន។

​កម្ពុជា​ក៏​ទទួល​បានចំណាត់​ថ្នាក់​ទាប​បំផុត ចំពោះ​ស្ថានភាព​នៃ​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ខាង​ស៊ីវិល​ ពោល​គឺ​កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​ទី៦​ និង​ចំណាត់​ថ្នាក់ទី៥​ នៃ​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ខាង​ស៊ីវិល​នេះ។​ ចំណាត់​ថ្នាក់​ដែល​បញ្ជាក់​ថា ​ប្រទេស​មួយ​មាន​សេរីភាព​បំផុត​សម្រាប់​សិទ្ធិ​នយោបាយ​និង​សេរីភាព​ខាង​ស៊ីវិលនេះ​គឺ​នៅ​ចំណាត់​ថ្នាក់​ទី១​ ​ហើយ​មិន​សូវ​សេរី​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី៧។​

សម្រាប់​ស្ថានភាពសេរីភាព​សារព័ត៌មាន​ឯករាជ្យ​ ​និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​ខាង​នយោបាយ​ និង​ការ​ជួបប្រជុំ​នោះ​ កម្ពុជា​ក៏​ទទួល​បាន​ពិន្ទុ​ទាប​បំផុត​ផង​ដែរ។​

របាយការណ៍​របស់​អង្គការ​ ​Freedom House ​ ​បាន​សរសេរ​ក្នុងន័យ​ដើម​ថា៖​

«រដ្ឋា​ភិបាល​បាន​ប្រើ​ពាក្យ​បណ្តឹង​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ព្រហ្មទណ្ឌ​ និង​វិក្កយបត្រ​បង់​ពន្ធ​ដ៏​ច្រើន​លើសលុប​ ហើយ​យូរៗ​ម្តង​យក​ការ​វាយប្រហារ​យ៉ាង​ហិង្សា​ ជា​មធ្យោបាយ​ដើម្បី​គំរាម​កំហែង​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ មាន​ស្ថាប័ន​ផ្សព្វផ្សាយ​បោះពុម្ព​ វិទ្យុ​ ទូរទស្សន៍​ជាច្រើន​មែន​ តែ​ភាគ​ច្រើន​នៃ​ស្ថាប័ន​ទាំងនោះកាន់​កាប់​ និង​ប្រតិបត្តិការ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា»។​

​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​ចែក​រំលែក​ការ​រក​ឃើញ​របស់​អង្គការ​ ​Freedom House​ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ ដោយ​សា្ថន​ទូត​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ជា​រៀង​រាល់​ឆ្នាំ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ដែល​មាន​ឈ្មោះ​ថា Freedom House​ ​ធ្វើការ​វាយ​តម្លៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​មួយៗ​ ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ សារព័ត៌មាន​ ​និង​សេរីភាព​របស់​មនុស្ស​ម្នាក់ៗ»។​

ស្ថានទូត​បាន​សរសេរ​បន្ថែម​ថា៖

«ការ​កំណត់​លំដាប់​ថ្នាក់​មាន​ផល​ទៅ​លើ​ការ​យល់ឃើញ​ជា​អន្តរជាតិ​ ទៅ​លើ​ប្រទេស​មួយ។ គួរ​ឲ្យ​ស្តាយ​ដែល​សេរីភាព​ពលរដ្ឋ​និង​សិទ្ធ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ដែល​កំពុង​មាន​ការ​ធ្លាក់​ចុះ​ ដោយ​រួម​ទាំង​កង្វះ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ និង​ការដើរ​ថយ​ក្រោយ​យ៉ាង​គំហុក​នៃ​ផ្នែក​សារព័ត៌មាន​ឯករាជ្យ​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​ធ្លាក់​ចុះយ៉ាង​ចោទ»។​

លោក​ មាស សុភ័ណ្ឌ​ អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌មាន​ បាន​ច្រានចោល​ការ​វាយតម្លៃ​របស់​អង្គការ​ Freedom House។​ លោក​ថា​ កម្ពុជា​បាន​ចូលរួម​លើក​កម្ពស់​សេរីភាព​សារព័ត៌​មាន​ និង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​គ្រប់​រូប។​

«រាជរដ្ឋាភិបាល​តែង​តែ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការ​លើក​កម្ពស់​ សិទ្ធិ​សេរីភាព​សារព័ត៌មាន​ ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​។ អ៊ី​ចឹងហើយ​ ការ​ដាក់​ចំណាត់​ថ្នាក់​នោះ​ គឺគ្រាន់តែ​ជា​ការវាយ​តម្លៃ​ ដែលមិន​ឆ្លុះបញ្ចាំង​អំពី​អ្វីដែល​ជា​តថភាព​ពិត របស់​សង្គម​ និង​បរិយាកាស​សារព័ត៌មាន​នៅកម្ពុជា​នោះ​ទេ»។​

ការ​ចេញរបាយ​ការណ៍​របស់​អង្គការ​ Freedom House​ ​ធ្វើឡើង​ នៅ​ចំ​ពេល​ដែល​អតីតអ្នក​សារ​ព័ត៌មាន​ពីរ​នាក់​របស់​វិទ្យុអាស៊ីអាសេរីគឺ​លោក​អ៊ួន ឈិន​ និង​លោក​យាង​ សុធារិន្ទ​ ហៅ​យាង​ សុជា​មេត្តា នៅ​បន្ត​រង​ការ​ចោទ​ពី​ ​បទ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ​។ ហើយ​នៅពេល​ថ្មីៗនេះ​ តុលាការ​ក្រុង​ភ្នំពេញ​បានកាត់​ទោស​លោក​ រ៉ាត់​ រត្ន​មុនី​ អ្នក​កាសែត​និងជា​អ្នកបកប្រែ​ឲ្យបណ្តាញ​ព័ត៌មានរដ្ឋ​រុស្ស៊ី​ RT (ឬហៅថា​ Russia Today)ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ពីរឆ្នាំ​ បន្ទាប់​ពី​លោក​បាន​ស្ថិត​ក្នុង​ពន្ធនាគារ​ជាង​ប្រាំមួយ​ខែ​មក​នោះ។​

លោក​ មាស សុភ័ណ្ឌ​ មាន​ប្រសាសន៍​ថា​ ចំណាត់​ការផ្លូវច្បាប់​លើ​អ្នក​កាសែត​ខាង​លើនេះ​ ជា​ផ្នែក​មួយនៃការ​អនុវត្តច្បាប់​របស់​ប្រទេស​ឯករាជ្យ​មួយ​តែ​ប៉ុណ្ណោះ។​

«សូម​បញ្ជាក់​អ៊ីចេះ​ថា​ កម្ពុជា​គឺ​ជា​រដ្ឋ​ឯករាជ្យ​ ជារដ្ឋ​អធិបតេយ្យ​ អ៊ីចឹង​ការ​អនុវត្ត​ទាំងអស់នេះ​ គឺ​ជា​ការ​ពង្រឹង​ នូវអ្វីដែល​ជាគោល​ការណ៍​ច្បាប់​ ជា​នីតិរដ្ឋ​នៅ​កម្ពុជា។​ អ៊ីចឹង​ហើយ​ ការ​អនុវត្ត​ទាំង​អស់​នេះ​ គឺ​អនុលោមទៅ​តាម​អ្វីដែល​ជា​ច្បាប់​ ដែល​មាន​ជា​ធរមាន​ ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា»។

ក្នុង​ការ​វាយតម្លៃ​លើ​ស្ថានភាព​សិទ្ធិ​សេរីភាព​ជា​រួម​នៅកម្ពុជា​ អង្គការ​ Freedom House​ ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ប្រព័ន្ធ​តុលាការ​នៅប្រទេស​កម្ពុជា​ត្រូវ​បាន​ញំាញី​ដោយ​អំពើ​ពុករលួយ​ និង​ខ្វះ​ភាព​ឯករាជ្យ។ ចៅក្រម​បាន​សម្របសម្រួល​រដ្ឋាភិបាល​ឲ្យ​បន្ត​ការចោទ​ប្រកាន់​ប្រឆាំង​អ្នក​នយោបាយ​ជំទាស់ជា​ច្រើន ដែល​ក្នុង​នោះ​មាន​លោក​ កឹម សុខា​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧៕

XS
SM
MD
LG