ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រាយការណ៍​ថា​បាន​បញ្ជូន​ម៉ាស់ និង​ឧបករណ៍​ការពារ​ខ្លួន​រាប់​លាន​ទៅ​ឲ្យ​ប្រទេស​ចិន


បុគ្គលិក​ពេទ្យ​ម្នាក់​ឈរ​ស្ដាប់​នៅ​ពេល​ដែល​ ក្រុម​គិលានុបដ្ឋាក​​នៃ​មណ្ឌល​សុខភាព ​Montefiore ស្នើ​សុំ​ម៉ាស់​ការពារ​ប្រភេទ​ N95 និង​គ្រឿង​ការពារ​ខ្លួន​សំខាន់ៗ​ដទៃទៀត​ សម្រាប់​បំពេញ​ការងារ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​ឆ្លង​កូវីដ១៩ រដ្ឋ​ញូវយ៉ក ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០។
បុគ្គលិក​ពេទ្យ​ម្នាក់​ឈរ​ស្ដាប់​នៅ​ពេល​ដែល​ ក្រុម​គិលានុបដ្ឋាក​​នៃ​មណ្ឌល​សុខភាព ​Montefiore ស្នើ​សុំ​ម៉ាស់​ការពារ​ប្រភេទ​ N95 និង​គ្រឿង​ការពារ​ខ្លួន​សំខាន់ៗ​ដទៃទៀត​ សម្រាប់​បំពេញ​ការងារ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​ឆ្លង​កូវីដ១៩ រដ្ឋ​ញូវយ៉ក ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​អាមេរិកាំង​នានា​កាល​ពី​ដើម​ឆ្នាំ​នេះ​ឲ្យ​បញ្ជូន​ម៉ាស់ និង​ឧបករណ៍​ការពារ​ខ្លួន ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Washington Post កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

សេចក្ដី​រាយការណ៍​របស់​កាសែត​នេះ​បាន​បញ្ជាក់​ថា សេតវិមាន​មិន​បាន​យល់​ដឹង​អំពី​ភាព​គ្រោះថ្នាក់​ដែល​វីរុស​កូរ៉ូណា​ថ្មី​បង្ក​ឡើង​ចំពោះ​សហរដ្ឋ​អាមេរិក និង​ពិភពលោក​ទាំង​មូល​ទេ។

កាសែត​នេះ​បាន​លើក​ឡើង​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក «បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​បរាជ័យ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​ទទួល​ស្គាល់ និង​ត្រៀម​រៀបចំ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​វីរុស​រាតត្បាត​នេះ»។

កាសែត​នេះ​បាន​អះអាង​ថា ការ​រក​ឃើញ​របស់​ខ្លួន​នេះ​ផ្អែក​លើ «ការ​ពិនិត្យ​លើ​ទិន្នន័យ​សេដ្ឋកិច្ច និង​ឯកសារ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល»។

កាសែត​នេះ​បាន​បន្ថែម​ថា ការ​វិភាគ​លើ​តម្លៃ​នៃ​ម៉ាស់ និង​ឧបករណ៍​ការពារ​ខ្លួន​ផ្សេង​ទៀត​ដែល​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​កាល​ពី​ខែ​មករា និង​ខែ​កុម្ភៈ បាន​បង្ហាញ​ថា មាន​ការ​កើន​ឡើង​ជាង ១.០០០ % បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​កើន​ឡើង​ពី​ចំនួន ១ លាន ៤ សែន​ដុល្លារ ទៅ​ប្រហែល​ជា ១៧ លាន ៦ សែន​ដុល្លារ។

លោក Lloyd Doggett សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Texas បាន​ប្រាប់​កាសែត Washington Post ថា៖ «ឥឡូវ​នេះ មនុស្ស​បាន​ស្លាប់​ដោយសារតែ​មិន​មាន​ឧបករណ៍​ការពារ​ខ្លួន​គ្រប់គ្រាន់»។

កាល​ពី​ដើម​ខែ​កុម្ភៈ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​បាន​បញ្ជូន​ឧបករណ៍​វេជ្ជសាស្ត្រ​ជាង ១៧ តោន ទៅ​ឲ្យ​ប្រទេស​ចិន ដែល​បុគ្គលិក​ផ្នែក​សុខាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ជួរ​មុខ​កំពុង​ស្នើ​សុំ​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​ពេល​ដែល​ពួកគេ​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។ ឧបករណ៍​ទាំង​នោះ​មាន​ដូចជា​ម៉ាស់ សម្លៀកបំពាក់​ការពារ​ខ្លួន ម៉ាស់​ដែល​អាច​សម្រួល​ដល់​ការ​ដក​ដង្ហើម​បាន និង​ឧបករណ៍​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Washington Post ដដែល​នេះ៕

XS
SM
MD
LG