Hello VOA៖ ការអំពាវនាវរកកិច្ចព្រមព្រៀងប៉ារីសកើនឡើងក្នុងខួបទី២៦
ភាពតានតឹងនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលឈានដល់ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងដ៏ធំនាំឱ្យសហគមន៍ជាតិ និងអន្តរជាតិខ្លះអំពាវនាវឱ្យប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីដោះស្រាយវិបត្តិនេះ។ ប៉ុន្តែអ្នកជំនាញមើលឃើញសហគមន៍ជាតិ និងអន្តរជាតិនៅតែមិនមានការឯកភាពគ្នាលើនិយមន័យនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សុពលភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមានការចោទប្រកាន់ពីការមិនគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បន្ថែមថា បាតុភាពថ្មីកើតឡើងក្នុងការអនុវត្តកិច្ចព្រមព្រៀងរយៈពេល២៦ឆ្នាំកន្លងមកនេះ គឺមានការរិះគន់ទាំងក្នុងនិងក្រៅប្រទេសមកលើរដ្ឋាភិបាលក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់សំឡេងប្រឆាំង ហើយនាំឱ្យមានការព្រួយបារម្ភពីការរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ លោក សោភក្តិ៍ បានបន្ថែមថា កត្តាទាំងនេះកើតឡើង ដោយសារប្រទេសកម្ពុជាសំអាងលើការគាំទ្ររបស់ចិន និងថ្នាក់ដឹកនាំអះអាងថា កម្ពុជាមានអធិបតេយ្យភាពគឺមិនអាចមានការចូលលូកដៃពីខាងក្រៅទៀតទេ។ គន្លឹះដ៏សំខាន់ក្នុងការយកចិត្តព្រមព្រៀងនេះមកពិនិត្យសើរើឡើងវិញ គឺស្ថិតនៅលើរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែប្រទេសម្ចាស់ជំនួយក៏មានសិទ្ធិក្នុងការដាក់ទណ្ឌកម្មផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ឱក សេរីសោភក្តិ៍។ លោក សោភក្តិ៍ យល់ថានៅពេលវេលាសមស្របណាមួយដែលកម្តៅនយោបាយបានថមថយ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គួរតែជួបពិភាក្សាគ្នាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធពីការអនុវត្ត និងសុពលភាពនៃកិច្ចព្រមព្រៀងនេះដើម្បីជៀសវាងការបកស្រាយផ្សេងៗគ្នា។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ តុលា ២០១៧)