ក្រុមរដ្ឋមន្រ្តីដែលរួមមានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃផង នៅថ្ងៃពុធនេះអះអាងថា កង្វះថវិកានិងមន្រ្តី ជំនាញនៅថ្នាក់រដ្ឋបាលក្រុងស្រុកខណ្ឌទាំង ២០៣ នៅទូទៅប្រទេស នៅតែជាបញ្ហា ដែលនាំឲ្យការងារជួយដល់ប្រជាពលរដ្ឋមិនមានប្រសិទ្ធភាពនៅឡើយ។
មុនការថ្លែងរបស់រដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំលើកទី ១៨ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោក ង៉ាន់ ចំរើន ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) មានប្រសាសន៍ថា រដ្ឋបាលក្រុងស្រុក ខណ្ឌ នៅខ្វះថវិកា ដែលពួកគេមិនអាចបំពេញបេសកកម្មបានខណៈមានបញ្ហាកង្វះមន្រ្តីជំនាញជួយដល់ប្រជាពលរដ្ឋផងដែរ។
លោកថ្លែងថា៖ «ទីបំផុតក្រុងស្រុកចាត់តាំងឲ្យបំពេញការងារ គាត់ថា អត់ថវិកា។ ដល់អ៊ីចឹងគាត់ធ្វើទំនាក់ទំនងទៅមន្ទីរមន្ទីរនីមួយៗថា អ្នកឯងលែងជាបុគ្គលិករបស់មន្ទីរទៀតហើយ។ អ្នកឯងជាបុគ្គលិកស្រុក។ អ៊ីចឹងទៅយកលុយស្រុក»។
លោកបន្តថា កន្លងទៅ រដ្ឋបានចំណាយប្រាក់ជាង៦៦លានដុល្លារសម្រាប់រដ្ឋបាលថ្នាក់ស្រុកខណ្ឌក្រុង ប៉ុន្តែ ភាគច្រើនគឺផ្តល់ទៅលើប្រាក់ខែ។ ចំណែកវិស័យអប់រំនៅរដ្ឋបាលស្រុកត្រូវចំណាយជាង ៤៤លានដុល្លារក្នុងមួយឆ្នាំដែលមានប្រមាណ ៧០ភាគរយ នៃថវិកាសរុប។ លោកបន្តថា តាមការគ្រោងទុកមន្រ្តីថ្នាក់ស្រុកម្នាក់អាចមានថវិកាប្រមាណ៥០ម៉ឺនរៀលក្នុងការបំពេញបេសកកម្មក្នុងមួយឆ្នាំ ប៉ុន្តែថវិកាមិនមាននោះទេ។
លោកមានប្រសាសន៍ថា៖ «ដល់ឥឡូវមន្រ្តីអស់ហ្នឹង គាត់ទៅធ្វើការក្នុងនាមស្រុក គាត់អត់មានលុយ ។ ដល់អត់មានលុយមិនដឹងទៅធ្វើការយ៉ាងម៉េចបើអត់មានលុយ។អានេះជាបញ្ហាទីមួយ ដែលធ្វើឲ្យមានភាពអសកម្មនៃមន្រ្តីជំនាញ»។
ក្នុងកិច្ចប្រជុំនោះ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក៏បានទទួលស្គាល់អំពីកង្វះមន្រ្តីជំនាញ ហើយពេលខ្លះពួកគេមិនមកធ្វើការទៀតផង។
លោកបានថ្លែងថា៖ «ឲ្យធ្វើប្រធានការិយាល័យ ឲ្យធ្វើអនុប្រធានការិយាល័យនៅស្រុកហ្នឹង។ ដល់ទៅមើលការងារគាត់ទៀតសោត ជួនកាលគាត់មិនដែលមកធ្វើការផងហ្នឹង ព្រោះវាអត់មានការងារធ្វើ»។
រដ្ឋមន្រ្តីរូបនោះក៏លើកជាឧទាហរណ៍ថា ផ្នែកសុរិយោដីស្រុកយល់ថា ដោយមានការធ្វើសមាហរណកម្ម គួរតែមានការប្រើប្រាស់ត្រារបស់សុរិយោដីស្រុកវិញ។តែមានការលើកឡើងថាត្រូវមានការស្នើសុំសម្រេចពីមន្ទីរដែនដីខេត្ត តែមន្ទីរថា ត្រូវសុំពីក្រសួងដែនដីវិញ។
ចំណែកលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍បានថ្លែងថា ក្រសួងរបស់លោកមិនមានមន្រ្តីជំនាញនៅតាមស្រុកនោះទេ។
លោកមានប្រសាសន៍ថា៖ «យើងឃើញថា ភាគច្រើននៅខាងក្រសួងឧស្សាហកម្មយើងខ្ញុំអ៊ីចឹង មានតែខាងយាមឃ្លាំងឬយាមដី ទេ ...ជំនាញអត់មានសុទ្ធ។ ដល់អ៊ីចឹង ដល់យើងចង់ផ្ទេរថវិកា ផ្ទេរជំនាញ មិនដឹងផ្ទេរទៅម៉េចរួច»។
ទាក់ទងនឹងកង្វះថវិការដ្ឋមន្រ្តីរូបនោះស្នើឲ្យមានការរក្សាកញ្ចប់ថវិកាដល់រដ្ឋបាលស្រុក ដោយមិនបាច់សុំពីមន្ទីរនៅតាមខេត្តនោះទេ។ លោកបន្តថា មន្ទីរគ្រាន់តែបណ្តុះបណ្តាលជំនាញដល់ពួកគេ។លោកស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគួរពិចារណារក្សាកញ្ចប់ថវិកាឲ្យដាច់ទៅដល់រដ្ឋបាលស្រុក នៅពេលរៀបចំថវិកាជាតិសម្រាប់ប្រើប្រាស់ឆ្នាំ២០២១ខាងមុខ។
ដោយសារវិបត្តិជំងឺកូវីដ១៩រដ្ឋាភិបាលក៏បានសម្រេចកាត់បន្ថយការចំណាយផងដែរ ដែលនេះនឹងនាំឲ្យប៉ះពាល់ដល់ក្រសួង មន្ទីរ និងស្ថាប័ននីមួយៗ។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធាន(គ.ជ.អ.ប)ដែលជាអធិបតីក្នុងពិធីនោះ មានប្រសាសន៍ថា មន្រ្តីនៅរដ្ឋបាលស្រុកមិនមានសមត្ថភាពនោះទេ ហើយការជ្រើសរើសធ្វើឲ្យតែបាន។ លោកមានប្រសាសន៍ថា៖ «យើងដឹងហើយមន្រ្តីនៅសាលាស្រុករបស់យើងយើងចុះទៅមើលដឹងហើយតើ! អត់មានចេះអីទេ! អត់មានជំនាញអីទេ! រើសឲ្យបានតែចំនួនទេតើ! កសិកម្ម មិនកសិកម្ម!ផ្លូវមិនផ្លូវ!»
លោកបន្តថា ផ្នែកកសិកម្មសំខាន់សម្រាប់ប្រជាកសិករប៉ុន្តែវានៅខ្សោយនៅឡើយ។ លោកបញ្ជាក់ថា៖ «បើតាមរបាយការណ៍មកសម្បូរតែមនុស្សរដ្ឋបាល និងហិរញ្ញវត្ថុ។ ចូលទៅធ្វើតែកន្លែងហ្នឹង។ដល់វិស័យផ្សេងៗទៀត ដែលជួយកសិករពីការដាំដុះ ពីរឿងចិញ្ចឹម អត់មានឯណា! អត់មានទេ»។
លោក ប៉ា ចន្ទរឿន នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាដែលទើបបង្កើតឡើងមានប្រសាសន៍ថា កន្លងទៅការអនុវត្តរបស់មន្រ្តីថ្នាក់ក្រោមមិនទាន់មានប្រសិទ្ធភាពនិងមិនទាន់ដិតដល់នៅឡើយទេ។លោកបន្តថា កង្វះមន្រ្តីជំនាញ និងថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមនឹងប៉ះពាល់គុណភាពនិងប្រសិទ្ធភាពផ្តល់សេវាដល់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «អ្វីដែលខ្ញុំអាចមើលឃើញបើសិនជាចំនួនថវិកា ក៏ដូចជាចំនួនធនធានមនុស្សនៅក្នុងការប្រើប្រាស់ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយ វាពិតជាប៉ះពាល់គុណភាពសេវាដែលនឹងផ្តល់ជូននិងគុណភាពនៃការងាររបស់មន្រ្តីទាំងអស់នោះ»។
លោក ប៉ា ចន្ទរឿន លើកជាឧទាហរណ៍ថា ផ្នែកកសិកម្ម ប្រជាពលរដ្ឋមិនទាន់ទទួលបានការបណ្តុះបណ្តាលពីមន្រ្តីកសិកម្មបានច្រើននៅឡើយទេ៕