នៅពេលមានការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ ១៩ អង្គការសប្បុរសធ៌មសហរដ្ឋអាមេរិកមួយចំនួនដូចជាអង្គការ Salvation Army ជាដើម រកឃើញមធ្យោបាយថ្មីៗសម្រាប់ផ្តល់ម្ហូបអាហារឱ្យពលរដ្ឋខ្វះខាត។
ឡានដឹកម្ហូបអាហាររបស់អង្គការ Salvation Army ចតនៅក្នុងតំបន់រស់នៅរបស់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបនៅក្នុងទីក្រុង Chicago ទីក្រុង Atlanta និងទីក្រុង Los Angeles សហរដ្ឋអាមេរិក មិនមែនដើម្បីលក់អាហារឱ្យប្រជាពលរដ្ឋទាំងនោះទេ ក៏ប៉ុន្តែដើម្បីដឹកម្ហូបអាហារដោយមិនបាច់បង់ប្រាក់ទៅឱ្យពួកគេ នៅក្នុងអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោក Dale Bannon នាយកផ្នែកទំនាក់ទំនងសហគមន៍ជាតិនៃអង្គការ Salvation Army បាននិយាយថា៖ «មនុស្សភាគច្រើនដែលយើងផ្ដល់ស្បៀងអាហារជូន រស់នៅក្នុងភាពទីទាល់ក្រឬមានប្រាក់ចំណូលសម្រាប់ចំណាយពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ។ ពួកគេជាច្រើននាក់ជាអ្នកត្រូវគេផ្អាកពីការងារដំបូងគេ ហើយឥឡូវនេះពួកគេគ្មានការងារធ្វើ។ ដូច្នេះយើងត្រូវតែស្វែងរកដំណោះស្រាយដើម្បីផ្តល់ម្ហូបអាហារដែលពួកគេត្រូវការខ្លាំងណាស់។»
អង្គការសប្បុរសធ៌មនានាដូចជាអង្គការ Salvation Army USA ជាដើម បានឋិតនៅជួរមុខ នៅពេលសហរដ្ឋអាមេរិកមានវិបត្តិខាងសុខភាពនេះ។ នៅក្នុងសហរដ្ឋអាមេរិក សេចក្តីត្រូវការសម្រាប់កម្មវិធីចិញ្ចឹមសហគមន៍កើនឡើងពីរដងនៅតាមតំបន់ភាគច្រើននៅទូទាំងប្រទេស។
លោក Bannon បានថ្លែងថា៖ «យើងក៏ជួយអ្នកដែលរស់នៅក្នុងទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែងផងដែរ ហើយបានផ្តល់ឱ្យពួកគេនូវផ្លែឈើ និងបន្លែស្រស់ៗព្រមទាំងអាហារកំប៉ុងដែលអាចឱ្យគ្រួសារមានសមាជិក ៤ នាក់អាចបរិភោគបានមួយសប្ដាហ៍»។
អ្នកស្រី Ellie Hollander ប្រធានអង្គការ Meals on Wheels America បាននិយាយថា តម្រូវការម្ហូបអាហារសម្រាប់មនុស្សវ័យចំណាស់ក៏កើនច្រើនដែរ។ អ្នកស្រីបានបន្ថែមថា អង្គការសប្បុរសធ៌មទាំងនេះ «នៅតែធ្វើឱ្យប្រាកដថា មានម្ហូបអាហារសម្រាប់ក្រុមមនុស្សវ័យចំណាស់» ដែលជាក្រុមមនុស្សដែលងាយរងគ្រោះក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ ១៩។
ជាធម្មតាក្រុមអ្នកស្ម័គ្រចិត្តនៃអង្គការ Meals on Wheels Americaបានផ្តល់ម្ហូបអាហារក្តៅៗជារៀងរាល់ថ្ងៃឱ្យក្រុមមនុស្សដែលមានអាយុលើស ៦០ ឆ្នាំ ដែលនៅតែក្នុងផ្ទះ ហើយភាគច្រើនជាអ្នកពិការ។ ក៏ប៉ុន្តែដោយសារមានការតម្រូវឱ្យរក្សាគម្លាតពីគ្នា ម្ហូបកក ឬកញ្ចប់ម្ហូបកំប៉ុងអាចត្រូវដាក់នៅមាត់ទ្វារមិនញឹកញាប់ដូចពីមុនទេ ជាជាងហុចផ្ទាល់ដៃឱ្យពួកអ្នកទទួល។
អ្នកស្រី Hollander បានពន្យល់ថា នៅឯមជ្ឈមណ្ឌលមនុស្សចាស់ អង្គការ Meals on Wheels America របស់អ្នកស្រីបានផ្តល់ម្ហូបអាហារជាក្រុមសម្រាប់មនុស្សវ័យចំណាស់ ដែលអាចធ្វើចលនាបាន កាលពីមុនមានការរាតត្បាតនៃជំងឺកូវីឌ ១៩ កើតឡើង។
អ្នកស្រីបាននិយាយថា៖ « នៅពេលនេះ យើងមានកុងតឺនឺរដាក់កញ្ចប់អាហារ ឬកន្លែងបើកឡានចូលដែលនៅទីនោះ ម្ហូបអាហារត្រូវបានចែកចាយតាមបង្អួចឡាន។»
យុទ្ធនាការ No Kid Hungry ផ្តល់ថវិកាឧបត្ថម្ភឱ្យសាលារៀន និងអង្គការសហគមន៍នានា ដើម្បីជួយកុមារដែលគ្មានម្ហូបអាហារបរិភោគគ្រប់គ្រាន់។ ករណីនេះមានដូចជាការទទួលអាហារដោយមិនបាច់បង់ប្រាក់ ឬដោយបង់តិចជាងតម្លៃដើម សម្រាប់ក្រុមសិស្សសាលាដែលគ្រួសារមានប្រាក់ចំណូលទាប។
អ្នកស្រី Lisa Davis ដែលជាអនុប្រធានជាន់ខ្ពស់នៃយុទ្ធនាការ No Kid Hungry បាននិយាយថា ដោយសារសាលារៀនបានបិទកាលពីដើមឆ្នាំនេះដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីឌ ១៩ «កុមារ ២២ លាននាក់ដែលពឹងពាក់លើការទទួលបានអាហារពេលព្រឹក និងពេលថ្ងៃត្រង់នៅក្នុងសាលារៀន នៅពេលនេះមានការខ្វះខាតដែលយើងត្រូវតែបំពេញ»។
អ្នកស្រី Davis បានថ្លែងថា នៅពេលនេះ មានការផ្ដល់ម្ហូបអាហារដល់សិស្សសាលាទាំងនោះនៅតាមកន្លែងរថយន្តដឹកសិស្សមកទទួលសិស្សាសាលា ឬក៏ «ក្រួមគ្រួសារសិស្សសាលានានាអាចមកកាន់កន្លែងបរិរោគអាហារក្នុងសាលារៀនដើម្បីទទួលយកម្ហូបអាហារម្ដងសម្រាប់បរិភោគ ៥ ថ្ងៃ»។
អ្នកស្រី Janti Soeripto ប្រធានអង្គការ Save the Children បានបញ្ជាក់ថា អង្គការ Save the Children របស់អ្នកស្រីកំពុងសហការជាមួយយុទ្ធនាការ No Kid Hungry តាមរយៈកម្មវិធី Save the Stories របស់ពួកគេ ដែលប្រើប្រាស់រថយន្តដឹកសិស្សា «ដើម្បីផ្តល់សម្ភារៈសិក្សា និងម្ហូបអាហារឱ្យសិស្សសាលា»។
អ្នកស្រី Janti Soeripto បានកត់សម្គាល់ថា អង្គការរបស់អ្នកស្រីក៏ធ្វើការនៅតាមតំបន់ជនបទផងដែរ ដែលនៅទីនោះ កញ្ចប់សៀវភៅត្រូវបានដាក់នៅមាត់ទ្វារផ្ទះសិស្ស ដោយសារតែយ៉ាងហោចណាស់សហគមន៍ចំនួនពាក់កណ្តាលគ្មានអ៊ីនធឺណិតប្រើប្រាស់ ដូច្នេះសៀវភៅ ល្បែងកម្សាន្ត និងសម្ភារៈសិក្សាអប់រំដទៃទៀត គឺជាប្រភពសំខាន់សម្រាប់សិស្សសាលាដែលមានការខ្វះខាត។
ដោយមានកង្វល់ថា ថវិកាសម្រាប់កម្មវិធីជួយសង្គ្រោះនឹងចុះថយ ហើយសេចក្តីត្រូវការជំនួយនឹងមិនចុះថយ អង្គការមនុស្សធម៌ទាំងនេះបានស្នើសភាសហរដ្ឋអាមេរិកឱ្យផ្តល់ប្រាក់រាប់លានដុល្លារសម្រាប់ប្រើប្រាស់គ្រាមានអាសន្ននេះ។
លោក Bannon នៃអង្គការ Salvation Army បានមានប្រសាសន៍ថា៖ «ក្រុមមនុស្សដែលមិនត្រូវការសេវារបស់យើងកាលពីពេលមុនៗ ឥឡូវនេះត្រូវការហើយ។ យើងរំពឹងថា សេចក្តីត្រូវការនេះនឹងមានច្រើនជាងមុននៅក្នុងពេលប៉ុន្មានខែខាងមុខនេះ» នៅពេលដែលជំងឺកូវីឌ ១៩ នេះ នៅតែបន្តឆ្លងរាលដាលនៅទូទាំងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ