នៅថ្ងៃចន្ទនេះ មេដឹកនាំសហរដ្ឋអាមេរិកនិងវៀតណាមបានសាទរកិច្ចព្រមព្រៀងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបាននិយាយអំពីសក្ដានុពលសម្រាប់ការលើកស្ទួយនវានុវត្តន៍និងការវិនិយោគទុន។
នៅពេលជួបជាមួយនឹងប្រធានាធិបតីវៀតណាមលោក Vo Van Thuong ក្នុងទីក្រុងហាណូយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយអំពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើ «បញ្ហាប្រឈមនានាដែលសំខាន់ចំពោះប្រជាពលរដ្ឋរបស់ [ប្រទេសទាំងពីរ]» និងបាននិយាយថាវាជារឿងអស្ចារ្យ «ដែល [ប្រទេសទាំងពីរ] បានធ្វើដំណើរមកដល់ចំណុចនេះ»។
លោក Thuong បានហៅកិច្ចព្រមព្រៀងនេះថាជា «ឱកាសដ៏សំខាន់» មួយ និងបានបញ្ជាក់ថាវាបាន «បើកទំព័រថ្មីមួយ»។
នៅមុននេះបន្តិច លោក Biden ធ្លាប់បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ហើយមេដឹកនាំទាំងពីរបានចូលរួមនៅក្នុងវេទិកាធុរកិច្ចមួយ ដែលនៅទីនោះលោក Biden បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយនឹងវៀតណាមលើសេវាប្រព័ន្ធ cloud តាមអ៊ីនធឺណិត បន្ទះឈីប និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
លោកបានលើកឡើងអំពី «ដំណាក់កាលថ្មី» នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម និងបាននិយាយថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តភាពជាដៃគូនានា។
លោក Biden ថ្លែងដូច្នេះថា៖ «សាររបស់ខ្ញុំនៅថ្ងៃនេះគឺសាមញ្ញបំផុត ដែលនោះគឺចូរយើងបន្តធ្វើវាតទៅទៀត»។
អ្នកដែលមានវត្តមានចូលរួមនៅក្នុងជំនួបរបស់លោកទាំងពីររួមមានទាំងថ្នាក់ដឹកនាំមកពីក្រុមហ៊ុនបន្ទះអេឡិចត្រូនិក បច្ចេកវិទ្យា និងអាកាសចរណ៍កំពូលៗរបស់សហរដ្ឋអាមេរិកនិងវៀតណាមផងដែរ។
សេតវិមានក៏បានប្រកាសកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ចំនួន ៧,៨ ពាន់លានដុល្លារផងដែររវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុន Vietnam Airways និងបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់ការងារចំនួន ៣០.០០០ នៅក្នុងសហរដ្ឋអាមេរិក។
ការពិភាក្សានៅថ្ងៃចន្ទនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ នេះជាវិធានការមួយដែលសេតវិមានបានពណ៌នាថា «មិនធ្លាប់មានពីមុននិងសំខាន់» និងថាធ្វើឱ្យសហរដ្ឋអាមេរិកឈានដល់កម្រិតមួយស្មើនឹងប្រទេសចិនដែលជាគូប្រជែងចម្បងរបស់ខ្លួនដែលមានឋានៈការទូតកម្រិតខ្ពស់ដូចគ្នាជាមួយនឹងវៀតណាម៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters។