ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ HRW ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ជា​«សញ្ញា​ព្រមាន»​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​


ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watchឬ​ HRW)​ បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់ ​កាល​ពី​ឆ្នាំ​២០២២ ​ក្នុង​នោះ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​ត្រឹម​ត្រូវ ​ដោយ​មាន​សន្លឹក​ឆ្នោត​លើស ​និង​ខ្វះ ​មិន​ត្រូវ​តាម​ការ​គណនា​លេខ​លើ​ទម្រង់​បែប​បទ​១១០២ ​ដែល​ជា​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ HRW​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

តាម​រយៈ​ការ​រក​ឃើញ​នេះ ​HRW ចាត់​ទុក​នេះ​ជា​ «សញ្ញា​ព្រមាន»​នៃ​ភាព​មិន​ប្រក្រតី​មួយ​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុ​ង​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី២៣ ​ខែ​កក្កដា​ខាង​មុខ​នេះ ​ខណៈ​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ​គឺ​គណបក្ស​ភ្លើង​ទៀន​ ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត ​និង​សង្កេត​ការណ៍។​

ភាព​មិន​ប្រក្រតី​ទាំង​នោះ ​គឺ​ស្ថិត​នៅ​លើ​ទម្រង់​១១០២​ ពាក់​ព័ន្ធ​នឹង​ការ​គណនា​ចំនួន​សន្លឹក​ឆ្នោត ​ដែល​ករណី​ខ្លះ​លើស​សន្លឹក​ឆ្នោត ​និង​ករណី​ខ្លះ​ទៀត​ខ្វះ​សន្លឹក​ឆ្នោត។ ​ភាព​មិន​ប្រក្រតី​នេះ​ត្រូវ​បាន​អង្គការ​រក​ឃើញ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​លើ​ទម្រង់​បែប​បទ​១១០២​ពី​ការិយា​ល័យ​បោះ​ឆ្នោត​ចំនួន​២១៥៥​ក្នុង​រាជធានី​ភ្នំពេញ។​

អង្គការ​អន្តរ​ជាតិ​នេះឱ្យដឹង​ទៀត​ថា​ ​ករណី​ភាព​មិន​ប្រក្រតី​ទាំង​នោះ​កើត​មាននៅ​កន្លែង​ដែលមាន​អ្នក​សង្កេត​ការណ៍មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្រុម​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច ​ដែល​បាន​ចូលរួម​ចុះ​ហត្ថលេខា​លើ​ទម្រង់​១១០២ ​ពោល​គឺមិន​មាន​តំណាង​ខាង​គណបក្ស​ភ្លើង​ទៀន​ឡើយ។ ​ក្រុម​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ​រួម​មាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​កូន​ប្រុស​របស់​លោក ​ហ៊ុន សែន ​គឺ​លោក ​ហ៊ុន ម៉ានី ​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ​និង​សមាគម​នារី​កម្ពុជា ​ដើម្បី​សន្ដិ​ភាព​និង​អភិវឌ្ឍ​ ដឹកនាំ​ដោយ​អ្នកស្រី ​ម៉ែន សំអន ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធ​សភា ​និង​អធិការ​កិច្ច។​

អង្គការ ​Human Rights Watch ​បញ្ជាក់​ថា៖​ «លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ភាព​មិន​ប្រក្រតី​ច្រើន ​និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា ​ឆ្នាំ​២០២៣​នេះ»។ ​អង្គការ​នេះ​ជំរុញ​ឱ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ចាត់​វិធានការ​ភ្លាមៗ ​ដើម្បី​ធានា​ការ​រាប់​សន្លឹក​ឆ្នោត​ត្រឹម​ត្រូវ។​

លោក ​Phil Robertson ​នាយក​រង​ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​ថ្លែង​ថា ​ភាព​មិន​ប្រក្រតី​នេះ​ចោទ​ជា​សំណួរ​អំពី​ភាព​ទុក​ចិត្ត​បាន​នៃ​ស្ថាប័ន​គ.ជ.ប។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​នេះ។​ លោក​បញ្ជាក់​ថា ​ការ​បោះ​ឆ្នោត​ខាង​មុខ​គឺ​ជា​«ការ​ចំអក​មួយ​សម្រាប់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ»​ ហើយ​ថា​ គ.ជ.ប ​គឺ​ជា​ស្ថាប័ន​ដែល​មិន​មាន​ឥទ្ធិពល ​និង​សមត្ថ​ភាព​ឡើយ។​

អ្នក​នាំ​ពាក្យ​ស្ថាប័ន​គ.ជ.ប ​លោក​ ហង្ស ពុទ្ធា​ ថ្លែង​ថា ​របាយ​ការណ៍​ដែល​អង្គការ​HRW​ ចេញ​ផ្សាយ​នា​ពេល​នេះ ​មាន​«លក្ខណៈ​នយោបាយ​ ចង់​ធ្វើឱ្យប៉ះពាល់​ដំណើរ​ការ​បោះ​ឆ្នោត»។​

លោក​ប្រាប់​វីអូអេ​ថា៖​ «គ.ជ.ប ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់។​ អ្វី​ដែល​ច្បាប់​មាន​ចែង​គ.ជ.ប ​បាន​អនុវត្ត​ត្រឹម​ត្រូវ​រួច​ហើយ ​នៅ​ឡើយ​តែ​អ្នក​ដែល​បញ្ចេញ​មតិ​ដែល​មាន​បំណង​ ឬ​ក៏​មហិច្ឆតា​បម្រើ​ឧបាយកល​ណាមួយ​ដែល​ចេះ​តែ​ពោល​ពាក្យ​រំខាន​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា ​បាទ»។

នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ានី ​បាន​ដាក់​មនុស្ស​ចូលរួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ ប្រមាណ​៣៦០០០​នាក់ ​ដែល​ច្រើន​ជាង​គេ​បង្អស់។ ​ចំណែក​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្ដិ​ភាព​ និងអភិវឌ្ឍ ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ​ម៉ែន សំអន ​បាន​ដាក់​អ្នក​សង្កេត​ការណ៍​ប្រមាណ​២៥០០០​នាក់ ​ដែល​ច្រើន​បំផុត​បន្ទាប់​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

លោក ​គីមសួរ ភិរិទ្ធ​ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន ​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ។ ​ប៉ុន្តែ​លោក​ថ្លែង​ថា​ កន្លង​ទៅ​ មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស ​គឺ​លោក សុន ឆ័យ ​ត្រូវ​បាន​ប្តឹង​ផ្តល់​ដោយ​គ.ជ.ប​ និង​គណបក្ស​កាន់​អំណាច​ ដោយ​ទាម​ទារ​ឱ្យ​សង​ជំងឺ​ចិត្ត ​សរុប​ជាង​១​លាន​ដុល្លារ​អាមេរិក​ទៅ​គណបក្ស​កាន់​អំណាច ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ​ការ​ចោទ​ប្រកាន់​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក ​ដោយ​មាន​ប្រើ​ពាក្យ​ពេចន៍​មួយ​ចំនួន​ ដូច​ជា​ថា ​«លទ្ធ​ផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ ​វា​មាន​ការ​បំភ័យ។​ វា​មាន​ការ​ទិញ។​ វា​មាន​ការ​លួច​ បាន​នៅ​សល់​ប៉ុណ្ណឹង»។

គួរ​បញ្ជាក់​ថា​ កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០២២​ អង្គការ​ខុមហ្វ្រែល​ដែល​ជា​សា្ថប័ន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ឆ្នាំ​២០២២​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​មូល​ដ្ឋាន​មួយ​នេះ។ ​ភាព​មិន​ប្រក្រតី​ មាន​ដូចជា​កន្លែង​ខ្លះ ​អ្នក​សង្កេត​ការណ៍​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​សង្កេត​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត។ ​កន្លែង​ខ្លះ​ទៀត ​មន្ត្រី​ការិយាល័យ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សង្កេត​ការណ៍​ថត​រូប​ពី​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត ​និង​ការិយាល័យ​មួយ​ចំនួន​ទៀត​បាន​បិទ​បាំង​ ដោយ​ការ​បិទ​ទ្វារ ​ឬ​បង្អួច​ការិយាល័យ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​ជាដើម។​

របាយ​ការណ៍​ក៏​បាន​លើក​ឡើង​អំពី​វត្តមាន​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​បរិវេណ ​និង​ក្រៅ​ការិយាល័យ​ ដើម្បី​កត់​ឈ្មោះ​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត ​និង​ប្រជា​ពល​រដ្ឋ​ខ្លះ​ទៀត​មិន​អាច​បោះឆ្នោត​បាន ​ដោយ​សារ​រក​ឈ្មោះ​មិន​ឃើញ៕

XS
SM
MD
LG