ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bloomberg ចូល​រួម​ជាមួយ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​សារ​ជាថ្មី ដោយ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ប្រជែង​យក​តំណែង​ប្រធានាធិបតី


អតីត​អភិបាល​ក្រុង​ញូវយ៉ក​និង​​បេសកជន​អ.ស.ប.​លោក Michael Bloomberg ថ្លែង​នៅ​ក្នុងកិច្ច​ប្រជុំ​ធនាគារ​ពិភពលោកក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៩ ខែ មេសា ឆ្នាំ ២០១៨។
អតីត​អភិបាល​ក្រុង​ញូវយ៉ក​និង​​បេសកជន​អ.ស.ប.​លោក Michael Bloomberg ថ្លែង​នៅ​ក្នុងកិច្ច​ប្រជុំ​ធនាគារ​ពិភពលោកក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៩ ខែ មេសា ឆ្នាំ ២០១៨។

អតីត​អភិបាល​ក្រុង​ញូវយ៉ក លោក Michael Bloomberg បាន​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​សារ​ជា​ថ្មី​កាល​ពី​ថ្ងៃ​ពុធ ដោយ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឆ្នាំ​២០២០។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​មហាសេដ្ឋី​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកMichael Bloomberg ​បាន​បង្ហាញ​ខ្លួន​ជា​អ្នក​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ដ៏​កំពូល​ម្នាក់​របស់​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​អំឡុងពេល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ឆ្នាំ​២០១៨​នេះ។ លោក​បាន​សន្យា​វិភាគទាន​ប្រាក់​ជិត​១០០លាន​ដុល្លារ​ដល់​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​សម្រាប់​បុព្វហេតុ​ផ្សេងៗ។ ​

លោក Bloomberg ​វ័យ​៧៦​ឆ្នាំ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Bloomberg LP ដ៏​ធំ បាន​ប្រកាស​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សារ​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram។ លោក​ Bloomberg បាន​និយាយ​វាយប្រហារ​ដោយ​ប្រយោល​ទៅ​លើ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក ដោយ​លើក​ឡើង​ថា ពួកគេ​បង្ក​ការ​គំរាមកំហែង​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​អាមេរិក។

លោក Bloomberg បាន​សរសេរ​ថា «ក្នុង​ពេល​សំខាន់ៗ​មួយ​ចំនួន​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ពីរ​បាន​ដើរ​តួនាទី​ជា​រនាំង​រារាំង​ដល់​អ្នក​ដែល​គំរាមកំហែង​ដល់​ធម្មនុញ្ញ​របស់​យើង។ នៅ​ក្នុង​មហាសន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ពីរ​ឆ្នាំ​មុន ខ្ញុំ​បាន​ព្រមាន​អំពី​ការ​គំរាមកំហែង​ទាំង​នោះ។ ហើយ​ថ្ងៃ​នេះ ខ្ញុំ​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ។ ខ្ញុំ​ធ្វើ​ជា​សមាជិក​គណបក្ស​នេះ​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​ខ្ញុំ ព្រោះ​យើង​ត្រូវ​ការ​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ត្រួតពិនិត្យ​មើល​ការ​ក្តោបក្តាប់​អំណាច​ ដែល​ត្រូវការ​ចាំបាច់​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​យើង​»។

លោក Bloomberg បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជា​យូរ​មក​ហើយ។ ​ប៉ុន្តែ​នៅ​ឆ្នាំ​២០០១ លោក​បាន​ផ្លាស់ប្ដូរ​គណបក្ស​នយោបាយ​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ ក្នុង​គោលបំណង​ប្រជែង​យក​តំណែង​អភិបាល​ក្រុង ញូវយ៉ក។ លោក​បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ ហើយ​បាន​កាន់​តំណែង​ជា​អភិបាល​ក្រុង​ដ៏​មាន​ប្រជាប្រិយភាព​ នៃ​ក្រុង​ញូវយ៉ក ដែល​ជា​ក្រុង​ធំ​បំផុត​នៅ​សហរដ្ឋអាមេរិក​រហូត​ដល់​ឆ្នាំ​២០១៤។

ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា​អភិបាល​ក្រុង ញូវយ៉ក លោក Bloomberg ត្រូវ​បាន​គេ​លើកឡើង​ថា អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០០៤​និង​២០០៨។ នៅ​ឆ្នាំ​២០១៦ លោក​ចង់​សាកល្បង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ដែល​ឯករាជ្យ​ម្នាក់ «ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​ថា គេ​មិន​ងាយ​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ឯករាជ្យ​ណា​ម្នាក់​នៅ​ក្នុង​ប្រព័ន្ធ​អាមេរិក​ឡើយ»។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Martin Frost អតីត​សមាជិក​សភា​រដ្ឋ តិចសាស និង​ជា​ប្រធាន​គណៈកម្មាធិការ​យុទ្ធនាការ​សភា​គណបក្ស​ប្រជាធិបតេយ្យ។ ​

លោក Frost បាន​ថ្លែង​ប្រាប់ VOA ថា៖

«ប្រសិន​បើ​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក​នឹង​ក្លាយ​ជា​បេក្ខជន​ដ៏​មាន​សក្តានុពល​មួយ​រូប។ នេះ​មិនមែន​មាន​ន័យ​ថា លោក​នឹង​ទទួល​បាន​ការ​តែងតាំង​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ ហើយ​ប្រសិន​បើ​លោក​ទទួល​បាន​ការ​តែងតាំង​មែន​នោះ លោក​នឹង​ក្លាយ​ជា​បេក្ខជនដ៏​ខ្លាំងក្លា​មួយ​រូប​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី»។

អ្នក​ដែល​ទំនង​ជា​អាច​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដទៃទៀត​សម្រាប់​ឆ្នាំ​២០២០ គឺ​មាន​លោក Joe Biden អតីត​អនុប្រធានាធិបតី​អាមេរិក លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​គាំទ្រ​ការ​កែទម្រង់​តំណាង​រដ្ឋ Massachusetts លោក Corry Booker សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ New Jersey លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ California និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​សង្គមនិយម​តំណាង​រដ្ឋ Vermont ដែល​មិន​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦។ ​

ជា​អ្នក​យល់​ដឹង​គួរសម​លើ​បញ្ហា​សង្គម លោក Bloomberg គាំទ្រ​សិទ្ធិ​រំលូត​កូន គាំទ្រ​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ និង​ពង្រឹង​ច្បាប់​ប្រើប្រាស់​កាំភ្លើង។ មូលនិធិ​គាំទ្រ​សកម្មភាព​នយោបាយ​ឯករាជ្យ ​Everytown for Gun Safety Action Fund នៃ​អង្គការ Independence USA PAC ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​របស់​លោក បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​អំឡុងពេល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​នេះ ដើម្បី​គាំទ្រ​ដល់​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ប្រឆាំង​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ តាមរយៈ​ការ​តស៊ូ​មតិ​លើ​ការ​ប្រើប្រាស់​កាំភ្លើង។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក Bloomberg ដែល​មាន​មោទនភាព​ចំពោះ​ការ​ប្រវត្តិ​គាំទ្រ​គណបក្ស​នយោបាយ​ទាំងពីរ​របស់​លោក បាន​គាំទ្រ​ទាំង​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ។ ក៏​ប៉ុន្តែ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ លោក​បាន​ប្រកាស​ថា លោក​នឹង​គាំទ្រ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​ចោទប្រកាន់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ថា​មិន​បាន ​«ធ្វើការ​ឲ្យ​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ដែល​យល់​ស្រប​ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរ‍»។

មក​ដល់​ពេល​នេះ អតីត​អភិបាល​ក្រុង​រូប​នេះ​បាន​ប្រកាស​ថា លោក​នឹង​ផ្តល់​ប្រាក់​ច្រើន​បំផុត​ដែល​មិន​ធា្លប់​ផ្តល់​ពី​មុន​ចំនួន​៨០​លាន​ដុល្លារ​ដល់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​សភា​អាមេរិក​មាន​សមាជិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ភាគច្រើន​វិញ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​បាន​សន្យា​កាល​ពី​សប្តាហ៍​មុន​ថា​នឹង​ផ្តល់​ប្រាក់​ចំនួន​២០​លាន​ដុល្លារ​ដល់​មូលនិធិ​ព្រឹទ្ធសភា​កំពូល​របស់​គណបក្ស​ប្រជាធិបតេយ្យ។

លោកស្រី Sarah Bryner នាយិកា​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ Center for Responsive Politics ដែល​មិន​ចំណុះ​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ បាន​ថ្លែង​ថា ​វិភាគទាន​របស់​លោក Bloomberg ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សឹង​តែ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ការ​បោះឆ្នោត​លើក​នេះ៕

ប្រែសម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG