ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំនិយាយថា លោក នឹងសម្រេចថាតើនឹងយកពន្ធគយថ្មីលើប្រទេសចិនបន្ទាប់ពីជំនួបកំពូលG-20 ដែលជាជំនួបរបស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាងគេនៅក្នុងប្រទេសជប៉ុននៅចុងខែនេះ។
ប្រធានាធិបតីត្រាំ បានគំរាមកំហែងយកពន្ធគយថ្មីលើទំនិញចិនដែលមានតម្លៃ៣រយ ពាន់លានដុល្លារទៀត។ លោក បានប្រាប់អ្នកយកព័ត៌មានម្នាក់ក្នុងអំឡុងនៃដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំនឹងធ្វើការសម្រេចនេះនៅ២សប្តាហ៍ក្រោយទៀត ប្រហែលបន្ទាប់ពីជំនួបកំពូលG-20 »ជាវេទិការមួយនៃប្រទេសចំនួន១៩ប្រទេសនិងសហភាពអឺរ៉ុប។
លោកប្រធានាធិបតីត្រាំ បាននិយាយទៀតថា លោក នឹងជួបជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅឯជំនួបកំពូលនោះហើយបាននិយាយទៀតថា «យើង នឹងឃើញអ្វីដែលបានកើតមានឡើង»។
ប្រធានាធិបតីត្រាំ បានដាក់ពន្ធគយលើកទី១លើទំនិញនាំចូលរបស់ចិនកាលពីឆ្នាំទៅនៅក្នុងការខំប្រឹងប្រែងមួយដើម្បីបន្ថយឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងដាក់សម្ពាធលើប្រទេសចិនឲ្យធ្វើកំណែទម្រង់សេដ្ឋកិច្ច។
ប្រធានាធិបតីត្រាំ បានចោទប្រកាន់ចិនពីការព្យាយាមត្រួតត្រាសេដ្ឋកិច្ចសាកលលោកដោយការជួយឧបត្ថម្ភប្រាក់មិនត្រឹមត្រូវដល់ក្រុមហ៊ុនហើយនឹងការលួចឬបង្ខំឲ្យផ្ទេរបច្ចេកវិទ្យាសហរដ្ឋអាមេរិក។
ចាប់តាំងពីការដាក់ពន្ធគយលើកដំបូងរបស់សហរដ្ឋអាមេរិកនោះមក ប្រទេសទាំង២ បានអនុវត្តការសងសឹកដោយការយកពន្ធគយគ្នាទៅវិញទៅមកដែលមានតម្លៃរាប់រយពាន់លានដុល្លារ។
សង្គ្រាមពាណិជ្ជកម្ម បានរីកកាន់តែធំឡើងចាប់តាំងពីការចរចារវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោក បានដួលរលំកាលពីដើមខែឧសភាមក៕