ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​៖ ​រោង​ចក្រ​​នៅ​កម្ពុជា​ជាង​៧០​​បាន​ព្យួរ​ការងារ​កម្មករ​ជាង​៣​ម៉ឺន​នាក់


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

នៅ​ដើម​ឆ្នាំ​២០២៣​នេះ រោង​ចក្រ​ចំ​នួន​ជាង​៧០​បាន​ព្យួរ​ការងារ​កម្មករ​ជាង​៣​ម៉ឺន​នាក់​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​រដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​សាច់​ប្រាក់​ជួយ​កម្មករ​ ដែល​ត្រូវ​បាន​ព្យួរ​ពី​ការងារ ​ដូច​កាល​មាន​ការ​ឆ្លង​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩។ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ការ​ព្យួរ​ការងារ​កម្មករ​ ដែល​ភាគ​ច្រើន​បម្រើ​ការ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​នោះ​ កើត​ឡើង​ស្រប​ពេល​ស្ថាន​ភាព​ឆ្លង​ជំងឺ​កូវីដ​១៩​បានធូរ​ស្បើយ​ ហើយ​សហ​ជីព​មួយ​ចំនួន​ដែល​បម្រើ​ប្រយោជន៍​កម្មករ​និយោជិត​ ​សង្កេត​ឃើញថា ការ​ព្យួរ​ការងារ​កម្មករ​រោងចក្រ​នេះ​ ​បណ្តាល​មក​ពី​វិបត្តិ​សកល​លោក ​និង​ម្យ៉ាង​ទៀត​ ពួកគេ​ថា​ ការព្យួរការងារ​នៅ​ពេល​នេះ​អាច​ជាលេស​របស់​ថៅ​កែ​រោង​ចក្រ​ដែល​មាន​ចេតនា​គេច​វេះមិន​ចង់​ទូទាត់​ប្រាក់​អតីត​ភាព​ជូន​កម្មករ។​

ថ្លែង​នៅ​ឯ​ពិធីអបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​៨មីនា​លើក​ទី​១១២ ​នៅ​វិមាន​សន្តិភាព​ នាព្រឹក​ថ្ងៃ​អង្គារ​នេះ ​ លោក​ហ៊ុន សែន​លើក​ឡើង​ថា​ ក្រោយ​ពី​មាន​ការ​ព្យួរ​ការងារ​នៅ​តាម​រោង​ចក្រ​ចំនួន​៧១​នោះ​ ​ លោក​បាន​សម្រេចផ្តល់​ការឧបត្ថម្ភ​សាច់​ប្រាក់​ដល់​កម្មករដែលត្រូវ​បាន​ព្យួរការងារ​ ដោយ​ក្នុង​ម្នាក់ៗ​នឹង​ទទួល​បាន​លុយដូច​ទៅ​នឹង​សម័យ​កូវីដ​គឺ៤០​ដុល្លារ​បាន​ពី​រដ្ឋាភិបាល ​និង​៣០​ដុល្លារ​បាន​ពីថៅ​កែ​រោង​ចក្រ។​

​លោក​ហ៊ុន សែន​ថ្លែង​ថា៖​ «ដូច្នេះ ខ្ញុំ​បាន​សម្រេច​រួច​ហើយ​ ដែល​កម្មការិនី​របស់​យើង​ នឹង​ទទួល​បាន​នូវប្រាក់​ដូច​កាល​ពី​សម័យ​កូវីដ​ ដែល​រោង​ចក្រ​ត្រូវ​ព្យួរ។ ​ប៉ុន្តែ​ខ្ញុំ​ក៏​គួរ​តែ​ជូន​ដំណឹង​ដែរ​ ក្នុង​ពេល​ដែល​យើង​បាត់​បង់​ការងារ​ធ្វើ​នៅ​តាម​រោង​ចក្រ​៧១​រោង​ចក្រ​ ដែល​មាន​កម្មករ​ពី​៣​ម៉ឺន២​ពាន់​នាក់ ​ក្នុង​ហ្នឹង​ស្ត្រី​មាន​ចំនួន​២​ម៉ឺន​៦​ពាន់​នាក់»។​

​បន្ទាប់ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​ C-CAW​DU លោក​គង់ អាទិត្យ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​ព្យួរ​ការងារនៅរោងចក្រ​ចំនួន​ជាង​៧០នេះ​បាន​កើត​ឡើង​នៅ​ដើម​ឆ្នាំ​២០២៣​នេះ​ ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​ការ​បញ្ជា​ទិញ​ និងវិបត្តិ​ផ្សេង​ទៀត​ តួ​យ៉ាងដូច​ជា​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន។​

លោក​ថ្លែងថា៖​ ​«តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ថៅ​កែ​រោង​ចក្រ​មក​ វា​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​កម្មង់ ​ដោយ​សារ ​Brand ​ដែល​កម្មង់ពីស្រុក​យើង​ ​គាត់​អត់​មាន​ទីផ្សារ។​ គាត់​អត់​មាន​តម្រូវ​ការ​របស់​អតិថិជន​នៅ​លើសកល​លោក ​នៅ​អឺរ៉ុប ​នៅ​អាមេរិក។ ​វា​ធ្លាក់​ចុះ។ ​ហើយ​វា​មាន​បញ្ហា​ផ្នែកវត្ថុ​ធាតុ​ដើម​មួយ​ចំនួន​ដែរ ​ហើយ​វា​ក៏​មាន​ផល​ប៉ះ​ពាល់​ ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន​ អ៊ីចឹង​ដែរ។​ វាហៅថា​ ប្រយោល​... ​វា​ប៉ះ​ពាល់​តៗ​គ្នា»។​

​លោក​បន្ថែម​ថា ​នៅ​ពេល​បច្ចុប្បន្ននេះ ​ដោយ​សារ​មិន​សូវ​មាន​រោង​ចក្រ​បើក​ថ្មី​ ដូច្នេះ​កម្មករព្យាយាម​ស្វែង​រក ​និង​ធ្វើការងារ​ជាក់​ស្តែង​ទៅ​តាម​លទ្ធ​ភាព​រៀងៗ​ខ្លួន ​ដែល​អាច​រក​បាន។​

សហជីព​ខ្លះ​បាន​ឲ្យ​ដឹង​ថា ​ក្រៅ​ពី​ការ​ព្យួរ​ការងារ​នោះ រោង​ចក្រ​កាត់​ដេរ​ខ្លះក៏​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​របស់​កម្មករ ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ស្ថានភាព​ដែល​បាន​កើត​ឡើង​កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅ​ប្រទេស​វៀតណាម​ ទី​ដែលកម្មករ​ជិត​កន្លះ​លាន​នាក់​ក្នុង​វិស័យ​កាត់​ដេរ ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​តិច​ម៉ោង​ ខណៈ​ការ​បញ្ជា​ទិញ​ទំនិញ​បាន​ធ្លាក់​ចុះ។​

​វិបត្តិ​នៃ​ការ​ចាយ​វាយ​លើ​ការ​រស់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិកនាំ​ឲ្យ​ទីផ្សារ​ធំៗ​សម្រាប់​ទំនិញ​ផលិត​នៅ​ប្រទេស​វៀតណាមមាន​ការ​ធ្លាក់​ចុះ​នៃ​កម្លាំងទិញ​របស់​អ្នក​ដើរ​ផ្សារ​នៅ​បស្ចិម​លោក។​ នេះ​បើតាម​ទីភ្នាក់​ងារ​ព័ត៌មាន​ AFP ​ចេញផ្សាយ​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០២២។​

ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា​លោក​ប៉ាវ ស៊ីណាប្រាប់​វីអូអេ​ថា ​រោង​ចក្រ​មួយ​ចំនួនបាន​បន្ថយ​ម៉ោង​ធ្វើការ​របស់​កម្មករ​ និង​ខ្លះ​ទៀត​ចាប់​ផ្តើម​ព្យួរ​ការងារ​របស់​កម្មករ។​

លោក​ថ្លែង​ថា៖ ​«មាន​ន័យ​ថា គាត់​២៦​ថ្ងៃ​ គាត់​ធ្វើ​២២​ថ្ងៃ​អ៊ីចឹង​ទៅ។​ កាត់​បួន​ថ្ងៃ​អ៊ីចឹង​ទៅ។​ ហ្នឹង​អ្នកដែល​ធម្មតា​ មាន​ន័យ​ថា​ អ្នក​ដែល​មិន​បាន​ព្យួរ​ ប៉ុន្តែ​កាត់​បន្ថយ​ម៉ោង​ការងារ។ ​ហើយ​មួយ​ចំនួន​ទៀត​អាច​ថា​ គេ​ព្យួរ ​ឧទាហរណ៍​កម្មករ​បី​ពាន់​នាក់​ គេ​ព្យួរ​១៥០០​នាក់​ ឬ​ក៏​ព្យួរ​១០០​អ៊ីចឹង​ទៅ»។​ ​

​លោក​បន្ថែម​ថា​ ស្ថាន​ភាព​បន្ថយ​ម៉ោង​ធ្វើការ​របស់​កម្មករ​នេះកើត​ឡើង​ដោយ​សារ​ការ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ និង​ការ​កើន​ឡើង​អត្រា​អតិផរណា​ដែល​បង្ក​ឡើង​ ជា​ចម្បង​ដោយ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន។​

ដោយ​ឡែក ​ប្រធាន​សហព័ន្ធ​សហ​ជីព​កម្ពុជា​ អ្នក​ស្រី​យ៉ាង សុភ័ណ្ឌបាន​កត់​សម្គាល់ថា ​រោង​ចក្រ​ភាគច្រើននៅតែ​ដំណើរ​ការ​បាន​ជា​ធម្មតា​ទេ​ ហើយ​ការ​បញ្ជា​ទិញ​ក៏​មិន​ឃើញ​មាន​ការ​ធ្លាក់​ចុះ​ជា​ដុំ​កំភួន។ ​ដូច្នេះ​អ្នកស្រី​ថា ​ប្រសិន​បើ​រោង​ចក្រ​ទាំង​នោះពិត​ជា​ប្រឈមមុខ​នឹង​បញ្ហា​បញ្ជា​ទិញ​ធ្លាក់​ចុះ​មែន​នោះ ថៅ​កែ​រោងចក្រគួរ​តែ​បង្ហាញ​ទិន្នន័យ​ជា​សាធារណៈ​ឱ្យ​កម្មករ​បាន​ដឹង​ ដើម្បី​បញ្ចៀស​ការ​យក​រឿង​ព្យួរ​ការងារនេះ​ធ្វើ​ជាលេស ​មិន​ចង់​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ និង​សំណង​ផ្សេងៗ ដែល​កម្មករ​សម​នឹង​ទទួល​បានតាម​ច្បាប់។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«អ្នក​រក​ស៊ី​ធំៗ ​ជា​ពិសេស​ពួក​ Brand ​អីហ្នឹង​ ឃើញ​ថា​ គាត់​នៅ​បន្ត​ក្នុង​ការ​បញ្ជា​ទិញ​ដដែល។ ​ប៉ុន្តែ​គ្រាន់​ថា ​ការ​បញ្ជា​ទិញរបស់​គាត់​ វា​អាច​ថា ​ទំនិញ​របស់​គាត់​ គាត់​យក​ទៅ​ស្តុក​ទុក​នៅ​កន្លែង​ទីសុវត្ថិភាព​មួយ​អ៊ីចឹង​ទៅ។ ​ហើយ​ការ​លក់​ចេញមាន​ការ​ធ្លាក់​ចុះ​តិច​តួច។ ​វាមិន​អត់​ទេ។ ​ខ្ញុំ​ទទួល​ស្គាល់​ចំណុច​ហ្នឹង​ប៉ុណ្ណឹង។​ ក៏​ប៉ុន្តែ​មិនប្រាកដ​ថា ​គាត់​មាន​ហេតុ​ផល​ហ្នឹង​ គាត់​ត្រូវ​គេច​វេះ​ពី​ការ​ទូទាត់​សំណង​ឱ្យ​កម្មករ​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែរ»។​

​អ្នកស្រី​យល់​ថា ​លុយ​ដែ​ល​រដ្ឋាភិបាល​ឧបត្ថម្ភ​ដល់​កម្មករគឺ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​កម្មករ​ដើម្បី​យក​ទៅ​ទ្រទ្រង់​សេដ្ឋ​កិច្ចគ្រួសារ​នោះ​ទេ ​ហើយ​កម្មករ​ខ្លះ​អាច​នឹង​សម្រេច​ចិត្តធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ដទៃ​ជា​ដើម។​

​ចំណែកប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) ​លោក​អាត់ ធន់​ថ្លែង​ថា ​ការ​ជួយ​ឧបត្ថម្ភ​របស់​រដ្ឋា​ភិបាលជា​រឿង​ល្អ ​ប៉ុន្តែ​មិន​ទាន់អាច​ជួយ​អ្វី​បាន​ច្រើន​ដល់​កម្មករ​នោះ​ទេ ហើយ​រដ្ឋាភិបាល​ត្រូវ​រក្សា ​និង​បង្កើត​ការងារ​ឱ្យ​កម្មករ​ធ្វើ​ជារឿង​សំខាន់​ជាង ​បូក​រួម​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​ និងប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​GSP ​របស់​សហ​រដ្ឋ​អាមេរិក។​

លោក​បញ្ជាក់​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា៖ ​«ជាង​នេះ​ទៅ​ទៀត​ បច្ចុប្បន្ន​នេះ​ យើង​ឃើញ​ថា ​ការ​ព្យួរ​ប្រតិបត្តិការ​ជាង​៧០​ក្រុម​ហ៊ុន​ហ្នឹង​មាន​កម្មករ​៣​ម៉ឺន​នាក់​ជាង។​ ចុះ​អ្នក​បាត់​បង់​ការងារ​ទាំង​ស្រុង​រាប់​ម៉ឺន​នាក់​ទៀត​ ​គិត​យ៉ាង​ម៉េច?​ អ៊ីចឹង​ហេតុ​ដូច្នេះ​រដ្ឋាភិបាលគួរ​តែ​បន្ត​ជួយ​ទៅ​ដល់​អ្នក​បាត់​បង់​ការងារ​នឹង​ផង ​ហើយ​ម្យ៉ាង​ទៀត​គឺ​យើង​ដឹង​ហើយរយៈពេល​កន្លង​មក​ ការ​អនុវត្ត​ច្បាប់​មិន​ទាន់​បាន​ល្អ​ គឺ​នយោជក​មួយ​ចំនួន​មិន​ត្រូវ​បិទ​ក៏​បិទ​ដែរ​ ដោយ​សារ​គាត់​ចង់ ​Clear ​កម្មករ។ ​គាត់​ចង់​បញ្ឈប់​សហ​ជីព។​ គាត់​ចង់​បំបាត់​អតីត​ភាព​ការងារ​ អ៊ីចឹង​ទៅ។ គាត់​ក៏​ថា​បិទ ហើយ​ទៅ​បើក​ក្រុម​ហ៊ុន​មួយ​ទៀត​ផ្សេង ​ដោយ​មិន​មាន​ទណ្ឌ​កម្ម​ផ្លូវ​ច្បាប់»។​

លោក​សំ ចិន្តា​ អាយុ​៤១​ឆ្នាំ ​ជា​ជាង​ម៉ាស៊ីន​ ដែល​កំពុងធ្វើ​ការ​នៅ​រោង​ចក្រ​យូលី ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​សានតុង​នៅ​ខេត្ត​ស្វាយរៀង​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារនេះ​ថា ​មក​ដល់​ពេល​នេះ ​រោង​ចក្រ​យូលីបាន​ព្យួរការងារ​កម្មករ​ប្រមាណ​២​ពាន់​នាក់ ​ព្រោះ​ក្រុមហ៊ុន​ថា ​មិនមាន​អ្នក​បញ្ជា​ទិញ។​

​លោក​ថ្លែង​ថា៖ ​«ការ​ព្យួរហ្នឹង​ចូល​ជាង​២០០០​នាក់​ហើយ​ បើ​តាម​ខ្ញុំដឹង»។ ​

​កម្មករ​ដែល​ត្រូវ​បាន​រោង​ចក្រ​ព្យួរ​ពី​ការងារ​នេះ​គឺ​ម្នាក់ៗ​ទទួល​បាន​ការ​ឧប​ត្ថម្ភ​ជា​សាច់​ប្រាក់​កន្លងមក​ប្រមាណ​១៣​ដុល្លារ​អាមេរិក​ ពី​ថៅកែ​រោង​ចក្រ​ក្នុង​មួយ​ខែៗ។ ​នេះ​បើ​តាម​លោកសំ ចិន្តា។​

រោង​ចក្រ​ចំនួន​៧១ ​ឬ​តិច​ជាង​នេះ​គឺ​កំពុង​ព្យួរ​កិច្ច​សន្យា​ការងារ ​ពោល​គឺ​មិន​មែន​រោង​ចក្របិទ​នោះ​ទេ ហើយ​រាជ​រដ្ឋាភិបាល​នឹង​អនុវត្ត​កម្ម​វិធី​អន្តរាគមន៍​ដូចនឹង​អន្តរាគមន៍​នា​ពេល​កូវីដ​១៩ ​កន្លង​ទៅ​ដែរ។​ នេះ​បើ​តាម​លោក​ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គ​លេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​ឬ​ GMAC​ លោក​ខេន លូបាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

គួរ​បញ្ជាក់​ថា ​ វិស័យ​កាត់ដេរគឺ​ជា​ឆ្អឹង​ខ្នង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បន្ថែម​លើ​វិស័យ​ផ្សេង​ទៀត​ ដូច​ជា​ កសិ​កម្ម​ ​ ទេសចរណ៍​ និ​ង​អចលន​ទ្រព្យ​ជា​ដើម៕​

XS
SM
MD
LG