ប៉ូលិសចិនបានល្បាតរដ្ឋធានីប៉េកាំងនិងទីក្រុងសៀងហៃនៅថ្ងៃអង្គារនេះ ដើម្បីរារាំងកុំឱ្យមានការកើតឡើងជាថ្មីនូវការតវ៉ាប្រឆាំងនឹងការដាក់កំហិតលើជំងឺកូវីដ១៩ ដែលការតវ៉ាកន្លងមកនេះក៏រួមមាននូវការអំពាវនាវដ៏កម្រឱ្យលោកប្រធានាធិបតី Xi Jinping ចុះចេញពីតំណែងផងដែរ។
ទីក្រុងទាំងពីរនេះមានសភាពស្ងប់ស្ងាត់កាលពីយប់ថ្ងៃចន្ទ ដោយប៉ូលិសបានចេញមកក្នុងចំនួនយ៉ាងច្រើន ជាពិសេសនៅតាមតំបន់ណាដែលអ្នកប្រើប្រាស់បណ្ដាញសង្គមអនឡាញបានស្នើឱ្យមានការជួបជុំថ្មី។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិនបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែក៏បានបញ្ជាក់អះអាងផងដែរនូវការតាំងចិត្តរបស់ខ្លួនក្នុងការអនុវត្តវិធានការគ្មានជំងឺកូវីដ (Zero-Covid)។
រដ្ឋាភិបាលចិនមិនបានលើកឡើងអំពីការតវ៉ានេះទេ ប៉ុន្តែការបន្ធូរបន្ថយបន្តិចបន្តួចនៃការរឹតបន្តឹងនេះហាក់មានបំណងបង្ក្រាបលើការតវ៉ានេះ។ ការតវ៉ាប្រឆាំងនឹងការដាក់កំហិតបញ្ហាជំងឺកូវីដ១៩ នេះគឺជាការបង្ហាញនូវការប្រឆាំងដ៏ធំបំផុតចំពោះគណបក្សកុម្មុយនីស្តចិននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
កន្លងមក គោលនយោបាយគ្មានជំងឺកូវីដរបស់លោក Xi បានធ្វើឱ្យការឆ្លងជំងឺកូវីដ១៩ ឆ្លាក់ចុះយ៉ាងខ្លាំងតាមរយៈការបិទខ្ទប់យ៉ាងតឹងរ៉ឹងដែលបានបង្អាក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការតវ៉ាដែលបានផ្ទុះឡើងនៅតាមកន្លែងមួយចំនួននៅទូទាំងប្រទេសហាក់ដូចជាបានបង្ហាញឱ្យឃើញថា ពលរដ្ឋចិនជាច្រើនកាន់តែឆ្អែតឆ្អន់ជាមួយនឹងការធ្វើចត្តាឡីស័ករយៈពេលយូរនិងការធ្វើតេស្តទូលំទូលាយរកជំងឺកូវីដ១៩។
លោក Daniel Russel ដែលជាអនុប្រធានផ្នែកសន្តិសុខអន្តរជាតិនិងការទូតនៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (Asia Society Policy Institute) និងជាអតីតឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានប្រាប់ VOA ថា ការតវ៉ាទាំងនេះមានសារៈសំខាន់ដោយសារតែវាមានការចូលរួមពីមនុស្សដែលមកពីទីក្រុងជាច្រើននិងគ្រប់ស្រទាប់វណ្ណៈដែលដំបូងគ្រាន់តែតវ៉ារឿងភ្លើងឆេះដ៏ប្រល័យនៅក្នុងតំបន់ Xinjiang តែប៉ុណ្ណោះ ប៉ុន្តែក្រោយមកបានឈានទៅដល់ការតវ៉ាប្រឆាំងនឹងវិធានការគ្មានជំងឺកូវីដនិងគណបក្សកុម្មុយនីស្តដែលជាគណបក្សគ្រប់គ្រងអំណាចនៅប្រទេសចិន។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden គាំទ្រការតវ៉ាដោយសន្តិវិធី។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយថា៖ «មិនថាប្រជាពលរដ្ឋតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ឬក៏ប្រទេសចិនឬក៏នៅកន្លែងណាមួយនៅជុំវិញពិភពលោកនោះទេ លោកប្រធានាធិបតី [Biden] នៅតែជឿជាក់យ៉ាងមុតមាំលើអំណាចនៃលទ្ធិប្រជាធិបតេយ្យនិងស្ថាប័នប្រជាធិបតេយ្យនិងលើសារៈសំខាន់នៃអំណាចនេះ»៕