ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ FAA ទុក​ពេល​៩០ថ្ងៃ​​​ឱ្យ​​​ក្រុមហ៊ុន Boeing ​រៀបចំផែនការ​ដោះស្រាយ​បញ្ហា​​​សន្តិសុខ


រូបឯកសារ៖ ទ្វារ​មួយ​​​នៃ​​យន្តហោះ​មួយ​គ្រឿង​​របស់ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines ធុន Boeing 737 MAX 9 បានរបើក​​នៅ​ពេល​​កំពុង​ហោះ​​​​​កាលពីថ្ងៃទី​៥ ខែមករា។ (NTSB/Handout via Reuters)
រូបឯកសារ៖ ទ្វារ​មួយ​​​នៃ​​យន្តហោះ​មួយ​គ្រឿង​​របស់ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines ធុន Boeing 737 MAX 9 បានរបើក​​នៅ​ពេល​​កំពុង​ហោះ​​​​​កាលពីថ្ងៃទី​៥ ខែមករា។ (NTSB/Handout via Reuters)

ប្រធានទីភ្នាក់ងារ​សហព័ន្ធ​អាកាសចរណ៍​សហរដ្ឋអាមេរិក​ FAA បាន​និយាយ​កាលពីថ្ងៃពុធ ទី២៨កុម្ភៈ​ថា​ ក្រុមហ៊ុន Boeing ត្រូវតែ​បង្កើត​ផែនការទូលំទូលាយមួយ​ដើម្បី​ដោះស្រាយ«បញ្ហា​គ្រប់គ្រង​គុណភាពជាប្រព័ន្ធ»ក្នុងរយៈពេល​៩០ថ្ងៃ នៅ​ក្រោយ​មាន​ភាពអាសន្ន​ពេល​កំពុង​ហោះហើរកាលពី​ខែមករា ដែល​នាំឱ្យមាន​កង្វល់​ជា​ថ្មី​អំពីបញ្ហា​សុវត្ថិភាព។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters។

ប្រធានទីភ្នាក់ងារ​សហព័ន្ធ​អាកាសចរណ៍​សហរដ្ឋអាមេរិក​ (FAA) បាន​ទាមទារ​ឱ្យមានផែនការនេះ​នៅក្នុង​សេចក្តីថ្លែងការណ៍មួយរិះគន់ក្រុមហ៊ុនផលិត​យន្តហោះ​នេះ​នៅក្រោយការ​ប្រជុំមួយ​ថ្ងៃ​ជា​មួយលោក Dave Calhoun ប្រធាន​កិច្ចការ​ប្រតិបត្តិ​នៃក្រុមហ៊ុន​ Boeing កាល​ពី​ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ។​

ប្រធាន​ទីភ្នាក់ងារ FAA លោក Mike Whitaker បាន​និយាយនៅក្នុង​សេចក្តី​ថ្លែងការណ៍នេះ​ថា «ក្រុមហ៊ុន Boeing ត្រូវ​តែប្តេជ្ញា​ធ្វើឱ្យមានការ​កែលម្អពិត​ប្រាកដ​និង​ស៊ី​ជម្រៅ។ ការធ្វើ​ឱ្យមាន​ការ​ផ្លាស់ប្តូរជា​មូលដ្ឋាននឹងតម្រូវឱ្យមាន​ការ​ប្រឹងប្រែង​ពីពួក​អ្នកដឹកនាំក្រុម​ហ៊ុន Boeing ហើយ​យើងនឹង​ដាក់ពួក​គេឱ្យមាន​ការទទួល​ខុសត្រូវខ្ពស់ក្នុង​គ្រប់ជំហាន​ទាំងអស់​ ជាមួយ​ការ​យល់គ្នា​ទៅ​វិញទៅមក​និងដោយមានការរំពឹង​ទុក​ជាមុន»។

លោក​ Calhoun បាន​ថ្លែងនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយថា​ក្រុមមេដឹកនាំ​ក្រុម​ហ៊ុន Boeing «មាន​ការប្តេជ្ញា​ពេញទំហឹង»​ដើម្បី​ដោះស្រាយ​កង្វល់​របស់ FAA។

ក្រុមហ៊ុន Boeing បាន​ប្រញាប់ប្រញាល់​ពន្យល់​និងពង្រឹង​សុវត្ថិភាព​នៅក្រោយផ្នែកនៃទ្វារ​មួយ​នៃយន្តហោះ​ថ្មីមួយ​គ្រឿងរបស់ក្រុមហ៊ុន​អាកាសចរណ៍ Alaska Airlines ធុន Boeing 737 MAX 9 បានរបើកនៅ​ពេលកំពុង​ហោះ​កាលពីថ្ងៃទី​៥ ខែមករា ដោយ​បង្ខំ​ឱ្យអ្នកបើក​យន្តហោះ​នោះ​ចុះចត​ជា​បន្ទាន់ នៅពេល​អ្នកដំណើរបានស្ថិត​ក្នុង​យន្តហោះនោះដែលមាន​ប្រហោង​មួយនៅ​កម្ពស់១ម៉ឺន៦ពាន់​ feet ពីដី។

អត្រា​ផលិត​របស់ក្រុម​ហ៊ុន Boeing ត្រូវបានផ្អាក​ដោយ​ពួកនិយតករ​និងត្រូវបានត្រួតពិនិត្យដោយ​ពួកសមាជិកសភា​និងពួកអតិថិជន​នៅ​ក្រោយឧប្បត្តិហេតុ​កាលពីថ្ងៃទី​៥​ ខែមករា ហើយសេចក្តី​ថ្លែងការណ៍​ថ្មី​នេះ​លើក​សំណួរ​ថ្មីៗ​អំពី​ថា​តើ​ការផ្អាក​ផលិតកម្មនឹងមាន​រយៈពេលត្រឹម​ណា។

លោក Whitaker ថាផែនការ​របស់​ក្រុមហ៊ុន Boeing ត្រូវតែមាន​បញ្ចូល​លទ្ធផលនៃសវនកម្ម​របស់ FAA អំពី​ខ្សែ​ផលិតកម្មនិង​ការរកឃើញក្នុង​របាយការណ៍​នៃគណៈកម្មាធិការពិនិត្យសើរើដែល​ត្រូវបានចេញផ្សាយ​កាល​ពី​ដើម​សប្តាហ៍​ចុង​ក្រោយ​បង្អស់នៃខែកុម្ភៈ។​

របាយការណ៍នេះកាលពីដើមឆ្នាំ២០២៣ បានរិះគន់​ខ្លាំងដល់​ដំណើរការចាត់ចែងខាងសុវត្ថិភាពរបស់ក្រុមហ៊ុននេះ ដោយ​និយាយ​ថា​ក្រុមហ៊ុន Boeing មានបញ្ហា​ដោយសារ«ការអនុវត្តន៍​មិនគ្រប់គ្រាន់និង​ដោយច្របូលច្របល់នៃ​វប្បធម៌សុវត្ថិភាពវិជ្ជមា​ន»។

កាល​ពីសប្តាហ៍​ទី​បីនៃខែកុម្ភៈ ក្រុមហ៊ុន Boeing ​បាន​ដកលោក Ed Clark ប្រធាននៃកម្មវិធី 737 MAX ដែល​មាន​បញ្ហា​ ជា​ផ្នែកមួយ​នៃ​ការរុះរើ​ក្រុមអ្នក​ចាត់ចែងកិច្ចការរបស់​ក្រុមហ៊ុន។

ប្រធាន​ទីភ្នាក់ងារ FAA លោក​ Mike Whitaker បាន​ទៅមើលរោងចក្រ​ក្រុមហ៊ុន Boeing នៅ Renton ​រដ្ឋ Washington ដែល​យន្តហោះ737 MAX ត្រូវបាន​ផលិត កាលពីថ្ងៃទី១២ ខែកុម្ភៈ។ មនុស្ស​ពីរនាក់ដែល​ត្រូវបាន​និយាយ​ប្រាប់អំពី​បញ្ហានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា​លោក Whitaker សម្តែង​កង្វល់​អំពី​អ្វី​ដែល​លោកបាន​ឃើញនៅ​ពេល​លោកទៅមើលរោងចក្រនេះ។

បញ្ហារបស់​ក្រុមហ៊ុនអាកាសចរណ៍​ Alaska Airlines​ ​ជាវិបត្តិធំ​ទីពីរ​របស់​ក្រុមហ៊ុន Boeing​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ក្រោយ​មានការធ្លាក់យន្តហោះធុន MAX កាល​ពីឆ្នាំ២០១៨និងឆ្នាំ២០១៩សម្លាប់មនុស្ស៣៤៦នាក់ដែល​នាំ​ឱ្យខូចឈ្មោះ​ក្រុម​ហ៊ុន Boeing។

ពួក​អ្នកចាត់ចែងកិច្ចការប្រតិបត្តិនៃ​ឧស្សាហកម្មអាកាសចរណ៍បាន​សម្តែង​ការថប់បារម្ភ​ជាមួយ​ការគ្រប់គ្រងគុណភាព​របស់ក្រុមហ៊ុន Boeing។ ក្រុមហ៊ុន Airbus ​របស់ប្រទេសបារាំង ដែល​ជាក្រុមហ៊ុន​ផលិតយន្តហោះ​ពាណិជ្ជកម្ម​ធំ​មួយ​ទៀត​បានរាយការណ៍​កាល​ពី​ខែមករា​អំពី​ការបញ្ជា​ទិញ​យន្តហោះប្រចាំ​ឆ្នាំ​ច្រើន​មិនធ្លាប់មានពីមុន ​ហើយបាន​បញ្ជាក់​អំពី​កំណើន១១%នៃ​ការ​ប្រគល់​យន្តហោះ​របស់ក្រុម​ហ៊ុននេះ​ក្នុង​ឆ្នាំ២០២៣ ដោយរក្សា​ទុកផលិតកម្មកំពូល​លើ​ក្រុមហ៊ុន Boeing ក្នុង​ឆ្នាំទី៥ជា​បន្តបន្ទាប់។

ទីភ្នាក់ងារ FAA បាន​បញ្ជាមិនឱ្យយន្តហោះ MAX 9 ហោះហើរច្រើនសប្តាហ៍​មក​ហើយ​ក្នុង​ខែមករា​ ហើយ​បានផ្អាក​ការ​ផលិត​យន្តហោះធុន​ MAX នៅ​ពេល​ខ្លួន​ធ្វើសវនកម្មការផលិតយន្តហោះ​របស់ក្រុមហ៊ុន Boeing ​នៅ​ក្រោយមាន​បញ្ហា​ខាងគុណភាពមួយចំនួន។

បើ​តាម​របាយការណ៍ដំបូង​មួយ​នៅ​ខែកុម្ភៈរបស់​គណៈកម្មាធិការ​សុវត្ថិភាពខាងការដឹកជញ្ជូន​ជាតិ​របស់អាមេរិក​ថាផ្នែក​នៃ​ទ្វារដែលរបើក​ពី​យន្តហោះ MAX 9 ហាក់ដូច​ជា​បាត់​ប៊ូឡុងសំខាន់ៗបួន។ ទ្វារ​នេះមាន​នៅ​ក្នុងយន្តហោះធុន 737 MAX 9s ខ្លះជំនួសទ្វារ​បន្ថែមមួយសម្រាប់គ្រា​មានអាសន្ន។

បើតាម​សេចក្តី​រាយការណ៍​នេះ ​ទ្វារ​ដែលមានបញ្ហានេះ​ត្រូវបាន​ដក​ចេញដើម្បីជួសជុល ប៉ុន្តែ​គណៈកម្មាធិការ NTSB មិនបាន​រក​ឃើញ​ភ័ស្តុតាងថា​ប៊ូឡុង​ទាំង​នេះ​ត្រូវបានដាក់​ជា​ថ្មីទេ។

ការ​លាតត្រដាង​នេះបាន​ធ្វើឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ជា​អតិថិជន​របស់ក្រុមហ៊ុន Boeing ​ខឹង​សម្បារ។ ក្រុមហ៊ុនអាកាសចរណ៍​ខ្លះ រួមមាន​ក្រុម​ហ៊ុន Alaska Airlines ផង​ដែរ បាន​ប្រកា​ស​ថាពួក​គេនឹងត្រួតពិនិត្យ​អំពី​គុណភាព​យន្តហោះនៅមុនពេល​យន្តហោះ​ទាំងនោះចាកចេញ​ពី​រោងចក្រ​ក្រុម​ហ៊ុន Boeing៕

ប្រែសម្រួលដោយលោក​ ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG