ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖ យន្តការ​ឆ្លាស់​លេខ​រៀង​បេក្ខជន​ជា​ស្ត្រី​និង​បុរស​ជា​យុទ្ធសាស្ត្រ ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​ជួរ​ដឹកនាំ​នយោបាយ


រូប​ឯកសារ៖ មន្ត្រី​តាម​ការិយា​ល័យ​បោះឆ្នោត​ ​ត្រួត​ពិនិត្យ​ឯក​សារ​បោះ​ឆ្នោត​របស់​ពល​រដ្ឋ​ នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​​ ​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)
រូប​ឯកសារ៖ មន្ត្រី​តាម​ការិយា​ល័យ​បោះឆ្នោត​ ​ត្រួត​ពិនិត្យ​ឯក​សារ​បោះ​ឆ្នោត​របស់​ពល​រដ្ឋ​ នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​​ ​ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)

បើ​ទោះ​ស្ត្រី​បាន​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ ការ​បោះឆ្នោត​យ៉ាង​សកម្ម​ទាំង​សំឡេង​ និង​សកម្មភាព​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ភាគរយ​សរុប​នៃ​ស្ត្រី​នៅ​ក្នុង​តួ​នា​ទី​សំខាន់ៗ​ក្នុង​ជួរ​គណបក្ស​ន​យោ​បាយ​នី​មួយៗ​ នៅ​តែ​មាន​តិចតួច។ នេះ​បើ​យោ​ង​តាម​របាយការណ៍ ដែល​មាន​ចំណង​ជើង​ថា «ការ​ផ្តល់​អំណាច​នយោបាយ​ដល់​ស្ត្រី​ និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២» របស់​អង្គការ​ខុមហ្វ្រែល​ និង​អង្គការ​ដៃគូ​ផ្សេងៗ​ទៀត។

​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ខែ​ធ្នូ ឆ្នាំ ​២០២២ បាន​បង្ហាញ​ថា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​ ៥​ ការ​ចូលរួម​របស់​ស្ត្រី​នៅ​តែ​មាន​បញ្ហា​ប្រឈម ពាក់​ព័ន្ធ​នឹង​ការ​ទទួល​បាន​ឱ​កាស​សម្រាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ ការ​ចូលរួម​បោះ​ឆ្នោត​ និង​ឱកាស​ឈាន​ទៅមុខ​ក្នុង​ជីវិត​នយោបាយ​របស់​ស្ត្រី​ជាប់​ឆ្នោត​ ជាពិសេស​បញ្ហា​គម្លាត​មាន​ខ្លាំង​សម្រាប់​បេក្ខជន​ស្ត្រី​និង​បុរស ដែលស្រ្តី​មាន​ឱកាស​តិចតួច​នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១។

របាយការណ៍​ដដែល​បញ្ជាក់​ថា៖ «បញ្ហា​ទាំង​នេះ​កើតឡើង ​ដោយសារ​ប្រទេស​កម្ពុជា​ពុំទាន់​មាន​គោលនយោបាយ​សមភាព​យេនឌ័រ​ជាក់លាក់​ ជា​លាយលក្ខណ៍​អក្សរ​នៅ​ក្នុង​គណ​បក្ស​ន​យោ​បាយ ​ដែល​ជាវិ​ធាន​ការ​ពិសេស​ និង​ខ្វះ​នូវមាត្រា​មួយ​ចំនួន​ដែល​ឆ្លើយ​តប​នឹង​តម្រូ​វការ​យេន​ឌ័រ​នៃច្បាប់​បោះ​ឆ្នោត​ដើម្បី​គាំទ្រ​ និង​ផ្តល់ឱកាស​ឱ្យ​ស្ត្រី​-បុរស​ដែល​មាន​ចម្រុះ​ចូល​រួម​ស្មើ​គ្នា​លើ​តួនា​ទី​សម្រេច​ចិត្ត​ក្នុង​វិស័យ​នយោបាយ​»។

របាយការណ៍​ឱ្យដឹង​ទៀត​ថា ​សកម្មជន​គណបក្ស​នយោបាយ​ស្ត្រី​ និង​អ្នក​នយោបាយ​ស្ត្រី​ នៅ​តែ​ប្រឈម​នឹង «​ការ​រើសអើង​ និងហិង្សា​គ្រប់​ទម្រង់» ដែល​នេះ​ជា​រនាំង​រារាំង​ពួកគេ​នៅ​ក្នុង​ការ​ចូល​រួម​សកម្មភាព​នយោបាយ។

អ្នកស្រី សេង រាសី នាយិកានៃអង្គការសីលការ ថ្លែងនៅក្នុងសិក្ខាសិលាមួយស្តីអំពីការពង្រឹងអំណាចរបស់ស្ត្រីក្នុងជួរដឹកនាំនយោបាយ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រី សេង រាសី នាយិកានៃអង្គការសីលការ ថ្លែងនៅក្នុងសិក្ខាសិលាមួយស្តីអំពីការពង្រឹងអំណាចរបស់ស្ត្រីក្នុងជួរដឹកនាំនយោបាយ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នកស្រី ​សេង រាសី នាយិកា​នៃអង្គការ​សីលការ​ បានលើក​ឡើង​ថា ​មូល​ហេតុ​ដែល​នាំ​ឱ្យ​ស្ត្រី​ចូល​រួម​នៅក្នុង​នយោបាយ​មាន​កម្រិត​ ដោយ​សារ​តែ​មិន​មាន​ច្បាប់​ដែល​ជំរុញ​និង​លើក​ទឹក​ចិត្ត​ពួកគេ។​

អ្នកស្រី​ថ្លែង​ថា៖ «បញ្ហា​ប្រឈមទី១​គឺ មាត្រា​នៅក្នុង​ច្បាប់ និង​គោ​លន​យោ​បាយ​មួយ​ចំនួន​ជា​ពិសេស​ច្បាប់​ដែល​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ហ្នឹង នៅ​មិន​ទាន់​ជំរុញ​នូវ​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​ឡើយ ដោយ​សារ​នៅ​ក្នុងមាត្រា​មួយចំនួន​នៃច្បាប់​បោះ​ឆ្នោត​នៃច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត និង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​គឺ​បាន​ដាក់​ថា បេក្ខភាព​ស្រ្តី​ហ្នឹង​ត្រូវ​បាន​ដាក់​លើ​លេខ​រៀង​សម​ស្រប ហើយ​ពាក្យ​ថា​សម​ស្រប​នេះ​យើង​អត់​ដឹង​ថា​អ្នកណា​កំណត់​ទេ»។

ដោយឡែក​ គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​អះអាង​ថា ពួកគេ​មាន​យន្តការ​ខ្លះ​ដែល​ជំរុញ​ឱ្យ​មាន​បេក្ខជន​ស្ត្រី​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​បក្ស ខណៈ​គណបក្ស​មួយ​ចំនួន​ទៀត​ខ្វះ​យន្តការ ក៏​ប៉ុន្តែ​បាន​អនុវត្ត​សកម្មភាព​លើក​ទឹកចិត្ត​ឱ្យ​សកម្មជន​និង​សមាជិក​បក្ស​ដែល​ជា​ស្ត្រី​ចូលរួម​ឱ្យ​សកម្ម​ក្នុង​សកម្មភាព​របស់​បក្ស។

អ្នកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទនិងវិន័យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងនៅក្នុងសិក្ខាសិលាមួយស្តីអំពីការពង្រឹងអំណាចរបស់ស្ត្រីក្នុងជួរដឹកនាំនយោបាយ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទនិងវិន័យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងនៅក្នុងសិក្ខាសិលាមួយស្តីអំពីការពង្រឹងអំណាចរបស់ស្ត្រីក្នុងជួរដឹកនាំនយោបាយ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នកស្រី ប្រុក វ៉ាន្នី ប្រធាន​គណ:កម្មការ​ដោះស្រាយ​វិវាទ​ និង​វិន័យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​លើកឡើង​ថា​ នៅ​ក្នុង​គណបក្ស​នយោបាយ​របស់​អ្នកស្រី​មាន​ការ​បែងចែក​រចនា​សម្ពន្ធ។ អ្នកស្រី​បន្ថែម​ថា ប្រសិនបើ​ប្រធានជា​ស្ត្រី​ ដូច្នេះ​បុរស​ត្រូវ​ជា​អនុប្រធាន។

អ្នកស្រី​ថ្លែងថា៖ «នៅ​ជួរ​គណ​ប្រតិបតិ្ត​យើង​មាន​បើ​បុរស​ជា​ប្រធាន​អនុប្រធាន​ជា​ស្រ្តី​ បើ​ខ្ញុំ​ជា​ប្រធាន​ជា​ស្រ្តី​ អ៊ីចឹង​បុរស​ជា​ប្រធាន​ជា​ចាំបាច់​ ហើយ​យើង​សរសេរ​ទៅ​តាម​គោលការណ៍​នៅ​ក្នុង​ច្បាប់​របស់​យើង។ គ.ប.ម (គណបក្ស​ប្រជាធិបេតយ្យ​មូលដា្ឋន​) កាល​បោះឆ្នោត​ឃុំ​យក​តែ​ ៣២ ​ឃុំ​ទេ​ ហើយ​ឥឡូវ​នេះ​កំពុង​ធ្វើ​ផែនការ​សម្រាប់​ការ​ឈរ​បេក្ខជន​តំណាងរាស្រ្ត​នេះ​ យើង​កំពុង​តែ​ដាក់​ផែនការ​ថា​ តើ​ខាង​ខេត្ត​ណា​ដែល​យើង​ត្រូវ​ឈរ​ ហើយ​ខេត្ត​ណា​ដែល​យើង​មិន​ឈរ​ ហើយ​បើ​ខេត្ត​ណា​ដែល​យើង​ឈរ​ខ្វះ​បេក្ខជន​ជា​ស្រ្តី​ក៏​មាន​អ្នក​ស្ម័គ្រចិត្ត​ពី​ខេត្ត​ដទៃ​ទៀត​ មក​ឈរ​ជា​បេក្ខជន​តំណាងរាស្រ្ត​ដែរ។»

កញ្ញា ប៉ាន់ ពេជ្រចិន្តា ប្រធាន​ចលនា​ស្រ្តី​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ បាន​ថ្លែង​ថា​ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ខ្មែរ​រួបរូម​ជាតិ​មាន​ស្ត្រី​សមាជិក​ និង​សមាជិកា​ពី​ថ្នាក់​កំពូល​ដល់​ថ្នាក់​ក្រោម​តាម​នាយកដ្ឋាន​ផ្សេងៗ​ ព្រម​ទាំង​មាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​ និង​ការ​តស៊ូ​មតិ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ឱ្យ​ពួកគេ​មាន​ចំណេះ​ដឹង​ពី​នយោបាយ​ជា​ដើម។ កញ្ញា​បន្ថែម​ថា​ ថ្នាក់​ដឹកនាំ​នៃ​បក្ស​បាន​ធ្លាប់​ជជែក​ជាច្រើន​ក្នុង​គោលការណ៍​ដែល​ដាក់​ឆ្លាស់​បេក្ខភាព​ឱ្យ​បាន​យ៉ាង​ហោច​ ៣០​ ភាគ​រយ។

កញ្ញា​បញ្ជាក់​ថា​៖ «ដោយសារ​បន្តិច​ទៀតនេះ​ យើង​មាន​ឈាន​ទៅ​ដល់​ការ​រៀបចំ​បេក្ខភាព​ អ៊ីចឹង​ទាក់ទង​ទៅនឹង​បេក្ខភាព​ដែល​ជា​ស្រ្តី​សម្រាប់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ថ្នាក់​ដឹកនាំ​បាន​ជជែក​មួយ​ចំនួន​ច្រើន​ដង​រួច​មក​ហើយ​ ប៉ុន្តែ​យើង​មិនទាន់​បានដល់ចុងក្រោយ​ទេ​ ប៉ុន្តែ​ឆ្លង​តាម​រយៈ​ជជែក​ពិភាក្សា​ពី​ថ្នាក់​ដឹក​នាំកន្លង​មក​នេះ​គឺ​យើង​នឹង​ធ្វើ​ទៅ​តាម​ គោលការណ៍​ឆ្លាស់​បេក្ខភាព​ ហើយ​យើង​នឹង​ធ្វើ​ឱ្យ​បាន​៣០​ភាគរយ​សម្រាប់​ស្រី្ត​ចូលរួម។»

លោក សុខ លាំង អ្នកស្រាវជ្រាវនិងបណ្តុះបណ្តាលផ្នែកយេនឌ័រនិងសិទ្ធិមនុស្ស ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅក្នុងសិក្ខាសិលាមួយស្តីអំពីការពង្រឹងអំណាចរបស់ស្ត្រីក្នុងជួរដឹកនាំនយោបាយ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក សុខ លាំង អ្នកស្រាវជ្រាវនិងបណ្តុះបណ្តាលផ្នែកយេនឌ័រនិងសិទ្ធិមនុស្ស ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅក្នុងសិក្ខាសិលាមួយស្តីអំពីការពង្រឹងអំណាចរបស់ស្ត្រីក្នុងជួរដឹកនាំនយោបាយ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្រៅពី​ខ្វះ​យន្តការ​ជំរុញ​ឱ្យ​បេក្ខជន​ជា​ស្ត្រី​មាន​លទ្ធភាព​ឈរ​ឈ្មោះ​ក្នុង​លំដាប់​លេខរៀងទី ១ អ្នក​ស្រាវជ្រាវ​ក៏​យល់ថា ផ្នត់​គំនិត​សង្គម​ដែល​គិត​អវិជ្ជមាន​មក​លើ​ស្ត្រីក៏នៅតែ​ជា​ឧបសគ្គ​ដល់​ស្ត្រី​ដើម្បី​ទទួល​បាន​តួនាទី​ជា​អ្នក​ដឹកនាំ​ក្នុង​ជួរ​នយោបាយ​ផងដែរ។នេះបើយោង​តាម​លោក សុខ លាំង​ អ្នក​ស្រាវជ្រា​វ​ និង​បណ្តុះ​បណ្តាល​ផ្នែក​យេន​ឌ័រ​និង​សិទ្ធិមនុស្ស។

លោក​បញ្ជាក់ថា​៖«កត្តា​រារាំង​មួយទៀត​នោះគឺនៅ​ពេល​ដែ​យើ​ងអត់​ទាន់ផ្តល់​ឱកាស​ហ្នឹង​ឱ្យ​បាន​គ្រប់​គ្រាន់​ទៅដល់ស្ត្រី។ បើ​ខ្ញុំគិត​ថា​ពី​សមត្ថភាព ​និង​ការ​អប់​រំ​អី​ហ្នឹង យើ​ង​ឃើ​ញ​ថា​ស្ត្រី​បាន​ទទួលការ​អប់រំ​កាន់តែ​ច្រើន​ទៅ​ៗនៅក្នុង​វិស័យ​ពេល​បច្ចុប្បន្ន​នេះ​»។

លោក​បន្ថែ​ម​ថា​ ការទទួល​បានការ​គាំទ្រ ដូចជា​ការ​បណ្តុះបណ្តាល​ជំនាញ ជា​ថវិកា ​ជា​យន្តការ ដូច​ដែល​របាយ​ការណ៍​ខាង​លើ​បាន​លើកឡើង ក៏ដើរ​តួនាទី​សំខាន់​សម្រាប់​ស្ត្រី​ក្នុងការ​ទទួល​បាន​ជោគជ័យ​ផងដែរ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ត្រូវ​ការ​គាំទ្រ​គាត់​ឱ្យទទួល​បាន​បទ​ពិសោធន៍​ នៅក្នុង​ភាព​ជាអ្នក​ដឹក​នាំ​ ហើយ​នឹង​មាន​ប្រព័ន្ធ​គាំទ្រ​មួយដើម្បី​ធ្វើ​ឱ្យ​គាត់​កាន់តែ​រីក​ចម្រើនទៅ​ៗ​»។

ពាក់​ព័ន្ធ​នឹង​វិថី​ឆ្ពោះ​ទៅ​ខាងមុខ​ របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែម​និងដៃគូ បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។ រដ្ឋសភា​និងព្រឹទ្ធសភា ត្រូវ​ធានា​បង្កើត​ច្បាប់​បោះ​ឆ្នោត​ឆ្លើយ​តប​នឹង​យេនឌ័រ​ ទាំងច្បាប់​ស្តី​ពី​ ការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​តំ​ណាង​រាស្ត្រ​ និង​ច្បាប់​ស្តី​ពី​កា​របោះ​ឆ្នោត​ជ្រើស​រើ​ស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ដែល​ជាវិ​ធា​ន​ការ​ពិ​សេស​ដើម្បី​លើ​ក​ក​ម្ពស់​ស​មភា​ពយេន​ឌ័រ។

ស​ម្រាប់​គ​ណ​បក្ស​ន​យោ​បាយ​ របា​យ​ការណ៍​បាន​ផ្តល់​អនុ​សា​សន៍​ឱ្យបង្កើត​គោល​នយោ​បា​យ​ដើម្បី​លើក​កម្ព​ស់​ការ​ចូល​រួម​រប​ស់​ស្ត្រី​ដោយ​ស្មើ​ភាព ជាពិសេស​គណបក្ស​នយោបាយ​ត្រូវ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឆ្លាស់គ្នា​តាម​លំដាប់​លេខរៀង​ពី​លើ​ដល់​ក្រោម​ រវាង​បេក្ខជន​ស្ត្រី​ និង​បេក្ខជន​បុរស។

របា​យ​កា​រណ៍​ក៏​បា​ន​ជំរុ​ញ​ឱ្យ​ស្ថា​ប័ន​រៀប​ចំ​ការ​បោះ​ឆ្នោ​ត​មា​នគំនិត​ផ្តួ​ចផ្តើម​នៅក្នុងការ​ស្នើ​ឱ្យ​មា​ន​ការ​វិសោ​ធនកម្ម​ច្បាប់​បោះ​ឆ្នោត​ និង​ស្វែក​រក​មធ្យោបាយ​ដើម្បី​ឱ្យមានស្ត្រី​ឈរ​ឈ្មោះ​ច្រើន​ផងដែរ។

កែ រឹទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់និងបច្ចេកទេសនៃ គ.ជ.ប ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅក្នុងសិក្ខាសិលាមួយស្តីអំពីការពង្រឹងអំណាចរបស់ស្ត្រីក្នុងជួរដឹកនាំនយោបាយ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កែ រឹទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់និងបច្ចេកទេសនៃ គ.ជ.ប ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅក្នុងសិក្ខាសិលាមួយស្តីអំពីការពង្រឹងអំណាចរបស់ស្ត្រីក្នុងជួរដឹកនាំនយោបាយ នៅរាធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក កែ រឹទ្ធិ​ អគ្គនាយក​រងនៃអគ្គនាយកដ្ឋាន​សេវាកម្ម​ច្បាប់​និង​បច្ចេកទេស​នៃ គ.ជ.ប ប្រាប់​វីអូអេ​ក្រោយ​កិច្ចភាក្សា​ពាក់ព័ន្ធ​នឹង​របាយការណ៍​ខាង​លើ​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ មិន​មាន​សិទ្ធិ​នៅ​ក្នុង​ការ​កែ​ប្រែ​ច្បាប់​ពាក់ព័ន្ធ​នឹងការ​បោះឆ្នោត​អ្វីឡើយ​ និង​ថា​ច្បាប់​ក៏​មិន​បាន​ចែង​ថា​គណបក្ស​នយោបាយ​នីមួយ​ត្រូវ​តែ​ដាក់​បេក្ខជន​ស្ត្រី​ជាក់លាក់​ទើប​អាច​ចូលរួម​ការ​បោះឆ្នោត​បាន​នោះ​ដែរ។

លោក​ថ្លែង​ថា៖ «គ.ជ.ប​ ស្វាគមន៍​ការអនុវត្ត​លើក​ស្ទួយ​បញ្ហា​ស្ត្រី​នេះ ប៉ុន្តែ​ជាក់​ស្តែង​គឺ​ការងារ​ដែល​បញ្ចូល​ស្ត្រី​ទៅ​ក្នុង​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​តាម​គោលការណ៍​ដែល​ស្នើសុំ​ឱ្យ​មាន​ឆ្លាស់​លេខ​រៀង​ឬក៏​គិត​ជា​កូតា​នេះ​មាន​តែ​គណ​បក្ស​នយោបាយ​ទេ​ពេល​នេះ ដែល​អាច​រៀបចំ​ធ្វើទាន់​»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប នឹង​ចាប់​ផ្តើម​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​និង​បេក្ខជន​របស់​ខ្លួន ចាប់ពី​ថ្ងៃទី ២៤ ​ខែ​មេសា ហើយ​និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី ៨ ខែ​ឧសភា ឆ្នាំ ២០២៣៕

XS
SM
MD
LG