កម្មករជាច្រើនរយនាក់បានរួមគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ានៅរោងចក្រផលិតទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Foxconn នៅក្នុងប្រទេសចិន ដោយមានកម្មករបុរសជាច្រើននាក់បានធ្វើការវាយបំផ្លាញកាមេរ៉ាសុវត្ថិភាពនិងកញ្ចក់បង្អួចរបស់ក្រុមហ៊ុន។ នេះបើតាមរូបភាពវីដេអូឃ្លីបដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រឆាំងដោយបើកចំហដ៏កម្រនៅក្នុងប្រទេសចិននេះ បង្ហាញពីភាពច្របូកច្របល់ដ៏តានតឹងនៅក្នុងរោងចក្រដំធំមួយនៅក្នុងទីក្រុង Zhengzhou (ជឹងចូ) ហើយដែលបានកើតឡើងក្នុងពេលដែលកម្មករជាច្រើននាក់ កំពុងមានអារម្មណ៍មិនសប្បាយចិត្តទៅនឹងវិធានការតឹងតែងហួសហេតុរឿងជំងឺកូវីដ១៩ ក៏ដូចជាចំណាត់ការមិនមានប្រសិទ្ធភាពទៅលើរឿងនេះផងដែរ។
មូលហេតុដែលនាំឱ្យមានបាតុកម្មប្រឆាំងតវ៉ានៅក្នុងរោងចក្រផលិតទូរស័ព្ទនេះ បានចាប់ផ្តើមឡើងកាលពីព្រឹកថ្ងៃពុធ ដែលទំនងដោយសារតែក្រុមហ៊ុនមានគម្រោងពន្យារពេលការបើកប្រាក់រង្វាន់របស់កម្មករ។ នេះបើតាមការបញ្ជាក់របស់ក្រុមកម្មករ ដែលបានលើកឡើងនៅក្នុងការផ្សាយវីដេអូផ្ទាល់របស់ពួកគេ។ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចធ្វើការផ្ទៀងផ្ទាត់បានភ្លាមៗទៅលើវីដេអូនោះឡើយ។
នៅក្នុងឃ្លីបវីដេអូមួយ គេបានឮសំឡេងស្រែកទាមទាររបស់ក្រុមកម្មករជាមួយនឹងក្រុមមនុស្សជាច្រើនដែលមានកាន់ដំបងផងដែរ ដោយស្រែកថា «ត្រូវបើកលុយឱ្យពួកយើង»។ ឃ្លីបវីដេអូផ្សេងមួយទៀត ក៏បានបង្ហាញពីការរៀបចំដាក់បំពង់បាញ់ផ្សែង និងឃើញកម្មករខ្លះកំពុងរុះរើកន្លែងធ្វើចត្តាឡីស័កជំងឺកូវីដជាដើម។
អារម្មណ៍មិនសប្បាយចិត្តជុំវិញគោលការណ៍ធ្វើចត្តាឡីស័ក និងការខ្វះសមត្ថភាពរបស់រោងចក្រក្នុងការទប់ទល់នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩ ក៏ដូចជាស្ថានភាពការងារមិនល្អផងដែរ ដែលក្នុងនោះរួមមានការខ្វះម្ហូបអាហារ បានធ្វើឱ្យកម្មករគេចចេញពីបរិវេណរោងចក្រ ចាប់តាំងពីរោងចក្រនេះ បានដាក់ចេញនូវប្រព័ន្ធតាមដានដ៏តឹងតែង នៅក្នុងរោងចក្រផលិតទូរស័ព្ទ iPhone ដ៏ធំផុត របស់ពិភពលោកមួយនេះកាលពីខែតុលាមក។
អតីតបុគ្គលិករបស់រោងចក្រនេះ បានប៉ាន់ប្រមាណថា មានកម្មកររាប់ពាន់នាក់ បានចាកចេញពីរោងចក្រនេះ។ នៅមុនពេលមានការប្រឆាំងតវ៉ា រោងចក្រនេះមានបុគ្គលិកធ្វើការប្រមាណ២សែននាក់៕
កម្មករចិនជាច្រើននាក់ធ្វើបាតុកម្មប្រឆាំងរោងចក្រផលិតទូរស័ព្ទដៃ iPhone ដ៏ធំមួយនៅចិន
- Reuters
ក្រុងសៀងហៃ ប្រទេសចិន និងក្រុងតៃប៉ិ កោះតៃវ៉ាន់ —