ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដាក់ក្តី​សង្ឃឹមថាលោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រីក​ចម្រើន


លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ កម្ពុជា​នឹង​កាន់តែ​រីក​ចម្រើន។ ភាគី​ចិន​បាន​ប្រកាស​ថា​នឹង​បន្ត​គាំទ្រ​កម្ពុជា។

សារ​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១៣ ខែ​សីហា​នេះ បាន​លើកឡើង​ថា៖ «ឯកឧត្តម វ៉ាង យី [Wang Yi] បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ​ជូន​ចំពោះ​សម្ដេច​តេជោ ដោយ​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នា​ពេល​នេះ​គឺ​ដើម្បី​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ចិន​គាំទ្រ​កម្ពុជា ហើយ​មាន​ជំនឿ​ថា​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​កិត្តិទេសា​ភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន​នឹង​រីក​ចម្រើន​ឡើង​កាន់តែ​ធំ​ធាត់ ហើយ​ជា​ពិសេស​កម្ពុជា​នឹង​កាន់តែ​មាន​ភាព​រុងរឿង​ឡើង​ថែម​ទៀត»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្តាំ) ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្តាំ) ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។

ក្រោយ​ជួប​លោក Wang Yi លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ភាគី​ទាំង​ពីរ​ប្តេជ្ញា​បន្ត​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត។ ភាគី​ចិន​ក៏​ត្រៀម​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​ខាង​មុខ​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា កម្ពុជា​នៅតែ​រក្សា​គោល «ជំហរ​ឥត​ប្រួលប្រែ» របស់​រដ្ឋា​ភិបាល​ថ្មី​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​និង​ការ​មិន​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។

លោក ហ៊ុន ម៉ាណែត បាន​បន្ថែម​ថា ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​តាម​រយៈ​ការ​ថែ​រក្សា​សមិទ្ធផល​ដែល​មាន​កន្លង​មក ក៏​ដូចជា​ការ​ពង្រីក​ទិសដៅ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថ្មីៗ​បន្ថែម​ទៀត ដូចជា​វិស័យ​អគ្គិសនី​ជាពិសេស​វារី​អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​ពាណិជ្ជកម្ម​ជាដើម។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «លើស​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​ឯកភាព​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ និង​ផ្តល់​ការ​គាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់​និង​លើ​ឆាក​អន្តរជាតិ»។

លោក Wang Yi បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា បន្ទាប់ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​និង​ម៉ាឡេស៊ី។ ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​របស់​លោក​ត្រូវ​បាន​មើល​ឃើញ​ថា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ចិន។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​រូប​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​មាន​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​ចិន។

លោក Wang Yi បាន​ក្លាយជា​អ្នក​ការទូត​ជាន់​ខ្ពស់​បរទេស​ដំបូង​គេ​បង្អស់​ដែល​បាន​ជួប​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ចាត់តាំង​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​ដោយ​នឹង​កាន់​អំណាច​ចាប់ពី​ថ្ងៃ​ទី ២២ ខែ​សីហា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នេះ លោក Wang Yi មិន​បាន​ទទួល​ឆ្លើយ​សំណួរ​ណា​មួយ​ពី​អ្នក​កាសែត​នោះ​ទេ។

គួរ​បញ្ជាក់​ថា​ក្នុង​គ្រា​ដែល​រដ្ឋមន្រ្តី​ការបរទេស​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​រដ្ឋ Utah កាលពី​ថ្ងៃ​សុក្រ ដោយ​លើក​ឡើង​ថា​វៀតណាម​និង​កម្ពុជា​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ជាមួយ​អាមេរិក ហើយ​ពួកគេ​ចង់​ប្រាប់​ទៅ​ប្រទេស​ចិន​ថា​ពួកគេ​មិន​នៅ​ម្នាក់​ឯង​នោះ​ទេ៕

XS
SM
MD
LG