ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍មួយ ដែលបានអះអាងថា ទាំងអតីតភ្នាក់ងារល្បាតព្រំដែនសហរដ្ឋអាមេរិកនិងភ្នាក់ងារល្បាតព្រំដែននាពេលបច្ចុប្បុន្ន គឺជាផ្នែកនៃក្រុមមួយនៅក្នុងបណ្តាញហ្វេសប៊ុក ដែលបង្ហោះពីការរើសអើង ប្រើប្រាស់ភាសាមិនសមរម្យ និងបង្ហោះវីដេអូអំពីក្រុមជនចំណាកស្រុក និងក្រុមសមាជិកសភាអាមេរិកឡាទីន។
គេហទំព័រស៊ើបអង្កេត ProPublica បានឲ្យដឹងថា ការបង្ហោះនៅលើបណ្តាញសង្គមដោយក្រុមនោះ រួមមានរូបភាពនានា និងការសរសេរចំអកអំពីការស្លាប់របស់ក្រុមជនចំណាកស្រុក ដោយក្នុងនោះរួមទាំងការស្លាប់របស់ឳពុក និងកូនស្រីអាយុពីរឆ្នាំម្នាក់មកពីប្រទេសអែលសាល់វ៉ាឌ័រផងដែរ។
គេហទំព័រ ProPublica បានឲ្យដឹងទៀតថា ពួកភ្នាក់ងារល្បាតព្រំដែនទាំងនោះបាននិយាយចំអកចំពោះការស្លាប់របស់ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ដែលបានស្លាប់នៅអំឡុងពេលកំពុងជាប់ឃុំនៅព្រំដែន ដោយបាននិយាយថា «ធ្វើម៉េចបើក្មេងនោះស្លាប់ គឺស្លាប់ហើយ»។
ពួកគេបានរិះគន់គណបក្សប្រជាធិបតេយ្យ និងក្រុមសេរីនិយមថាជាអ្នកដែលបន្លំរូបភាពសពរបស់បុរសជាឳពុកនិងកូនស្រីដែលអណ្តែតផ្កាប់មុខចូលក្នុងទឹក ដោយពួកគេបាននិយាយចំអកថា «ពួកគេមិនដែលឃើញមនុស្សអណ្តែតទឹកទេ។ វាមើលទៅស្អាតណាស់»។ ការចោទប្រកាន់នានាទៅលើក្រុមនេះក៏រួមទាំង ផែនការគប់ស៊ាំងវ៉ិចលើសមាជិកអាមេរិកាំងដើមកំណើត Hispanic និងការប្រើប្រាស់ភាសាអសីលធម៌ទៅលើសមាជិកសភាជាស្ត្រីផងដែរ។
អ្នកស្រី Alexandria Ocasio-Cortez សមាជិការសភាខាងគណបក្សប្រជាធិបតេយ្យ គឺជាគោលដៅវាយប្រហាររបស់ក្រុមនេះ។
អ្នកស្រី Elizabeth Warren ខាងគណបក្សប្រជាធិបតេយ្យបានថ្លែងថា ការបង្ហោះសាររបស់ភ្នាក់ងារនេះគឺពិតជាមិនអាចទទួលយកបានទេ ហើយអ្នកស្រីកំពុងទាមទាររកចម្លើយពីក្រុមនេះ។
លោក Joe Kennedy សមាជិកសភាខាងគណបក្សប្រជាធិបតេយ្ យបាននិយាយថាទាំងនេះគឺជាទង្វើគួរឲ្យស្អប់ខ្ពើម ហើយបុគ្គលិកដែលធ្វើខុសគួរតែត្រូវបណ្តេញចេញ៕