ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានបានឯកភាពគ្នាកាលពីល្ងាចថ្ងៃពុធក្នុងការគោរពទៅតាមបទឈប់បាញ់ ប៉ុន្មានថ្ងៃបន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ប្រល័យនៅព្រំប្រទល់ ដែលបានបណ្តាលឲ្យទាហាន៤នាក់ស្លាប់និងរបួសជាង៤០នាក់ ដោយរួមបញ្ចូលទាំងជនស៊ីវិលនៃភាគីទាំងពីរ។
មានសេចក្តីរាយការណ៍ថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាននៃភាគីទាំងពីរ បានលើកទង់ជ័យស ដែលនេះមានន័យថា ពួកគេទាំងសងខាងព្រមចុះចាញ់។ ការប៉ះទង្គិចគ្នានោះបានកើតឡើងនៅព្រំប្រទល់ Torkham ដែលសម្បូរមនុស្សច្រើនកុះករ។
លោក Hazrat Omer Zakhilwal ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅរដ្ឋធានី អ៊ីស្លាម៉ាបាដ បានថ្លែងប្រាប់ VOA នៅពេលដែលបទឈប់បាញ់នោះត្រូវបានគេប្រកាសព្រមព្រៀងយ៉ាងដូច្នេះថា «បទឈប់បាញ់នោះត្រូវបានគេឯកភាពហើយ ប៉ុន្តែសង្ឃឹមថាវានឹងត្រូវបានគេអនុវត្តបានខ្ជាប់ខ្ជួន»។
លោក Zakhilwa បាននិយាយយ៉ាងដូច្នេះ ភ្លាមៗបន្ទាប់ពីបានបើកកិច្ចប្រជុំដាច់ដោយឡែកពីគ្នាជាមួយនឹងលោកអគ្គមេបញ្ជាការយោធាប៉ាគីស្ថាន Raheel Sharif និងក្រុមមន្ត្រីការបរទេសកំពូល។
កាលពីមុននេះ លោកអគ្គមេបញ្ជាការ Asim Bajaw អ្នកនាំពាក្យរបស់យោធាប៉ាគីស្ថាន បានថ្លែងប្រាប់អ្នកកាសែតថា ភាគីទាំងសងខាងបានពិភាក្សាទៅលើបញ្ហាការទូត កម្រិតនយោបាយ និងយោធា ដើម្បីបន្ថយការប៉ះទង្គិចគ្នានៅព្រំប្រទល់៕