ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាបន្តបញ្ជូនកងមួកខៀវទៅរក្សាសន្តិភាព ទោះបីការវាយប្រហារកើនឡើង


ទិដ្ឋភាពទូទៅនៃ​ពិធី​ជូន​ដំណើរ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/VOA)
ទិដ្ឋភាពទូទៅនៃ​ពិធី​ជូន​ដំណើរ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/VOA)

​សម្លេង​ភ្លេង​ប្រគុំ​ដោយ​កងកិត្តិយស​ត្រែទ័ព​ ​បាន​បន្លឺលាន់កងរំពង​ ​ពេញ​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍​ចិន​តុង​ ​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ខណៈ​ដែល​កង​កម្លាំង​យោធា​ ​និង​អាវុធ​ហត្ថ ស្ថិត​ក្នុង​ឯកសណ្ឋាន​មួកខៀវ​ ​និង​មាន​ក្រវ៉ាត់ស្លាកសញ្ញា​ ​នៃ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជា​ជាតិ​ ​បាន​បោះ​ជំហាន​យ៉ាង​ស្វាហាប់​នៅ​នឹង​ទីលាន​យន្តហោះ​យោធា​ ​ក្នុង​ពិធី​ជូន​ដំណើរ​ជាកិត្តិយស​មួយ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។​

កង​កម្លាំង​មួកខៀវ​កម្ពុជា​ចំនួន​៤២៨​នាក់​ ​មកពី​កងអង្គភាព​ចំនួន​បី​ផ្សេង​គ្នា​ ​នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ពីរ​ក្នុង​ទ្វីបអាហ្រ្វិក​ដែល​ញាំញី​ដោយ​សង្គ្រាម និង​អំពើ​ហិង្សា គឺ​ប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។ក្នុង​ពិធី​ជូន​ដំណើរ​ជាកិត្តិយស​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​មួយ​ពាន់​នាក់ នឹង​ក្រោម​អធិបតី​របស់​នាយឧត្ដមសេនីយ៍​ ​ប៉ុល សារឿន​ ​អគ្គមេបញ្ជាការ​នៃ​កងយោធពលខេមរ​ភូមិ​ន្ទ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​តំណក់ភ្លៀង​ធ្លាក់​ជោគជាំ​ ​អម​ដោយ​កង​កម្លាំង និង​សាច់​ញាតិបងប្អូនមក​ជូន​ដំណើរ​ទាំងចិត្ត​អន្ទះអន្ទែង។

កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ធ្វើ​សច្ចាប្រណិធាន ក្នុងពិធីជូនដំណើរនា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/VOA)
កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ធ្វើ​សច្ចាប្រណិធាន ក្នុងពិធីជូនដំណើរនា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/VOA)

​​ការ​បញ្ជូន​កង​កម្លាំង​បន្ថែម​ចំនួន​បី​អង្គភាព​ផ្សេង​គ្នា​ទៅ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ទាំង​ពីរ​ ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ពីរ​លើក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ទៅ​លើក​ង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ​ក្នុង​ទ្វីបអាហ្រ្វិក។​ កងមួក​ខៀវ​កម្ពុជា​បួនរូប​បាន​ពលី​ជីវិត​ ​នៅ​ក្នុង​ការ​វាយ​ឆ្មក់​មួយ​កាលពី​ខែឧសភា​ ​ឆ្នាំ​ទៅ​មិញ ពី​សំណាក់​ក្រុម​ឧទ្ទាម​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិកកណ្ដាល។​ ​រីឯ​កាលពី​ខែ​មីនា ដើម​ឆ្នាំ​២០១៨​នេះ​ ​មូលដ្ឋាន​របស់​កង​រក្សា​សន្តិភាព​កម្ពុជា​នៅ​ក្នុង​ប្រទេស​ម៉ាលី​ ​ក៏​ត្រូវ​បាន​ក្រុម​ជីវពល​វាយ​ប្រហារ​ដែរ តែជាភ័ព្វ​ល្អ​មិន​មាន​កង​កម្លាំង​ណាម្នាក់​រង​គ្រោះ​ឡើយ។​

លោក​នាយឧត្ដមសេនីយ៍​ ​ប៉ុល សារឿន​ ​បាន​និយាយ​ប្រាប់​អង្គ​ពិធី​ថា កម្ពុជា​នៅ​បន្ត​ការ​តាំង​ចិត្ត​ចូល​រួម​នឹង​អង្គការ​សហប្រជា​ជាតិ តាម​រយៈបេសកកម្ម​រក្សា​សន្តិភាព​នៅ​បណ្ដា​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម។​ ​ដោយ​ផ្ដោត​ទៅ​លើ​សុន្ទរកថា​ដែល​បាន​រៀបចំ​ទុក ថ្នាក់ដឹក​នាំកំពូល​នៃ​កងទ័ព​កម្ពុជា បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​យ៉ាង​ដូច្នេះ​ថា៖​

«ទោះ​បី​កងទ័ព​កម្ពុជា​ត្រូវ​បាន​រង[ការ]​វាយ​ប្រហារ​ពី​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី ក៏​ប៉ុន្តែ​កម្ពុជា​មិន​រាថយ កម្ពុជា​នៅ​តែតស៊ូ​ប្ដូរ​ផ្ដាច់ លះបង់​សាច់​ស្រស់ ឈាមស្រស់ ហើយ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត បង្កើន​កម្លាំង​បន្ថែម​ទៀត ដើម្បី​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព ក្នុង​ក្របខណ្ឌ​អង្គការ​សហប្រជា​ជាតិ ក្នុង​បុព្វ​ហេតុ​សន្តិភាព និង​មនុស្សធម៌​នៅ​ក្នុង​លោក»។

លោក​នាយឧត្ដមសេនីយ៍ ប៉ុល សារឿន និង លោក​ Alexandre Huynh តំណាង​របស់​អង្គការ​សហប្រជា​ជាតិ​ចូលរួមក្នុងពិធីជូនដំណើរដល់កងកម្លាំងមួកខៀវកម្ពុជាចំនួន ៤២៨នាក់ ដែលនឹងចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)
លោក​នាយឧត្ដមសេនីយ៍ ប៉ុល សារឿន និង លោក​ Alexandre Huynh តំណាង​របស់​អង្គការ​សហប្រជា​ជាតិ​ចូលរួមក្នុងពិធីជូនដំណើរដល់កងកម្លាំងមួកខៀវកម្ពុជាចំនួន ៤២៨នាក់ ដែលនឹងចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

ការ​បង្ហាញ​ការ​តាំង​ចិត្ត​របស់​មេបញ្ជាការ​កំពូល​កងទ័ព​កម្ពុជា​រូប​នេះ​ ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​កាលពី​ខែ​មីនា អំពី​ភាព​មិន​រាថយ​របស់​កម្ពុជា​ទៅ​នឹង​ការ​វាយ​ប្រហារ​នានា​ពី​សំណាក់​កម្លាំង​ឧទ្ទាម​ម្ចាស់ស្រុក និង​រក្សា​ការ​ចូល​រួម​រក្សា​សន្តិភាព​នៅ​ទី​កន្លែង​នានា​ក្នុង​ពិភព​លោក​ជា​មួយ​អ.ស.ប.​បន្ត​ទៅ​ទៀត។

មក​ទល់​នឹង​ឆ្នាំ​២០១៨​នេះ វា​មាន​រយៈ​ពេល​១២ឆ្នាំ​មក​ហើយ​ចាប់​តាំង​កង​កម្លាំង​មួកខៀវជំនាន់ទី​មួយ​របស់​កម្ពុជា បាន​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​នៃ​អង្គការ​សហប្រជា​ជាតិ​ជា​លើក​ដំបូង ដែល​មកទល់​ពេល​នេះ​កម្ពុជា​ ​ដែល​ធ្លាប់​ទទួល​កង​រក្សា​សន្តិភាពមក​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣​នោះ បាន​បញ្ជូន​កង​កម្លាំង​សរុប ៥.២៥៧​ ​នាក់​ហើយ ទៅ​កាន់​ប្រទេស​នានា​ក្នុង​ទ្វីបអាហ្វ្រិក និង​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​អង្គការ​សហប្រជា​ជាតិ​ ​ដែល​បញ្ជាក់​ថា​បច្ចុប្បន្ន​ ​មាន​កង​កម្លាំង​កម្ពុជា​ចំនួន​៨១៣​នាក់ កំពុង​ស្ថិត​នៅ​ឈរ​ជើង​រក្សា​សន្តិភាព​នៅ​ប្រទេស​ចំនួន​៥។​

ទិដ្ឋភាពទូទៅនៃ​ពិធី​ជូន​ដំណើរ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/VOA)
ទិដ្ឋភាពទូទៅនៃ​ពិធី​ជូន​ដំណើរ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/VOA)

ភាពក្លាហាន​មោះមុត​របស់​កង​កម្លាំង​កម្ពុជា នឹង​ផ្ដល់​ជាគ្រឿង​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ជាតិ​ក្នុង​លោក​ ​ក្នុង​តួ​នាទី​ដ៏​សំខាន់​សម្រាប់​ប្រយោជន៍​រួម។​ ​នេះ​ជាការ​លើក​ឡើង​របស់​លោក​ ​Alexandre Huynh​ ​តំណាង​របស់​អង្គការ​សហប្រជា​ជាតិ​ដែល​អង្គុយ​អម​ស្មើ​នឹង​លោក​ ​ប៉ុល សារឿន​ ​ក្នុង​ពិធី​រៀបចំ​ជូន​ដំណើរ​កង​កម្លាំង​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ។​

«ការ​ធ្វើ​ដំណើរ​របស់​កង​កម្លាំង​រក្សា​សន្តិភាពនា​ពេល​នេះ គឺជា​ការ​បោះ​ជំហាន​ចូល​រួម​នឹង​សហគមន៍​បណ្ដា​ប្រទេស រួប​រួម​គ្នា ដើម្បី​ស្វែងរក​សន្តិភាព និង​អនាគត​ដ៏​ប្រសើរ សម្រាប់​គ្រប់​មនុស្ស​ជាតិ ទាំង​អស់។ ក្នុង​តួ​នាទី​នេះ អស់​លោក​គឺជា​ទាហាន​កម្ពុជា ក៏​ប៉ុន្តែ​ជាបងប្អូន។​ ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ជួយ​ដល់​អ្នក​ដទៃ ព្រម​ទាំង​ចែក​រំលែកបទ​ពិសោធ គឺ​ជួយ​សង្គ្រោះអាយុ​ជីវិត​ជា​ច្រើន​ ​ហើយ​ជំនាញ​វិជ្ជាជីវៈ​ ​និង​ក្រមសីលធម៌​ ​គឺជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ជា​ច្រើន​នាក់»។​

អង្គ​ពិធី​បាន​បន្ត​ជា​មួយ​នឹង​ការប្រគល់ទង់​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ទង់​អង្គការ​សហប្រជា​ជាតិ​ដល់​កងអង្គភាព​កម្ពុជា​ទាំង​បីកង​ដែល​ត្រូវ​ចេញ​ទៅ​បំ​ពេញ​បេសកកម្ម​ ​ជា​មួយ​នឹង​សម្លេង​សច្ចាប្រណិធាន​រួម​របស់​កង​កម្លាំង​ទាំង​អស់​យ៉ាង​លាន់ឮ​ពេញ​ផ្ទៃ​មូលដ្ឋាន​ទ័ព​អាកាស​ ​ក្បែរ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​មុន​នឹង​ចេញ​ដំណើរ ដើរ​ក្នុង​ជំហាន​ស្រុះ​គ្នា​ ​ដៃ​លើក​គំនាប់គណៈអធិបតី​ ​និង​អ្នក​សារ​ព័ត៌មាន​ជាកិច្ច​បញ្ចប់​នៃ​កម្មវិធី។​

អនុសេនីយ៍ត្រី​ ​សៅ លីណា​ ​ដែល​ត្រូវ​ចេញ​ទៅ​បំ​ពេញ​ភារកិច្ច​បម្រើ​ផ្នែក​ថែទាំ​សុខភាព​ឱ្យ​កងវិស្វកម្មព្រលាន​យន្តហោះ​លេខ​១៩៨ បាន​ឱ្យ​ដឹងថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​កញ្ញា​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ចាត់​តាំង​ឱ្យ​ចេញ​ទៅ​បំ​ពេញ​បេសក​កម្ម​នៅ​ប្រទេស​ម៉ាលីជា​មួយ​អង្គការ​សហប្រជា​ជាតិ ហើយ​បេសកកម្ម​លើក​មុន​ដែល​បញ្ចប់​កាលពី​ខែ​មីនា​នេះ នៅ​តែ​ប៉ុន្មានថ្ងៃ​ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម។​

ស្ថិត​ក្នុង​ឯកសណ្ឋានកង​កម្លាំង​រក្សា​សន្តិភាព និង​ការ​រៀបចំ​យ៉ាង​គត់មត់​ ​និយាយ​រៀបរាប់​ពីការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​កាលពី​ខែ​មីនា​ ​យុវតី​វ័យ​២៦ឆ្នាំ​រូប​នេះ​ ​បាន​ប្រាប់​VOAថា៖

«វា​តែង​តែ​មាន​ហើយ ការ​អាក់ខាន​របស់​ក្រុម​ឧទ្ទាម។ ក៏​ប៉ុន្តែ​កង​កម្លាំង​របស់​កម្ពុជា​យើង​គាត់​ស្វាហាប់ គាត់​មាន​ភាពរហ័សរហួន គាត់​ឥត​មាន​នរ​ណាមួយ​គ្រោះ​ថ្នាក់​ទេ។ ដូច្នេះហើយ​ទឹក​ចិត្ត​របស់ពួក​គាត់​ គឺ​តែង​តែក្លាហាន មិន​ដែល​គេចវេសពីទំនួល​ខុស​ត្រូវ ដែល​យើង​កំពុង​តែ​ធ្វើ​នៅ​នឹង​ដៃ​ហ្នឹង​ទេ។ ចាស៎ យើង​តាំង​ចិត្ត​ខ្ពស់ ដូច្នេះហើយ​ដែល​យើង​នៅ​តែ​ស្រលាញ់ យើង​នៅ​តែ​ទៅ»។​

ដោយ​ឡែក លោក​ ​អ៊ុច ដារ៉ារ័ត្ន​ ​ដែល​នៅ​ក្បែរ​នោះ​ ​បាន​និយាយ​ដែរ​ថា​ ​លោក​ធ្លាប់​បាន​ទៅ​បំ​ពេញ​បេសកកម្មជា​មួយ​អង្គការ​សហប្រជា​ជាតិ​បាន​ពីរ​លើក​ហើយ នៅ​ប្រទេស​លីបង់ និង​ប្រទេស​ម៉ាលី ហើយ​ក្នុង​បេសកកម្ម​លើក​ទីបី​នេះ​លោក​ត្រូវ​ចេញ​ទៅ​ប្រទេស​ម៉ាលីសាជា​ថ្មី។​

ពលទាហាន​វ័យ​៣៣ឆ្នាំ ជាកង​កម្លាំង​ក្នុង​កងវិស្វកម្មព្រលាន​យន្តហោះ​រូប​នេះ បាន​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​ចូល​រួម​បំ​ពេញ​ភារកិច្ចជា​បន្ត បើ​ទោះ​បីជា​មាន​ការ​គំរាម​កំហែង​ពី​ក្រុម​ឧទ្ទាម​ក៏​ដោយ។ លោក​បាន​ប្រាប់​VOAថា៖

«ការ​ទៅ​លើក​នេះ មាន​អារម្មណ៍​ធម្មតា ព្រោះ​យើង​ធ្លាប់​ចេញ​ទៅ​Mission[បេសកកម្ម]ហ្នឹង​ហើយ​អស់​ហើយ​! ប៉ុន្តែ​បើ​តាម​ការ​វាយ​ប្រហារ​របស់​ពួក​ឧទ្ទាម មាន​មែន ចំណែក​អារម្មណ៍​របស់​ខ្ញុំ ឥត​មាន​ការព្រួយ​បារម្ភ​អ្វី​សោះ! ព្រោះ​ធ្លាប់ ធ្លាប់​ហើយ»។​

ចំណែក​លោក​អនុសេនីយ៍ទោ​ ​យូ ណី​ ​អាយុ​២៧ឆ្នាំ ដែល​ចេញ​ទៅ​ចូល​រួម​នឹង​បេសកកម្ម​អង្គការ​សហប្រជា​ជាតិ​ជា​លើក​ដំបូង បាន​និយាយ​ថាភារកិច្ច​របស់​ចម្បង​របស់​លោក ដែល​ត្រូវ​ឈរ​ជើង​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង គឺ​រក្សា​ការពារ​ជន​ស៊ី​វិល និង​បណ្ដាជនភៀសសឹក​ដែល​ងាយ​រង​គ្រោះ។​

កង​កម្លាំង​នៃ​កងរាជ​អាវុធ​ហត្ថ​លេខ​៦៨១រូប​នេះ បាន​និយាយ​ថា វា​មាន​សារៈ​សំខាន់​ណាស់​ដែល​កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​មាន​កិច្ចសហ​ប្រតិបត្តិ​ការណ៍​ល្អ​ជា​មួយ​នឹង​កង​កម្លាំង​មួកខៀវ​ប្រទេស​ដទៃ​ ​កង​កម្លាំង​ម្ចាស់ស្រុក និង​ប្រជាជន​នៅ​មូលដ្ឋាន​ដែល​ឈរ​ជើង ក្នុង​ការ​ការពារ​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម។ ​

លោក យូ ណី ​ប្រាប់​VOAថា៖​

«សម្រាប់​ពួក​ខ្ញុំ អា​រឿង​ហ្នឹង​វា​មាន​ការព្រួយ​បារម្ភ​ដែរ តែការ​ប្ដេជ្ញា​ចិត្ត​ត្រូវ​តែយក​ជោគ​ជ័យជូន​ជាតិ​ឱ្យ​បាន»។​

បងប្អូន​សាច់​ញាតិ​ ​ដែល​មាន​ការអាឡោះអាល័យ​ ​ស្រណោះ​ចំពោះ ​ប្ដី​ កូន ​ប្រពន្ធ​ ​និង​មិត្ត​ភក្ដិ​ ​បាន​មក​ជូន​ដំណើរ​កង​កម្លាំង​មួកខៀវ​កម្ពុជា​ដែល​ត្រូវ​ចេញ​ទៅ​បំ​ពេញ​បេសកកម្មសាជា​ថ្មី​នេះ ដល់​មូលដ្ឋាន​ទ័ព​អាកាស​ពោធិ៍​ចិន​តុង។​

សម្រាប់​អ្នក​ស្រី​ ​យន់ សៀក​ ​អាយុ​៣៩ឆ្នាំ​ ​ការ​ធ្វើ​ដំណើរ​ពី​ស្រុក​កំពង់ត្រាច​ ​ខេត្ត​កំពតក្បែរ​ព្រំដែន​វៀត​ណាម មក​ជូន​ដំណើរ​ស្វាមី​ដែល​ជាកងអនុសេនា​ធំ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១៣២​ ​ជាការ​ជូន​ដំណើរ​លើក​ទីបួន​ហើយ ដ្បិត​ស្វាមី​អ្នក​ស្រី​ធ្លាប់​ចេញ​ទៅ​បំ​ពេញ​បេសកកម្មដោះមីន​អស់​បី​លើក​រួច​មក​ហើយ។

បើ​ទោះ​បីជា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ដែល​ស្វាមី​របស់​អ្នក​ស្រី ត្រូវ​ចាកឆ្ងាយ​ភូមិ​ករ​ទៅ​បំ​ពេញ​ការ​ងារ​នៅ​ឯនាយ​សមុទ្រ ចិត្ត​គំនិត​របស់​អ្នក​ស្រី យន់ សៀក ដែល​នៅ​ផ្ទះ​មើល​ថែ​រក្សា​កូន​ប្រុស​ស្រី​តូចៗ​ចំនួន​ពីរ​នាក់ នៅ​តែ​រក្សា​ក្ដី​បារម្ភ និង​តែង​បន់ស្រន់​ឱ្យ​ស្វាមី​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព។​ ​

អង្គុយ​ជា​មួយ​កូន​ស្រីច្បង នៅមូលដ្ឋានទ័ពអាកាស អ្នក​ស្រី​ យន់ សៀក បាន​ប្រាប់​VOAថា៖​

«ព្រួយ​បារម្ភ​ដែរ ភ័យ! ចេះ​តែភ័យ​ខ្លាច​អ៊ីចឹង​ទៅ យើង​មើល​មិន​ឃើញ​ ​ខ្លាច​គេមក​ធ្វើ​បាប​យើង​អត់ដឹងអត់អី​អ៊ីចឹង​ណាពូ! ប្ដី​ទៅ​ឆ្ងាយ​ ​ចេះ​ដេក​គិត ដេក​បារម្ភ​អ៊ីចឹង​ទៅ»។​

បើ​ទោះ​បីជា​មាន​ក្ដីព្រួយ​បារម្ភ​ ​អ្នក​ស្រី​ ​យន់ សៀក​ ​បន្ត​ថា​អ្នក​ស្រី​នៅ​តែ​គាំទ្រ​ស្វាមី​ជាកង​កម្លាំង​ ​ឱ្យ​បំ​ពេញ​ការ​ងារ​ក្នុង​បុព្វ​ហេតុ​ដែល​ខ្លួន​គិត​ថា​ត្រឹម​ត្រូវ​ ​និង​មាន​ផល​ប្រយោជន៍​ដល់​មនុស្ស​ជាតិ។​

សាច់ញាតិ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ ចូលរួម​ក្នុងពិធីជូនដំណើរ នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/VOA)
សាច់ញាតិ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ ចូលរួម​ក្នុងពិធីជូនដំណើរ នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/VOA)

យ៉ាងណាក៏ដោយ​ ​ឆ្លៀត​ឱកាស​ក្នុង​ពិធី​បញ្ជូនកងកម្លាំង​រក្សាសន្តិភាពកម្ពុជា​ ទៅក្រៅប្រទេស លោក​ ​ប៉ុល សារឿន​ ​ដែល​ជា​សមាជិក​ជាន់​ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ ​និង​ដែល​ធ្លាប់​បញ្ចេញ​វោហាស័ព្ទ​ព្រមាន​ប្រើ​ហិង្សា​ ​តបត​នឹង​ការប៉ុនប៉ង​នានា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏​បានយក​វេទិកា​នៃ​ការ​បញ្ជូន​កង​កម្លាំង​នេះ​ ​បង្ហាញ​ពីស្នា​ដៃ​នៃ​ការផាត់​ចេញ​ដ៏​ចម្រូងចម្រាស​នៃ​គណ​បក្ស​សង្គ្រោះជាតិ​ ​និង​មេ​ដឹក​នាំនៃបក្សនេះចេញ​ពី​ឆាក​សង្វៀន​នយោបាយ​កម្ពុជា​ផង​ដែរ​ ​ដោយ​លើក​ពី​ហេតុ​ផលសន្តិភាព។​

​«ដូច្នេះក្នុង​បុព្វ​ហេតុ​ថែ​រក្សា​ឱ្យ​បាន​រឹងមាំ​នូវ​សន្តិភាព ការពារ​ខឿនសន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​ការពារ​ភាព​សុខដុមរមនា​នៃ​សង្គម​ជាតិ​ ​កម្ពុជា​ត្រូវ​បាន​អនុ​វត្តនូវ​វិធានការណ៍​ច្បាប់​ដ៏​ម៉ឺងម៉ាត់​ ​ទប់ស្កាត់ដោយ​ជោគ​ជ័យនូវ​ឧបាយកលបដិ​វត្តន៍​ពណ៌​ ​របស់​អតីត​គណ​បក្ស​ប្រឆាំង​ ​ដែល​ប៉ុនប៉ងផ្ដួលរំលំរាជ​រដ្ឋាភិបាល​ស្រប​ច្បាប់»។​

ការលើកឡើង​របស់​នាយឧត្តមសេនីយ៍​ផ្កាយ​មាស​បួន​ ​ធ្វើ​ឡើង​បន្ទាប់​ពីរាជ​រដ្ឋាភិបាល​កម្ពុជា របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​ធ្វើ​ការ​បង្ក្រាប តាមរយៈការចាត់វិធានការច្បាប់ ទៅលើ​ក្រុម​រិះគន់​រដ្ឋាភិបាល​ ស្ថាប័ន​ព័ត៌មានមិន​ចំណុះ​នឹង​រដ្ឋអំណាច​ និង​បក្ស​ជំទាស់​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ជាមួយ​នឹង​ការ​ចាប់​ឃុំខ្លួន​ជា​ច្រើន​ផង​ដែរ។​

បើ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​ ​នៅ​ពេល​ព្រហាមស្រាងៗ​ព្រឹក​ថ្ងៃ​សុក្រ​ ​ទី០៤​ ​ខែឧសភា​នេះ​ ​កង​កម្លាំង​ទាំង​បី​កង​អង្គភាព​ ​ទាំង​៤២៨​នាក់​ ​នឹង​ត្រូវ​ចាក​ចេញ​តាម​ជើង​យន្តហោះ​ពិសេស​ ​ទៅ​កាន់​ទី​កន្លែង​ឈរ​ជើង​របស់​ពួក​គេរៀងៗ​ខ្លួន​នៅ​ប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង៕

XS
SM
MD
LG