ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន គង់ រ៉ៃយ៉ា និង​សកម្មជន​២​នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ប្រទេស​ថៃ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត


រូបឯកសារ៖ លោក គង់ រ៉ៃយ៉ា នៅតុលាការ​ក្រុង​ភ្នំពេញ​កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។ (Reuters/Samrang Pring)
រូបឯកសារ៖ លោក គង់ រ៉ៃយ៉ា នៅតុលាការ​ក្រុង​ភ្នំពេញ​កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។ (Reuters/Samrang Pring)

សកម្មជន លោក គង់ រ៉ៃយ៉ា និង​សកម្មជន​នយោបាយ​២​នាក់​ទៀត​ដែល​ស្នាក់​នៅ​ប្រទេស​ថៃ​ក្នុង​គោល​បំណង​គេច​ពី​ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ប្រទេស​ថៃ។

ការ​ឃាត់​ខ្លួន​ពួក​គេ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅ​កាន់​ទីក្រុងបាង​កក ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ខាង​មុខ។

សកម្មជន​មួយ​ចំនួន​ដែល​គេច​ខ្លួន​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​រាយ​ការណ៍​ថា​ពួកគេត្រៀម​ខ្លួន​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត។

លោក គង់ រ៉ៃយ៉ា អតីត​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន ដែល​គេច​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ​កាល​ពី​ខែកក្កដា ឆ្នាំ​មុន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​ថា នៅ​វេលាម៉ោង​១១​និង​៤៥​នាទី​ព្រឹក​នេះ លោក​កំពុង​ស្ថិត​ក្នុង​រថយន្ត​របស់​នគរ​បាល​ថៃ​ដែល​ដឹក​រូប​លោក​និង​ក្រុម​គ្រួសារ​ដែល​មាន​ភរិយា​និង​កូន​ពីរនាក់​ចេញ​ពី​តុលាការ ដើម្បី​យក​ទៅ​ដាក់​នៅ​មណ្ឌល​ឃុំឃាំង​ជន​អន្តោប្រវេសន៍។ លោក​បន្ថែម​ថា​ លោក​និង​ភរិយា​ត្រូវ​បាន​តុលាការ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​៧ពាន់​បាត ដោយសារ​ស្នាក់​នៅ​ហួស​កំណត់​ក្នុង​ប្រទេស​ថៃ។ លោក​និង​ក្រុមគ្រួសារ​ដែល​មាន​កូនស្រី​អាយុ​៥ឆ្នាំ​និង​កូន​ប្រុស​អាយុ​១ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ វេលា​ម៉ោង​ប្រមាណ​៤​រសៀល។

លោក​ថ្លែង​មុន​អាជ្ញាធរ​ថៃ​ដក​ទូរសព្ទ​របស់​លោក​ថា៖ «ព្រឹក​នេះ​គេ​បញ្ជូន​ខ្ញុំ​ទៅ​តុលាការ ហើយ​តុលាការ​បាន​ផាក​ពិន័យ​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​ចំនួន​៧​ពាន់​បាត ហើយ​ឥឡូវ​ខ្ញុំ​នៅ​លើ​ឡាន គេ​បញ្ជូន​ចេញ​ពី​តុលាការ​ទៅ​មណ្ឌល​ឃុំ​ខ្លួន ឈ្មោះ​ថា​បាំង​ខែ ដែល​ជា​កន្លែង​ឃុំ​ខ្លួន​ជន​អន្តោប្រវេសន៍រស់​នៅ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ»។

លោក គង់ រ៉ៃយ៉ា អាយុ​៣២​ឆ្នាំ បញ្ជាក់​ថា ​ការ​ចាប់​ខ្លួន​រូប​លោក​និង​សកម្ម​ជន​២នាក់​ទៀត​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ ជា«ហេតុ​ផល​នយោបាយ» ដោយ​សារ​លោក ហ៊ុន ម៉ាណែត ជិត​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ ហើយ​មិន​ចង់​ឃើញ​ការ​តវ៉ា​ណាមួយ​ប្រឆាំង​រូប​លោក។

លោក គង់ រ៉ៃយ៉ា ដែល​កាន់​កាត​ជន​ភៀស​ខ្លួន​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិបាន​បញ្ជាក់​ថា៖ «ខ្ញុំ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ឯង កូន​ៗ ហើយ​និង​ប្រពន្ធ​មែន​ទែន គឺ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរថៃ​បញ្ជូន​រូប​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា​វិញ ដែល​នឹង​អាច​ជាប់​ពន្ធនាគារ​ឬ​ក៏​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​នេះ»។

លោក គង់ រ៉ៃយ៉ា អតីត​សមាជិក​គណបក្ស​ភ្លើង​ទៀន ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​២ដង​ក្នុង​ប្រទេស​កម្ពុជា បាន​ចាក​ចេញពី​ប្រទេស​កំណើត កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ពេល​លោក​បាន​លា​ឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​បាន​ចុះ​ចូល​ជាមួយ។ លោក​បាន​សម្រេច​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែង​រក​សិទ្ធិ​ផ្នែក​ជ្រក​កោន​នយោ​បាយ ដោយសារ​បារម្ភ​អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​កម្ពុជា។

លោក ខឹម មុន្នីកុសល ​គណៈ​កម្មការ​សម្រប​សម្រួល​ជនភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ ប្រាប់​វីអូអេថា​សកម្មជន​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ថៃ រួម​មាន​លោក គង់ រ៉ៃយ៉ា លោក ផន ផាន់ណា និង​លោក លឹម សុខា។

លោក​បន្ថែម​ថា​ ពួក​គេ​ទាំង​៣​នាក់​សុទ្ធ​តែ​មាន​កាត​ជន​ភៀស​ខ្លួន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។លោក​អះអាង​ថា​រដ្ឋាភិបាល​ខ្មែរ​បាន​ពឹង​រដ្ឋាភិបាល​ថៃ​ឲ្យ​ចាប់​ខ្លួន​ពួកគេ ដោយ​សារ​បារម្ភ​អំពីការ​តវ៉ា ក្នុង​ពេល​លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​បាង​កក នា​សប្តាហ៍​ក្រោយ។ លោក​បញ្ជាក់​ថា​នេះ​ជា​ការ​ប៉ុន​ប៉ង​បិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ទីមួយ​[ការ​ចាប់​ខ្លួន​នេះ] ជា​លេស​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បោស​សម្អាត​អ្នក​តស៊ូ​ប្រជាធិបតេយ្យ ជា​ពិសេស​ជន​ភៀស​ខ្លួន​នយោបាយ ដែល​កំពុង​តែ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ក្រោម​ការ​គ្រប់​គ្រង​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ។ ទីពីរ​ពួកគេ​ខ្លាច​រអា ធ្វើ​យ៉ាងណា​ឲ្យ​ដំណើង​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត មក​នេះ មិន​មាន​បញ្ហា​ការតវ៉ា​អី​ជាដើម»។

កាលពី​ខែ​សីហា ឆ្នាំ​២០២៣ សកម្មជន​លោក​ ផន ផាន់ណា ដែល​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេល​នេះ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​វាយ​ប្រហារ​ក្នុង​ទីក្រុង​បាង​កក។ លោក ផន ផាន់ណា អាយុ​៣៦​ឆ្នាំ ជាអនុ​ប្រធាន​យុវជន​ថ្នាក់​ជាតិ​របស់​គណបក្ស​ភ្លើង​ទៀន​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​ថៃ​ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០២២ ​ដោយ​សារ​គេច​ពី​ការ​គំរាមកំហែង​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​លោក​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​៥​ឆ្នាំ ​ក្នុង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។

គួរ​បញ្ជាក់​ថា​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ សកម្ម​ជន​សង្គម​និង​នយោបាយ​ខ្មែរ​ចំនួន៧ ​នាក់​ ដែល​ជ្រក​កោន​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន បើ​ទោះ​ពួក​គេ​មាន​បណ្ណ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​នាម​ជន​ភៀស​ខ្លួន ​ដែល​ចេញ​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCR)​ក៏​ដោយ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG