ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ឃុំ​ព្រះ​ដាក់​ផ្ទុះ​ការ​តវ៉ា ខណៈ​លោក ហ៊ុន សែន ចេញ​មុខ​អះអាង​ពី​ការ​មិន​តម្រូវ​ឱ្យ​ចាកចេញ


រូប​ឯកសារ៖ ទិដ្ឋភាពផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ថតនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
រូប​ឯកសារ៖ ទិដ្ឋភាពផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ថតនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

ខណៈ​ប្រជា​ពលរដ្ឋ​ឃុំ​ព្រះដាក់ ក្នុង​តំបន់​អង្គរ​នៃ​ខេត្ត​សៀមរាប​ចេញ​មុខ​តវ៉ា ក្រោយ​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ពួក​គេ​ឱ្យ​ចាក​ចេញ​ទៅ​កន្លែង​ថ្មី​ដែល​រដ្ឋាភិបាល​រៀបចំ​ឱ្យ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ព្រហ​ស្បត៍​នេះ បាន​ប្រកាស​ពី​ការ​មិន​តម្រូវ​ឱ្យ​ប្រជាពល​រដ្ឋ​ចាក​ចេញ​ឡើយ។

កាលពី​ថ្ងៃពុធ ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រះដាក់​រាប់​ពាន់​នាក់​បាន​ចេញ​មុខ​តវ៉ា​នៅ​សាលា​ឃុំ ក្រោយ​អាជ្ញាធរ​ចុះ​ប្រាប់​ពួកគេ​ឱ្យ​ចាកចេញពី​តំបន់​អង្គរ។

អ្នក​ស្រី វេ ជឿន ពល​រដ្ឋម្នាក់​ដែល​មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រះ​ដាក់ ប្រាប់​វីអូ​អេ​ថា​កាល​ពី​ថ្ងៃ​ពុធ អាជ្ញាធរ​អប្សរា​បាន​ចុះ​មក​តាម​ភូមិ​ ហើយ​សួរ​អ្នក​ភូមិ​ពី​ការ​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ពួកគេ ដោយ​ពន្យល់​ថា​ការ​ផ្លាស់​ទីលំនៅ​ទៅ​កាន់​កន្លែង​ថ្មី មាន​ការ​ឧបត្ថម្ភ​ប្រាក់​ និង​បណ្ណ​ក្រីក្រ​រយៈពេល​ ១០ឆ្នាំ ដែល​ជា​គោល​នយោបាយ​ប្រកាស​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ កាលពី​កន្លង​ទៅ។ អ្នកស្រី​បន្តថា​ ក្រោយ​ការ​ចាក​ចេញ​របស់​អាជ្ញាធរ​ ប្រជាពលរដ្ឋជាង ​៤ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សាលា​ឃុំ​ព្រះដាក់ ដើម្បី​ជំទាស់​នឹង​ការសម្រេច​របស់​អាជ្ញាធរ ខណៈ​អ្នក​ស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​រស់​នៅ​ចម្ងាយ​ពី​តំបន់​អង្គរ ប្រមាណ​ ៤គីឡូម៉ែត្រ។

អ្នកស្រី​បន្ថែម​ថា៖ «ប៉ុន្តែពួក​អ្នក​ដើរ​សួរ​ថ្នាក់​ក្រោម ខ្ញុំអត់​យល់ទេ ខ្ញុំអត់ដឹង​ម៉េច​ទេ។ ចង់​និយាយ​ថា​មក​ដល់​សួរយើង​ថាយើងត្រូវ​តែចាកចេញ។ បើ​យើង​មិន​ចាកចេញ ហើយ​នៅ​តែក្រាញ​ននៀល​ យើងនឹងមិន​បាន​អី​សោះ។ ដល់អ៊ីចឹង ប្រជាពល​រដ្ឋ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច ដោយសារអី? ដោយសារ​បើយើង​មិន​ចេញ​ អត់​បានអី។ បើ​យើង​ចេញ យើង​បាន​សំណង​តិច​តួច»។

ស្ត្រីវ័យ​៣៣ឆ្នាំ​រូប​នេះ​អះអាង​ថា​អ្នក​ស្រី​និង​អ្នកភូមិ​ផ្សេង​ទៀត​មិន​ចង់​ចាក​ចេញ​ពី​ទីលំដៅ​បច្ចុប្បន្ន​របស់ខ្លួន​ឡើយ ខណៈ​ថា​ពួក​គេ​បាន​រស់​នៅទី​នោះ​យូរ​លង់​មក​ហើយ។

អ្នក​ស្រី​ថ្លែង​ថា៖ «ពួកយើ​ង​ទាំង​អស់​គ្នា​បាន​ធ្វើការ​សំណូម​ពរ​ទៅ​ដល់​សម្តេច​តេជោ​ថា ពួក​យើង​មិន​ព្រម​ចាក​ចេញ​ពីស្រុក​កំណើត​ខ្លួន​ទេ ព្រោះ​ពួក​យើង​ជាអ្នកភូមិ​ចាស់​បុរាណ​ មិន​មែន​ជាអ្នក​ថ្មី​ ហើយ​ភូមិ​យើង​ជា​ភូមិ​ស្អាត»។

ពលរដ្ឋ​ម្នាក់​ទៀត ​អ្នកស្រី ឆាត ស្រីយ៉ាន អាយុ ៤៨​ឆ្នាំ ប្រាប់​វីអូអេ​ថា​ ប្រជា​ពលរដ្ឋ​នាំ​គ្នា​ឡើង​មក​តវ៉ា​ដោយ​សារ​តែ​អាជ្ញាធរ​បាន​ប្រាប់​ពួក​គេ​ឱ្យ​ផ្លាស់​ប្តូរ​ទីលំ​នៅ ដោយ​ហេតុថា​អ្នកភូមិ​មិន​ចង់​ចាក​ចេញ​ឡើយ។

បើតាម​អ្នក​ស្រី ឆាត ស្រីយ៉ាន មេភូមិ​ព្រះដាក់និងមេឃុំ​ព្រះដាក់​ ជាអ្នក​ដែល​ដើរ​ប្រាប់​ប្រ​ជា​ព​ល​រដ្ឋ​ឱ្យ​រៀបចំ​ឯកសារ ដើម្បី​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅកន្លែង​ថ្មី​ស្ថិត​ក្នុង​ឃុំ​រុនតាឯក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប។ ប៉ុន្តែ​ប្រជាពល​រដ្ឋមិនអាចចាក​ចេញ​បានឡើយ​ ព្រោះ​ការរស់​នៅ​ប្រចាំ​ថ្ងៃ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ​ចម្ការ។

អ្នក​ស្រី​និយាយថា​៖ «ទៅ​រស់នៅ​ទីលំនៅ​ថ្មីម៉េច​កើត​ ព្រោះ​ពួក​ខ្ញុំ​មាន​ដី​ស្រែ ដី​ចម្ការ ហើយ​ដី​ភូមិ។ អ៊ីចឹង​ទៅ ដល់​ពេល​ទៅ​រស់​នៅ​ភូមិថ្មី​ គេឱ្យតែ​២០​[ម៉ែត្រ]គុណ​នឹង​៣០[ម៉ែត្រ]​ទេ​ដីហ្នឹង។ ដល់​អ៊ីចឹង ពួកខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ មិន​អាច​រុះរើ​ទីលំនៅ​ដោយ​ភ្លាមៗ​បាន​ទេ ​ព្រោះ​ត្រូវ​រក​ភាព​យុត្តិធម៌​សិន»។

បើ​តាម​អ្នក​ស្រី ឆាត ស្រីយ៉ាន អាជ្ញាធរ​បាន​កំពុង​រៀប​ចំ​ស្តារ​បារាយ​ណ៍​ឡើង​វិញ ហេតុ​នេះ​តម្រូវ​ឱ្យ​ប្រជាពល​រើ​ទីលំនៅ។

អ្នកស្រី​បន្ថែម​ថា៖«ខ្ញុំ​ចង់​ពឹង​រដ្ឋាភិបាល​ឱ្យ​គាត់​ជួយ ដោះ​ស្រាយ​បញ្ហា​រឿង​រ៉ាវដីធ្លី កុំ​ឱ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រុះរើ​បន្តអី ព្រោះ​បងប្អូន​ប្រជាពល​រដ្ឋគាត់​អត់ស្ម័គ្រ​ចិត្ត​ចេញ​ទេ​ ពី​ព្រោះអី បើ​ទីលំនៅ​ថ្មី ក៏​គាត់​មិននៅ​ដែរ។ ដោយ​សារទី​លំ​នៅ​នេះ​រស់​នៅ​តាំង​ពី​កេរ​ដូន​តា ម៉ែ​ឪ​មក។ អ៊ីចឹង​គាត់​មិន​អាច​ស្ម័គ្រ​ចិត្ត​ទៅ​បាន​ទេ»។

ទោះជាយ៉ាងណា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ បាន​អះអាង​ថា​ប្រ​ជា​ពល​រដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​ឃុំព្រះដាក់ មិន​តម្រូវ​ឱ្យ​ចាក​ចេញ​ឡើយ​ ខណៈ​លោក​បាន​បញ្ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែន​ដី​ទៅ​បក​ស្រាយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ នា​ថ្ងៃ​សុក្រ ទី​៧ ខែ​តុលា ឆ្នាំ​២០២២។

លោក ហ៊ុន សែន ថ្លែង​ថា៖ «យើង​នៅ​មិន​ទាន់​បាន​មានការប៉ះ​ពាល់​ណាមួយ​ទៅ​លើ​ប្រជាជន​នៅ​ឃុំ​ព្រះដាក់​នោះ​ទេ។ យើង​គ្រាន់​តែ​បាន​គិត​គូរ​អំ​ពី​ហេដ្ឋា​រច​នា​សម្ព័ន្ធ​របស់​អង្គរ ដែល​មុន​នេះ​មាន​បារាយ​ណ៍​ខាង​កើត​ ដែល​អាច​មាន​ទឹក​រហូត​ទៅ​ដល់​៣០​ម៉ែត្រ​លាន​គីប។ ប៉ុន្តែ​ជាមួយ​ការ​គិតគូរ​បែប​នេះ​ យើង​ក៏​បាន​ដឹង​ដែរ​ថា​ឃុំ​ព្រះ​ដាក់​ត្រូវ​បាន​កសាង​ឡើង​ប្រមាណ​ជាបីបួន​រយ​ឆ្នាំមក​ហើយ។ ខ្ញុំ​សូម​យក​ឱកាស​នេះ​បញ្ជូន​សារ​នេះ​ទៅ​ប្រជាពល​រដ្ឋនៅ​ទីនោះ សូម​ស្ងប់​ស្ងាត់»។

មុន​ការ​តវ៉ា​របស់​ប្រជាពល​រដ្ឋ​នៅ​ឃុំព្រះដាក់ លោក ហ៊ុន សែន កាល​ពី​ថ្ងៃចន្ទ បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​នឹង​ចាត់​វិធាន​ផ្លូវ​ច្បាប់ ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​អង្គរ​មិន​ព្រម​ចាក​ចេញ​ទៅ​រស់​នៅ​តំបន់​ថ្មី ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ឱ្យ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​កាល​ណា​ពេល​វេលា​កំណត់​មក​ដល់ រដ្ឋាភិ​បាល​នឹង​តម្រូវ​ឱ្យ​ពួក​គេ​ចេញ ដោយ​មិន​ផ្តល់​ការ​តប​ស្នង​អ្វី​ឡើយ។

លោក សួស ណារិន អ្នក​ឃ្លាំ​មើល​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​សៀមរាប ប្រាប់​វីអូអេ​ថា​ការ​ចាកចេញ​របស់​ប្រជាពល​រដ្ឋ ត្រូវធ្វើឡើង​ដោយ​សន្តិវិធី ដោយ​ការ​ស្ម័គ្រ​ចិត្ត។

លោក​បន្ថែម​ថា៖ «ប្រាកដ​ជា​មានអ្នក​និយាយ​អី​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ភ័យ​ខ្លាច​ហើយ​មិន​អាច​ទទួល​យក​បាន ទើបពួក​គាត់​សម្រេច​នាំគ្នា​មក​តវ៉ា​ថា​មិន​ព្រម​ចាកចេញ»។

គួរ​បញ្ជាក់​ថា​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចាក​ចេញ​ដោយ​ពេញ​ចិត្ត រដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ និង​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ បន្ថែម​ពី​លើ​ការ​ផ្តល់​ដី​នៅ​តំបន់​រុន​តាឯក​ ក្នុង​ស្រុក​បន្ទាយ​ស្រី ​ក្នុង​ទំហំ​២០​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ។ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ធ្លាប់​បាន​ថ្លែង​ថា​ បើ​ប្រជា​ពលរដ្ឋ​មិន​ចាក​ចេញ​ទេ នោះ​អង្គរវត្ត​អាច​នឹងត្រូវ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​ ១៩៩២៕

XS
SM
MD
LG