ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​និង​អ្នក​ប្រើ​ប្រាស់​លើក​ឡើង​អំពី​ប្រយោជន៍ ​និង​ផល​ប៉ះ​ពាល់ ​បើ​បិទ ហ្វេសប៊ុក


ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អ្នក​តាមដាន​ជាង​១៤​លាន​នាក់​ កាល​ពីថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​មុន​ពេល​ទំព័រ​នេះ​ត្រូវ​លោក​សម្រេច​ឱ្យ​លុប​ចោល។
ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អ្នក​តាមដាន​ជាង​១៤​លាន​នាក់​ កាល​ពីថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​មុន​ពេល​ទំព័រ​នេះ​ត្រូវ​លោក​សម្រេច​ឱ្យ​លុប​ចោល។

អ្នក​តាម​ដាន និង​អ្នក​ប្រកប​អាជីវ​កម្ម​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក​(Facebook)​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​សង្គម​មួយ​នេះ ​និង​ផល​ប៉ះ​ពាល់​លើ​អាជីវកម្ម​របស់​ពួកគេ ​ប្រសិន​បើ​បិទ​ហ្វេសប៊ុក​លែង​ឱ្យប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​ណាមួយ។​

ការ​ពិភាក្សា ​រួម​ទាំង​ក្តី​ព្រួយ​បារម្ភ​មួយ​ចំនួន​បាន​កើត​ឡើង​ ក្រោយ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​កាល​ពី​សប្តាហ៍​មុន ​បាន​ព្រមាន​បិទ​ហ្វេសប៊ុក ​ប្រសិន​បើ​លោក​ចង់​បិទ ​ស្រប​ពេល​រូប​លោក​ផ្ទាល់​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ។ ​លោក ​ហ៊ុន សែន ​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ ​ខណៈ​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ Meta​ ​ដែល​គ្រប់​គ្រង​ហ្វេសប៊ុក​បាន​អំពាវនាវ​ឱ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​លោក ​ហ៊ុន សែន​ រយៈ​ពេល​៦​ខែ ​ដោយ​ថា ​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បាន​រំលោភ​វិធាន​របស់​ក្រុមហ៊ុន​ Meta ​ស្តីពី​ការ​គំរាម​កំហែង​ហិង្សា។ ​

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ​លោក​ យង់ គិមអេង​ ដែល​ជា​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​រូប ​លើក​ឡើង​ថា ​ហ្វេសប៊ុក​គឺ​ជា​ប្រព័ន្ធ​សង្គម​ដែល​មាន​ប្រជា​ប្រិយភាព​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា ​ទាំង​អ្នក​ប្រកប​របរ​ផ្សេងៗ​ អ្នក​សិក្សា ​អ្នក​ស្រាវជ្រាវ​ ហើយ​វា​ជា​កន្លែង​ផ្តល់​ចំណេះ​ដឹង ​និង​ព័ត៌មាន​គ្រប់​ប្រភេទ។​ លោក​បន្ថែម​ថា ​អ្នក​ប្រកប​អាជីវ​កម្ម​បាន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​មួយ​នេះ ​ដោយ​សារ​វា​ចំណេញ​ពេលវេលា ​ងាយ​ទំនាក់​ទំនង ​និង​ចំណាយ​ថវិកា​តិច។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​មាន​ការ​រីករាយ​ណាស់​ដោយ​សារ​សម្តេច​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​ លោក​មិន​បិទ​ហ្វេសប៊ុក​ទេ អ៊ីចឹង​នេះ​ជា​ដំណឹង​រីករាយ​ ហើយ​សង្ឃឹម​ថា​ វត្តមាន​ហ្វេសប៊ុក​ជា​វត្តមាន​មួយ​ដ៏ សំខាន់​ក្នុង​ការ​បម្រើ​ឱ្យ​ទាំង​ផ្នែក​សង្គម​ ផ្នែក​សេដ្ឋ​កិច្ច​ ​ក៏ដូច​ជា​នយោបាយ ​រួមទាំង​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​យើង​ បាទ»។​

ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ត្រូវ​បាន​ប្រើប្រាស់​ជា​បន្ត​បន្ទាប់​ក្នុង​ប្រទេស​កម្ពុជា ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ប្រើប្រាស់​ជាង​១០​លាន​នាក់។ ​បន្ថែម​ពី​ការ​ចែក​រំលែក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន ​ការ​កម្សាន្ត ​និង​ចែក​រំលែក​ព័ត៌មាន​ ប្រព័ន្ធ​សង្គម​មួយ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រក​ស៊ី ​ក្នុង​នោះ​មាន​ការ​ផ្សព្វ​ផ្សាយ​លក់​ផលិត​ផល​ផ្សេងៗ។​

អ្នក​ស្រី​ ហួន​ ផល្លី​ អាយុ​៣៣​ឆ្នាំ​ ជា​ម្ចាស់​សិប្បកម្ម​សាជីវកម្ម​ខ្មែរ ​(Khmer Corp)​ដែល​លក់​ផលិត​ផល​ស្បែក​ជើង​ដេរ​ដោយ​ដៃ ​ប្រាប់​វីអូអេ​ថា ​ប្រសិន​បើ​បិទ​ហ្វេសប៊ុក​មែន ​វា​នឹង​បង្ក​ជាបញ្ហា​ច្រើន​ដល់​អ្នក​រកស៊ី និង​អ្នក​បង្កើត​មាតិកា​ផ្សេងៗ បាត់បង់​លទ្ធភាពចែក​រំលែក ​និង​បាត់​បង់​ព័ត៌មាន។ ​អ្នក​ស្រី​បន្ថែម​ថា​ អ្នកស្រី​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផ្សេងៗ​សម្រាប់​អាជីវកម្ម​របស់​អ្នកស្រី ​ប៉ុន្តែ​ហ្វេសប៊ុក​ពេញ​និយម​ជាង​គេ។​

អ្នក​ស្រី​ថ្លែង​ថា៖​ «និយាយ​ទៅ​ក្រៅ​ពី​ហ្វេសប៊ុក​ ក៏​បង​មាន​ Tik Tok ​ តេឡេក្រាម​ អ៊ីនស្តាក្រាម​ ហើយ​លីងអ៊ីន។​ និយាយ​ទៅ​មាន​ប្រើប្រាស់​ច្រើន​បណ្តាញ ប៉ុន្តែ​សម្រាប់​អាជីវ​កម្ម​បង​ផ្ទាល់ ​គឺ​បង​ដាក់​លក់​លើ​ហ្វេសប៊ុក​បាន​ច្រើន​ ជាភ្ញៀវ​ច្រើន​ដែល​គាត់​កម្មង់​តាម​ហ្វេសប៊ុក»។​

ចំណែក​អ្នកស្រី​ រឿន ស្រីល័ក្ខ​ ជា​អាជីវករដែល​ប្រើប្រាស់​ហ្វេសប៊ុក ​ដើម្បី​លក់​ផលិត​ផល​ថែរក្សា​សក់ ​លើក​ឡើង​ថា​ កម្មវិធី​ហ្វេសប៊ុក​មាន​គុណ​សម្បត្តិ​សម្រាប់​ទំនាក់​ទំនង ​និង​អាជីវ​កម្ម ​ព្រោះ​ហ្វេសប៊ុក​មាន​ភាព​ទូលំ​ទូលាយ ​ហើយ​ប្រជា​ពលរដ្ឋ​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទង​តាម​ប្រព័ន្ធ​ហ្វេសប៊ុក។ ​ទោះជា​យ៉ាងណា ​អ្នកស្រី​ថ្លែង​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​បិទ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ​ប្រជា​ពលរដ្ឋ​នៅ​តែ​មាន​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​ជំនួស ​ដូចជា ​Snapkyu ​'ស្នេបគូ' និង​ Tamneak 'តាម​អ្នក'ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ​ប៉ុន្តែ​មិន​ទាន់​ពេញ​និយម​នៅ​ឡើយ។

អ្នក​ស្រី​ថ្លែង​ថា៖ ​«បង​គិត​ថា​ បើ​អត់​មាន​ហ្វេសប៊ុក​ទេ​ ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ងាក​ទៅ​គាំទ្រ​កម្មវិធី​ 'ស្នេបគូ' ​ក៏​ដូច​ជា​'តាម​អ្នក'​ ដែល​កម្មវិធី​ទាំង​អស់​ហ្នឹង​មាន​មុខងារ​ប្រហាក់​ប្រហែល​នឹង​ហ្វេសប៊ុក​ដែរ ​ថ្វី​ដ្បិត​តែ​មិន​ទាន់​ដើរ​លឿន​ ឬ​មិន​ទាន់​មាន​មុខងារ​ច្រើន ដូច​ហ្វេសប៊ុក។​ តែ​បង​គិត​ថា​ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ងាក​ទៅ​គាំទ្រ​កម្មវិធី​ទាំង​អស់​ហ្នឹង ​ ​វា​ប្រហែល​ជា​អាច​ Update ​[ធ្វើ​បច្ចុប្បន្ន​ភាព] ​និង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ជាង​ហ្នឹង»។​

ចំណែក​អ្នក​ផលិត​មាតិកា​ឌីជីថល ​លោក ​ជី សុផាត ​មើល​ឃើញ​ពី​សារៈ​ប្រយោជន៍​នៃ​បណ្តាញ​សង្គម​ហ្វេសប៊ុក​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ក្នុង​ការ​ទទួល​បាន​ចំណេះ​ដឹង​និង​ព័ត៌មាន​ផ្សេងៗ។​

លោក​បញ្ជាក់​ថា៖​ «ជា​ធម្មតា​ហ្វេសប៊ុក​នឹង​មាន​ព័ត៌មាន ​ក៏ដូច​ជា​ចំណេះ​ដឹង​ច្រើន អ៊ីចឹង​ប្រសិន​បើ​យើង​អត់​មាន​ហ្វេសប៊ុក​ វា​ហាក់​ដូច​ជា​យើង​ខ្វះ​ខាត​នូវ​ចំណុច​ណា​ មួយ​បន្ថែម​សម្រាប់​ប្រជា​ពលរដ្ឋ​របស់​យើង។ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ ​ខ្ញុំគិត​ថា​ ពេល​ដែល​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ចំពោះ​រដ្ឋាភិបាល​ណា... ​អត់​មាន​ហ្វេសប៊ុក ​ ​ច្បាស់​ណាស់​នឹង​មាន ​Platform ​(ទម្រង់​ប្រព័ន្ធ​សង្គម)​ផ្សេង​ទៀត ​ដើម្បី​ជួយ​គាត់​ដដែល។ ​អានេះ​ដូច​ជា​ប្រទេស​ណា​មួយ​អ៊ីចឹង។​ ​ប្រទេស​ខ្លះ​គាត់​ពេញ​និយម។ ​ប្រទេសខ្លះ​មិន​ប្រាកដ​ថា​ ពេញ​និយម​ហ្វេសប៊ុក​ទេ»។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​របស់​លោក​មិន​បិទ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឡើយ ​ព្រោះ​វា​ជា​តម្រូវ​ការ​របស់​ប្រជាជន​ក្នុង​ការ​ប្រើប្រាស់។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ​ខ្ញុំ​មិន​ល្ងង់​រហូត​ទៅ​ដល់​បិទ​បណ្តាញ​សង្គម​ដែល​ប្រជាជន​កំពុង​ប្រើប្រាស់​នោះ​ទេ។ ​នេះ​ជា​តម្រូវ​ការ​របស់​ប្រជាជន។ ​ខ្ញុំ​គ្រាន់​តែ​បិទ​ហ្វេសប៊ុក​របស់​ខ្ញុំ​ចោល​តែ​ប៉ុណ្ណោះ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​តទៅ​ទៀត​ទាក់​ទិន​ជាមួយ​នឹង​បញ្ហា​រឿង​ពាក្យ​សម្តី​ខ្លះ​ដែល​គេ​យក​មក​ធ្វើ​ជា​កម្មវត្ថុ​នៃ​ការ​ពិចារណា​នៃ​ក្រុមហ៊ុន​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ»។​

ក្រោយ​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​អ្នក​តាម​ដាន​ជាង​១៤​លាន​នាក់​ លោក ​ហ៊ុន សែន ​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​យុវជន​ដែល​និយម​លេង​ Tik Tok ​ងាក​មក​តាមដាន ​Tik Tok ​របស់​លោក ​ដែល​លោក​ចាប់​ផ្តើម​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ចាប់​តាំង​ពី​ថ្ងៃ​ទី២៨ ​ខែ​មិថុនា ​ឆ្នាំ​២០២៣៕​

XS
SM
MD
LG