ប្រទេសកម្ពុជាបានប្តេជ្ញាបន្តបញ្ជូនកងកម្លាំងយោធារបស់ខ្លួន ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប៉ុន្តែក៏បានអះអាងពីការត្រៀមខ្លួនឱ្យបានច្រើនជាងមុន ដើម្បីស្វ័យការពារនៅពេលដែលមានការវាយប្រហារកើតឡើង។
លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ក្នុងបទសម្ភាសន៍ពិសេសជាមួយនឹង VOA នៅទីក្រុងញូវយ៉ក ក្នុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រថា៖
«ទោះជាកម្ពុជាកំពុងតែស្ថិតក្នុងស្ថានភាពមួយកំពុងលំបាកលើបញ្ហាផ្ទៃក្នុង ក៏កម្ពុជានៅតែប្តូរផ្តាច់បញ្ជូនកម្លាំងជាបន្តបន្ទាប់ គឺជាង ១០ ឆ្នាំកន្លងមកនេះដោយបានបំពេញយ៉ាងពេញលេញតាមសំណូមពររបស់អង្គការសហប្រជាជាតិ។ ... ការអះអាងពីប្រមុខអ្នកដឹកនាំរបស់យើងខ្ញុំ គឺថានឹងប្តូរផ្តាច់ដើម្បីបញ្ជូនកម្លាំងទៅប្រតិបត្តិការរក្សាសន្តិភាពជាបន្តទៀត ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏យើងនៅតែប្តូរផ្តាច់ដើម្បីរួមចំណែកតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន»។
ក្រុមរដ្ឋមន្ត្រីការពារជាតិនៅទូទាំងពិភពលោកបានមកជួបប្រជុំរយៈពេលមួយថ្ងៃ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រ ទី ២៩ ខែមីនា ដើម្បីស្វះស្វែងរកវិធីបង្កើនបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្កោតឺរ៉េស (Antonio Guterres) បានបញ្ជាក់ក្នុងសុន្ទរកថាបើកសម័យប្រជុំថា៖
«ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ប្រតិបត្តិការថែរក្សាសន្តិភាពរបស់យើងបានជួយដល់ប្រទេសជាច្រើនតាំងពី លីបេរីយ៉ា និងសេរ៉ាឡេអូន ដល់ ទីម័រខាងកើត និងកម្ពុជា ធ្វើអន្តរកាលឈានពីជម្លោះទៅសន្តិភាព។ ប៉ុន្តែដោយសារតែជម្លោះកាន់តែមានភាពស្មុគស្មាញនិងប្រឈមមុខខ្លាំង គឺប្រតិបត្តិការរបស់យើងក៏ត្រូវដើរឱ្យទាន់សភាពការណ៍ផងដែរ»។
លោកអគ្គលេខាធិការក៏បានអំពាវនាវដល់ប្រទេសនានាឱ្យបំពេញកង្វះខាតរថពាសដែក ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ ការស៊ើបការណ៍ ការតាមដានមើលសភាពការណ៍ កងកម្លាំងប្រតិកម្មរហ័ស និងក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ជាដើមសម្រាប់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។
ប្រទេសកម្ពុជាបានចាប់ផ្តើមបញ្ជូនកម្លាំងចូលរួមក្នុងក្របខណ្ឌថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០០៦ ដោយបញ្ជូនកម្លាំងបានជាង ៥០០០ នាក់ដែលមានជំនាញដោះមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ វិស្វកម្មនៅក្នុងប្រទេសជាច្រើន ដែលមានដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ និងម៉ាលីជាដើម។
កងកម្លាំងកម្ពុជាក៏រងការវាយប្រហារពីរបីដងផងដែរ នៅក្នុងប្រទេសដែលពួកគេធ្វើប្រតិបត្តិការ ដូចជានៅឆ្នាំ ២០១៧ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលបានបណ្តាលឱ្យមានស្លាប់បួននាក់។ ការវាយប្រហារកាលពីដើមឆ្នាំ ២០១៨ នៅប្រទេសម៉ាលីមិនបណ្តាលឱ្យរងរបួសកម្លាំងកម្ពុជាទេ ប៉ុន្តែបានកម្ទេចកន្លែងស្នាក់នៅរបស់ពួកគេ។
លោករដ្ឋមន្ត្រី ទៀ បាញ់ បានបន្ថែមថា៖
«មុននឹងទៅគឺធ្វើតាមលក្ខខណ្ឌទាំងឡាយនិយាមដែលអង្គការសហប្រជាជាតិបានតម្រូវ ពីព្រោះយើងត្រូវបំពេញទៅតាមហ្នុង។ មានកន្លែងខ្លះ យើងបំពាក់អាវុធគួរសមដែរ គឺសំដៅខ្លាំងបំផុតដើម្បីការពារខ្លួនជាសំខាន់។ ឥឡូវនេះដោយសារមានហានិភ័យខ្ពស់ខ្លះដែរនៅប្រទេសមួយចំនួន។ ជាក់ស្តែង កន្លងមកនេះយើងបានជួបនូវហានិភ័យអាហ្វ្រិក ក៏ដូចជានៅម៉ាលី ក៏អីចឹងដែរ។ ឥឡូវនេះយើងកំពុងបំពេញបន្ថែមនូវសមត្ថភាពការពារខ្លួន ហើយនិងបង្កើនសមត្ថភាពរបស់យើងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត យើងនឹងលៃលកបំពាក់បន្ថែមនូវឧបករណ៍ ឬក៏សម្ភារៈដែលអំណោយឱ្យយើងក្នុងការធ្វើភារកិច្ចហ្នឹងបានសម្រេចជោគជ័យថែមទៀត»។
លោក ទៀ បាញ់ បន្ថែមថា ការណ៍ដែលកម្ពុជានៅបន្តចូលរួមប្រតិបត្តិការថែរក្សាសន្តិភាព គឺដើម្បីសងគុណចំពោះអង្គការសហប្រជាជាតិ ដែលធ្លាប់បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពទៅកម្ពុជានៅដើមទសវត្សរ៍ ១៩៩០ និងជាទឹកចិត្តរួមចំណែកជួយបណ្តាប្រទេសដែលមានការប៉ះទង្គិចគ្នា ឬមិនទាន់ឃើញមានសន្តិភាពដ៏ពេញលេញនោះ ឱ្យបានសន្តិភាពពេញលេញ។
វេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយមួយបានបញ្ជាក់នៅក្នុងរបាយការណ៍ចេញផ្សាយ កាលពីខែ មករា ថា ការដាក់ពង្រាយអ្នកថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ គឺជួយដល់ប្រទេសកម្ពុជាក្នុងការព្យាយាមបង្កើនឥទ្ធិពលការទូត និងការបង្ហាញខ្លួនថា ជាប្រទេសមួយដែលវិវត្តន៍ពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះ ទៅជាប្រទេសដែលមានសន្តិភាពនិងសន្តិសុខ។
លោក ចាន់ សំអាត អ្នកស្រាវជ្រាវបានសរសេរក្នុងរបាយការណ៍ថា៖
«ផ្អែកលើហេតុផលនេះ ការប្រើប្រាស់ធនធានជាតិដើម្បីគាំទ្រឱ្យប្រសើរឡើងបរិយាកាសសន្តិសុខអន្តរជាតិ តាមរយៈការចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពគឺជាការចាំបាច់សម្រាប់កម្ពុជាបង្ហាញរូបភាពខ្លួនថា ជាប្រទេសដែលមានការទទួលខុសត្រូវនៅក្នុងតំបន់និងពិភពលោក។ ការចូលរួមរបស់កម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិនិងអាស៊ាន លើការថែរក្សាសន្តិភាពនិងសន្តិសុខពិភពលោក និងតំបន់ ជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងអំណាចការទូតរបស់កម្ពុជា»៕