លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
ការបោះឆ្នោតចាត់តាំងលោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនេះធ្វើឡើងអំឡុងពេលសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការកណ្តាលរបស់គណបក្ស ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ថា ការដាក់ឲ្យមានតែបេក្ខភាពនាយករដ្ឋមន្រ្តីទោល ពោលគឺមានតែលោក ហ៊ុន ម៉ាណែត នោះគឺជាការសម្រេចផ្ទៃក្នុងរបស់គណៈកម្មាធិការអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជាហើយបើមានការអាក់អន់ចិត្តពីភាគីខាងក្រៅបក្សនោះគឺគ្មានអ្វីដែលត្រូវបារម្ភនោះទេ។
លោកបានថ្លែងថា៖ «នេះគឺជាសិទ្ធិសម្រេចស្របតាមបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស គឺគណៈកម្មាការអចិន្រ្តៃយ៍បានឯកភាពគ្នាជាឯកច្ឆ័ន្ទនៅក្នុងការដាក់មុខសញ្ញាបេក្ខភាពនាយករដ្ឋមន្រ្តីដែលមានឯកឧត្តម ហ៊ុន ម៉ាណែត គឺថា ត្រូវបានគណៈកម្មាការអចិន្រ្តៃយ៍ជាអ្នកលើកឡើង។ នេះអ្នកក្រៅគឺគ្មានសិទ្ធិអីមកជំទាស់។ នេះជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ អ្នកក្រៅ អ្នកវិភាគក៏ដោយ ឬមួយក៏ក្រុមឧទ្ទាមក្រៅច្បាប់ឬគណបក្សផ្សេងគ្មានសិទ្ធិទាល់តែសោះ»។
លោក សុខ ឥសាន ប្រាប់វីអូអេបន្ថែមថាការបោះឆ្នោតចាត់តាំងលោកហ៊ុន ម៉ាណែត ដែលជានាយទាហានជាន់ខ្ពស់មួយរូបជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតគឺជា «ការត្រៀមលក្ខណៈម្ចាស់ការទុកជាមុន» ហើយលោកហ៊ុន ម៉ាណែតអាចឈរឈ្មោះក្នុងការបោះឆ្នោតនៅពេលណានោះអាស្រ័យទៅលើសភាពការណ៍ពិតជាក់ស្តែងនៅពេលខាងមុខ។
លោក ហ៊ុន ម៉ាណែត ដែលមានឋានន្តរសក្តិជាឧត្តមសេនីយ៍ឯកទទួលបានសំឡេងគាំទ្រពីសមាជិកចំនួន ៧៧៥រូបនៃសមាជិកគណៈកម្មាធិការកណ្តាលសរុបចំនួន ៨៦៥រូបដើម្បីបានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សកាន់អំណាចនៅថ្ងៃអនាគត។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជាចេញផ្សាយនៅថ្ងៃសុក្រនេះ។
អ្នកវិភាគនយោបាយលោក សេង សារី បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការបោះឆ្នោតជ្រើសតាំងលោកហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្រ្តីមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសារលោកហ៊ុន សែនធ្លាប់បានប្រកាសជាច្រើនលើកគាំទ្រកូនប្រុសច្បងរបស់លោកធ្វើជាបេក្ខភាពដើម្បីឡើងកាន់អំណាចដឹកនាំប្រទេស។
លោកបានបន្តថា លោក ហ៊ុន ម៉ាណែត អាចធ្វើជានាយករដ្ឋមន្រ្តីដោយរលូនប្រសិនបើមានការយល់ព្រមពីសភាក្នុងករណីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនាពេលអនាគត និងថា មានលទ្ធភាពខ្ពស់ដែលគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចអាចទទួលបានជ័យជម្នះលើគណបក្សដទៃទៀត។
លោកបានថ្លែងថា៖ «ខ្ញុំមើលទៅវាហាក់ដូចជា អត់មានអីប្រទាំងប្រទើសទេ ដោយសារសភាអនុម័តលើគោលការណ៍៥០ភាគរយបូក១។ អញ្ចឹងហើយប្រសិនបើគណបក្សប្រជាជនឈ្នះតែមួយសំឡេងក៏គណបក្សប្រជាជនមានសិទ្ធិនៅក្នុងការដឹកនាំរដ្ឋាភិបាលតែម្នាក់ឯងដែរ។ មិនចាំបាច់ត្រូវការគណបក្សណា ដើម្បីបង្កើតរដ្ឋាភិបាលទ្វេភាគីទេ។ ក៏ប៉ុន្តែជាធម្មតាជាទូទៅ យើងឃើញថា គណបក្សប្រជាជនតែងតែរក្សាគណបក្សផ្សេងៗឲ្យចូលរដ្ឋាភិបាលចូលអី ដើម្បីលម្អស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា»។
ចំណែកអ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State សហរដ្ឋអាមេរិក លោកបណ្ឌិត អ៊ា សុផល បានប្រាប់វីអូអេតាមសារអ៊ីម៉ែលជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖
«ការបោះឆ្នោតជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្រ្តីគឺដើម្បីកេងចំណេញឲ្យបានពេញលេញលើគំនិតដែលថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងរៀបចំផែនការចាកចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅទីបំផុត។ ការណ៍នេះអាចបន្ទាបសម្ពាធមកលើលោកហ៊ុន សែន ពីព្រោះលោកអាចនិយាយថា លោកកំពុងរៀបចំចាកចេញ ហើយការណ៍នេះក៏អាចឲ្យលោករៀបចំផែនការសម្រាប់ពេលអនាគតផងដែរ»។
បើតាមលោក អ៊ា សុផល ក្នុងករណីដែលលោកហ៊ុន ម៉ាណែតត្រូវបានបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតនោះនឹងជាអនាគតមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងបន្តដោយគ្រួសារត្រកូលហ៊ុន។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយរូបនេះយល់ថានៅប្រទេសកម្ពុជាដែលមានប្រព័ន្ធនយោបាយបន្តវេនចាក់ស្រេះនោះមានន័យថា ការប្រជែងសម្រាប់តំណែងជានាយករដ្ឋមន្រ្តីត្រូវបានបង្អាក់ឲ្យគ្រាន់តែល្អមើលប៉ុណ្ណោះហើយគូប្រជែងមិនអាចចូលរួមប្រកួតបាននោះទេតាមប្រព័ន្ធនយោបាយបែបនេះ។
ដោយឡែកនៅក្នុងសារផ្ញើកូនសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចំនួន៨៦៥នាក់ ដែលត្រូវបានបង្ហោះឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃសុក្រនេះ លោកសម រង្ស៊ីបានបង្ហាញការមិនពេញចិត្តចំពោះអ្វីដែលលោកលើកឡើងក្នុងន័យដើមថាជា «ផែនការរបស់លោកហ៊ុន សែន ដែលមានបំណងប្រមូលផ្តុំអំណាចឲ្យទៅគ្រួសារបក្ខពួកគាត់» ដែលលោកចាត់ទុកថា «ជាការប្រមាថមើលងាយដល់ប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់»។
កាលពីដើមខែធ្នូ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់លោកគឺលោកហ៊ុន ម៉ាណែតឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្តប៉ុន្តែត្រូវមានការប្រកួតប្រជែងតាមការបោះឆ្នោត។
ក្រោយមកនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី០៦ ខែធ្នូលោក ហ៊ុន សែន បានលើកឡើងថាមន្ត្រីធំៗរបស់គណបក្សអាចត្រៀមដាក់កូនរបស់ពួកគេសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីដើម្បីប្រកួតប្រជែង។ លោកបានបន្ថែមថាក្រៅពីកូនរបស់លោកលោកមើលឃើញបេក្ខជនពីគណបក្សយ៉ាងតិច៣នាក់ទៀតសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី។ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះចំនោះឡើយ។លោកក៏បានឲ្យដឹងទៀតថាលោក ហ៊ុន សែនលម្អៀងទៅកូនប្រុសរបស់លោកដោយលោកថា«ឪពុកគ្រប់គ្នាតែងតែចង់ឲ្យកូនធ្វើធំ»។
គួររំឭកផងដែរ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក West Point និងមានតំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។ ក្រៅពី មានតួនាទីជាមន្ត្រីជាន់ខ្ពស់យោធាលោកហ៊ុន ម៉ាណែតក៏ត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០៕